របបលោក ហ៊ុន សែន អះអាងថា ច្បាប់ H.R ៥២៦ ដែលរដ្ឋសភាអាមេរិកទើបអនុម័តនោះ នឹងមិនផ្ដល់ផលចំណេញអ្វីដល់ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជាឡើយ ផ្ទុយទៅវិញច្បាប់នេះ គឺប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់របបនេះចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យទៅវិញទេ។ ទោះជាយ៉ាងណា របបនេះមិនបានបង្ហាញពីវិធានការជាក់លាក់ណាមួយ ដើម្បីប្រឆាំងតបតទៅនឹងសហរដ្ឋអាមេរិកនៅឡើយទេ។ អ្នកវិភាគនយោបាយជឿថា បើច្បាប់នេះដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចជាតិទាំងមូល របបក្រុងភ្នំពេញនឹងមិនសូវខ្វាយខ្វល់ប៉ុន្មានឡើយ ប៉ុន្តែដោយសារច្បាប់នេះសំដៅមករកពួកគេផ្ទាល់ ហេតុដូច្នេះទើបបានជាពួកគេរក្សាភាពស្ងប់ស្ងាត់ មិនសូវបញ្ចេញប្រតិកម្ម។
របបក្រុងភ្នំពេញបានរក្សាជំហរទន់ភ្លន់ខុសប្លែកពីសព្វមួយដង បើទោះបីជាដឹងថា ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R ៥២៦ មានគោលដៅដាក់ទណ្ឌកម្មលើមន្ត្រីរបស់ខ្លួនក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលគ្មានឥទ្ធិពលជ្រៀតជ្រែកកិច្ចការរបស់ក្រុមអ្នកនយោបាយអាមេរិក ដែលកំពុងធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាឡើយ។ ក៏ប៉ុន្តែ លោកថា កម្ពុជានៅតែប្រកាន់ជំហរធ្វើជាមិត្តល្អរបស់អាមេរិក ហើយនិងបន្តពង្រឹងទំនាក់ទំនងទេ្វភាគីជាមួយប្រទេសមហាអំណាចមួយនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ លោកបញ្ជាក់ថា រដ្ឋាភិបាលពុំទាន់មានគោលជំហរជាក់លាក់ណាមួយក្នុងការតបតទៅនឹងអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនេះទេ ពីព្រោះច្បាប់នេះមិនទាន់ចូលជាធរមាននៅឡើយ៖ «យើងឈរលើផលប្រយោជន៍ ទំនាក់ទំនងល្អ និងសហប្រតិបត្តិការដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក។ យើងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ហើយយើងនឹងពង្រឹងការងារការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ យើងនឹងនិយាយជាមួយទូតដែលប្រចាំនៅកម្ពុជា និយាយពីអ្វីជាការពិត អ្វីជាបំណងពិតរបស់អ្នកនយោបាយសហរដ្ឋអាមេរិក»។
លោក ផៃ ស៊ីផាន ដែលមានសញ្ជាតិអាមេរិកផងដែរនោះ មិនទាន់បកស្រាយពីរឿងថា តើច្បាប់ថ្មីរបស់អាមេរិកនេះ នឹងប៉ះពាល់ដល់មន្ត្រីកម្ពុជារូបណាខ្លះនោះទេ ដោយសារច្បាប់នេះកំពុងស្ថិតក្នុងដៃសភាអាមេរិកនៅឡើយ។
រដ្ឋសភាអាមេរិកទើបតែបានអនុម័តច្បាប់ H.R ៥២៦ កាលពីថ្ងៃទី១៦ កក្កដា កន្លងទៅថ្មីៗនេះ ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិកនៅពេលឆាប់ៗខាងមុខ ហើយសមាជិកសភាអាមេរិកដែលសកម្មក្នុងរឿងនេះ ជឿជាក់ថា ច្បាប់នេះនឹងអាចឆ្លងផុតសភាជាន់ខ្ពស់ទៅដល់ដៃប្រធានាធិបតី ដើម្បីចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់។ សមាជិកសភាអាមេរិកអះអាងថា ការធ្វើច្បាប់នេះ គឺជារឿងចាំបាច់ និងសមស្របបំផុត ពីព្រោះលោក ហ៊ុន សែន បានក្បត់ពាក្យសន្យាក្នុងការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
របបលោក ហ៊ុន សែន តាមរយៈក្រសួងការបរទេស បានឆ្លើយតបរឿងនេះដោយភាសាការទូត និងបង្កប់នូវសារបែបទន់ភ្លន់ ស្នើឱ្យអាមេរិកពិចារណាឡើងវិញចំពោះការបង្កើតច្បាប់ថ្មីនេះ។ ជាពិសេសរបបនេះ បានសន្យាប្រឹងប្រែងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ព្រមទាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសហរដ្ឋអាមេរិក មានជាអាទិ៍ បេសកកម្មមនុស្សធម៌ ការគាំទ្រដល់អ្នកស្ម័គ្រចិត្តផ្នែកសន្តិភាព ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការជួញដូរមនុស្ស និងការចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនាយោធាជាមួយអាមេរិកជាដើម។
ចំណែកឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ មិនទាន់បានបញ្ចេញប្រតិកម្មណាមួយចំពោះរឿងនេះឡើយ ខុសពីទម្លាប់របស់លោករាល់ដង ដែលតែងតែថ្លែងសារ និងបញ្ចេញឥរិយាបថបែបច្រឡោមខាមដាក់ក្រុមប្រទេសលោកខាងលិច នៅពេលនិយាយដល់រឿងដាក់ទណ្ឌកម្មរបបរបស់លោកម្តងៗ។ គេនៅចាំបានថា បុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះ ធ្លាប់បានជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់លោកឱ្យបានកាន់តែឆាប់កាន់តែល្អ ហើយលោកហ៊ានដល់ថ្នាក់ព្រមានបិទទិដ្ឋាការមន្ត្រីអាមេរិកមិនឱ្យចូលស្រុកខ្មែរទៀតផង បើអាមេរិកដាក់ទណ្ឌកម្មបិទទិដ្ឋាការមន្ត្រីកម្ពុជានោះ៖ «អ្នកខ្លះសង្ឃឹមទៅលើការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកម្ពុជានៅក្រៅប្រទេស សូមអញ្ជើញធ្វើទៅ។ ខ្ញុំរុញឱ្យអ្នកឯងធ្វើ ដើម្បីរកឱ្យឃើញថា មេដឹកនាំកម្ពុជាណាខ្លះមានលុយនៅក្រៅប្រទេស។ ខ្ញុំរុញឱ្យអ្នកឯងរឹប។ រឹបទៅ វាមិនបានប៉ះក្បាល ហ៊ុន សែន ទេ កុំឆ្ងល់។ ហើយគូសមក មនុស្សណាខ្លះត្រូវហាមឃាត់មិនឱ្យចូលប្រទេសអ្នកឯង។ បានតើ ! នៅពេលដែលគេមិនហាមឃាត់ សួរថាមន្ត្រីទាំងអស់នេះត្រូវការទៅនៅស្រុកគេ ឬស្អី ?»។
ទោះជាយ៉ាងណា សកម្មភាពរបស់លោកនៅពេលនេះ គឺបង្ហោះរូបភាពជិះកង់ហាត់ប្រាណ និយាយរឿងសុខភាពផ្ទាល់ខ្លួន និងសរសើរពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនទៅវិញ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលលោក ហ៊ុន សែន មិនអនុគ្រោះឱ្យរស់នៅកម្ពុជានោះ យល់ឃើញថា របបក្រុងភ្នំពេញមិនហ៊ានតបតខ្លាំងជាមួយអាមេរិកនោះឡើយ ដោយសារតែអាមេរិកបានពិនិត្យយ៉ាងដិតដល់អំពីស្ថានការណ៍ធ្លាក់ចុះដុនដាបនៅកម្ពុជា។ ម្យ៉ាងវិញទៀត លោកថា ច្បាប់ H.R ៥២៦ ធ្វើឡើងដើម្បីដាក់ទណ្ឌកម្មមន្ត្រីរបបក្រុងភ្នំពេញ ដែលអាចនឹងធ្វើឱ្យពួកគេត្រូវបាត់បង់ផលប្រយោជន៍ពីជំនួញរបស់ខ្លួននៅក្រៅប្រទេស។ ក្រៅពីនេះ ច្បាប់នេះក៏ត្រូវបានរៀបចំឡើង នៅចំពេលដែលរបបក្រុងភ្នំពេញកំពុងស្ថិតក្នុងស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំ គឺការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក៖ «ដោយសារវាប៉ះទៅនឹងប្រយោជន៍របស់ក្រុមលោក ហ៊ុន សែន តែម្ដង។ វាប៉ះទៅនឹងប្រយោជន៍គ្រួសារ ប៉ះទៅនឹងប្រយោជន៍លុយកាក់ ហើយប៉ះទៅនឹងប្រយោជន៍ពួកឧកញ៉ាធំៗ ដែលជាអ្នកចិញ្ចឹមគណបក្សប្រជាជនកម្ពុជា។ ម្ល៉ោះហើយប្រតិកម្មរបស់សហរដ្ឋអាមេរិក ក្នុងកាលៈទេសៈនេះ គឺពិតជាវាយចំចំណុចគន្លឹះខ្សោយរបស់ក្រុមលោក ហ៊ុន សែន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងជាសាធារណៈថា រូបលោក និងមន្ត្រីក្រោមឱវាទមិនមានទ្រព្យសម្បត្តិនៅក្រៅប្រទេសឡើយ ហើយលោកថែមទាំងបានជេរមន្ត្រីរបស់លោកទៀតថា បើមន្ត្រីណាល្ងង់យកលុយទៅទុកនៅក្រៅប្រទេសនោះ គឺឱ្យសមមុខពួកគេ ដែលត្រូវគេបង្កកទ្រព្យសម្បត្តិ។
ទោះជាយ៉ាងណា ទំនងជាគ្មានអ្នកណាជឿលើការបកស្រាយរបស់មេដឹកនាំក្រាញអំណាចរូបនេះឡើយ ពីព្រោះអង្គការឃ្លាំមើលពិភពលោក គ្លូបល វីនេស (Global Witness) បានរកឃើញថា ក្រុមគ្រួសារលោក ហ៊ុន សែន កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា តាមរយៈអំពើពុករលួយ ការរំលោភអំណាច និងការរំលោភសិទ្ធិមនុស្ស ជាដើម។ អង្គការអន្តរជាតិមួយនេះ បានបកអាក្រាតថា គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើន ដែលមានដើមទុនចុះបញ្ជីជាង២០០ លានដុល្លារអាមេរិក ព្រមទាំងបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេស យីហោល្បីៗដូចជា Apple Unilever Visa Nestle Honda និងក្រុមហ៊ុនចំនួន ១១៤ ផ្សេងទៀត។ Global Witness អះអាងថា ទឹកប្រាក់ចុះបញ្ជី ២០០លានដុល្លារនេះ គ្រាន់តែជាតួលេខដែលគេអាចរកឃើញនៅក្នុងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង ត្រកូលហ៊ុន មានទ្រព្យសម្បតិ្តច្រើនជាងនេះទៅទៀត គ្រាន់តែមិនប្រកាសឱ្យដឹង ឬជ្រកក្រោមផ្លាកក្រុមហ៊ុនដទៃទៀត។
លោក គឹម សុខ ថ្លែងថា ប្រសិនបើច្បាប់ H.R ៥២៦ ចូលជាធរមានមែននោះ ទ្រព្យសម្បត្តិមហាសាលរបស់គ្រួសារត្រកូលហ៊ុន និងមន្ត្រីគ្រាក់ៗដទៃទៀតនៃរបបក្រុងភ្នំពេញ នឹងមិនអាចយកទៅប្រើប្រាស់បានឡើយ ពីព្រោះប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែត្រូវឆ្លងកាត់ធនាគារកណ្តាលនៅបូរីញ៉ូវយ៉ក (New York) ឬយ៉ាងហោចណាស់ ក៏មានទំនាក់ទំនងរកស៊ីដោយផ្ទាល់ជាមួយបណ្ដាធនាគារធំៗនៅសហរដ្ឋអាមេរិកផងដែរ៖ «ធនាគារដែលកំពុងរកស៊ីនៅប្រទេសកម្ពុជា ស្ទើរតែដួលរលំទាំងស្រុង បានន័យថា ក្ស័យធន ពីព្រោះតែធនាគារអស់នោះ នឹងគ្មានបណ្ដាញក្នុងការផ្ទេរលុយដោយមានការទុកចិត្តពីរដ្ឋបរទេស ឬធនាគារបរទេសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអឺរ៉ុបទេ។ ព្រោះប្រទេសហ្នឹងជាប្រទេសដែលដឹកនាំដោយក្រុមមេដឹកនាំដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅរួចទៅហើយ ហើយគេហាមទិដ្ឋាការមិនឱ្យទៅស្រុកគេ ព្រមទាំងស្ថិតនៅក្នុងស្ថានភាពនៃប្រទេសដែលក្រុមមេដឹកនាំលក់គ្រឿងញៀន និងលាងលុយកខ្វក់ដើម្បីចិញ្ចឹមរដ្ឋាភិបាល ម្ល៉ោះហើយវាប៉ះពាល់ធំណាស់ទៅដល់ប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា»។
អ្នកវិភាគនយោបាយឥតចំចៃមាត់រូបនេះ បន្ថែមថា មធ្យោបាយតែមួយគត់ដែលអាចជួយក្រុមលោក ហ៊ុន សែន បាននោះ គឺការវិលត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យ និងស្ដារស្ថានការណ៍ស្រុកទេសឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។