អ្នក​ជំនាញ​ថា កម្ពុជា​គួរ​រៀន​សូត្រ​ពី​ម៉ាឡេស៊ី​រឿង​​បំណុល​វ័ណ្ឌក​របស់​ចិន និង​​ប្រជាធិបតេយ្យ

0:00 / 0:00

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក រយៈពេល​៣​ថ្ងៃ នៅ​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី៤ កញ្ញា​។ សម្រាប់​ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​បន្សល់ទុក​នូវ​ចំណាប់អារម្មណ៍ និង​អនុសាសន៍​មួយ​ចំនួន​ដែល​កម្ពុជា​គួរ​រៀន​សូត្រ​តាម ជាពិសេស​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ចំពោះ​បញ្ហា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន និង​បញ្ហា​ប្រជាធិបតេយ្យ។

ក្រៅពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ពីរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា ព្រមទាំង​មានការ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ដែល​លោក មហាធា មហាម៉ាត់ សម្រេច​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សារ និង​អនុសាសន៍​មួយ​ចំនួន​នៅ​ពេល​ដែល​លោក​បាន​ជួប​និស្សិត​កម្ពុជា ក៏​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា ដំណោះស្រាយ​ចំពោះ​បញ្ហា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន និង​បញ្ហា​ប្រជាធិបតេយ្យ។

បណ្ឌិត អៀ សុផល អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី៣ កញ្ញា ថា លោក​គិត​ថា មាន​ឧទាហរណ៍​ល្អ​មួយ​ដែល​កម្ពុជា​គួរ​យក​គំរូ​បាន​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​នោះ​គឺ​របៀប​ដែល​លោក មហាធា ដោះស្រាយ​ពាក់ព័ន្ធ​នឹង​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន ដែល​ប្រទេស​ម៉ាឡេស៊ី​របស់​លោក មហាធា បាន​បើក​ការ​ចរចា​ថ្មី​ឡើងវិញ​ជាមួយ​ប្រទេស​ចិន ដើម្បី​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​មុន​នោះ។

ដូចគ្នា​នេះ​ដែរ លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ក៏​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ដែរ​។ លោក​ថា លោក​ចាប់អារម្មណ៍​ទៅ​នឹង​របៀប​ដែល​លោក មហាធា ធ្វើ ឆ្លើយ​តប​ទៅ​នឹង​ការកាត់បន្ថយ​ដើម្បី​កុំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី ជាប់ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ពេក ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​អន្ទាក់​បំណុល​វ័ណ្ឌក​ជាមួយ​ប្រទេស​ចិន៖ «នៅ​ពេល​ដែល​គាត់​ឡើង​កាន់​កាប់​ជា​នាយករដ្ឋមន្ត្រី លោក មហាធា មហាម៉ាត់ បាន​លុបចោល​នូវ projects [​ គម្រោង​ ]​ ធំៗ​របស់​ចិន​មួយ​ចំនួន ហើយ​លោក​ចុះ​កុងត្រា​ឡើងវិញ ដោយ​កសាង​នូវ​លក្ខខណ្ឌ​ថ្មី ដែល​អំណោយផល ឬក៏​អាច​ទាញ​អត្ថប្រយោជន៍​បាន​ច្រើន​ទៅដល់​ពលរដ្ឋ​ម៉ាឡេស៊ី​។ នេះ​ជា​បទពិសោធន៍​មួយ​ល្អ ដែល​កម្ពុជា​គួរតែ​សិក្សា ឬក៏​យក​គំរូ​តាម​គាត់​ដែរ ព្រោះ​គាត់​ធ្វើ​បាន​​ល្អ ជោគជ័យ​នូវ​កិច្ចការ​ណា​ដែល​មិនទាន់​ទៅ​ជា​ធរមាន យើង​អាច​ធ្វើ​បាន​។ តែ​បើ​កិច្ចការ​ណា​ដែល​ចុះ​ហត្ថលេខា​ហើយ​ចូល​ជា​ធរមាន​ហើយ យើង​មិន​អាច​ធ្វើ​បាន​ទេ»។

ឆ្លើយតប​នឹង​សំណួរ​របស់​និស្សិត​មួយរូប​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជុំវិញ​ការ​ដោះស្រាយ​រឿង​បញ្ហា​អន្ទាក់​បំណុល​ចិន​នេះ ក្នុង​កិច្ច​សន្ទនា​ចំហ​ស្ដីពី​ការធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច ក្នុង​បរិបទ​អាស៊ាន លោក មហាធា មានប្រសាសន៍ថា គណបក្ស​របស់​លោក​អាច​ដណ្ដើម​យក​ជ័យជម្នះ​ទៅ​គ្រប់គ្រង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន គឺ​ដោយសារតែ​រដ្ឋាភិបាល​ដែល​បាន​កាន់កាប់​អំណាច​នា​ពេល​មុន​នោះ បាន​ធ្វើ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន ដែល​ធ្វើ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ជាប់ជំពាក់​បំណុល​ខ្លាំង ដែល​ហេតុការណ៍​នេះ អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ ត្រូវ​ក្ស័យ​ធុន លុះត្រាតែ​មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ប្រសើរ​ជាង​មុន៖ «ដូច្នេះ ពលរដ្ឋ​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ចេញ ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ចាស់​នោះ​បាន​ដើរ​ខុសផ្លូវ។ នៅ​ពេល​ដែល​យើង​ឡើង​មក​កាន់កាប់ រឿង​ដំបូង​គេ​បង្អស់​ដែល​យើង​បាន​ធ្វើ ច្បាស់​ណាស់​ថា គឺ​កែប្រែ​កំហុស ដែល​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​មុន។ ក្នុងចំណោម​កំហុស​នានា​ដែល​រដ្ឋាភិបាល​មុន​បាន​ធ្វើ​នោះ គឺ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​លក្ខខណ្ឌ​ទន់ខ្សោយ ហើយ​បាន​ខ្ចី​ប្រាក់​យ៉ាង​សម្បើម​ពី​បរទេស ដែល​យើង​មិន​អាច​រ៉ាប់រង​បាន»។

លោក មហាធា ពន្យល់​បន្ត​ថា ប្រទេស​ម៉ាឡេស៊ី​មិន​អាច​គាំទ្រ​ដល់​គម្រោង​ទាំងនោះ​បាន​ទេ ដោយសារ​ត្រូវ​ចំណាយ​អស់​ប្រាក់​ខ្លាំង​។ ដូច្នេះ​ហើយ លោក​ត្រូវ​សម្រេចចិត្ត​លុបចោល​គម្រោង​ទាំងនោះ តាមរយៈ​ការ​ចរចា​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ៖ «យើង​មិន​អាច​មាន​លទ្ធភាព​គាំទ្រ​ដល់​គម្រោង​ទាំងនោះ​បានទេ ដោយសារតែ​វា​ត្រូវ​ចំណាយ​ប្រាក់​អស់​ខ្លាំង។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ឡើង​កាន់​អំណាច យើង​បាន​លុបចោល​គម្រោង​ទាំងនោះ​។ ក៏ប៉ុន្តែ គម្រោង​ទាំងនោះ​កំពុង​ជាប់​កិច្ច​សន្យា​។ បើ​យើង​លុបចោល យើង​នឹង​ត្រូវ​ចេញ​សង​ដល់​ក្រុមហ៊ុន​ម៉ៅការ​ដោយសារតែ​យើង​លុបចោល​កិច្ចសន្យា​។ សំណង​គឺ​ថ្លៃ​ខ្លាំង​ណាស់ ដល់​ទៅ​រាប់​ប៊ីលាន​រីងហ្គីត​។ ដូច្នេះ​ហើយ​យើង​បាន​ចុះ​កិច្ច​សន្យា​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​។ ហើយ​ជា​សំណាងល្អ​សម្រាប់​យើង យើង​អាច​កាត់បន្ថយ​ថ្លៃ​ដើម​រហូត​ដល់​ទៅ ២០​ប៊ី​លាន​លុយ​រីងហ្គីត​របស់​ម៉ាឡេស៊ី»។

ក្រៅពី​អនុសាសន៍​របស់​លោក​ជុំវិញ​វិធីសាស្ត្រ​ដោះស្រាយ​បំណុល​ចិន ដើម្បី​កុំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​បរទេស​នោះ លោក មហាធា ក៏​បាន​ផ្តល់​អនុសាសន៍​ជុំវិញ​បញ្ហា​របៀបរបប​គ្រប់គ្រង​រដ្ឋាភិបាល ដែល​លោក​ថា រដ្ឋាភិបាល​ត្រូវតែ​បម្រើ​សេវា​យ៉ាង​ដិតដល់​ជូន​ពលរដ្ឋ។ លោក​មហាធា មាន​ប្រសាសន៍​ថា ប្រទេស​នៅ​តំបន់​អាស៊ាន​គួរតែ​យក​គំរូ​តាមរបៀប​របប​គ្រប់គ្រង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លោក​ខាង​លិច៖ «ប៉ុន្តែ​សព្វថ្ងៃ​នេះ ដោយសារ​មានការ​ងាយស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង យើង​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ប្រទេស​ដទៃ ពេលខ្លះ អ្នក​អាច​ចម្លង​តាម​ប្រទេស​ទាំងនោះ ដែល​វា​រឿង​ល្អ ប្រសិនបើ​រឿង​ដែល​ត្រូវ​ចម្លង​តាម​នោះ​ជា​ការ​ល្អ​។ ខ្ញុំ​គិត​ថា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​របស់​ពួកគេ គឺ​មាន​លក្ខណៈ​ល្អ​ណាស់ ដែល​យើង​គួរតែ​ចម្លង​តាម។ ប៉ុន្តែ នៅ​ពេល​ដែល​ប្រទេស​ទាំងនោះ​សម្រេច​ថា មនុស្ស​ប្រុស​អាច​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​បាន តើ​អ្នក​គួរ​ចម្លង​តាម​គេ​ដែរ​ឬទេ​ ?»។

ប្រសាសន៍​របស់​លោក មហា​ធារ​បែបនេះ បែរជា​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយ យក​ទៅ​បកស្រាយ​ខុស ដោយ​ថា លោក​មហាធា​ប្រាប់​ថា រឿង​ប្រជាធិបតេយ្យ​មិន​ត្រូវ​ដើរ​តាម​ការកំណត់​របស់​អាមេរិក​ទៅវិញ​នោះ​ទេ។

ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ​របស់​ប្រទេស​លោក​ខាង​លិច​នេះ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដោយ​បាន​អនុម័ត​តាម​អនុសញ្ញា​មួយ​ចំនួន​របស់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្របតាម​ច្បាប់​របស់​អន្តរជាតិ​។ ដូច្នេះ​ហើយ លោក​ថា កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវតែ​អនុវត្ត​តាម៖ «កន្លែង​ហ្នឹង​ក៏​ខ្ញុំ​ចង់​សូម​សំណូមពរ​ឱ្យ​អ្នកនយោបាយ មិន​គួរ​បែងចែក​ស្តង់​ដារ​ប្រជាធិបតេយ្យ​ពីរ​បី​ទេ ពីព្រោះ​យើង​យក​ច្បាប់​តាម​គោលការណ៍​របស់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ មក​ដាក់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង។ យើង​គួរតែ​ពង្រឹង​ធ្វើ​ម៉េច​ឱ្យ​បាន​ទៅ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​លក្ខខណ្ឌ​ច្បាប់​ហ្នឹង​ទៅ ខ្ញុំ​គិត​ថា កម្ពុជា​អាច​រក្សា​ផលប្រយោជន៍​ទំនាក់ទំនង រវាង​កម្ពុជា​ជាមួយ​អឺរ៉ុប ជាមួយ​អាមេរិក បាន​ល្អ​ហើយ​។ នោះ​វា​មិន​ឈាន​ទៅ​ដល់​ការបាត់បង់ EBA GSP ឬក៏​ទណ្ឌកម្ម​ផ្សេងៗ​កើតឡើង​នោះ​ទេ»។

សម្រាប់​បណ្ឌិត អៀ សុផល វិញ លោក​មានប្រសាសន៍ថា លោក​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ ដែល​ថា ប្រទេស​ម៉ាឡេស៊ី​អាច​ដើរ​តួនាទី​ជួយ​កម្ពុជា​ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​នោះ​។ លោក​ថា ខណៈ​ដែល​ប្រទេស​ម៉ាឡេស៊ី​ផ្ដល់​នូវ​ឧទាហរណ៍​ល្អ​ដល់​កម្ពុជា ដោយសារ​ប្រទេស​នេះ បាន​រៀបចំ​ការបោះឆ្នោត​មួយ ដែល​បណ្ដាល​ឱ្យ​មាន​លទ្ធផល​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ជា​វិជ្ជមាន​នោះ ក៏ប៉ុន្តែ​លោក​ថា ប្រទេស​ម៉ាឡេស៊ី​ខ្លួនឯង ក៏​មាន​បញ្ហា​ក្នុងស្រុក​របស់​ខ្លួន​នោះ​ដែរ។

បណ្ឌិត អៀ សុផល រិះគន់​ថា លោក មហាធា ជា​ជាង​លើកឡើង​អំពី​កង្វល់​រឿង​ចិន​អាច​ដាក់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​កម្ពុជា លោក មហាធា បែរ​និយាយ​រិះគន់​រឿង​មនុស្ស​ស្រលាញ់​ភេទ ដូចគ្នា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។