អ្នកវិភាគនយោបាយថា របបក្រុងភ្នំពេញជាអ្នកមានកាតព្វកិច្ចស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយបើកលំហរនយោបាយបង្កបរិយាកាសឱ្យមានគណបក្សសង្រ្គោះជាតិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យបក្សកាន់អំណាចនៅតែលើកឡើងដដែលៗថា ការរំលាយគណបក្សសង្រ្គោះជាតិជារឿងអនុវត្តច្បាប់ ហើយការសម្រេចបែបនេះ គឺជាសិទ្ធិរបស់តុលាការ។
វិបត្តិនយោបាយដែលបានអូសបន្លាយជាងបីឆ្នាំមកនេះ នៅតែស្ថិតក្នុងដៃគណបក្សកាន់អំណាច ឬអាចនិយាយម៉្យាងទៀតថា អ្នកណាចង អ្នកនោះជាអ្នកស្រាយ។
អ្នកវិភាគនយោបាយជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅរដ្ឋាភិបាល ត្រូវបង្កលក្ខណៈឲ្យសង្គមនិងនយោបាយអំណោយផលនិងរៀបចំឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឡើងវិញ។ លោកបណ្ឌិតយល់ថា រដ្ឋាភិបាលគួរមានការដោះស្រាយបញ្ហាទាំងនេះជាបណ្ដើរៗមុនការបោះឆ្នោតមកដល់ក្នុងនោះរឿងសំខាន់ដែលត្រូវធ្វើឱ្យលឿន គឺដោះស្រាយបញ្ហាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល៖ «បើសិនជាគេដាក់ទណ្ឌកម្មពីមុនដោយសារការបោះឆ្នោតឆ្នាំ២០១៨ មិនមានលក្ខណៈសេរី នឹងយុត្តិធម៌ អាណឹងគេបន្តទៅទៀតដើម្បីឱ្យស៊ីចង្វាកគ្នាជាមួយនឹងស្ថានភាពដូចជានៅដដែល»។
ជាច្រើនឆ្នាំមកនេះ អង្គការសិទ្ធិមនុស្សនិងសហគមន៍អន្តរជាតិលើកឡើងដូចៗគ្នាថា ការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះដុនដាប ហើយពួកគេក៏បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបណ្ដើរៗនិងទាមទារឱ្យកែលម្អបញ្ហាទាំងនោះឡើងវិញ។ សភាអឺរ៉ុបបានដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធគឺ EBA ចំនួន២០% ចេញពីកម្ពុជាម្ដងរួចមកហើយដោយសារតែរបបឯកបក្សមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ កាលពីថ្មីៗនេះ សភាអឺរ៉ុបបានចេញនូវសេចក្តីសម្រេចមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលជាការស្តីបន្ទោសទៅលើក្រុមមេដឹកនាំនៅកម្ពុជាលើបញ្ហានៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ យល់ថា នេះគ្រាន់តែជាការចង់បានរបស់ខ្លួន ប៉ុន្តែលោកថា សព្វថ្ងៃនេះការដាក់ទណ្ឌកម្មលែងមានប្រសិទ្ធភាពហើយ។ អ្នកនាំពាក្យរូបនេះ នៅតែជំរុញទៅអ្នកនយោបាយជាប់បម្រាមរូបណាចង់ធ្វើនយោបាយសុំសិទ្ធិនិងបង្កើតបក្សថ្មីដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៖ «ប្រទេសណាចូលចិត្តដាក់ទណ្ឌដាក់ទៅប៉ុន្តែជំនាន់នេះទំនាក់ទំនាក់ឥឡូវនេះមិនមែនពឹងផ្អែកទណ្ឌដូចសម័យសង្រ្គាមត្រជាក់ទៀតទេ»។
ទោះយ៉ាងណា អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា សិទ្ធិនយោបាយនិងការបើកលំហរនយោបាយនៅកម្ពុជានៅតែមានសារៈសំខាន់។ មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏ចង់ឃើញថា រដ្ឋាភិបាលគួរតែធ្វើតាមអនុសាសន៍របស់សហគមន៍អន្តរជាតិដែលទាមទារ៖ «នេះជារឿងសំខាន់ក្នុងការចូលរូមប្រកួតប្រជែងដោយស្នើភាពគ្នាបើសិទ្ធិទាំងអស់នេះនៅតែមានកម្រិតនៅឡើយការប្រកួតប្រជែងខាងមុខគឺមិនទាន់បានគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិមក លោកមិនដែលឃើញរដ្ឋាភិបាលបង្ហាញសញ្ញាថា ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនោះទេ។ លោកព្រមានថា បើបញ្ហានេះនៅតែបន្តអូសបន្លាយដល់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ នោះប្រទេសលោកសេរីនឹងដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាកាន់តែច្រើននិងខ្លាំងៗឡើងថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។