គណបក្សភ្លើងទៀនស្វាគមន៍វត្តមានលោក រ៉ុង ឈុន អតីតមន្ត្រីជាន់ខ្ពស់ គ.ជ.ប ដែលហក់មកចូលរួមជីវភាពជាមួយគណបក្សនេះ
2023.01.31

គណបក្សភ្លើងទៀនសន្យាថា នឹងផ្ដល់តួនាទីគួរជាទីពេញចិត្តជូនទៅមេដឹកនាំកម្មករ និងសកម្មជនសង្គមម្នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនអះអាងបែបនេះ ក្រោយពេលសកម្មជនជនល្បីឈ្មោះ លោក រ៉ុង ឈុន ចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយរបស់លោក រ៉ុង ឈុន ជាមួយគណបក្សនេះ។ ទោះជាយ៉ាងណាក្ដី គណបក្សនេះមិនទាន់បង្ហាញថា នឹងផ្ដល់តួនាទីអ្វីជូនលោក រ៉ុង ឈុន នៅឡើយទេ។ លោក រ៉ុង ឈុន បានសរសេរលិខិតមួយច្បាប់ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន នៅថ្ងៃទី៣១ ខែមករា។ លោក រ៉ុង ឈុន បញ្ជាក់ថា ការសម្រេចចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពលរដ្ឋ ដែលចង់បានសេរីភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោករំលឹកថា លោកចូលរួមជាមួយគណបក្សភ្លើងទៀន គឺធ្វើតាមសំណូមពរថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក រ៉ុង ឈុន យល់ថាការសម្រេចចិត្តរបស់ លោកពេលនេះគឺជាការបិទទំព័រចាស់ពីអ្នកការពារសិទ្ធិកម្មករ សិទ្ធិគ្រូបង្រៀន និងជាអ្នកឃ្លាំមើលបញ្ហាព្រំដែន មកបើកទំព័រថ្មីជាអ្នកនយោបាយវិញម្ដង។ ទោះជាបែបនេះក្ដី លោកថា ការងារជាអ្នកនយោបាយនេះមិនមែនមានន័យលោកបោះបង់កម្មករ ឬគ្រូបង្រៀនទេ តែលោកយល់ថា ការធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន នឹងអាចឱ្យលោកបម្រើប្រយោជន៍កម្មករ គ្រូបង្រៀន និងពលរដ្ឋកាន់តែបានធំទូលំទូលាយជាងមុន។ លោកបន្តទៀតថា វត្តមានរបស់លោកពេលនេះនឹងធ្វើឱ្យពលរដ្ឋនិយមកណ្ដាលផ្សេងទៀត ងាកមកគាំទ្រគណបក្សភ្លើងទៀនថែមទៀត។
លោក រ៉ុង ឈុន៖ «អ៊ីចឹង យើងរំពឹងថ្ងៃទី២៣ កក្កដាខាងមុខនេះ នឹងមានការប្រែប្រួលខ្លាំងនឹងធ្វើឱ្យប្រជាពលរដ្ឋ ដែលមួយចំនួន គាត់នៅកណ្ដាល ឬអ្នកដែលកំពុងរង់ចាំគណបក្សសង្គ្រោះជាតិ ងាកត្រឡប់មកវិញ។ ខ្ញុំគិតថា នៅពេលមានវត្តមាន ខ្ញុំបងប្អូនដែលកំពុងរង់ចាំមកគាំទ្រគណបក្សភ្លើងទៀន»។
លោក រ៉ុង ឈុន បន្តទៀតថា លោកមិនទាមទារតួនាទីណាមួយនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទេ ពោលបើគណបក្សភ្លើងទៀនផ្ដល់តួនាទីអ្វីជូនលោក លោកនឹងទទួលយកតួនាទីនោះ។ លោក រ៉ុង ឈុន រំពឹងថា វត្តមានរបស់លោកបូកជាមួយគណបក្សភ្លើងទៀននឹងធ្វើឱ្យគណបក្សនេះពង្រីកឥទ្ធិពលរបស់ខ្លួន ហើយក្លាយជាគណបក្សឈ្នះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
លោក រ៉ុង ឈុន៖ «អ៊ីចឹង ខ្ញុំត្រូវសម្រេចចិត្ត ដើម្បីយកឥទ្ធិពលរបស់ខ្ញុំ បូកជាមួយគណបក្សមួយ ដែលមានសក្ដានុពលហើយ បូកជាមួយឥទ្ធិពលខ្ញុំ ដើម្បីឱ្យកម្លាំងនយោបាយហ្នឹងកាន់តែខ្លាំង»។
លោក រ៉ុង ឈុន ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាប្រធានសហភាពសហជីពកម្ពុជា ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាសមាជិកឃ្លាំមើលកម្ពុជាផងដែរ។ ការបំពេញការងារបម្រើសង្គមជិតមួយជីវិតរបស់លោកនេះ លោកមិនទាន់មានប្រពន្ធ ឬកូននៅឡើយទេ។
ភ្លាមៗ ក្រោយការប្រកាសរបស់លោក រ៉ុង ឈុន អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ទ ឱ្យវិទ្យុអាស៊ីសេរីដឹងថា គណក្សភ្លើងទៀនត្រូវការធនធានមនុស្សដូច លោក រ៉ុង ឈុន នេះ។ លោកអះអាងទៀតថា បើទោះជាលោក រ៉ុង ឈុន មិនទាមទារតួនាទីនៅក្នុងគណបក្សភ្លើងទៀនក្ដី ក៏គណបក្សរបស់លោកកំពុងគិតគូរផ្ដល់តួនាទីល្អមួយជូនលោក រ៉ុង ឈុន ដែរ។
លោក គីមសួរ ភីរិទ្ទ៖ «និយាយរួមទៅ ជាព័ត៌មានដ៏រំភើបហើយរីករាយខ្លាំងណាស់ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាគណបក្សភ្លើងទៀនទាំងមូល ព្រោះអីលោក រ៉ុង ឈុន យើងដឹងហើយ គាត់ជាធនធានមនុស្សដ៏ល្អ បាទជាពិតហើយគាត់មកគាត់អត់មានទាមទារអីទេ គាត់មកជាការស្ម័គ្រចិត្ត។ អ៊ីចឹង ខ្ញុំជឿជាក់ថា គណបក្សនឹងពិចារណាផ្ដល់តួនាទីសំខាន់ទៅដល់គាត់នៅពេលអនាគត»។
ទាក់ទងការចូលធ្វើនយោបាយរបស់លោក រ៉ុង ឈុន ជាមួយគណបក្សភ្លើងទៀន អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន លើកឡើង ថា នេះមិនមែនជារឿងចម្លែកទេ ព្រោះកន្លងមកទោះលោក រ៉ុង ឈុន តែងតែធ្វើសកម្មភាព និងមានទស្សនៈប្រឆាំងនឹងរដ្ឋាភិបាលស្រាប់ទៅហើយ។ លោកក៏មិនព្រួយបារម្ភថា គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតគណបក្សភ្លើងទៀន ព្រោះវត្តមាន លោក រ៉ុង ឈុន នៅពេលនេះដែរ។
លោក សុខ ឥសាន៖ «គាត់ (លោក រ៉ុង ឈុន) ធ្វើសកម្មភាពគាត់និយាយវោហារសាស្ត្រគាត់ ហើយសកម្មភាពខាងប្រឆាំង ហើយទៅចូលខាងប្រឆាំងនៅដដែលទេតើ។ ទេ! មិនមែនសមាជិកបក្ស តែគាត់មានទស្សនៈប្រឆាំង។ អ៊ីចឹង គាត់ចូលប្រឆាំងមានអីប្លែកនៅតែ រ៉ុង ឈុន ប្រឆាំងដដែល»។
ការហក់ចូលទីលាននយោបាយជាមួយគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុន នៅពេលនេះ ខណៈមេដឹកនាំគណបក្សភ្លើងទៀនចំនួន ៣រូបកំពុងជាប់បណ្ដឹងនៅតុលាការ ក្នុងនោះអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កំពុងជាប់ឃុំនៅពន្ធនាគារ ក្នុងសំណុំរឿងចេញសែកអត់លុយចំនួន ៥សន្លឹក។
បើទោះជាលោក រ៉ុង ឈុន សព្វថ្ងៃអាចធ្វើសកម្មភាពការពារសិទ្ធិមនុស្ស និងការងារសង្គមបានក្ដី ប៉ុន្តែលោកក៏មានជាប់ក្ដីក្ដាំនៅតុលាការដែរ។ តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារលោកចេញសេចក្ដីថ្លែងការណ៍ កាលពីខែកក្កដា ឆ្នាំ២០២០ ជំរុញឱ្យរដ្ឋាភិបាល ឱ្យដាក់យោធាការពារព្រំដែន និងប្រគល់ដីក្បែរព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំឲ្យអ្នកភូមិវិញ បន្ទាប់ពីអ្នកភូមិអះអាងថា បានបាត់បង់ដីស្រែដោយសារការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។ កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានដោះលែងលោក រ៉ុង ឈុន ឱ្យនៅក្រៅឃុំ ដោយកាត់តម្រឹមឱ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹម ១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់ ៨ខែ ១៩ថ្ងៃទៀត ត្រូវបានព្យួរ។
ពាក់ព័ន្ធរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី៣១ ខែមករា។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា សំណុំរឿងរបស់លោក រ៉ុង ឈុន នៅតុលាការ និងការសម្រេចចិត្តរបស់លោក រ៉ុង ឈុន មកចូលរួមជាមួយគណបក្សភ្លើងទៀន ជារឿងពីរដាច់ដោយឡែកពីគ្នា។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជា គឺជារឿងពិបាកស្មាន។ ជុំវិញការធ្វើនយោបាយរបស់លោក រ៉ុង ឈុន លោកយល់ថា គឺជារឿងល្អទាំងគណបក្សភ្លើងទៀន និងលោក រ៉ុង ឈុន។
លោក ឯម សុវណ្ណារ៉ា៖ «ទស្សនៈខ្ញុំ ជាគំរូ គឺជាការពញ្ញាក់ស្មារតីអ្នកប្រជាធិបតេយ្យ ឬក៏អ្នកដែលចង់ចូលរួមជាមួយគណបក្សភ្លើងទៀនហ្នឹងកាន់តែមានចិត្តចូលរួមជាមួយគណបក្សក្រៅរដ្ឋាភិបាល ដូចជា គណបក្សភ្លើងទៀន លែងសូវខ្លាច ជាជំហានមួយ ដែលហៅថា បោះជំហានឱ្យអ្នកផ្សេងមើល អ៊ីចឹង ចំណុចនេះល្អសម្រាប់គណបក្សភ្លើងទៀន និងល្អសម្រាប់លោក រ៉ុង ឈុន»។
មុនពេលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានសិក្សាជាមួយមេធាវីរបស់លោក ពីសំណុំរឿង ដែលលោកកំពុងជាប់ក្ដីក្ដាំនៅតុលាការ។ លោក រ៉ុង ឈុន ឱ្យដឹងថា ក្នុងចំណោមបម្រាម ដែលហាមឃាត់លោក តុលាការហាមលោកមិនឱ្យផ្លាស់ប្ដូរទីលំនៅ និងចេញក្រៅប្រទេស ប៉ុន្តែ តុលាការមិនបានហាមលោកមិនឱ្យធ្វើនយោបាយឡើយ៕
.
រឿងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបញ្ចូលព័ត៌មានថ្មីបន្ថែម!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។