អ្នកវិភាគ​ថា ការ​ធ្វើ​កំណែ​ទម្រង់​តួនាទី​មន្ត្រី​ក្នុង​ក្រសួង​មហាផ្ទៃ ពុំ​ផ្ដល់​ផល​វិជ្ជមាន​ទេ

ដោយ ហ៊ុំ ចំរើន
2024.04.20
អ្នកវិភាគ​ថា ការ​ធ្វើ​កំណែ​ទម្រង់​តួនាទី​មន្ត្រី​ក្នុង​ក្រសួង​មហាផ្ទៃ ពុំ​ផ្ដល់​ផល​វិជ្ជមាន​ទេ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស​ សុខា។
រូប៖ ហ្វេសប៊ុកលោក ស សុខា

អ្នកវិភាគ​ថា ការ​ធ្វើ​កំណែ​ទម្រង់​តួនាទី​មន្ត្រី​ក្នុង​ក្រសួង​មហាផ្ទៃ ពុំ​ផ្ដល់​ផល​ជា​វិជ្ជមាន ដល់​ប្រទេសជាតិ​ទេ ប្រសិនបើ​មិន​លុប​បំបាត់ អំពើពុករលួយ និង​បក្ខពួក​និយម​។ ករណី​នេះ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​បញ្ហា​អយុត្តិធម៌​សង្គម បន្ត​កើតមាន​ជា​ហូរហែ ប៉ុន្តែ មិន​ត្រូវ​បាន​ដោះស្រាយ ប្រកប​ដោយ​ប្រសិទ្ធភាព។

ការ​ធ្វើ​កំណែ​ទម្រង់ ផ្លាស់ប្ដូរ​មន្ត្រី​នៅ​តាម​ក្រសួង​នានា បន្ត​កើត​មាន​ជា​ហូរហែ​។ នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី របស់​លោក ហ៊ុន ម៉ាណែត នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ។ ក៏ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ទាំងនោះ ត្រូវ​បាន អ្នក​ឃ្លាំមើល​វាយតម្លៃ​ថា ធ្វើឡើង​ដោយ​បក្ខពួក​និយម ជាពិសេស ក្រុម​អ្នក​ដែល​ពូកែ​អែបអប និង​ធ្លាប់​បម្រើ​ឱ្យ​ត្រកូល «​ហ៊ុន​» តែង​ទទួល​បាន​តំណែង​គ្រាក់ៗ​នៅក្នុង​ជួរ​រដ្ឋាភិបាល។

ទោះយ៉ាងណា​ក្ដី អ្នកវិភាគ​ថា ការ​ធ្វើ​កំណែ​ទម្រង់ គឺជា​រឿង​ល្អ ប៉ុន្តែ​ត្រូវ​ឈរ​លើ​គោលការណ៍ យុត្តិធម៌ និង​តម្លាភាព ទើប​សង្គម​ជាតិ​រីកចម្រើន។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ​មេសា ថា ការ​ធ្វើ​កំណែ​ទម្រង់​មន្ត្រី ក្នុង​ក្រសួង​មហាផ្ទៃ គឺជា​រឿង​ចាំបាច់ ប៉ុន្តែ លោក​ថា អ្វី​ដែល​គួរ​ឱ្យ​បារម្ភ នោះ គឺ​ការតែងតាំង មន្ត្រី ដែល​គ្មាន ចំណេះដឹង​ពិតប្រាកដ និង​ខ្វះ​មនសិការ​ជាតិ ឱ្យមក​កាន់​កិច្ច​រដ្ឋ ដែល​បណ្ដាល​ឱ្យ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​រំលោភ​ដីធ្លី​ពលរដ្ឋ​ជា​ហូរហែ។

លោក​បណ្ឌិត មាស នី បន្ត​ថា ដើម្បី​ទប់ស្កាត់​មន្ត្រី​ខិលខូច​ទាំង​នោះ រដ្ឋាភិបាល​ត្រូវ​ហ៊ាន​បោសសម្អាត បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ​ចាប់​តាំង​ពី​មន្ត្រី​ថ្នាក់​ជាតិ រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ។ ជា​ពិសេស​ការ​ទប់ស្កាត់ បញ្ហា​តែងតាំង​មន្ត្រី​ដែល​តាមរយៈ​បក្ខពួក​និយម។

បណ្ឌិត មាស នី៖ «បើ​កំណែទម្រង់​ធ្វើឡើង​ដើម្បី​ការ​រើសអើង​។ ឧបមា​ថា ធ្វើ​កំណែ​ទម្រង់ ដល់​មន្ត្រី​ណា ដែល​ពុំ​សូវ​ស៊ី​ខ្សែ យើង​រុញ​ចេញ។ មិន​ថា បក្ខពួក​និយម​មិន​ថា គ្រួសារ​និយម​មិន​ថា បក្ខពួក​និយម អាហ្នឹង ជា​ការ​កំណែទម្រង់​បែប​ហ្នឹង​មិនអាច​ទៅមុខ​រួច​ទេ​។ វា​គ្រាន់តែ​បាន​ត្រឹម ធ្វើ​ឱ្យ​ល្អមើល ប៉ុន្តែ មិន​ល្អ​ស៊ី»

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​សម្រេច​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ស្ដីពី ការ​កែ​សម្រួល​ការបែងចែក​ភារកិច្ច​របស់​មន្ត្រី ចំនួន ៧១​រូប ចាប់​ពី​តួនាទី​រដ្ឋលេខាធិការ រហូត អនុរដ្ឋលេខាធិការ។

ក្នុង​ចំណោម អ្នក​ទាំងនោះ រួមមាន អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យ​ទៅ​កាន់​តំណែង​ជា​អ្នក​ទទួល​បន្ទុក​នាយក​ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ចំណែក រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា ទទួល​ជួយ​រដ្ឋមន្ត្រី​លើ​កិច្ច​ការងារ អគ្គលេខាធិការដ្ឋាន​។ ដោយឡែក មន្ត្រី​ខ្លះ​ទៀត បន្ត​រក្សា​ដំណែង​ដដែល និង​ខ្លះ កាន់​តំណែង​ថ្មី តាម​ការ​ចាត់ចែង​របស់​ក្រសួង។

ទោះ​យ៉ាងណា ការតែងតាំង​មន្ត្រី ជា​បន្តបន្ទាប់​នេះ អ្នកវិភាគ​មើលឃើញ​ថា គឺ​គ្រាន់តែ ជា​របៀប​ផ្លាស់​អ្នក​ចាស់​ដាក់​អ្នកថ្មី​។ ប៉ុន្តែ ប្រសិទ្ធភាព​ការងារ​វិញ អាច​នឹង​មិន​មានការ​វិវត្តន៍​អ្វី​ជា​ដុំកំភួន​នោះ​ទេ ដោយសារតែ​របៀប​ធ្វើការ​ដដែល​។ ជាក់ស្ដែង ការប្រព្រឹត្ត​អំពើពុករលួយ ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​នយោបាយ ពួកគេ នៅតែ​បន្ត​រង​ភាព​អយុត្តិធម៌ តាមរយៈ​ប្រព័ន្ធ​តុលាការ​ឯក​បក្ស ជា​ហូរហែ​។ ករណីនេះ ពុំ​មាន​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ ឬ​ប្ដេជ្ញាចិត្ត ដើម្បី ស្ដារ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ និង ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែ​មេសា។

អ្នកវិភាគ​នយោបាយ និង​ប្រជាពលរដ្ឋ បារម្ភ​ថា ស្ថាប័នរដ្ឋ​ជាច្រើន​នៅពេល​បច្ចុប្បន្ន​ត្រូវ​បាន​ក្ដោបក្ដាប់ អំណាច តាមរយៈ​បក្ខពួក​និយម ចំណែក​កិច្ច​ការងារ​ភាគច្រើន មន្ត្រី​ទាំងនោះ ធ្វើ​ដើម្បី​ការពារ​ផលប្រយោជន៍​បក្ស​កាន់អំណាច ជាជាង​ផលប្រយោជន៍​ពលរដ្ឋ។ ប្រជាពលរដ្ឋ ទទូច​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ គួរតែ​ឈរ​លើ ផលប្រយោជន៍​ជាតិ​ជាធំ ជា​ជាង​ប្រយោជន៍​បក្ខពួក។ ពួកគាត់​ថា កាលណា​សង្គម សម្បូរ​ដោយ​មន្ត្រី​ស្អាតស្អំ មិន​រំលោភ​បំពាន​ពលរដ្ឋ មិន​ប្រព្រឹត្ត​អំពើពុករលួយ ប្រទេសជាតិ​នោះ នឹង​រីកចម្រើន ហើយ​ពុំ​មាន​អំពើ​អយុត្តិធម៌ កើតមាន​ជា​បន្តបន្ទាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។