អ្នកវិភាគលើកឡើងថា ក្រុមនិស្សិតថៃ ចេញមុខតវ៉ាទាមទារសិទ្ធិសេរីភាព ជាគំរូល្អមួយសម្រាប់កម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល ដើម្បីទប់ស្កាត់ការដឹកនាំតាមបែបផ្ដាច់ការនៅក្នុងតំបន់។
អ្នកវិភាគកត់សំគាល់ថា ទោះបីជាក្រុមបាតុករជួបជុំគ្នាធ្វើបាតុកម្មរាប់សែននាក់នៅទីក្រុងបាងកក និងនៅខែត្រមួយចំនួនទៀតក្ដី ក៏ប៉ុន្តែ រដ្ឋាភិបាលថៃ មិនប្រើប្រាស់ការបង្ក្រាបហិង្សាទៅលើក្រុមបាតុករដូចនៅកម្ពុជាឡើយ។
ក្រុមអ្នកវិភាគលើកឡើងថា ចលនានិស្សិតថៃចេញមុខជាសាធារណៈរាប់ម៉ឺន រាប់សែននាក់ ធ្វើបាតុកម្មនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា មេដឹកនាំនៅក្នុងប្រទេសប្រជាធិបតេយ្យ មិនអាចគ្រប់គ្រងប្រទេស ហើយចង់ធ្វើអ្វីៗ តាមតែអំពើចិត្តបានឡើយ។
អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ទោះបីជាថៃមាននាយករដ្ឋមន្ត្រីចេញមកពីមេដឹកនំាយោធាក៏ដោយ ក៏មេដឹកនាំថៃហាក់ដូចជាមានភាពចាស់ទុំក្នុងការឆ្លើយតបទៅក្រុមបាតុករ ដោយមិនជ្រើសរើសយកការបង្ក្រាបដោយហិង្សាជាដំណោះស្រាយដូចប្រទេសខ្លះទៀត នៅក្នុងតំបន់ពិសេសកម្ពុជាឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនប្រើកងកម្លាំងបង្ក្រាបហិង្សាលើក្រុមបាតុករនេះហើយ ជាគំរូមួយនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលទាំងរដ្ឋាភិបាលទាំងក្រុមបាតុករនឹងអាចឈានទៅរកដំណោះស្រាយណាមួយសមស្របនៅពេលខាងមុខបាន៖ «
ក្រុមបាតុករថៃ ដែលចេញពីក្រុមនិស្សិត បាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ខ្លួននោះ គិតមកទល់ពេលនេះ មិនមានការថមថយឡើយ ដែលទីបំផុតនាយករដ្ឋមន្ត្រី ចេញមុខប្រកាសទាមទារចង់សម្របសម្រួលគ្នាឡើងវិញ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ( Prayut Chan-o-cha) ថ្លែងតាមបណ្ដាញសារព័ត៌មានជាតិថៃ ដោយអំពាវនាវឲ្យក្រុមបាតុករជានិស្សិតងាកមកតុចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក៏ប៉ុន្តែការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃនេះ ក្រុមបាតុករមិនទាន់យល់ព្រមនៅឡើយ ដរាបណាលោក ប្រាយុទ្ធ ចាន់អូចា នៅតែមិនលាលែងពីតំណែងទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ជាការកត់សម្គាល់លោក ប្រាយុទ្ធ ចាន់អូចា ទោះបីជាធ្លាប់មេដឹកនាំយោធាចេញមកដឹកនាំប្រទេសជានាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកមិនប្រើប្រាស់កងកម្លាំងយោធា ដើម្បីបង្ក្រាបក្រុមបាតុករឡើយ ខុសពីមេដឹកនាំកម្ពុជា បង្ក្រាបសកម្មជនបក្សប្រឆាំង និងអ្នករិះគន់។ លោក ប្រាយុទ្ធ បន្ថែមថា ការធ្វើបាតុកម្មរបស់ក្រុមនិស្សិត គឺធ្វើឡើងក្នុងចេតនាល្អនោះទេ។
ក្រុមយុវជនថៃធ្វើបាតុកម្មនេះ គឺទាមទារឱ្យបន្ថយអំណាចព្រះមហាក្សត្រ តាមរយៈការធ្វើវិសោធនកម្មធម្មនុញ្ញឡើងវិញ និងទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ហើយនឹងស្ដារលទ្ធិប្រជាធិបតេយ្យ តាមរយៈ ត្រូវរៀបចំការបោះឆ្នោតសារឡើងវិញជាដើម។ ក្រៅពីនេះទៀត ក្រុមបាតុករនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើបាតុកម្មនៅមុខស្ថានទូតអាល្លឺម៉ង់ (Germany) ដើម្បីឲ្យអាល្លឺម៉ង់បញ្ជាក់ប្រាប់ថា តើព្រះមហាក្សត្ររបស់ខ្លួនគង់នៅប្រទេសអាល្លឺម៉ង់ ក្នុងពេលប្រជារាស្ត្រថៃកំពុងតែជួបវិបត្តិកូវីដ១៩ ឬយ៉ាងណា។
សម្រាប់នៅកម្ពុជាវិញ លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា មូលហេតុចម្បងដែលរដ្ឋាភិបាលរឹតត្បិតសព្វបែបយ៉ាងមិនឲ្យពលរដ្ឋជួបជុំសម្ដែងមតិដោយសន្តិវិធីនោះ គឺដោយសារតែរដ្ឋាភិបាលបារម្ភជ្រុលហួសហេតុ ហើយប្រើកម្លាំងបង្ក្រាបអ្នកតវ៉ា និងចាប់ចងទៅវិញ៖ «
កាលពីថ្ងៃទី២២តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសព្រមានដល់សកម្មជនបក្សប្រឆាំងមិនឲ្យជួបជុំគ្នាធ្វើបាតុកម្ម ឬយកញត្តិទៅដាក់នៅស្ថានទូតចិន នៅថ្ងៃទី២៣ តុលានោះទេ។ លោក ហ៊ុន សែន ថែមទាំងព្រមានមិនឲ្យសកម្មជនបក្សប្រឆាំងសហការជាមួយបាតុករថៃទៀតផង៖ «
ក្រោយពីលោក ហ៊ុន សែន ព្រមានមួយថ្ងៃ គឺនៅថ្ងៃទី២៣តុលា អាជ្ញាធររបបឯកបក្សបានចាប់ខ្លួនស្ត្រីបីនាក់ក្នុងពេលពួកគេយកញត្តិទៅដាក់ស្ថានទូតចិនទាមទារឲ្យចិនដកមូលដ្ឋានទ័ពនៅកម្ពុជា។ ស្ត្រីទាំងបីនេះនាក់ តុលាការបានជញ្ជួនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា មូលហេតុដែល លោក ហ៊ុន សែន រឹតត្បិត និងមិនឲ្យពលរដ្ឋជួបជុំគ្នាសម្ដែងមតិនោះ ដោយសារតែការដឹកនាំប្រទេសរបស់លោកកន្លងមក បានបំផ្លាញជាតិជាច្រើន ដែលធ្វើឲ្យប្រទេសជាតិហិនហោច និងធ្វើឲ្យពលរដ្ឋឈឺចាប់៖ «
ទោះបីជាសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំកំពុងតែរឹតត្បិតក្ដី ក៏ប៉ុន្តែអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក សេក សុជាតិ មានប្រសាសន៍ថា បាតុកម្មនៅថៃ គឺជាគំរូមួយសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោក។ លោកបញ្ជាក់ថា នៅក្នុងបរិបទបែបនេះ គឺមានន័យថា និន្នាការប្រជាធិបតេយ្យកំពុងតែងើបឡើងនៅអាស៊ានទាំងមូល។ លោក សេក សុជាតិ មានអះអាងថា បាតុកម្មនៅថៃនេះនឹងមានឥទ្ធិពលល្អសម្រាប់ប្រទេសនៅក្នុងតំបន់ ៖ «
យុវជននៅប្រទេសថៃ បានធ្វើបាតុកម្ម ចាប់តាំងពីពាក់កណ្ដាលខែកក្កដាមក ទោះបីជាប្រទេសនេះ កំពង់ស្ថិតនៅក្នុងបម្រាមមិនឲ្យមនុស្សជួបជុំគ្នាជាទ្រង់ទ្រាយធំ ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩ ក្ដី ប៉ុន្តែក្រុមយុវជននៅតែផុលផុសចេញមកតវ៉ា នៅទីលានប្រជាធិបតេយ្យ មុននឹងមកបំបែកជាក្រុមនៅតាមទីតាំងផ្សេងៗ គ្នា និងតាមបណ្ដាខែត្រមួយចំនួនទៀត ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ជាការកត់សម្គាល់បាតុកម្មនៅថៃនេះ បានផ្ទុះឡើងពីដំបូង នៅបន្ទាប់ពីតុលាការបានរំលាយគណបក្សឆ្ពោះទៅអនាគត (Future Forward Party) នៅចុងខែកុម្ភៈ ឆ្នាំ ២០២០។
ក្រុមនិស្សិតថៃដែលប្រមូលផ្ដុំគ្នាមនុស្សច្រើនកកកុញធ្វើបាតុកម្មនេះ គឺមិនខុសពីអ្វីដែលកំពុងតែកើតមាននៅកម្ពុជា ដែលសហគមន៍អឺរ៉ុប និងប្រទេសលោកសេរី ទាមទារឲ្យរបបលោក ហ៊ុន សែន ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញនោះឡើយ។
ក្រុមអ្នកវិភាគលើកឡើងថា និន្នាការផ្ទុះការតវ៉ាផុលផុសនេះ កំពុងតែលេចជារូបរាងកាន់តែធំឡើងនៅក្នុងតំបន់ ទោះបីជាមេដឹកនាំកម្ពុជាព្យាយាមរាំងខ្ទប់ខ្លាំងក្លាបែបណាក្ដី ក៏មិនអាចទប់ស្កាត់ពីចលនាទាមទារសិទ្ធិសេរីភាព ដោយពលរដ្ឋបំពេញតួនាទីជាម្ចាស់ប្រទេស ប្រើប្រាស់សិទ្ធិរបស់ខ្លួនរើបម្រាស់ប្រឆាំង និងការជិះជាន់ដូចនៅថៃនេះ នៅពេលខាងមុខជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។