ក្រុម​អ្នក​ជំនាញ៖ ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នឹង​ធ្វើ​បក្ស​កាន់​អំណាច​រង្គោះរង្គើ​ផ្ទៃក្នុង និង​រារាំង​ដល់​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​វាយតម្លៃ​ថា ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​របស់​អាមេរិក​មក​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា នឹង​ធ្វើ​ឱ្យ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច​រង្គោះរង្គើ ហើយ​អាច​រារាំង​ដល់​ផែនការ​ផ្ទេរ​អំណាច​​នាយករដ្ឋមន្ត្រី​ត​វង្សត្រកូល​របស់​លោក ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ការវាយតម្លៃ​នេះ​កើតមានឡើង​ស្រប​ពេល​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក​កំពុង​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដោយសារតែ​ពួកគេ​ពាក់ព័ន្ធ​នឹង​អំពើ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បង្ហាញ​សុទិដ្ឋិនិយម​រួម​គ្នា​ថា សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​របស់​អាមេរិក​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អាច​នឹង​ត្រូវ​អនុម័ត​រួច​ឆ្លងផុត​ដល់ដៃ​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយ​ជា​ច្បាប់​ផ្លូវការ​នៅមុន​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខ។ សេចក្ដី​ស្នើ​ច្បាប់​នេះ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២ ឬ S.3052 ដែល​បច្ចុប្បន្ន​ឆ្លងផុត​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ដ៏​មាន​ឥទ្ធិពល​របស់​ព្រឹទ្ធសភា​អាមេរិក និង​កំពុង​បញ្ជូន​បន្ត​មក​ឱ្យ​ព្រឹទ្ធសភា​ពេញអង្គ​អនុម័ត។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា យល់​ថា ប្រសិនបើ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ចេញ​រួច ច្បាប់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច​ប្រេះឆា ហើយ​នឹង​ប៉ះពាល់​ដល់​​ផែនការ​ផ្ទេរ​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក៖ « បើសិនជា​ច្បាប់​ហ្នុង​អាច​ចេញ​រួច តិច ឬ​ច្រើន វា​អាច​ប៉ះពាល់​ទៅដល់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​ដែរ បើ​សិន​ជា​ច្បាប់​នេះ​ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល ជាពិសេស​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់។ កាល​ណា​ប៉ះពាល់ មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រជាជន​ប្រហែលជា​មិន​សប្បាយចិត្ត​ទៅលើ​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។ នៅ​ពេល​ណា​មានការ​ផ្ទេរតំណែង វា​ជា​ហេតុ​មួយ​ដែរ​នៃ​ច្បាប់​នោះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការ​បង្កក​ទ្រព្យសម្បត្តិ ឬក៏​ការ​បិទ​ទិដ្ឋាការ​ជា​ដើម។ អ៊ី​ចឹង​ទេ តិច ឬ​ច្រើន វា​ជា​សញ្ញា​សួរ​មួយ​ដែរ​ក្នុង​ផល​ប៉ះពាល់​ទៅ​ដល់​ការ​ផ្ទេរ​តំណែង ជាពិសេស​បើសិនជា​អវត្តមាន​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន គឺ​វា​អាច​អនាគត​ទៅ​ធ្វើ​ឱ្យ​មាន​ការ​ប្រេះឆា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន »

ការវាយតម្លៃ​ពី​ឥទ្ធិពល​នៃ​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​បក្ស​កាន់​អំណាច និង​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន នេះ ក៏​ត្រូវ​បាន​អ្នក​ជំនាញ​កិច្ចការ​បរទេស​មួយ​រូប​ទៀត ចែក​រំលែក​នូវ​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ ព្រឹទ្ធបុរស​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​គិត​ថា​វា អាច​ទៅ​រួច ដែល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) នឹង​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​នេះ​ជា​ផ្លូវការ​នៅ​មុន​ថ្ងៃ​ទី៨ ខែវិច្ឆិកា នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក។ លោក​ពន្យល់​ច្បាស់​ណាស់​ថា ព្រឹទ្ធសភា​អាមេរិក​គិតគូរ​កាន់​តែ​ខ្លាំង​អំពី​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​របប​ក្រុង​ភ្នំពេញ ពីព្រោះ​ស្ថាប័ន​កំពូល​អាមេរិក​នេះ​លែង​មាន​ការ​អត់ធ្មត់​ទៀត​ហើយ ហើយ​ឆ្នាំនេះ​នឹង​ក្លាយ​ជា​ឆ្នាំ ដែល​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​ចេញរួច ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​អាមេរិក គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។

បណ្ឌិត អៀ សុផល វាយ​តម្លៃ​ថា ប្រសិនបើ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ចេញ​រួច នោះ​ច្បាប់​នេះ​នឹង​ផ្លាស់ប្ដូរ​ក្ដី​រំពឹង​នានា​អំពី​ការ​បន្ត​ជីវិត​របស់​របប​ដឹក​នាំ​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ការ​បន្ត​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ខាង​មុខ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការវាយតម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​ទាំងនេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែកក្កដា។

ក៏ប៉ុន្តែ កន្លង​ទៅ ភ្លាមៗ ក្រោយ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ​ទៅ​ឱ្យ​ព្រឹទ្ធសភា​ពេញ​អង្គ​របស់​អាមេរិក​អនុម័ត ស្ថាប័ន​ព្រឹទ្ធសភា​ឯក​បក្ស​របស់​កម្ពុជា​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ចោទ​ថា ការ​អនុម័ត​របស់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក គឺ​ជា​ការ «ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង» របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ និង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​មិន​យល់​ស្រប​តាម​ការ​ចោទ​ប្រកាន់​របស់​ស្ថាប័ន​ព្រឹទ្ធសភា​ឯក​បក្ស​នៅ​កម្ពុជា​នេះ​ទេ។ ពួក​គេ​ថា ប្រសិនបើ​គ្មាន​ការ​រម្លាយ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ នោះ​សហរដ្ឋអាមេរិក​ក៏​ទំនង​ជា​មិន​ងាយ​នឹង​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​ដូច្នេះ​ដែរ។ ក្រៅ​ពី​នេះ បញ្ហា​ដែល​កម្ពុជា​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ជុំវិញ​ការ​រក្សា​អព្យាក្រឹត្យ​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស ជាពិសេស ការ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​ខ្លាំង ក៏​បាន​រួមចំណែក​ជំរុញ​ឱ្យ​ស្ថាប័ន​ធ្វើ​ច្បាប់​របស់​អាមេរិក​នាំគ្នា​គិតគូរ​ពន្លឿន​ដំណើរការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ​កាន់​តែ​ឆាប់។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ការណ៍​ដែល​កម្ពុជា​ខ្លួន​ឯង​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​អំពី​វត្តមាន​របស់​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម និង​គោល​នយោបាយ​​ការ​បរទេស​មិន​ច្បាស់លាស់​របស់​កម្ពុជា កំពុង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ជំរុញ​ឱ្យ​ក្រុម​អ្នក​ធ្វើ​ច្បាប់​អាមេរិក​បង្កើន​ល្បឿន​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ៖ « ដោយសារ​តែ​ជំហរ​គោល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ហាក់​ដូច​ជា​នៅ​ស្រពិចស្រពិល យើង​មិន​ឈរ​ជំហរ​កណ្ដាល​ពិត​ប្រាកដ ទ្រឹស្ដី​ឬ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា ឬ​នៅ​ក្នុង​ច្បាប់​កម្ពុជា​ដែល​ចុះសន្ធិសញ្ញា អនុសញ្ញា​ជាមួយ​អន្តរជាតិ យើង​ប្រកាស​ថា យើង​អព្យាក្រឹត្យ ក៏​ប៉ុន្តែ ឥរិយាបថ​នយោបាយ​ ឬ​ក៏​អាកប្បកិរិយា​នយោបាយ​របស់​យើង​គឺ​ យើង​លំអៀង​ទៅ​ខាង​ចិន នេះ​ទី​មួយ។ ទីពីរ ដែល​យើង​មាន​សង្ស័យ​រឿង​បញ្ហា​នៅ​ក្នុង​សមុទ្រ​រាម ផែ​រាម​របស់​យើង​ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​បង្ក​ឱ្យ​ចិន កងទ័ព​ចិន​ប្រើប្រាស់។ ដោយ​ឡែក ចំណែក​មួយ​ទៀត​ដែល​សំខាន់​ដែល​ធ្វើ​ឱ្យ​ច្បាប់​នេះ​អាច​ដើរ​ទៅ​មុខ​លឿន គឺ​ពលរដ្ឋ​កម្ពុជា ដែល​នៅ​ក្រៅ​ប្រទេស មាន​ការ​ជជែក ឬ​ជំរុញ​ទៅ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក »

សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ឬ S.3052 មាន​ឈ្មោះ​ជា​ផ្លូវការ​ថា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២»។ សេចក្ដី​ស្នើ​ច្បាប់​នេះ ដំបូង​ឡើយ​មាន​ឈ្មោះ​ថា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២១»។ ក៏​ប៉ុន្តែ បន្ទាប់​ពី​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​សម្រេច កាល​ពី​ថ្ងៃទី១៩ ខែកក្កដា បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ​ទៅ​ព្រឹទ្ធសភា​ពេញអង្គ​ដើម្បី​អនុម័ត សេចក្ដី​ស្នើ​ច្បាប់ ត្រូវ​បាន​កែ​ឈ្មោះ​មក​ជា «ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២២» វិញ។

សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​​គឺ​ គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋម៉ាស្សាឈូសេត (Massachusetts) លោក អេដវឺត ម៉ារឃីយ៍ (Sen. Markey, Edward J.) កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២១។ សេចក្ដី​ស្នើ​ច្បាប់​នេះ ទទួល​បាន​ការ​គាំទ្រ​ធ្វើជា​សហប្រធាន (Cosponsor) ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ (១២នាក់) និង​គណបក្ស​សាធារណរដ្ឋ (៣នាក់) សរុប​ចំនួន ១៥នាក់។

ខ្លឹមសារ​កំណែ​ចុងក្រោយ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពេញ​អង្គ​អនុម័ត ចែង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​សំដៅ​ទៅ​លើ​មន្ត្រី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ឬ​អតីត​កាល​ក្នុង​ជួរ​រដ្ឋាភិបាល យោធា ឬ​កង​កម្លាំង​សន្តិសុខ ឬ​បុគ្គល​បរទេស​ទាំង​ឡាយ​ណា ដែល​ប្រធានាធិបតី​អាមេរិក​កំណត់​ថា មាន​ពាក់ព័ន្ធ​នឹង​ទង្វើ​ចំនួន ៤ នៅ​កម្ពុជា។ ទង្វើ​ទីមួយ គឺ​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ជា​ចម្បង​ក្នុង​ការ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ។ ទីពីរ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទីបី ពាក់ព័ន្ធ​នឹង​នឹង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។ និង​ទីបួន ពាក់ព័ន្ធ ឬ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​ឱ្យ​មាន​នូវ​ការ​សាងសង់ ឬ​បរិវេណ​នានា ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ឬ​ក្រុមហ៊ុន ដែល​មាន​ចំណង​ទាក់ទង​ទៅ​នឹង​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ សេចក្ដី​ស្នើ​ច្បាប់​នេះ ក៏​មាន​បន្ថែម​នូវ​ការ​រក​ឃើញ​មួយ​ចំនួន​ទៀត ដូចជា ករណី​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ករណី​ដែល​កម្ពុជា​រុះរើ​ទីតាំង​អគារ​មិត្តភាព​វៀតណាម​នៅ​ក្នុង​បរិវេណ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ទំនាស់​ជាមួយ​មន្ត្រី​យោធា​ចិន​នៅ​ទីនោះ និង​ករណី​បើក​ការដ្ឋាន​សាងសង់​ឱ្យ​ចិន​​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ដែល​ត្រូវ​បាន​រាយការណ៍​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​អាច «ប្រើប្រាស់​ផ្ដាច់មុខ​ទីតាំង​ភាគ​ខាង​ជើង​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ខណៈ​វត្តមាន​របស់​ពួកគេ​នៅតែ​ត្រូវ​បាន​លាក់កំបាំង» ជាដើម។ សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ដដែល​នេះ ក៏​មាន​បន្ថែម​កថាខណ្ឌ​មួយ​ចំនួន​ទៀត ដែល​តម្រូវ​ឱ្យ​កម្ពុជា​បញ្ឈប់​នូវ​រាល់​ការ​ផ្តល់​ការ​គាំទ្រ​ណាមួយ​ដល់​របប​ផ្តាច់ការ ដែល​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ ជាពិសេស​ទំនាក់ទំនង​ជាមួយ​ក្រុម​យោធា​ភូមា​ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ខុសច្បាប់​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ ជា​ដើម។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ព្រមាន​ថា សេចក្ដី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ទម្រង់​ស្រដៀង​គ្នា​នៃ​វិបត្តិ​នៅ​ប្រទេស​ស្រីលង្កា​ដែរ ខណៈ​កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​ការ​កើន​ឡើង​ខ្ពស់​បំផុត​នៃ​អតិផរណា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ អ្នក​ជំនាញ​រូប​នេះ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​រឹតតែ​ធ្វើ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន (Washington) មិន​ពេញ​ចិត្ត​ថែម​ទៀត ក្រោយ​ពី​បាន​ឈាន​ទៅ​ចាប់​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​កញ្ញា សេង ធារី ដាក់គុក និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជិត​ដាច់ស្រយាល​ជិត​ព្រំដែន​ឡាវ (Lao)។ លោក​ថា អ្វី​ដែល​​នៅ​មិន​ទាន់​កើត​មាន​នៅ​កម្ពុជា​នា​ពេល​នេះ​គឺ ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​ ដូចដែល​របប​សឹក​ភូមា​បាន​ធ្វើ។ ក៏ប៉ុន្តែ លោក​ថា កម្ពុជា​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ ខណៈ​ករណី​អំពើ​ឃាតកម្ម​នយោបាយ ឬ​ការវាយប្រហារ​ដោយ​អាថ៌កំបាំង​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​ទី​សាធារណៈ​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​ដំណោះស្រាយ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។