ក្រុម​សមាជិក​សភា​អាស៊ាន ថា​មេដឹកនាំ​រដ្ឋ​ប្រហារ​ពីរ​រូប​នាំ​គ្នា​ធ្វើ​រដ្ឋ​ប្រហារ​បំផ្លាញ​អាស៊ាន​

0:00 / 0:00

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ថា​មេដឹកនាំ​រដ្ឋប្រហារ​ពីរ​រូប​គឺ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក មីន អ៊ុងលាំង (Min Aung Hlaing) នាំគ្នា​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ក្នុង​អាស៊ាន​ដែល​បំបែក​សាមគ្គី​ផ្ទៃក្នុង​របស់​សមាគម​នេះ។

ក្រុម​សមាជិក​សភា​អាស៊ានលើក​ឡើង​នៅក្នុង​ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៩ ខែ​មករា ថា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​(Myanmar)​​ ឬ ​ភូមា​ (Burma)​ បាន​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​តែ​ឯង​នោះ​ទេគឺ​ត្រូវ​អនុវត្ត​តាម​ក្របខណ្ឌ​សមូហភាព​អាស៊ាន​ដោយ​មានការ​ព្រមព្រៀង​គ្នា​ជាទូទៅ​ពី​សមាជិក​អាស៊ាន។

ក្របខណ្ឌ​សមូហភាព​អាស៊ាន​នេះគឺ​សំដៅ​លើ​គោលការណ៍​ព្រមព្រៀង​គ្នា ៥ ចំណុច កាល​ពី​ខែ មេសា ឆ្នាំ២០២១ ដែល​កម្ពុជាក៏​យល់​ស្រប​ដែរ។គោលការណ៍៍៍​ទាំង​នោះ​គឺមាន​គោលដៅ​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​មនុស្សធម៌និង​សិទ្ធិមនុស្ស។ ប៉ុន្តែ ក្រុមសមាជិក​សភា​អាស៊ាន​ថាគ្រាន់តែ​ចុះ​ហត្ថលេខា​មិនទាន់​រួច​ពី​ដៃ​ផងប្រទេស​ភូមា​បំពាន​គោលការណ៍​ទាំង​នេះ​ភ្លាម ដោយ​បង្កើន​អំពើ​ហិង្សា និង​ការសម្លាប់​មនុស្ស​យ៉ាង​រង្គាល។

ដោយសារ​តែ​មេរដ្ឋប្រហារ​យោធា បំពានគោលការណ៍ ៥ ចំណុច​នេះទើប​ប្រទេស​អាស៊ាន ៥ មាន សិង្ហបុរី​ (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី ​(Indonesia) ​ហ្វ៊ីលីពីន ​(Philippines) និង​ប្រ៊ុយណេ ​(Brunei)​ បាន​សម្រេច​ចិត្ត​ដ៏គួរឱ្យភ្ញាក់ផ្អើល​មួយ​ជាមួយ ​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​យោធា​ភូមា​នេះចូល​ប្រជុំ​អាស៊ាន។

ក៏ប៉ុន្តែ​​លោក ហ៊ុន សែន ដែល​ទើបក្លាយ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន នៅឆ្នាំ២០២២​ធ្វើផ្ទុយ​ពី​ស្មារតី​នេះដោយ​ទៅ​ចាប់​ដៃ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ដល់​ផ្ទះ។

ក្រោយជួប​មេរដ្ឋប្រហារ​យោធាកម្ពុជា​និង​ភូមា ចេញ​សេចក្តីថ្លែងការណ៍រួម​អួត​អំពី​«ជោគជ័យ​យ៉ាង​ត្រចះត្រចង់»។លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅថ្ងៃទី១០ ខែមករា​នេះលើកពី​លទ្ធផល​នៃ​ដំណើរ​របស់​លោក​ទៅចាប់ដៃ​លោក មីន អ៊ុងលាំង (Min Aung Hlaing) នោះ​ទៀត ដោយ​លោកថា​មាន៣ គឺ​ការ​ពន្យារ​ពេល​បទឈប់បាញ់ការ​ផ្តល់​ជំនួយ​និង​ការសន្ទនា​ជា​មួយ​ភាគី​ពាក់ព័ន្ធ​របស់​ភូមា។

ប៉ុន្តែ អគ្គរដ្ឋទូត​ក្រសួង​ការបរទេស​អាស៊ាន​នៃ​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​មីយ៉ាន់ម៉ា ​(Myanmar)​ឬភូមា​(Burma)​លោក បូ ឡាទីន​ (Bo Hla Tint) ប្រាប់​វិទ្យុអាស៊ីសេរីកាលពី​យប់​ថ្ងៃទី៩ ខែមករា ថា​លោក ហ៊ុន សែន គ្មាន​សុឆន្ទៈ និង​ភាពស្មោះត្រង់ ក្នុងការ​រក​ដំណោះស្រាយ​នៅ​ភូមា​នោះ​ឡើយ​ព្រោះ​បទឈប់​បាញ់​គ្នា​នោះមានតែ​លើ​បបូរ​មាត់តែ​ការ​អនុវត្ត​គ្មាន។មិន​តែ​ប៉ុណ្ណោះ​លោកថា​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ជំហរ​ជួប​តំណាង​ប្រជាពលរដ្ឋ​ស្របច្បាប់​ ដូចជា​អ្នកស្រី អង សានស៊ូជី​(Aung San Suu Kyi) ដែល​កំពុង​ជាប់ឃុំយ៉ាង​អយុត្តិធម៌​ជាដើម និង​មិនបាន​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​នោះ​ឡើយ។

ជាងនេះ​ទៅ​ទៀតពីរថ្ងៃ​ក្រោយ​លោក ហ៊ុន សែន ចាកចេញ​ពី​ភូមាពួក​យោធា​បាន​កាត់ទោស​អ្នកស្រីអ៊ុង សានស៊ូជី ឲ្យជាប់​ពន្ធនាគារ​ថែមបួនឆ្នាំទៀត។ រីឯបទ​ឈប់បាញ់​គ្នា​នោះ​វិញ​គ្រាន់​តែ​លោក ហ៊ុន សែន ចេញ​ផុត​ពី​ភូមាពួកយោធា​បើកការ​វាយប្រហារ​ពី​លើ​អាកាស បាញ់​កម្ទេច​ផ្ទះ​អ្នក​ស្រុក​ឲ្យ​ឆេះជា​ច្រើន​ខ្នង។

បណ្ឌិត ​សេង សារី ដែល​ធ្លាប់​សារទរ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ភូមា​នេះ​ក៏សរសេរ​សារលើ​ហ្វេសប៊ុក នៅថ្ងៃទី១០ ខែមករា អម​ដោយ​រូបថត​នៃការវាយ​ប្រហារ​នោះ​ផង​ថា៖ «មិន​ទុកមុខ​ឲ្យ​គ្នាសូម្បី​តែ​បន្តិច!»។

ក្នុងពេល​ជាមួយគ្នា​នេះ លោក ហ៊ុន សែន បែរ​ជាលើក​ឡើង​ថាបញ្ហាភូមា​មិន​អាច​បញ្ចប់​ត្រឹមពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​នោះ​ទេវានឹង​បន្ត​ទៅ​ដល់​ឥណ្ឌូនេស៊ីធ្វើជា​ប្រធាន​អាស៊ាន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។