អ្នកវិភាគថា គណបក្សភ្លើងទៀន ជាឧបសគ្គរបស់លោក ហ៊ុន សែន ក្នុងការផ្ទេរអំណាចតពូជ
2023.06.03
ក្រុមអ្នកប្រជាធិបតេយ្យបានខកចិត្តយ៉ាងខ្លាំង ក្រោយពីរបបលោក ហ៊ុន សែន បានផាត់គណបក្សភ្លើងទៀនចេញពីសង្វៀននយោបាយ។
ក្រុមអ្នកវិភាគលើកឡើងថារបបលោក ហ៊ុន សែន មិនឲ្យគណបក្សភ្លើងទៀនចូលរួម ការបោះឆ្នោតនេះ ដោយសារតែលោក ហ៊ុន សែន អាចដឹងថា គណបក្សភ្លើងទៀន អាចធ្វើឲ្យលោករង្គោះរង្គើអំណាចបាន។
អ្នកវិភាគអះអាងថា មូលហេតុចម្បង ដែលធ្វើឲ្យរបបលោក ហ៊ុន សែន ផាត់ចេញគណបក្សភ្លើងទៀនពីការប្រកួតប្រជែង ការបោះឆ្នោតនោះ ដោយសារតែគណបក្សនេះ ជាឧបសគ្គ ឬជាឆ្អឹងទទឹងករបស់លោក ហ៊ុន សែន ក្នុងការផ្ទេរអំណាច ទៅឲ្យកូនលោក នៅពេលខាងមុខ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ទំនងជាលោក ហ៊ុន សែន ដឹងច្បាស់ថា គណបក្សភ្លើងទៀន ជាកម្លាំងប្រឆាំងដ៏ធំមួយ ដែលអាចនឹងតវ៉ានៅក្រោយការបោះឆ្នោត ប្រសិនបើ ការបោះឆ្នោតនោះ មិនយុត្តិធម៌។ ការតវ៉ានេះ ជាឧបសគ្គដ៏ធំមួយរបស់លោក ហ៊ុន សែន ដែលមិនអាចផ្ទេរអំណាចបាន៖ «»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតឲ្យគណបក្ស ភ្លើងទៀនចុះបញ្ជីតំណាងរាស្ត្រឈរឈ្មោះបោះឆ្នោតឡើយ ដោយលើកហេតុផលថា គណបក្សប្រឆាំងធំជាងគេមួយនេះ គ្មានឯកសារដើម ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ទោះជាបែបនេះក្ដី ក្រុមមេដឹកនាំគណបក្សភ្លើងទៀន អះអាងថា គណបក្សនេះ ជាគណបក្សស្រប ច្បាប់ និងទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់គណបក្សនេះ ដាក់ជាឯកសារយោង ដើម្បីចុះបញ្ជីឈ្មោះបោះឆ្នោតនៅ គ.ជ.ប។ ម្យ៉ាងវិញទៀត គណបក្សនេះ ក៏ធ្លាប់ចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីឆ្នាំ២០២២ ដែរ ពុំមានបញ្ហាអ្វីឡើយ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាចោទ ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា មានចេតនាយកឯកសារដើម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះ លាក់ទុកទៅវិញ៖ «»
ឆ្លើយតបនឹងបញ្ហានេះ លោក សម រង្ស៊ី បញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយ គ.ជ.ប មិនឲ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោត តែបែរជាចោទប្រកាន់គេទៅវិញ។ ជាក់ស្ដែង ដូចជា ករណីបោកគ្រាប់បែកនៅខាងមុខរដ្ឋសភា ប៉ុនប៉ងចង់សម្លាប់លោកជាដើម៖ «»
ទាក់ទងនឹងករណីលោក ហ៊ុន សែន ចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលលោក ហ៊ុន សែន ចង់សំដៅលើលោក សម រង្ស៊ី ថា យកឯកសារដើមលាក់ទុកនោះ អ្នកវិភាគនយោបាយ លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន ព្យាយាមទម្លាក់កំហុសលើលោក សម រង្ស៊ី នោះ ដោយសារតែលោក ហ៊ុន សែន ចង់បង្ហាញទៅសហគមន៍អន្តរជាតិថា គណបក្សភ្លើងទៀនមិនអាចចូលរួមបោះឆ្នោតបាន មិនមែន ជាកំហុសរបស់រដ្ឋាភិបាលលោកទេ គឺមកពីគណបក្សភ្លើងទៀនខ្លួនឯង។ លោក គឹម សុខ ថា លោក ហ៊ុន សែន ធ្វើដូច្នេះ ដើម្បីចៀសពីទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ទោះជាបែបនេះក្ដី លោក គឹម សុខា អះអាងថា លោក ហ៊ុន សែន មិនអាចលាក់បាំងការពិតបានឡើយ៖ «»
លោក ហ៊ុន សែន ចោទថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាអ្នកយកឯកសារដើម ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃលាក់ ហើយមិនចង់ចូលរួមបោះឆ្នោត ក៏ប៉ុន្តែ សំនួរនៅត្រង់ថា មូលហេតុអ្វី បានជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនសុំជួបលោក ដើម្បីចរចាចង់បានចូលរួមបោះឆ្នោត ក្រោយពី គ ជ ប មិនឲ្យបក្សនេះ ចូលរួមបោះឆ្នោត បែរជាលោក ហ៊ុន សែន មិនឲ្យជួបហើយរង់ចាំរហូតដល់ក្រោយបោះឆ្នោតទៅវិញ?
ម្យ៉ាងទៀត គណបក្សនេះ បានស្វែងរកយុត្តិធម៌ ដើម្បីបានចូលរួមការបោះឆ្នោត តែក្រុមប្រឹក្សាធម្មនុញ្ញ នៅតែមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតបានដដែល។
ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន សែន ហាក់ចង់ទម្លាក់កំហុសទៅលើគណបក្សភ្លើងទៀន ឬមេដឹកនាំគណបក្សនេះ ដើម្បីបំភ័ន្តភ្នែកមហាជនក៏ថាបាន។ កាលពីឆ្នាំ២០១៧ របបរបស់លោកបានរំលាយគណបក្សសង្គ្រោះជាតិ ដែលទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ធ្វើឲ្យរបបរបស់លោកបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពី សហភាពអឺរ៉ុប EBA ២០% ហើយ សហរដ្ឋអាមេរិក ក៏មិនបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យវិញជាដើម។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន ធ្វើអ្វីៗ ដើម្បីពង្រឹងអំណាច។ លោកបន្ថែមថា លោក សម រង្ស៊ី ជាឧបសគ្គដ៏ចម្បងរបស់លោក ហ៊ុន សែន ក្នុងផែនការផ្ទេរអំណាច។ បញ្ហានេះ លោក សម រង្ស៊ី គោលដៅចុងក្រោយ ដែលលោក ហ៊ុន សែន ចង់ចាត់កម្ចាត់ចោលនោះ។ លោកបន្ថែមថា លោ ហ៊ុន សែន ដឹងច្បាស់ថា គណបក្សភ្លើងទៀននេះ គឺជាទ្រព្យរបស់លោក សម រង្ស៊ី ដូច្នេះហើយ ទើបលោកបិទគណបក្សភ្លើងទៀន មិនឲ្យចូលរួមបោះឆ្នោតបាន៖ «»
ក្រុមអ្នកវិភាគលើកឡើងថា គណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតបាន លុះត្រាតែលោក សម រង្ស៊ី ឬគណបក្សភ្លើងទៀន ក្លាយទៅជាគណបក្សរណប ដូចគណបក្សនយោបាយចំនួន ១៧ផ្សេងទៀត ដែលចូលរួមបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា និងប្រកាសគាំទ្រ ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។