អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថា អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រកាសឱ្យមន្ត្រីបក្សប្រឆាំងផ្ដាច់ខ្លួនចេញពី លោក សម រង្ស៊ី ជាកលល្បិចនយោបាយដើម្បីកម្ទេចអ្នកប្រជាធិបតេយ្យ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាថ្មីទៀតដោយដាក់លក្ខខណ្ឌឱ្យសមាជិកបក្សជំទាស់ផ្ដាច់ខ្លួនពីលោក សម រង្ស៊ី បើសិនពួកគេចង់វិលចូលស្រុកខ្មែរវិញ។
អ្នកឃ្លាំមើលលើកឡើងថា ការដែលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បន្តប្រកាសឱ្យសមាជិកបក្សប្រឆាំងផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដើម្បីជាថ្នូរទទួលបានការលើកលែងទោសវិលត្រឡប់ចូលស្រុកវិញនោះ គឺជាយុទ្ធសាស្ត្រកម្ទេចក្រុមជំទាស់។ ប៉ុន្តែពួកគេយល់ថា ករណីនេះអាចមានប្រសិទ្ធភាពទៅបានចំពោះមន្ត្រីបក្សប្រឆាំងឱកាសនិយមមួយចំនួន តែវាមិនមែនជាសញ្ញាវិជ្ជមានឈានទៅរកការដោះស្រាយបញ្ហានយោបាយ ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យប្រសើរនោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ទស្សនៈដាក់ឱ្យលោក សម រង្ស៊ី នៅឯកោអាចពិបាកទទួលបានជោគជ័យនៅពេលបច្ចុប្បន្ន ពីព្រោះមេដឹកនាំបក្សប្រឆាំងរូបនេះកំពុងធ្វើនយោបាយនៅក្រៅប្រទេស ខណៈមន្ត្រីមួយចំនួននៅតែស្មោះត្រង់។ តែលោកកត់សម្គាល់ថា កន្លងទៅអ្នកនយោបាយដែលចាកចេញពីលោក សម រង្ស៊ី តែងតែបាត់តម្លៃនៅក្នុងឆាកនយោបាយជាបន្តបន្ទាប់។
លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា បើអ្នកនយោបាយប្រកាន់ជំហរយកឈ្នះចាញ់រៀងខ្លួនទៀតនោះនឹងធ្វើឱ្យវិបត្តិនយោបាយនឹងអូសបន្លាយទៅមុខទៀត ចំណែកសហគមន៍អន្តរជាតិនឹងដាក់សម្ពាធ បើសិនរដ្ឋាភិបាលខកខានឆ្លើយតបសំណើពួកគេជុំវិញការកែលម្អស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ឯម សុវណ្ណារ៉ា៖ «ឆ្នាំថ្មីនេះខ្ញុំក៏ចង់ឱ្យអ្នកនយោបាយរកចំណុចរួមគ្នា ជជែកគ្នាបានដែរ ដោយមិនគួរប្រើនយោបាយ ឬវប្បធម៌ទឹកឡើងស៊ីស្រមោច គឺវាមិនចំណេញដល់សង្គមជាតិ តែវាធ្វើឱ្យសង្គមជាតិយើងបែងចែកទៅផ្សេងទៅវិញៗ។ ពួកគេគួរឈរលើគោលការណ៍ប្រជាធិបតេយ្យ ប្រកួតប្រជែងគ្នាតាមគោលការណ៍ច្បាប់ ខ្ញុំគិតថាវាជាកិច្ចការល្អសម្រាប់រកផលប្រយោជន៍ជូនជាតិបាន»។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាឪនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមេសា ប្រកាសជាថ្មីថា លោកនឹងលើកលែងទោសដល់អ្នកណាដែលចេញពីលោក សម រង្ស៊ី តែអ្នកភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី នឹងនៅតែបន្តប្រឈមការជាប់ទោសដដែល។ លោក ហ៊ុន សែន ប្ដេជ្ញាថា លោកដាក់ផែនការតាមកម្ចាត់លោក សម រង្ស៊ី ដូចខ្មែរក្រហមដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំស្វាគមន៍ជានិច្ចចំពោះការភ្ញាក់រលឹកអ្នកទាំងឡាយណាដែលធ្លាប់ប្រឆាំងខ្ញុំ ហើយបោះបង់ចោលការប្រឆាំងខ្ញុំ លើកលែងតែមនុស្សម្នាក់ដែលខ្ញុំមិនស្វាគមន៍ ហើយក៏មិនយោគយល់អស់មួយជីវិត ខ្ញុំដាក់គោលដៅកម្ចាត់ដូចដែរខ្ញុំបានកម្ចាត់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នេះជាគោលដៅដែលខ្ញុំដាក់ចេញ លក្ខខណ្ឌដែលខ្ញុំទទួលគឺអ្នកណាក៏ដោយផ្តាច់ខ្លួនចេញ និងប្រឆាំងជាមួយអាចោរក្បត់ជាតិបីជំនាន់ អ្នកនោះខ្ញុំស្វាគមន៍ជានិច្ច»។
ក្រោយការប្រកាសរបស់លោក ហ៊ុន សែន នេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា ដែលជាកូនបង្កើតរបស់លោក គង់ គាំ បានសរសេរលិខិតសុំទោសអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយលោកសោកស្តាយដែលធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកន្លងទៅ។ លោក គង់ សភា ក៏បានស្នើដល់លោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅព្រះមហាក្សត្រលើកលែងទោសដែលតុលាការបានផ្ដន្ទាទោស រួមជាមួយទម្លាក់ចោលការចោទប្រកាន់ ដើម្បីលោកវិលត្រឡប់ទៅកម្ពុជាវិញ និងជួបជុំគ្រួសារមើលថែឪពុកចាស់ជរាផងដែរ។
នេះបើតាមខ្លឹមសារលិខិតចុះហត្ថលេខាដោយលោក គង់ សភា កាលពីថ្ងៃទី៩ ខែកុម្ភៈ ហើយត្រូវបានប្រព័ន្ធឃោសនារបស់គណបក្សកាន់អំណាចយកមកផ្សាយនៅថ្ងៃទី១៨ ខែមេសា។
ជុំវិញរឿងនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុក(Facebook) ថា លោកស្វាគមន៍ចំពោះលោក គង់ សភា ដែលបានសុំទោសនោះ ហើយលោកនឹងចាត់ចែងតាមនីតិវិធីដើម្បីឱ្យលោក គង់ សភា អាចវិលត្រឡប់ទៅកម្ពុជាវិញ។
ចំណែកលោក គង់ សភា ប្រាប់វិទ្យុអាស៊ីសេរីតាមសារអ៊ីម៊ែល (Email) ថា លោកមិនបានចុះចូលជាមួយគណបក្សកាន់អំណាចទេ ប៉ុន្តែការសរសេរលិខិតសុំលើកលែងទោសនេះ ធ្វើឡើងគោលបំណងឱ្យលោកមានឱកាសទៅមើលថែឪពុកម្ដាយចាស់ជរានៅស្រុកខ្មែរ។
ទោះបីជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ថា ពួកគេនឹងមិនរត់ចោលលោក សម រង្ស៊ី នោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅប្រទេសនូវែលហ្សេឡង់ (New Zealand) ថ្លែងថា ការសម្រេចចិត្តរបស់លោក គង់ សុភា មិនពាក់ព័ន្ធគោលនយោបាយរបស់គណបក្សប្រឆាំងដែលកំពុងតស៊ូទាមទារសេរីភាព និងយុត្តិធម៌សង្គមពិតប្រាដកនោះឡើយ។ លោកប្រដូចសាររបស់លោក ហ៊ុន សែន អូសទាញសមាជិកបក្សជំទាស់នៅក្រៅប្រទេសដូចទៅនឹងសារអំពាវនាវរបស់ខ្មែរក្រហមបង្កប់នូវជាល្បិចកលនយោបាយ ស្របពេលលោក ហ៊ុន សែន ភ័យខ្លាចវត្តមានលោក សម រង្ស៊ី នៅលើឆាកនយោបាយកម្ពុជា។
លោក ម៉ន ផល្លា៖ «អ្នកដែលផ្លាស់ប្ដូរគោលនយោបាយ ហើយវិលត្រឡប់ទៅតាមការឃោសនារបស់លោក ហ៊ុន សែន មែនទែនទៅគឺជានយោបាយប្រជាភិថុតិដោយមិនមានចេតនាក្នុងបំណងដើម្បីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឱ្យមានឯកភាពជាតិពិតប្រាកដនោះទេបាទ»។
កន្លងទៅតុលាការក្រោមខ្សែញាក់របស់លោក ហ៊ុន សែន បានកាត់ក្ដីលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិនយោបាយជាស្ថាពរ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក សម រង្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា។ ក្រៅពីនេះលោក សម រង្ស៊ី ត្រូវបានតុលាការដដែលកាត់ទោសឱ្យជាប់ពន្ធនាគាររាប់សិបឆ្នាំទៀតពីបទ«ក្បត់ជាតិ និងញុះញង់» ជាដើម។
ទោះជាយ៉ាងណា លោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង កំពុងធ្វើយុទ្ធនាការនយោបាយការទូត ដើម្បីស្នើឲ្យសហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប និងអាមេរិក ជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយទាមទារឲ្យរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
