អង្គការលើកលែងទោសអន្តរជាតិជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ការទាមទារនេះ មួយថ្ងៃមុនពេលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក កឹម សុខា នៅថ្ងៃទី៣០ មករា។ រីឯមន្ត្រីសង្គមស៊ីវិលថា តុលាការគួរតែទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ដើម្បីស្ដារប្រជាធិបតេយ្យ និងគេចចេញពីទណ្ឌកម្មអន្តរជាតិ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យអាជ្ញាធរកម្ពុជាលុបចោលការចោទប្រកាន់លើលោក កឹម សុខា និងបញ្ចប់ការធ្វើទុកបុកម្នេញលើអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត។
នាយិការងផ្នែកស្រាវជ្រាវប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ អ្នកនាង ម៉ុនសេ ហ្វ៊ែររឺរ (Montse Ferrer) លើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៩ ខែមករា ថា ការកាត់ទោស និងផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំលើមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា គឺបង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។
អ្នកនាង ម៉ុនសេ ហ្វ៊ែររឺរ ថ្លែងថា អ្នកដែលហ៊ានចេញមុខប្រឆាំងរដ្ឋាភិបាលគឺមានហានិភ័យ។ អាជ្ញាធរកម្ពុជាត្រូវតែគោរព ការពារ លើកកម្ពស់ និងបំពេញនូវសិទ្ធិមនុស្សរបស់មនុស្សគ្រប់គ្នាក្នុងប្រទេស រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងសមាគម និងបញ្ចប់ការរឹតត្បិតកាន់តែច្រើនឡើងនៃលំហសិទ្ធិប្រជាពលរដ្ឋ។
អ្នកនាង ម៉ុនសេ ហ្វ៊ែររឺរ បន្តថាលោក កឹម សុខា បានចំណាយពេលជាច្រើនឆ្នាំក្នុងការឃុំខ្លួន និងបានស៊ូទ្រាំនឹងការឃុំខ្លួនក្នុងផ្ទះ ដែលជាការប៉ុនប៉ងឥតឈប់ឈរដើម្បីបំបិទសំឡេងលោក។ ទោះជាយ៉ាងណា អ្នកនាង ម៉ុនសេ ហ្វ៊ែររឺរ ជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍ដដែលក៏លើកឡើងថា នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន អ្នកនយោបាយប្រឆាំងជាច្រើននាក់ត្រូវបានយាយី បំភិតបំភ័យ វាយដំ និងដាក់ពន្ធនាគារ។ បន្ថែមពីនេះសកម្មជនគណបក្សប្រឆាំងជាច្រើន ក៏ត្រូវបានរងអំពើហិង្សានៅតាមដងផ្លូវដោយសារជនមិនស្គាល់មុខលួចវាយប្រហារលើក្បាល និងដងខ្លួនដោយប្រើដំបងដែកជាច្រើនដង ក្នុងនោះមានសកម្មជននយោបាយម្នាក់ត្រូវបានចាក់សម្លាប់ក្នុងឆ្នាំ២០២១ ដែលមនុស្សជាច្រើនជឿថា ជាការវាយប្រហារមានការរៀបចំទុកជាមុន។
លោក កឹម សុខា បានបាត់បង់សិទ្ធិសេរីភាព សិទ្ធិធ្វើនយោបាយ និងត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយបុគ្គលទាំងឡាយ លើកលែងតែសាច់ញាតិ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្រោយ សាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោកឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ពីបទក្បត់ជាតិ។ ទោះយ៉ាងណាក្ដី លោក កឹម សុខា មិនទទួលយកសេចក្ដីសម្រេចរបស់តុលាការឡើយ ដោយលោកបានប្ដឹងទាស់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ទៅសាលាឧទ្ធរណ៍។ ចំណែកសហគមន៍ក៏រិះគន់ថា ចំណាត់ការរបស់តុលាការនេះថា ជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោក អាង ឧត្តម បានទេ នៅថ្ងៃដដែលនេះ។ ចំណែក អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ដើម្បីសុំការឆ្លើយតបចំពោះការទាមទាររបស់អង្គការលើកលែងទោសអន្តរជាតិនៅពេលនេះបានដែរ។
រីឯ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៉ឹង សែនករុណា មានប្រសាសន៍ថាអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងពលរដ្ឋខ្មែរផងចាត់ទុកការផ្ដន្ទាទោសលើលោក កឹម សុខា ថា ធ្វើឡើងដោយគ្មានភស្តុតាង និងក្នុងចេតនាបង្ក្រាបលើបក្សប្រឆាំង។
លោក ស៊ឹង សែនករុណា បន្តថា រាល់ការស្នើឱ្យទម្លាក់បទចោទទៅលើលោក កឹម សុខា មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែ ជាការជំរុញរដ្ឋាភិបាលកម្ពុជាឱ្យងាកមកដើរតាមគន្លងប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាសិទ្ធិមនុស្សនានា ដែលរដ្ឋាភិបាលបានទទួលយក។
លោក ស៊ឹង សែនករុណា៖«អ៊ីចឹងរឿងហ្នឹងប្រសិនបើបន្ធូរបន្ថយទៅវាមានភាពធូរស្រាលមកវិញផលចំណេញហ្នឹង គឺបានមកប្រទេសកម្ពុជាយើងទេ គឺបានមកប្រជាពលរដ្ឋយើងផង បានមកអ្នកនយោបាយឬអ្នកដឹកនាំនយោបាយហ្នឹងផង គាត់អាចមានស្ថានភាពកាន់តែធូរស្រាលទៅ ហើយផលចំណេញការទំនាក់ទំនងការទូតជាមួយរដ្ឋប្រទេស សហគមន៍អន្តរជាតិ ជាពិសេស បណ្ដាលោកសេរីក៏គេសាទរដែរ»។
មន្ត្រីសង្គមស៊ីវិលរំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងទទួលយកការស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ដោយសារតែសកម្មភាពរបស់លោកកន្លងមកពុំបានក្បត់ជាតិដូចការចោទប្រកាន់នោះទេ។ មន្ត្រីសង្គមស៊ីវិលបារម្ភថា ប្រទេសកម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនស្ដារប្រជាធិបតេយ្យ ហើយជីវភាពពលរដ្ឋខ្មែររាប់លាននាក់នឹងបន្តរងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។