ក្រុមអ្នកវិភាគនៅតែមានសុទិដ្ឋិនិយមថាគណបក្សសង្គ្រោះជាតិនៅតែរឹងមាំដដែលទោះបីជាលោក ហ៊ុន សែន ព្យាយាមបំបែកបំបាក់និងកម្ទេចយ៉ាងណាក៏ដោយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី ឲ្យដឹងកាលពីថ្ងៃទី១៣ ខែមិថុនាថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្រ្តទាំង ៥ របស់ខ្លួនដើម្បីកម្ទេចបក្សប្រឆាំងក៏ដោយក៏មិនអាចទៅអាចរួចដែរ។លោកបានលាតត្រដាងពីយុទ្ធសាស្រ្តទាំង ៥ នោះ គឺ «សំឡុត , ចរចា , ទិញទឹកចិត្ត , បំបែក , និងកម្ទេច»។ ទោះបីជាបែបនេះក្ដី បណ្ឌិត សេង សារី អះអាងថាយុទ្ធសាស្រ្តទាំង ៥ នេះនឹងមិនបានជោគជ័យឡើយ៖ «តាំងពីឆ្នាំ១៩៩៥ មក គណបក្សប្រឆាំងអស់ស្រាយហើយ នៅតែសល់តែខ្លឹម។ ហើយបើសិនជាគណបក្សប្រឆាំងឆ្លងកាត់ដំណាក់កាលនះទៀត ដំណាក់កាលកម្ទេចនោះ គឺគណបក្សប្រឆាំង នឹងបានដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខជាមិនខាន » ។
ការលើកឡើងនេះនៅក្រោយពីព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ការតែងតំាងនេះនៅបន្ទាប់ពីអ្នកស្រី បានវិលចូលកម្ពុជាវិញកាលពីថ្ងៃទី ១៤ ខែឧសភាក្រោយពីប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី ថាក់ ឡានី បាននិរទេសខ្លួនទៅប្រទេសស៊ុយអែត តាំងពីឆ្នាំ២០១៦ ភ្លាមៗក្រោយពីលោក ហ៊ុន សែន ដាក់ពាក្យប្តឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការចោទថា លោកសម្លាប់អ្នកវិភាគឥតសំចៃមាត់ គឺបណ្ឌិត កែម ឡី។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខផ្ដន្ទាទាទោសអ្នកស្រី ថាក់ ឡានី ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ៦ ខែ និងពិន័យ ៨ លានរៀល ព្រមទាំងសងសំណងជំងឺចិត្តលោក ហ៊ុន សែន ចំនួន ១០០ រៀលថែមទៀតកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទ « បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកស្រី ថាក់ ឡានី ដើម្បីសួរអំពីបញ្ហានេះ បន្ថែមបានទេកាលពីថ្ងៃទី១៣ ខែមិថុនា។
ទាក់ទងនឹងបញ្ហានេះបណ្ឌិត សេង សារី លើកឡើងថាគណបក្សកាន់អំណាចផ្ដល់តួនាទីឲ្យអ្នកស្រី ថាក់ ឡានី នេះ ដោយប្រើយុទ្ធសាស្រ្តទី៣គឺការទិញទឹកចិត្តផ្ដល់ឋានៈតួនាទីដើម្បីឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះចុះចូលបំរើឆន្ទៈនយោបាយរបស់ខ្លួនក្នុងទិសដៅបំបែកបំបាក់និងធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ៖ «អ្នកស្រីមិនឆ្លងកាត់ការទិញទឹកចិត្តផ្ដល់តួនាទីទ្រព្យសម្បត្តិទេ បើសិនជាមនុស្សប្រុសគេអូសទាញតាមរយៈស្រីស្រាអីចឹងទៅ ហើយគណបក្សប្រឆាំងប្រជាជនកម្ពុជាមិនប្រើប្រាស់អ្វីក្រៅពីយុទ្ធសាស្រ្តទាំង ៥ នេះទេ»។
ករណីអ្នកស្រី ថាក់ ឡានី ជាមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលចុះចូលជាមួយគណបក្សកាន់អំណាចនេះមិនមែនជាមនុស្សទី១ទេ។កន្លងមកក៏មានឱពុកនិងកូនដែលជាមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែរ គឺលោក គង់ គាំ ជាមន្រ្តីជាន់ខ្ពស់គណបក្សសម រង្ស៊ី កាលពីមុន សព្វថ្ងៃបានប្ដូរឈ្មោះជាគណបក្សភ្លើងទៀនវិញ។ លោក គង់ ប៉ូរ៉ា ជាកូនប្រុសរបស់លោក គង់ គាំ ដែលជាតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិមណ្ឌលព្រៃវែងក៏ចុះចូលជាមួយគណបក្សកាន់អំណាចដែរ កាលពីឆ្នាំ២០១៩។ លោក គង់ បូរ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៩។
នៅមានមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាង ២០ នាក់ទៀតបានសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់។អ្នកខ្លះក្នុងចំណោមអ្នកទាំងនោះបានបង្កើតគណបក្សថ្មីនិងអ្នកខ្លះទៀតមកទល់ពេលនេះមិនទាន់ប្រកាសថាទៅចូលរួមធ្វើនយោបាយជាមួយគណបក្សណាមួយនៅឡើយ។
អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង កំពុងរស់នៅភៀសខ្លួននៅសហរដ្ឋអាមេរិកមានប្រសាសន៍ថាសមាជិកគណបក្សប្រឆាំងដែលចាកចេញពីបក្សឬទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន នោះ គឺជារឿងបុគ្គលទេ។ប៉ុន្តែលោកអះអាងថាសមាជិកគណបក្សប្រឆាំងណាដែលទៅចុះចូលជាមួយគណបក្សកាន់អំណាចជាការបំផ្លាញជីវិតនយោបាយខ្លួនឯងទៅវិញទេ៖ «បើសហការីណាទៅចាកចេញពីបក្សជាសិទ្ធិ ខ្ញុំមិនអាចទៅរារាំងពួកគេទេ តែចំពោះខ្ញុំនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀតនឹងបន្តបេសកម្មគណបក្សសង្រ្គោះជាតិទៅមុខទៀត»។
ទាក់ទងនឹងបញ្ហានេះអ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ លើកឡើងថាដំណាក់កាលនេះគណបក្សប្រឆាំងនៅមិនទាន់ហួសពេលឡើយ។លោកបន្ថែមថាគណបក្សប្រឆាំងត្រូវតែបញ្ឈប់ការវាយប្រហារគ្នានិងស្វះស្វែងរកផ្លូវរួបរួមគ្នាឡើងវិញដើម្បីទប់ទល់នឹងផែនការរបស់លោក ហ៊ុន សែនដែលបំបែកបំបាក់នេះ៖«គ្មានអ្វីក្រៅពីអនុគ្រោះគ្នាទេ គឺទោះជាអ្នកមិនសុំសិទ្ធិក៏ដោយត្រូវរកច្រករួមកម្លាំងគ្នាឡើងវិញ ដើម្បីទប់ទល់នឹងការបំបែកបំបាក់នេះ»។
ក្រុមអ្នកវិភាគអះអាងថាទោះបីជាលោក ហ៊ុន សែន ប្រើប្រាស់យុទ្ធសាស្រ្ត សំឡុត គំរាមគំហែង បំបែក ទិញទឹកទឹកចិត្ត និងគម្ទេចយ៉ាងណាក៏ដោយក៏ទីបំផុតទៅនៅតែមិនអាចសំរេចគោលដៅរបស់ខ្លួនបានដែរពីព្រោះថាមកទល់ពេលនេះមេដឹកនាំគណបក្សប្រឆាំងនៅតែអះអាងថា កឹម សុខា សម រង្ស៊ី នៅតែជាមនុស្សតែមួយដដែល។រីឯសកម្មជនមូលដ្ឋានក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានីខេត្ត ក៏មិនទៅចុះចូលជាមួយគណបក្សកាន់អំណាចច្រើនដែរទោះបីជាកន្លងមកលេចចេញសារបែកធ្លាយរបស់លោក ហ៊ុន សែន តាមកម្ទេចបណ្ដាញគណបក្សប្រឆាំងតាមមូលដ្ឋាន ថាងើបមួយវាយមួយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។