ឧកញ៉ា លី សាម៉េត ចេញ​សារភាព​កំហុស​ឆបោក​បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​ពេល​ជិត១ខែ តាម​ចាប់​មិន​បាន

ដោយ ខាន់ លក្ខិណា
2024.11.04
ឧកញ៉ា លី សាម៉េត ចេញ​សារភាព​កំហុស​ឆបោក​បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​ពេល​ជិត១ខែ តាម​ចាប់​មិន​បាន ទីប្រឹក្សា​ផ្ទាស់​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​ឧកញ៉ា លី សាម៉េត បាន​ចេញ​វីដេអូតាមហ្វេសប៊ុក​នៅថ្ងៃទី៤ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ទីប្រឹក្សា​ផ្ទាស់​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​ឧកញ៉ា លី សាម៉េត បាន​ចេញ​វីដេអូ​សុំ​ទោស​លោក ហ៊ុន សែន ហើយ​ថា លោក​កំពុង​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​របស់​កូន​នៅ​ក្នុង​ប្រទេស មិន​បាន​រត់​គេច​ទៅ​ណា​ទេ។ ការ​ចេញ​សារភាព​ និង​សុំទោស​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​រយៈ​ពេល​ជិត ១​ខែ ប៉ុន្តែ​មិន​អាច​ចាប់​ខ្លួន​លោក លី សាម៉េត យក​មក​អនុវត្ត​ទោស​តាម​ច្បាប់

ខុស​ស្រឡះ​ពី​ក្រុម​អ្នក​ទោស​មនសិការ​ក្នុង​រឿង​នយោបាយ សង្គម និង​បរិស្ថាន​ ដែល​លោក ហ៊ុន សែន គំរាម​តាម​វាយ និង​ចាប់​ដល់​ផ្ទះ​នោះ ទីប្រឹក្សា​របស់​លោក​គឺ​ឧកញ៉ា លី សាម៉េត ដែល​ជាប់​បទ​ឧក្រិដ្ឋ​ឆបោក​លុយ​រាប់​លាន​ដុល្លារ សមត្ថកិច្ច​​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើ​ពេល​ជិត១ខែ នៅ​តែ​ចាប់​មិន​បាន​ឡើយ រហូត​ទាល់​តែ​លោក លី សាម៉េត ចេញ​សារភាព​កំហុស​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា​នេះ។ លោក លី សាម៉េត អះអាង​ថា លោក​នៅ​ព្យាបាល​ជំងឺ នៅ​ផ្ទះ​កូន​របស់​លោក ប៉ុន្តែ​សមត្ថកិច្ច បែរជា​រក​មិន​ឃើញ។

លោក លី សាម៉េត៖ «សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​មាន​ជំងឺ ហើយ​នៅ​ផ្ទះ​កូន ខ្ញុំ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ក្រពះ​ពោះវៀន សំខាន់​ទឹក​នោម​ប្រៃគឺ​កំពុង​តែ​ហើម​ខ្លួន ខ្លួន​ខ្ញុំ​ហើម​ ដើរ​មិន​បាន ខ្ញុំ​សូម​ពេល​វេលា​បន្តិច​រយៈពេល​ខ្លី ខ្ញុំ​នឹង​ចេញ​ទៅ​សារភាព​នៅ​មុខ​សមត្ថកិច្ច​នៅ​មុខ​តុលាការ ដើម្បី​ឱ្យ​កាត់​ទោស​ខ្ញុំ​បាទ តាម​ច្បាប់។ ពេល​ខ្ញុំ​ធូរ​ហើយ​ សុំ​ពេល​ខ្លី មិន​មែន​សុំ​ពេល​វែង​ទេ ខ្ញុំ​បាទ​មិន​រត់​គេច​ទៅ​ណា​ទេ»

ក្នុង​វីដេអូ​ជាងនាទី​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៤ ខែវិច្ឆិកា ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត ហៅ​គ្រូ​មា លើក​ឡើង​ថា គ្រប់​រឿង​ដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​លោក ហ៊ុន សែន ជា​ម្ចាស់​របស់​លោក គឺ​លោក​ជា​អ្នក​ប្រឌិត​ឡើង រួម​ទាំង​ការ​អួត​អាង​កន្លងមក ថា លោក​ចេញចូល​ភូមិ​គ្រឹះ​នៅ​តាខ្មៅ​របស់​លោក ហ៊ុន សែន ពេល​ណា ម៉ោង​ណា​និង​ថ្ងៃ​ណា​ក៏​បាន។

ក្រៅ​ពី​ការ​សុំទោស​លោក ហ៊ុន សែន និង​ប្រឹង​និយាយ​ដដែល​ៗ ដើម្បី​លាង​ជម្រះ​ថា លោក ហ៊ុន សែន មិន​ពាក់ព័ន្ធ​នឹង​អំពើ​បោក​ប្រាស់​របស់​ខ្លួន។

លោក លី សាម៉េត៖ «ខ្ញុំ​បាទ​លី សាម៉េត បាន​សាង​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ម្ចាស់​ខ្ញុំ​របស់​សម្ដេចខ្ញុំ​បាទ​ បាន​យក​ឈ្មោះ​សម្ដេច​ទៅ​ប្រើ ដើម្បី​យក​លុយ​គេ នេះ​ជា​រឿង​ពិត ហើយ​ក៏​មិនមែនជា​លើក​ទី១ ដែរ ហើយ​មិន​តែ​ប៉ុណ្ណោះ ថា​ថវិកា​លុយ​ទាំងអស់​នោះ យក​ទៅ​ជូន​សម្ដេច​ទៀត»

បន្ទាប់​ពី​លោក លី សាម៉េត បង្ហោះ​វីដេអូ​សារភាព​នេះ លោក ហ៊ុន សែន ក៏​បាន​យក​វីដេអូ​ដដែល​ទៅ​ផ្សព្វផ្សាយ​បន្ត​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។

កាល​ពី​ថ្ងៃទី៧ ខែ​តុលា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ដោយ​អះអាង​ថា ឧកញ៉ា លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​ឆបោក​លុយ​គេ​អស់​រាប់​លាន​ដុល្លារ​ដោយ​នៅ​ក្នុង​នោះ មាន​អតីត​អភិបាល​ស្រុក​ល្វាឯម​លោក កន សុខកាយ ចំនួន៣០ម៉ឺនដុល្លារ ដើម្បី​រត់​ការ​ឱ្យ​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ
ក្រោយ​ការ​បង្ហោះ​សារ​របស់​លោក ហ៊ុន សែន បាន​មួយ​ថ្ងៃ​សមត្ថកិច្ច​បាន​ចូល​ត្រួត​ពិនិត្យ​ផ្ទះ​របស់​ឧកញ៉ា លី សាម៉េត នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ប៉ុន្តែ​មិន​ឃើញ​ឧកញ៉ា លី សាម៉េត នៅ​ក្នុង​ផ្ទះ​ឡើយ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​តុលាការ​បង្កក​ទ្រព្យ​សម្បត្តិ​ឧកញ៉ា​រូប​នេះ ហើយ​បញ្ជា​ឱ្យ​ប្រធាន​ក្រុម​មេធាវី​របស់​លោក​គឺ​លោក គី តិច ទទួល​ពាក្យ​បណ្ដឹង​អ្នក​ដែល​ចាញ់​បោក​លោក លី សាម៉េត ដើម្បី​ប្ដឹង​ទាមទារ​សំណង​ត្រឡប់​ទៅ​វិញ។

យ៉ាងណា គិត​មក​ទល់​ពេល​លោក លី សាម៉េត ចេញ​សារ​ភាព​កំហុស​ដោយ​ខ្លួន​ឯង​នេះ តុលាការ​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​បាន​ប្រកាស​ថា ទ្រព្យ​សម្បត្តិ​ដែល​បង្កក​ទាំងអស់ មាន​តម្លៃ​ប៉ុន្មាន ហើយ​លោក លី សាម៉េត ខ្លួន​ឯង​​នៅ​ក្នុង​វីដេអូ​សារភាព ក៏​មិន​បាន​ប្រាប់​ថា ប្រាក់​ដែល​បាន​ពី​ការ​ឆបោក​នោះ ចាត់​ចែង​បែប​ណា​ខ្លះ និង​ដល់​ដៃ​អ្នក​ណា​ខ្លះ​ឡើយ។

លោក ហ៊ុន សែន បាន​ចេញ​សារ​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ថា វីដេអូ​សារ​ភាព​កំហុស និង​សូម​ទោស​មិន​អាច​ជួយ​ឱ្យ​លោក លី សាម៉េត រួច​ខ្លួន​ឡើយ។ លោកថា ជំនួយ​ការ​របស់​លោក​គឺ​លោក ដួង តារា ត្រូវ​បាន​ឃាត់​ខ្លួន​រង់​ចាំ​ការ​កាត់​ទោស​ដោយសារ​ជាប់​ពាក់ព័ន្ធ​ឆបោក​ជាមួយ​លោក លី សាម៉េត ដែរ។
លោក ហ៊ុន សែន ថា សូម​សមត្ថកិច្ច​ដែល​ជា​នគរបាល ឬ​កងរាជអាវុធហត្ថ​ទៅ​នាំ​ខ្លួន​លោក លី សាម៉េត បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់​ទោស​តាម​ច្បាប់ ដោយ​មិន​ផ្ដល់​ឱកាស​ឱ្យ​លោក លី សាម៉េត សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ តាម​ការ​ស្នើ​សុំ​របស់​លោក លី សាម៉េត ឡើយ

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នក​នាំពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ​លោក សំ វិច្ឆិកា បាន​ទេ នៅថ្ងៃទី៤ ខែ​វិច្ឆិកា ខណៈ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​ថា កំពុង​ធ្វើ​ការងារ​នេះ។

លោក អេង ហ៊ី៖ «យើង​កំពុង​ធ្វើ​ការ​ហ្នឹង​ហើយ យើង​កំពុង​ធ្វើ​ការ​ហ្នឹង​ហើយ។ខ្ញុំ​មិន​ទាន់​ដឹង​ដែរ ព្រោះ​គេ​កំពុង​ធ្វើ​ការ​ជំនាញ​របស់​គេ»

ជុំវិញ​រឿង​នេះ  ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មិន​ជឿ​ជាក់​លើ​វិធានការ​នេះ​ទេ និង​ថា​ធ្វើ​ឱ្យ​ឃើញ​តែ​នៅ​ចំពោះ​មុខ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា អ្នក​ដែល​ស្និទ្ធ​នឹង​គ្រួសារ​មេ​ដឹក​នាំ តែង​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ពីព្រោះ​ការ​អនុវត្ត​ច្បាប់​ នៅ​កម្ពុជា​សព្វ​ថ្ងៃ ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មិន​មែន​ជា​ច្បាប់​នីតិរដ្ឋ​ពិត​ប្រាកដ​ទេ។

លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា ថា ចំណាត់ការ​លើ​មន្ត្រី​ពុករលួយ និង​បោកប្រាស់ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ទាល់​តែ​អនុវត្ត​តាម​ច្បាប់​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​អន្តរាគមន៍​ភ្លើង​ខៀវ​ពី​អ្នក​ណា ទោះ​ក្នុង​ករណី​ណា និង​ពាក់ព័ន្ធ​អ្នក​ណា ដែល​មាន​ឋានៈ​ធំ​ប៉ុន​ណា​ក៏​ដោយ

លោក ស៊ឹង សែនករុណា៖ «បើ​អត់​មាន​បញ្ជា​ទេ ក៏​មិន​រវល់ អ៊ីចឹង​បង្ហាញ​ថា ប្រព័ន្ធ​អនុវត្ត​ច្បាប់​យើង​មាន​តែ​ច្បាប់ មាន​តែ​មនុស្ស ប៉ុន្តែ​ចាំ​តែ​បញ្ជា​មនុស្ស​ម្នាក់ មនុស្ស​ពីរ​នាក់ ឬ​គ្រួសារ​មួយ វា​មិន​មែន​ជា​ប្រព័ន្ធ​អនុវត្ត​ច្បាប់​មួយ​ដ៏​ត្រឹមត្រូវ​ទេ។ ប្រព័ន្ធ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ គឺ​មិន​រង់​ចាំ​បញ្ជា​នោះ​ទេ នៅ​ពេល​ឃើញ​បទ​ល្មើស​ណា​មួយ​កើត​ឡើង​សមត្ថកិច្ច​ដែល​មាន​តួនាទី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​ហ្នឹង ត្រូវ​ចាត់​វិធានការ​ទៅ​តាម​តួនាទី​របស់​ខ្លួន ហើយ​បញ្ជូន​រឿង​នឹង​ទៅ​តុលាការ​ដើម្បី​កសាង​សំណុំ​រឿង​ឬ​ក៏​សម្រេច​សេចក្ដី​ទៅ​ច្បាប់​ដែល​មាន​ចែង​អ៊ីចឹង​ទៅ» 

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា យុត្តិធម៌​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ទាមទារ​ឱ្យ​មាន​ការ​ស៊ើប អង្កេត​ដោយ​ហ្មត់ចត់ និង​មាន​តម្លាភាព លើ​គ្រប់​ជន​សង្ស័យ​ទាំងអស់ ហើយ​ការ​ជាប់​សង្ស័យ​របស់​លោក ហ៊ុន សែន ក្នុង​អំពើ​ឆបោក​នេះ គឺ​លោក ហ៊ុន សែន មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក លី សាម៉េត ភ្លាម​ៗ​ទេ ទោះ​ដឹង​ពី​បទ​ល្មើស​ឆបោក​ទ្រង់​ទ្រាយ​ធំ​របស់​លោក លី សាម៉េត ក៏​ដោយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន នឹង​ដួល​រលំ​ដូច​របប​ផ្ដាច់ការ​នៅ​ស៊ីរី​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។