កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​រង​ការ​រិះគន់

ដោយ ​​​​​​​សេក បណ្ឌិត
2021-01-10
Share
កិច្ច​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​រង​ការ​រិះគន់ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល រិះគន់​កិច្ចព្រមព្រៀង​ស្តីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ថា មិន​ស្មើភាព​គ្នា ហើយ​វៀតណាម​មិន​ដែល​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ទេ​។ ការ​រិះគន់​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំងពីរ យល់ព្រម​បង្កើត​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ពង្រឹង​កិច្ចការពារ​ជាតិ​រវាង​កម្ពុជា​និង​វៀតណាម នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ (Online) កាលពី​ថ្ងៃ​ទី​៨ ខែ​មករា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកឃ្លាំមើល លើកឡើង​ថា កិច្ចព្រមព្រៀង​ស្តីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​កម្ពុជា និង​វៀតណាម​នេះ បង្ហាញ​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​ច្រើន​ចំណុច។ ពួកគេ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​អាច​ធានា​ការពារ​បូរណភាព​ទឹកដី​ពី​ការឈ្លានពាន​របស់​ភាគី​វៀតណាម​បាន​ឡើយ។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន ​និង​អន្តោប្រវេសន៍​នៃ​គណបក្ស​សង្រ្គោះជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​ការពារ​ជាតិ​រវាង​កម្ពុជា​ និង​វៀតណាម​នេះ គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ពីព្រោះ​កន្លង​មក វៀតណាម​មិន​​បាន​គោរព​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​នោះ​ទេ​។ លោក​លើក​ឧទាហរណ៍​ថា ករណី​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​គ្មាន​ការ​ជូនដំណឹង​ជាមុន​នោះ គឺជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត ដែល​វៀតណាម​បំពាន​កម្ពុជា ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនដែល​ហ៊ាន​តតាំង​ជាមួយ​វៀតណាម​ឡើយ​។ លោក​បន្ត​ថា ការ​បញ្ជូន​កងទ័ព​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​នោះ ក៏​ធ្វើ​ឱ្យ​កងទ័ព​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល ឬ​រណប​វៀតណាម​តទៅទៀត​ដែរ៖ «គេ​ (វៀតណាម) បោះតង់​ និង​ធ្វើ​សំណង់​រឹង​តាម​ព្រំដែន​ស្រេច​ចិត្ត គេ​យក​លេស​ថា ធ្វើ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូវីដ តែ​នេះ​គ្រាន់តែ​ជា​លេស​នៃ​ការឈ្លានពាន​របស់​វៀតណាម មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ហើយ​យើង​ឃើញ​កន្លង​មក​នេះ ទាហាន​យើង​ទៅ​រៀន​នៅ​វៀតណាម ត្រូវ​បាន​វៀតណាម​ពង្វក់ គេ​ហៅថា លាង​ខួរ​ ដើម្បី​មកវិញ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម។ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក យើង​មិន​បញ្ជូន​ទាហាន​យើង​ទៅ​រៀន បែរ​ជា​បញ្ចូន​ទៅ​រៀន​នៅ​វៀតណាម​ច្រើន​ជាងគេ​វិញ ហើយ​វៀតណាម​ជា​ប្រទេស​​កុម្មុយនិស្ត​ទៀត។ យើង​ប្រទេស​សេរី ហេតុ​អី​ទៅ​រៀន​ពី​កុម្មុយនិស្ត»

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម លោក ង៉ោ ស៊ុន​លិច (Ngo Xuan Lich) កាលពី​ថ្ងៃ​ទី​៨ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ក្នុង​ឆ្នាំ​២០២១ ដោយ​ផ្ដោត​លើ​ការ​រឹត​បន្តឹង​ការ​ចេញចូល​តាម​ច្រក​ព្រំដែន​ខុសច្បាប់​ដើម្បី​ទប់ស្កាត់​ជំងឺ​​កូវីដ​-១៩។ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​វៀតណាម (VNA) ភាគី​ទាំងពីរ ក៏បាន​ឯកភាព​គ្នា​បន្ត​អនុវត្ត​តាម​ខ្លឹមសារ​នៃ​ពិធីសារ​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២៤ និង​ផែនការ​កិច្ច​សហ​ប្រតិការ​ឆ្នាំ​២០២១ រួមមាន​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ចំណងមិត្តភាព​ប្រពៃណី​ប្រទេស​ទាំងពីរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជាពិសេស ​ការ​ពិភាក្សា​គោលនយោបាយ​ការពារ​ជាតិ។ លើស​ពី​នេះ ភាគី​ទាំងពីរ​ប្ដេជ្ញា​ពន្លឿន​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​គ្រប់​ជាន់ថ្នាក់ ការ​បណ្ដុះបណ្ដាល​មន្ត្រី រួម​ទាំង​ជួយ​គ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាដើម។

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក មួង សូនី វិញ លោក​យល់​ស្រដៀង​គ្នា​ដែរ​ថា កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ជាច្រើន ប៉ុន្តែ​មិនសូវ​បាន​អនុវត្ត​តាម កិច្ចព្រមព្រៀង​ទាំងនោះ​ឡើយ។ ជាពិសេស ​បញ្ហា​ព្រំដែន ដោយសារតែ​កម្ពុជា​នៅ​ទន់ខ្សោយ​ទាំង​សេដ្ឋកិច្ច និង​យោធា​។ យុវជន​ដែល​ធ្លាប់​ចុះ​សិក្សា​តាម​បណ្ដោយ​ព្រំដែន​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ លុបបំបាត់​អំពើពុករលួយ​របស់​មន្ត្រី​តាម​ព្រំដែន និង​ពន្លឿន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិ​-​ឃុំ តាម​បណ្ដោយ​ព្រំដែន ឱ្យ​មាន​ប្រសិទ្ធភាព៖ «យើង​គួរតែ​ធ្វើ​ឱ្យ​មានការ​រីកចម្រើន កុំ​ឱ្យ​ពលរដ្ឋ​យើង​ទៅ​ទិញ​ទឹក​ទិញ​ភ្លើង​ពី​វៀតណាម ទិញ​ម្ហូប​ស្អីៗ​ ពី​វៀតណាម ទៅ​ពេទ្យ​វៀតណាម ស្អី​ក៏​វៀតណាម​ដែរ រហូត​សូម្បីតែ​លុយ​ហ្នឹង ក៏​យើង​ចាយ​លុយ​វៀតណាម​ដែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​។ បើ​យើង​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​ខ្លាំង​ទេ យើង​នៅតែ​ចាញ់​ប្រៀប​វៀតណាម ទោះ​មាន​កិច្ចព្រមព្រៀង​ក៏ដោយ»

ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ នេះ កងទ័ព​វៀតណាម បាន​បោះតង់ និង​សាងសង់​សំណង់​រឹង​ជាច្រើន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​មក​ទល់​ពេល​នេះ តង់​ និង​សំណង់​រឹង​ទាំងនោះ​ភាគច្រើន មិន​ទាន់​បាន​រុះរើ​ចេញ​វិញ​តាម​ការសន្យា​នៅ​ឡើយ​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល ចាត់ទុក​ទង្វើ​របស់​វៀតណាម​នេះ​ថា ជា​ការប្រមាថ​ និង​ជា​ការ​បំពាន​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល