របបសឹកភូមាទំនងជាចង់រៀបចំការបោះឆ្នោតឆាប់ៗដើម្បីឱ្យរបបយោធាក្លាយទៅជារបបស្របច្បាប់និង រួចពីទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា របបសឹកលំបាកក្នុងការរៀបចំការបោះឆ្នោតដើម្បីបន្លំភ្នែកសហគមន៍អន្តរជាតិដូចកម្ពុជា។
របបសឹកភូមាកំពុងចង់ប្រែក្លាយរបបខុសច្បាប់របស់ខ្លួន ទៅជារបបស៊ីវិលវិញ តាមរយៈការរៀបចំ ការបោះឆ្នោតនៅពេលខាងមុខ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ លើកឡើងថា មេដឹកនាំរដ្ឋប្រហារលោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ទំនងជាចង់យកគំរូតាមអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រៀបចំការបោះឆ្នោត ក្រោយពីរំលាយគណបក្សប្រឆាំង ដើម្បីឱ្យអន្តរជាតិមើលឃើញថា ជារដ្ឋាភិបាលស្របច្បាប់។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោក ម៊ីង អ៊ុងលាំង ទំនងជាចង់យកគំរូតាមកម្ពុជា ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រើនយោបាយឈ្នះឈ្នះ។ លោក ឯម សុវណ្ណារ៉ា បន្ថែមថា សម្រាប់នៅភូមា លោក ម៊ីន អ៊ុងលាំងមិនអាចសម្រេចបាននៃការរៀបចំការបោះឆ្នោតនេះឡើយ។
លោក ឯម សុវណ្ណារ៉ា៖ «អតីតនាយករដ្ឋមន្ត្រី ហើយឥឡូវជាប្រធានព្រឹទ្ធសភាហ្នឹង គាត់ធ្វើជោគជ័យនៅកម្ពុជា។ អ្នកទទួលបានផលនោះគឺអ្នកអនុវត្តនយោបាយឈ្នះឈ្នះ។ អ៊ីចឹងទេ ម៊ីន អ៊ុងលាំង គិតថាគាត់អាចធ្វើបាន។ ប៉ុន្តែទស្សនៈខ្ញុំនៅភូមាមិនអាចអនុវត្តនយោបាយឈ្នះឈ្នះនេះបានជោគជ័យទេ ដោយសារតែពលរដ្ឋភូមាខុសពីពលរដ្ឋកម្ពុជា»។
នៅស្របពេល លោក ម៊ីន អ៊ុងលាំង (Min AungHlaing) បានជួប លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៧ ឧសភា ហើយលោកបានស្នើឱ្យកម្ពុជា បញ្ជូនមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទៅបណ្ដុះបណ្ដាលមន្ត្រីរៀបចំការបោះឆ្នោតរបស់ខ្លួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យមន្ត្រីគ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសុំសួរអំពីបញ្ហានេះបាននៅឡើយទេ កាលពីថ្ងៃទី១៤ ឧសភា។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា ប្រសិនបើកម្ពុជាបញ្ជូនមន្ត្រីគ.ជ.ប ទៅភូមាតាមការស្នើសុំរបស់ លោក ម៊ីន អ៊ុងលាំងមែននោះ កម្ពុជានឹងរងការរិះគន់ពីអាស៊ាននិងសហគមន៍អន្តរជាតិកាន់តែខ្លាំង។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា បើសិនជាលោក ហ៊ុន សែន បញ្ជូនមន្ត្រីគ.ជ.បទៅភូមានឹងមានការរិះគន់កាន់តែខ្លាំង ដោយសារតែការបោះឆ្នោតនៅកម្ពុជាទទួលរងនូវការរិះគន់ថា ជាការបោះឆ្នោតមិនសុក្រឹត មិនត្រឹមត្រូវ ដែលមានការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាច្រើន»។
មេដឹកនាំរដ្ឋប្រហារលោក ម៊ីន អ៊ុងលាំង បានប្រាប់សារព័ត៌មាន Tass របស់រុស្ស៊ី កាលពីខែមីនា ថា លោកមានផែនការចង់រៀបចំការបោះឆ្នោត ប្រសិនបើប្រទេសមានសន្តិភាព និងស្ថិរភាព បើទោះជាការបោះឆ្នោតនោះ មិនត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក៏ដោយ។
ទោះជាបែបនេះក្ដីរបបសឹកធ្លាប់បានបរាជ័យ ក្នុងផែនការចង់រៀបចំការបោះឆ្នោតនេះ ម្ដងរួចមកហើយកាលពីឆ្នាំ២០២៣។ ក្រោយពីធ្វើរដ្ឋប្រហារ លោក ម៊ីន អ៊ុងលាំង ចង់រៀបចំការបោះឆ្នោតឡើងវិញ ដោយលោក បានបង្កើតគណៈកម្មាធិការបោះឆ្នោតថ្មីមួយ សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ ក៏ប៉ុន្តែផែនការនេះ មិនបានជោគជ័យទៅវិញ ដោយសារតែចលនាបះបោរ ឬក្រុមឧទ្ទាមបានប្រយុទ្ធតតាំងកាន់តែខ្លាំងឡើង ដែលមិនអាចធ្វើឲ្យភូមាមិនទាន់មានស្ថិរភាពនយោបាយនៅឡើយ។
សព្វថ្ងៃនេះ លោក ម៊ីន អ៊ុងលាំង បានដឹកនាំប្រទេសតាមរយៈការដាក់ប្រទេសនៅក្នុងភាពអាសន្ន។ រដ្ឋធម្មនុញ្ញភូមា ដែលតាក់តែងដោយក្រុមយោធាកាលពីឆ្នាំ២០០៨ បានចែងថា ការប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នមានរយៈពេល១ឆ្នាំ ហើយអាចប្រកាសបន្តទៀតបានចំនួនពីរដងទៀត ដោយមានរយៈពេល៦ខែម្ដង។ មកទល់ពេលនេះ លោកម៊ីន អ៊ុងលាំង បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នជាច្រើនដងរួចមកហើយ។
របបសឹកកំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមាន បញ្ហាអសន្តិសុខផ្ទៃក្នុង ចលនាងើបបះបោរបានងើបឡើងស្ទើរពាសពេញប្រទេស ចលនាបះបោរជនជាតិភាគតិចបានរួមដៃជាមួយរដ្ឋាភិបាលស្រមោល ដែលកម្លាំងនេះកាន់តែខ្លាំងងើបតទល់ជាមួយរបបសឹក។ តំបន់ខ្លះក្រុមចលនាបះបោរ គ្រប់គ្រងបានទាំងស្រុង។
ឥលូវនេះក្រុមឧទ្ទាមបានវាយដណ្ដើមទីប្រជុំជន ប្រមាណ ៥០ ពិសេសពួកគេបានកាន់កាប់រដ្ឋ កាជិន (Kachin) តាមបណ្ដោយព្រំដែនភាគខាងជើងជាប់ប្រទេសចិន។ រដ្ឋរ៉ាឃីន (Rakhin) ព្រំដែនខាងលិចជាប់ប្រទេស បង់ក្លាដេស (Bangladesh) និងរដ្ឋកាយិន (Kayin) នៅព្រំដែនខាងកើត ជាប់ប្រទេសថៃ។ នៅតំបន់ខ្លះទៀត កងទ័ពរបស់លោក ម៊ីន អ៊ុងលាំង បានរត់ចុះចូលជាមួយក្រុមចលនាបះបោរវិញក៏មាន។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា ភូមា អាចរៀបចំការបោះឆ្នោតទៅបានលុះត្រាតែមានការចរចា ក៏ប៉ុន្តែចលនាតស៊ូកំពុងតែមានសន្ទុះខ្លាំងឡើង ដែលពិបាកធ្វើឱ្យរបបសឹកសម្រេចផែនការរៀបចំការបោះឆ្នោតនេះបាន។
លោក ឯម សុវណ្ណារ៉ា៖ «បើយើងគិតទៅ គាត់អាចរៀបចំការបោះឆ្នោត អាចធ្វើការចរចាក្នុងឆ្នាំនេះលឿន ក្រុមចលនាតស៊ូអាចទទួលយក ប៉ុន្តែបើចង់យកលំអានតាមកម្ពុជាមិនអាចទៅរួចទេ។ នេះតាមខ្ញុំមើល៍នោះណា»។
ភូមាបានក្លាយជាប្រទេសឯកោទាំងនៅក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ គិតចាប់ពីរដ្ឋប្រហារមក អាស៊ានមិនអនុញ្ញាតឱ្យតំណាងរបបសឹកចូលរួម ក្នុងកិច្ចប្រជុំអាស៊ានឡើយ លើកលែងតែតំណាងមកពីស្ថាប័នដែលឯករាជ្យ។ រីឯសហគមន៍អន្តរជាតិ ពិសេសក្រុមប្រទេសលោកសេរី ក៏ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបបនេះផងដែរ។
មេដឹកនាំរដ្ឋប្រហារ អាចបន្តដឹកនាំទៅបាន ដោយសារតែការបង្ក្រាប ការរំលោភសិទ្ធិ មនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចង និងការសម្លាប់មនុស្សជាដើម។ មកទល់ពេលនេះ មានមនុស្សជាង២លាននាក់បានរត់ភៀសខ្លួន និងរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន។
ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងខ្លួននេះ មិនខុសពីកម្ពុជា ឡើយ។ ក៏ប៉ុន្តែសម្រាប់កម្ពុជាវិញ អ្វីដែលលោក ហ៊ុន សែន អាចរៀបចំការបោះឆ្នោតបាន ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិនោះ ដោយសារតែប្រជាពលរដ្ឋ និងគណបក្សប្រឆាំងនៅកម្ពុជា មិនហ៊ានងើបតតាំង និងគ្មានចលនាតស៊ូបះបោរ ប្រឆាំង នឹងត្រកូលហ៊ុន។ សម្រាប់ភូមាវិញ អ្នកវិភាគថា លុះត្រាតែលោក ម៊ីន អ៊ុងលាំង ងាកមកតុចរចា ជាមួយរដ្ឋាភិបាលស្រមោល ដោះលែង អ្នកស្រី អ៊ុង សានស៊ូជី និងក្រុមចលនាតស៊ូ ព្រមទាំងមានការសម្របសម្រួលពីអាស៊ាន ឬអង្គការសហប្រជាជាតិ ទើបភូមាប្រហែលជាអាចរៀបចំការ បោះឆ្នោតដែលគួរទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
