អ្នកវិភាគ​ថា លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផលិត​នាឡិកា​ចែក​មេដឹកនាំ​អាស៊ាន ក៏​មិន​អាច​លើកមុខ​មាត់ និង​កិត្តិយស​កម្ពុជា​បាន​ឡើយ

ដោយ មាន ឫទ្ធិ
2022.10.12
អ្នកវិភាគ​ថា លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផលិត​នាឡិកា​ចែក​មេដឹកនាំ​អាស៊ាន ក៏​មិន​អាច​លើកមុខ​មាត់ និង​កិត្តិយស​កម្ពុជា​បាន​ឡើយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​អ្នកវិភាគ​រិះគន់​ថា អំណោយ​នាឡិកា​ដៃ​ដែល​លោក ហ៊ុន សែន ត្រៀម​រៀបចំ​សម្រាប់​ចែក​មេដឹកនាំ​អាស៊ាន​ក្នុង​កិច្ច​ប្រចាំ​នា​ពេល​ខាងមុខ មិនអាច​លើកមុខ​មាត់ និង​ស្ដារ​កិត្តិយស​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ​។ ពួកគាត់​ថា កេរ្តិ៍ឈ្មោះ​កម្ពុជា​អាច​ប្រសើរ​ឡើង​ក្នុង​សហគមន៍​អន្តរជាតិ និង​អាស៊ាន​បាន​គឺ​អាស្រ័យ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

អ្នកវិភាគ​ថា ទោះបី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផលិត​នាឡិកា​សម្រាប់​ចែក​ជូន​មេដឹកនាំ​អាស៊ាន​ក្ដី ក៏​មិនអាច​លើកមុខ​មាត់ និង​កិត្តិយស​កម្ពុជា​បាន​ឡើយ ព្រោះ​ក្នុង​អាណត្តិ​របស់​លោក​ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន មាន​បញ្ហា​ជាច្រើន​ដែល​លោក​ដោះស្រាយ​មិនបាន​ល្អ​។ ពួកគេ​ថា ការផលិត​នាឡិកា​នេះ​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ថវិកាជាតិ។

អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ តុលា ថា​អំណោយ​នាឡិកា​ហាក់​មិនបាន​បញ្ជាក់​ពី​អត្ថន័យ​អ្វី​នោះ​ឡើយ ខណៈ​កម្ពុជា​ខ្លួនឯង​ក៏​មិន​ទាន់​មាន​រោងចក្រ​ផលិត​ដោយ​ផ្ទាល់​នោះ​ផង​។ លោក​បន្ត​ថា ជំនួស​ឱ្យ​អំណោយ​ជា​នាឡិកា​លោក ហ៊ុន សែន គួរ​ផ្ដល់​អំណោយ​ផ្សេងទៀត​ជំនួស​វិញ ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​វប្បធម៌​ប្រទេស​កម្ពុជា ដូចជា​ការ​រំលេច​ពី​ប្រាសាទ អប្សរា ឬ​សម្បត្តិ​វប្បធម៌​ផ្សេងៗ​ទៀត​។ លោក​បន្ថែម​ថា ត្បិត​ការ​ផ្ដល់​វត្ថុ​ផ្សេងៗ​ត្រឹមតែ​ជា​របស់​អនុស្សាវរីយ៍​ក៏​ពិតមែន ប៉ុន្តែ​លោក ហ៊ុន សែន គួរ​ផ្ដល់​អ្វី​ដែល​មាន​អត្ត​ន័យ​ជាង​នេះ​ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ និង​ឱ្យ​បណ្ដា​មេដឹកនាំ​ដទៃទៀត​ចងចាំ​ពី​អ្វី​ដែល​ល្អៗ​នៅ​កម្ពុជា៖

«យើង​មើល​គ្រឿងផ្សំ​នៃ​ការផលិត​ហ្នឹង​យ៉ាងដូចម្ដេច​? គ្រាន់តែ​ទិញ​គ្រឿងបន្លាស់​គ្រឿង​ផ្គុំ​មក​ផ្គុំ​នៅ​កម្ពុជា ឬ​ផលិត​ខ្លួន​យើង អាហ្នឹង​ទើប​យើង​ឱ្យ​តម្លៃ​វា​ពិតប្រាកដ​ក្នុង​ក្របខណ្ឌ​ណាមួយ​។ កន្លង​មក​នាឡិកា​ដែល​ធ្វើ​នៅ​កម្ពុជា​វា​មិនដែល​មាន ហើយ​អ្នក​ផ្សព្វផ្សាយ​នឹង​នាយករដ្ឋមន្ត្រី​មិន​បាន​យក​នាឡិកា​ហ្នឹង​មក​ប្រើ​ផង​ហ្នឹង គឺ​ប្រើ​នាឡិកា​ផ្សេង»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) កាល​ពី​ថ្ងៃទី​១១ ខែ​តុលា ថា លោក​នឹង​ផលិត​នាឡិកា​ក្នុងស្រុក​ម៉ាក​អាស៊ាន ចំនួន​២៥​គ្រឿង សម្រាប់​ចែក​ជូន​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ដៃគូ​សន្ទនា​អាស៊ាន ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ដោយ​ផ្ទាល់​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង ៤១ នៅពេល​ខាងមុខនេះ​។ លោក​លើកឡើង​ថា ការ​ផលិត​នាឡិកា​ដើម្បី​ចែក​ដល់​មេដឹកនាំ​អាស៊ាន​នេះ ដើម្បី​បញ្ជាក់​ថា កម្ពុជា​មាន​សមត្ថភាព​អាច​ផលិត​នាឡិកា​បាន​៖ «យើង​ផលិត​នាឡិកា រហូត​ទៅ​ដល់ ២៥​គ្រឿង សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​និង​ស្ថាប័ន​កំពូល​ផង​ដែរ។ ដាក់​ម៉ាក​អាស៊ាន​តែម្តង ប៉ុន្តែ​ដាក់​ថា Made in Cambodia (​ផលិត​នៅ​កម្ពុជា​) ឲ្យ​គេ​ដឹង​ថា ខ្មែរ​បច្ចុប្បន្ន​នេះ​អាច​ផលិត​នាឡិកា​។ ខ្ញុំ​នឹង​ចែក​ជា​កាដូ ចំពោះ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ហើយ​ថ្ងៃ​នោះ​ខ្ញុំ​នឹង​ពាក់​នាឡិកា​ម៉ាក​អាស៊ាន​តែម្តង»

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា​នាឡិកា​ទាំង​២៥​គ្រឿង​នោះ មាន​តម្លៃ​ប៉ុន្មាន ឬ​ជា​ប្រភេទ​នាឡិកា​ដាំ​ពេជ្រ ដូច​នាឡិកា​ដែល​លោកនិយម​ពាក់​នោះ​ទេ និង​ថា​តើ​លោក​នឹង​ពាក់​នាឡិកា​ដៃ ម៉ាក​អាស៊ាន ដែល​លោក​បញ្ជា​ឱ្យ​ផលិត​នេះ បាន​យូរ​ប៉ុណ្ណា​នោះ។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុកថា​ជា​ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ជា​រឿង​មិន​បានការ​។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​រឿង​ផ្សេងៗ​ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ ដែល​នេះ​ជា​រឿង​លំបាក​មិន​ងាយស្រួល​ដូច​ការ​និយាយ​នោះ​ឡើយ៖

«គេ​ធ្វើ​ជូន​ប្រមុខរដ្ឋ ប្រធានាធិបតី មិនមែន​ធម្មតា​ឯណា មិនមែន​យក​នាឡិកា ២០​ដុល្លារ ៣០​ដុល្លារ​មក​ធ្វើ។ មិនទាន់​ដឹង​ចេញ​មក​ផង យើង​ប្រញាប់​តែ​និយាយ អ្នក​និយាយ​ចេះតែ​និយាយ​ឥត​បានការ​អាហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ខឹង​ធ្វើ​ឱ្យ​ក្ដៅក្រហាយ»

ទោះជា​យ៉ាងនេះ​ក្ដី លោក សុខ ឥសាន មិនអាច​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ផលិត​នាឡិកា ប្រភព​ថវិកា​ដែល​យក​ទៅ​ផលិត និង​ការ​ចំណាយ​ផ្សេងៗ​ទៅ​លើ​ការផលិត​នាឡិកា​ទាំង​២៥​គ្រឿង​នេះ​នៅ​ឡើយ​ទេ។

ទាក់ទិន​រឿង​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន ទំនងជា​ចំណាយ​ប្រាក់​ច្រើន​ខុស​ប្រក្រតី នៅ​ក្នុង​នយោបាយ​អំនួត​តាមរយៈ​ការចែក​នាឡិកា​ទៅកាន់​ក្រុម​មេដឹកនាំ​របស់​អាស៊ាន​។ លោក​សង្ស័យ​ថា ការផលិត​នាឡិកា​ចំនួន​២៥​គ្រឿង​នេះ ត្រូវ​ចំណាយ​អស់​ថវិកាជាតិ​ច្រើន ប៉ុន្តែ​យ៉ាងណា លោក គឹម សុខ មើល​ឃើញ​ថា នេះ​ជា​រឿង​ឥតប្រយោជន៍ ព្រោះ​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត ដឹង​ច្បាស់​ថា​អំណោយ​របស់​លោក ហ៊ុន សែន នេះ​គ្រាន់តែ​ជា​អំនួត​ដែល​កើត​ចេញ​ពី​ភាព​ក្អេងក្អាង​របស់​លោក​តែប៉ុណ្ណោះ​។ លោក គឹម សុខ យល់​ឃើញ​ថា មុខមាត់​កម្ពុជា​មិន​ស្ថិត​លើ​ការ​ការ​ផ្ដល់​នាឡិកាដៃ​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​សមត្ថភាព​ការដឹកនាំ​របស់​រដ្ឋាភិបាល៖

«ទាល់តែ​លោក ហ៊ុន សែន ជា​មេដឹកនាំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា​។ ហើយ​ទី​ពីរ​លោក ហ៊ុន សែន ប្រកាន់​គោលជំហរ​ស្រប​ទៅ​នឹង​ប្រយោជន៍​នៃ​ប្រជាជាតិ​អាស៊ាន​ទាំងមូល ក្នុងនាម​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​មហាជន​ទូទៅ​មើល​ឃើញ​ថា ជា​មេដឹកនាំ​នៃ​ប្រទេស​ក្រីក្រ​មួយ​រូប ដែល​ស្រលាញ់​នាឡិកា ហើយ​ការ​យក​នាឡិកា​មក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​ដូច្នេះ គឺ​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​លោក។

បណ្ដាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ វ៉ាយស៍ ញ៉ូស៍ (VICE News) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ កាលពី ខែ​កក្កដា ឆ្នាំ ២០២០ ថា លោក លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០​លាន​រៀល ឬ​ប្រមាណ ២​ពាន់ ៥​រយ (២៥.០០០) ដុល្លារ​អាមេរិក តែ​បែរ​ជា​មាន​នាឡិកា​ដៃ​ប្រណិត​ជាច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​។ នាឡិកា​ប្រណីតៗ​ខុសៗ​គ្នា​ដែល​លោក ហ៊ុន សែន និយម​ពាក់​ក្នុង​កំឡុង​ឆ្នាំ ២០២០​នោះ មានតម្លៃ​សរុប​ដល់​ទៅ ៩​លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក ប៉ាតិក ហ្វីលីព (Patek Philippe) និង​ម៉ាក រីឆាត មៀល (Richard Mille) ផលិត​នៅ​ប្រទេស​ស្វីស (Switzerland) ដែល​ជា​ប្រភេទ​កម្រ ដាំ​ពេជ្រ និង​មាន​តែ ៥៥​គ្រឿង​លើ​ពិភពលោក​ទៀត​ផង។

អ្នកវិភាគ និង​មហាជន​នៅតែ​សង្ស័យ​ថា លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផលិត​នាឡិកា​ដើម្បី​ចែក​មេដឹកនាំ​អាស៊ាន​នេះ ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ដើម្បី​លើកមុខ​មាត់ កិត្តិយស​របស់​រដ្ឋាភិបាល​លោក​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។