សាលាដំបូងរាជធានីភ្នំពេញកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀតឱ្យទៅបំភ្លឺជាសាក្សីក្នុងពេលបើកសវនាការជំនុំជម្រះក្តី សំណុំរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ មករា ខាងមុខ។ សកម្មជនបក្សប្រឆាំងរូបនេះថ្លែងថា នេះជារឿងហួសចិត្តដែលលោកគ្រាន់តែជាសកម្មជនគណបក្សនយោបាយតូចតាច នៅក្នុងមូលដ្ឋាន ក៏ប៉ុន្តែបែរជាត្រូវតុលាការកោះហៅក្នុងសំណុំរឿងដ៏កក្រើកមួយនេះ។
ប៉ូលិសនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានយកដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឱ្យសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដល់ផ្ទះ កាលពីរសៀលថ្ងៃទី៦ មករា។
នៅក្នុងដីកា ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានតម្រូវឱ្យចៅសង្កាត់រងទី១ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត គណបក្សសង្គ្រោះជាតិ គឺលោក ឡេង វិបុល ឱ្យចូលឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលសំណុំរឿងលោក កឹម សុខា ទាក់ទងនឹងបទសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក ឡេង វិបុល ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី៨ មករា ថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានទទួលដីកាកោះនេះ។ ទោះយ៉ាងណាលោកអះអាងថា លោកនឹងចូលទៅបំភ្លឺតាមការកំណត់របស់សាលាដំបូងរាជធានីភ្នំពេញ ពីព្រោះលោកយល់ថា លោកមិនបានប្រព្រឹត្តខុសច្បាប់នោះឡើយ។ លោកសង្កត់ធ្ងន់ថា កាលពីគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវបានរំលាយ ដោយលោកគ្រាន់តែជាមន្ត្រីគណបក្សប្រឆាំងតូចតាចម្នាក់នៅក្នុងមូលដ្ឋានប៉ុណ្ណោះ ហើយក៏មិនធ្លាប់បានជួបនិយាយស្ដីជាមួយលោក កឹម សុខា ដោយផ្ទាល់ដែរ។ ចៅសង្កាត់រងទី១ រូបនេះ បញ្ជាក់ទៀតថា នៅក្នុងសវនាការខាងមុខនេះ លោកនឹងឆ្លើយបំភ្លឺតុលាការតាមការពិតជាក់ស្ដែងទាំងអស់ ដោយមិនមានការលាក់លៀមអ្វីឡើយ៖ «សម្រាប់រូបផ្ទាល់ គឺខ្ញុំស្រលាញ់អ្វីដែលជាការពិត អ្វីដែលជារឿងមិនពិតហើយមានការបង្ខិតបង្ខំអី ក៏ខ្ញុំមិនអាចនិយាយបានដែរ។ ម្យ៉ាងវិញទៀតប្រសិនជាខ្ញុំមិនបានទៅចូលរួមវាហាក់បីដូចជាខ្ញុំហ្នឹងបានប្រព្រឹត្តកំហុស។ អីចឹងខ្ញុំគិតថា ខ្ញុំជាមនុស្សស្អាតស្អំ គ្រាន់តែថាកន្លែងនេះ គឺគេហៅខ្ញុំឱ្យទៅធ្វើជាសាក្សី អីចឹងខ្ញុំមិនដឹងថា គេឱ្យខ្ញុំឆ្លើយបំភ្លឺរឿងអីខ្លះទេ ខ្ញុំអត់ទាន់ដឹងដែរ ។ ការតទល់គ្នាក៏អត់ដែរ ការនិយាយ ដោយ ផ្ទាល់ខ្លួនក៏អត់មានដែរ ។"
»។
លោក ឡេង វិបុល មិនមែនជាមនុស្សទីមួយទេ ដែលត្រូវតុលាការក្រុងភ្នំពេញកោះហៅទៅឆ្លើយបំភ្លឺក្នុងនាមជាសាក្សីរឿងក្ដីរបស់លោក កឹម សុខា។ កន្លងមក ក្នុងពេលស៊ើបអង្កេតក្ដី ចៅក្រមបានកោះហៅអ្នកធ្លាប់ធ្វើការងារជាមួយលោក កឹម សុខា មកសាកសួរជាបន្តបន្ទាប់ ដូចជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល យុវជនដែលឈឺឆ្អាលការងារសង្គមចំនួន ២នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត។
សហមេធាវីលោក កឹម សុខា លោក ចាន់ ចេង ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រុមមេធាវីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយការពារក្តីឱ្យលោក កឹម សុខា ក្នុងពេលបើកសវនាការ។ លោកថា ក្រុមមេធាវី និងលោក កឹម សុខា ផ្ទាល់ នៅតែសំណូមពរ ទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់នេះ។អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា ការកោះហៅនេះ ជារឿងចម្លែក ពីព្រោះមនុស្សដែលតុលាការតម្រូវឱ្យចូលបំភ្លឺនោះហាក់ពុំមានពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ឡើយ។ លោកបញ្ជាក់ថា ការធ្វើបែបនេះនឹងមិនអាចរកយុត្តិធម៌ក្នុងសំណុំរឿងនេះបានទេ គឺមានតែការធ្វើឱ្យខាតពេលដល់ដំណើរការនីតិវិធីរបស់តុលាការទៅវិញ៖ «ហើយសំណុំរឿងនេះ នរណាគេដឹងដែរ ទាំងមតិជាតិ និងអន្តរជាតិទាំងអស់ក៏គេបានដឹងដែរ គេថាគ្រាន់តែជារឿងនយោបាយមួយ ដែលគេបានបង្កើតឡើងក្នុងន័យចេតនាជម្លោះនយោបាយ វាមិនមែនជារឿងដែលជាកំហុសផ្លូវច្បាប់ណាមួយទេ។ អីចឹងយើងមិនយល់រឿងនេះជាហេតុផលនៃផ្លូវច្បាប់ទេ យើងគិតថា ជាហេតុផលនយោបាយច្រើនជាង»។
សហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកវិធានការច្បាប់លើលោក កឹម សុខា ថា ជារឿងនយោបាយ និងទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។