មន្ត្រី​គ.ជ.ប បញ្ជាក់​ថា ការ​គូស​ខូច​សន្លឹក​ឆ្នោត​នៅ​ពេល​បោះឆ្នោត​មិនមែន​ជា​ទង្វើ​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា​ការ​គូស​សន្លឹកឆ្នោត​ខូច​នៅ​ពេល​បោះឆ្នោត​មិនមែន​ជា​ទង្វើ​ខុស​នឹង​ច្បាប់ ព្រោះ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់។ការ​លើកឡើង​នេះ​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ថា ការ​គូស​សន្លឹកឆ្នោត​ឱ្យ​ខូច​ប្រឈម​នឹង​ទោស​ទណ្ឌ ឬ​បែកធ្លាយ​ការ​សម្ងាត់។ មន្រ្តី​សង្គម​ស៊ីវិល​ថា ការ​គូស​នៅ​លើ​សន្លឹកឆ្នោត​ជ្រើស​គណបក្ស​នយោបាយ​ណាមួយ ឬ​មិន​គូស​ឱ្យ​គណបក្ស​ទាំង​អស់​ក៏​បាន ដោយសារ​នៅក្នុង​បន្ទប់​សម្ងាត់​មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​បាន​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លើកឡើង​ថា ច្បាប់​បោះឆ្នោត​មិន​បាន​ចែង​ក្នុង​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​បោះឆ្នោត​ដែល​គូស​ខូច​សន្លឹក​ឆ្នោត ឬ​គូស​សន្លឹក​ឆ្នោត​មិន​បាន​ការ​នោះ​ទេ ពីព្រោះ​ការបោះឆ្នោត​ជា​ការសម្ងាត់ ហើយ​សន្លឹកឆ្នោត​ដែល​បាន​ការ និង​មិន​បាន​ការ​នោះ​គឺ​គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ប្រភព​របស់​អ្នក​គូស​នៅ​លើ​សន្លឹកឆ្នោត​នោះ​បាន​ទេ។

អ្នក​នាំពាក្យ ​គ.ជ.ប​ លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា​ថា ការ​បោះឆ្នោត​ធានា​នូវ​ភាព​សម្ងាត់​របស់​អ្នក​បោះឆ្នោត ដោយ​បន្ទប់​បោះឆ្នោត​គ្មាន​ការ​ដាក់​ឧបករណ៍​តាម​ដាន ឬ​នរណា​ម្នាក់​មើល​ឃើញ​សកម្មភាព​ពលរដ្ឋ​គូស​នៅ​លើ​សន្លឹកឆ្នោត​នោះ​ទេ។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា ថា​បើសិន​មាន​អ្នក​ណា​ម្នាក់​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​ជ្រើសរើស​គណបក្ស​ណាមួយ​ដោយ​បង្ខិតបង្ខំ និង​បំផុស​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នោះ គឺ​ជា​អំពើ​ល្មើស​នឹង​ច្បាប់។

លោក ហង្ស ពុទ្ធា៖«សន្លឹក​ឆ្នោត​អត់​បាន​ការ​ក៏​មិន​ដឹង​អ្នកណា​ជា​អ្នក​ធ្វើ ហើយ​​បាន​ការ​ក៏​អត់​ដឹង​ថា​ជា​សន្លឹកឆ្នោត​របស់​អ្នក​គូស​រូប​ណា​ផង​ដែរ អ៊ីចឹង​មិន​មាន​ការ​កត់​សម្គាល់​អំពី​ការដែល​ត្រូវ​ផ្ទៀងផ្ទាត់​ថា យ៉ាង​ណា​នោះ​ទេ សំខាន់​សន្លឹក​ឆ្នោត​បានការ​គឺ​យក​ទៅ​រាប់​ដើម្បី​បំពេញ​សំឡេង​ប្រមូល​ផ្តុំ​ឱ្យ​ទៅ​គណបក្ស​ណា​ដែល​ប្រជាពលរដ្ឋ​គូស​គាំទ្រ បើ​គូស​អត់​បានការ​ទាញ​ចេញ​ពី​សន្លឹក​ឆ្នោត​បានការ​យក​ទៅ​ទុក​ផ្សេង។ បើ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​សន្លឹក​ឆ្នោត​អត់​បានការ​មិន​ដឹង​ចេញ​ពី​ណា​ផង ហើយ​ក៏​មិន​មាន​ចែង​ថា​ជា​បទ​ល្មើស​នោះ​ទេ»។

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ មាត្រា​១០៦ ចែង​ថា ការ​បោះឆ្នោត​ជា​ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត។ ការ​ចង់​ដឹង​អំពី​ការសម្ងាត់ ឬ​ការ​បង្ហើប​ការសម្ងាត់​តាម​រូបភាព​ណា​ក៏​ដោយ​ត្រូវ​បាន​ហាម​ឃាត់។

ទោះ​យ៉ាងណា ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៣ ខែ​កក្កដា ខាងមុខ​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការបោះឆ្នោត​«ក្លែងក្លាយ»​ រួច​ទៅ​ហើយ ពីព្រោះ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ផាត់​ចោល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​ភ្លើងទៀន​ដែល​មាន​សំឡេង​ពលរដ្ឋ​គាំទ្រ​ជិត​២លាន​នាក់​កាល​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២​កន្លង​ទៅ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រញាប់​ប្រញាល់​កែប្រែ​ច្បាប់​បោះឆ្នោត​ដកហូត​សិទ្ធិ​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ចំពោះ​អ្នក​មិន​ទៅ​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចេតនា​រារាំង​មិន​ឱ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​អាច​ឈរឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន ប្រសិន​បើ​ពួកគេ​មិន​ទៅ​បោះឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី៧​នេះ។

បញ្ហា​ដ៏​ចម្រូងចម្រាស​ទាំង​នេះ គឺ​ជា​ដើមហេតុ​ដែល​នាំ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​កើត​ទុក្ខមិនសុខចិត្ត​ចំពោះ​ការបោះឆ្នោត ហើយ​ពួកគេ​ងាក​មក​តស៊ូ​មតិ​តាមរយៈ​ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រឆាំង​នឹង​ការបោះឆ្នោត​ដែល​ពួកគេ​ចាត់ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ យុទ្ធនាការ​នេះ​ធ្វើ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ពួកគេ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​តែ​ស្នើ​ឱ្យ​ម្ចាស់​ឆ្នោត​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ចោល រួម​ទាំង​សកម្មភាព​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ជា​ដើម។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ទំនង​ជា​លោក​ចង់​ទប់ស្កាត់​យុទ្ធនាការ​គណបក្ស​ប្រឆាំង​ផង និង​ព្រួយបារម្ភ​ពី​ចរន្ត​របស់​ពលរដ្ឋ​ចេញ​ទៅ​គូស​សន្លឹកឆ្នោត​ឱ្យ​ខូច​ច្រើន​ដែល​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្រោយ​ការបោះឆ្នោត​នោះ​ផង លោក​បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​កាន់អំណាច​ចុះ​ទៅ​បង្រៀន​ពលរដ្ឋ​ឱ្យ​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​លោក​ចោទ​ថា មាន​បុគ្គល​ដែល​បន្លំ​ខ្លួន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ឱ្យ​ខូច។ សមាជិក​គណបក្ស​នេះ​បាន​នាំគ្នា​ចុះ​ជួប​ពលរដ្ឋ​ដល់​ផ្ទះ ដោយ​ណែនាំ​ឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ដើម្បី​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​លោក យិន តារា ថ្លែង​ថា បច្ចុប្បន្ន​ពលរដ្ឋ​បាន​ឆ្លងកាត់​ការបោះឆ្នោត​ជាច្រើន​អាណត្តិ​មក​ហើយ ដូច្នេះ​ពួកគាត់​ចេះ​គូស​នៅ​លើ​សន្លឹកឆ្នោត ឬ​ជ្រើសរើស​គណបក្ស​ណាមួយ​ដោយ​ពុំ​ចាំបាច់​មាន​អ្នក​បង្រៀន ឬ​ណែនាំ​អំពី​វិធី​គូស​សន្លឹក​ឆ្នោត​នោះ​ទេ។ លោក​យល់​ថា ការ​បោះឆ្នោត​នៅក្នុង​បន្ទប់​បាំង​ជិត គឺ​គ្មាន​អ្នកណា​ដឹង​ថា​លោក​គូស​លើ​សន្លឹកឆ្នោត ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​លោក​ថា​ពលរដ្ឋ​ខ្លះ​ដែល​ទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់​ពួកគាត់​នៅតែ​បារម្ភ​ពី​ភាព​សម្ងាត់​របស់​សន្លឹក​ឆ្នោត។

លោក យិន តារា៖«(ការ​គូស)សន្លឹក​ឆ្នោត​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​បាន​ឆ្លង​កាត់​ការបោះឆ្នោត​តំណាង​រាស្រ្ត​៧ដង​ហើយ ហើយ​ឆ្លងកាត់​ការបោះឆ្នោត​ឃុំ​សង្កាត់​ក៏​៥ដង​ដែរ ប្រជាពលរដ្ឋ​ដូច​ជា​មិន​ល្ងង់​ទេ គាត់​ចេះ​ដឹង​ច្រើន គេ​ដើរ​បង្រៀន​គូស​ប្រជាពលរដ្ឋ​ក៏​គូស​ទៅ​យើង​មិន​ទៅ​ប្រឆាំង​ទេ តែ​នៅពេល​នៅ​ក្នុង​បន្ទប់​ឆ្នោត​យើង​ចង់​គូស​យ៉ាង​មិច​ជា​ការសម្រេច​ចិត្ត​របស់​យើង»។

ទាក់ទង​រឿង​នេះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​ពន្យល់​ថា ការ​គូស​នៅ​លើ​សន្លឹក​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ​ណាមួយ ឬ​មិន​គូស​ឱ្យ​គណបក្ស​ទាំង​អស់​ក៏​បាន ព្រោះ​ការ​បោះឆ្នោត​ជា​ការ​សម្ងាត់ និង​គ្មាន​ទោស​ទណ្ឌ​អ្វី​នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច​(Nicfec) ​លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​តួនាទី​ធានា​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​សេរី ត្រឹមត្រូវ ​យុត្តិធម៌ និង​ដោយ​សម្ងាត់​ជូន​ម្ចាស់​ឆ្នោត ដើម្បី​ឱ្យ​អ្នក​បោះឆ្នោត​ជឿជាក់​បាន​ថា ការ​ប្រើប្រាស់​សិទ្ធិ​សម្រេច​ចិត្ត​ណាមួយ​នៅ​ក្នុង​បន្ទប់​សម្ងាត់​មិន​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​បាន​ឡើយ បើ​សិន​ជា​អ្នកបោះឆ្នោត​មិន​បាន​បង្ហាញ​ទៅ​ឱ្យ​គេ​ដឹង។

លោក សំ គន្ធាមី៖«បើ​គ្រាន់តែ​មាន​ការអប់រំ​អ្នក​បោះឆ្នោត​គូស​សន្លឹក​ឆ្នោត​បាន​តែ​កុំ​ឱ្យ​មាន​ការ​បង្ខំ ការ​គំរាម​កំហែង ទិញ​សន្លឹក​ឆ្នោត អាហ្នឹង​គឺ​ខុស​ច្បាប់។ ជា​សិទ្ធិ​របស់​ម្ចាស់​ឆ្នោត​ចង់​គូស ឬ​មិន​ចង់​គូស អាហ្នឹង​ជា​សិទ្ធិ ជា​សេរីភាព​របស់​គាត់(អ្នក​បោះឆ្នោត)គឺ​អត់​មាន​អ្នក​ណា​ទៅ​បង្ខំ​គាត់​បាន​ទេ»។

អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​(ហៅ​កាត់ថា ANFREL)​ បាន​វាយ​តម្លៃ​ជា​បឋម​ថា ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ខាងមុខ​នេះ នៅតែ​ខ្វះ​ភាព​សេរី និង​យុត្តិធម៌ ដោយ​សារ​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ការ​ផាត់​ចោល​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត រួម​ទាំង​ការ​រឹតត្បិត​លំហ​នយោបាយ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ជាដើម។ អង្គការ​អាន់ហ្វ្រែល​ព្រមាន​ថា ការ​បរាជ័យ​មិន​ដោះស្រាយ​រាល់​ចំណុច​ខ្វះខាត​ទាំង​នេះ នឹង​បន្ត​ធ្វើ​ឱ្យ​មាន​នូវ​ដំណើរការ​បោះឆ្នោត​មួយ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ និង​ខុស​ពី​ការពិត ដែល​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ និង​បំណង​ប្រាថ្នា​ពិត​ប្រាកដ​របស់​ប្រជាជន​កម្ពុជា​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។