អ្នកការពារ​សិទ្ធិមនុស្ស​រិះគន់​សាលាឧទ្ធរណ៍ ដែល​ផ្អឹប​សំណុំរឿង​លោក កឹម សុខា ជា​ច្រើន​ខែ​មិន​​បើក​សវនាការ

0:00 / 0:00

អ្នកឃ្លាំមើល​រិះគន់​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា បាន​តម្កល់​សំណុំរឿង​លោក កឹម សុខា ទុក​ឥត​ចាត់ការ​ជិត ​៨​ខែ​មក​ហើយ បើទោះជា​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប្ដឹង​ទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មីនា រួចហើយ​ក្ដី។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ឆ្លើយ​តប​ថា តុលាការ​មិន​ទាន់​បាន​យក​សំណុំរឿង​លោក កឹម សុខា មក​បើក​សវនាការ​នេះ ព្រោះសំណុំរឿង​នេះ​មាន​ភាព​ស្មុគស្មាញ។

ក្រុម​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​រង​ភាព​អយុត្តិធម៌​ថែម​ទៀត នៅ​ពេល​តុលាការ​គ្រប់​ជាន់​ថ្នាក់​តែងតែ​ប្រើ​វេលា​វែង​ហួសហេតុ ឬ​ផ្អឹប​ទុក​មិន​បើក​សវនាការ។ ពួក​គេ​ជំរុញ​សាលាឧទ្ធរណ៍​ភ្នំពេញ គួរ​ពន្លឿន​ការ​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា សំណុំរឿង​លោក កឹម សុខា តុលាការ​កាត់ទោស​យឺតយ៉ាវ​តាំង​ពី​តុលាការ​ជាន់​ទាប​មក​ម្ល៉េះ ហើយ​ពេលនេះ តុលាការ​ជាន់ខ្ពស់ ក៏​នៅតែ​កាត់​ក្ដី​យឺតយ៉ាវ​ដដែល។ លោក អំ សំអាត បន្ត​ថា ការ​អូស​បន្លាយ​សំណុំរឿង​នេះ​ម្ដង​ហើយ​ម្ដងទៀត​ បែប​នេះ នាំ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់។ លោក​ជំរុញ​ទៅ​សាលាឧទ្ធរណ៍ ​គួរ​ពន្លឿន​ក្នុង​ការ​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា។ លោក​បន្ត​ថា បើទោះជា​លោក កឹម សុខា ជាប់ឃុំ​ក្នុង​ផ្ទះ​ក្ដី ប៉ុន្តែ របៀប​ធ្វើ​ការ​របស់​តុលាការ​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​នយោបាយ និង​សេរីភាព​របស់​លោក កឹម សុខា យ៉ាង​ធ្ងន់ធ្ងរ។

លោក អំ សំអាត៖«រឿង​នេះ​​គឺ​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​អី​ជា​ដើម ទី១ គឺ​ការ​ដើរហើរ។ ទី២ គឺ​រឿង​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ក៏​មិន​ទាន់​ដឹង​យ៉ាងម៉េច​ដែរ អ៊ីចឹង​បាន​ថា បើសិនជា​សាលាឧទ្ធរណ៍​លោក ពន្លឿន​នីតិវិធី​ក្នុង​ការ​សវនាការ​ ការ​សម្រេច​ហ្នឹង​គឺជា​រឿង​មួយ​ល្អ​ដែរ សម្រាប់​ករណី​ហ្នឹង»។

ទាក់ទង​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ លោក ឃុន លាងម៉េង និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ក៏​មិន​អាច​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។ ទោះ​បែប​នេះ​ក្ដី អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ លោក ឃុន លាងម៉េង ឱ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ភាព​យឺតយ៉ាវ​លើ​នៃ​ការ​បើក​សវនាការ​ករណី​លោក កឹម សុខា ព្រោះ​សំណុំរឿង​នេះ​មាន​ឯកសារ​ច្រើន និង​មាន​ភាព​ស្មុគស្មាញ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា សាលាឧទ្ធរណ៍​រៀបចំ​យក​សំណុំរឿង​នេះ មក​កាត់ក្ដី​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះ​យ៉ាង​ណា​ក្ដី ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ចោទប្រកាន់​ និង​កាត់ទោស​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្នុង​ពេល ដែល​ប្រទេស​កម្ពុជា​មាន​ទំនាស់​នយោបាយ​ ដូច្នេះ​ នាំ​ឱ្យ​មាន​ការ​រិះគន់​ថា សំណុំរឿង​នេះ ជា​រឿង​នយោបាយ។ លោក​បន្ត​ទៀត​ថា សំណុំរឿង​បែប​នេះ ប្រព័ន្ធ​តុលាការ​ពិបាក​នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក កឹម សុខា ​ណាស់។

លោក រស់ សុដ្ឋា៖«ខ្ញុំ​យល់​ថា​ទាំង​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ការ​ផ្ដល់​យុត្តិធម៌​ដែល​មាន​លក្ខណៈ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​នយោបាយ​ ប្រសិនជា​មាន​ឆន្ទៈ​រឿង​ហ្នឹង​លឿន​ទេ បើសិន​ករណី​ហ្នឹង​ជា​ករណី​នយោបាយ​ គឺ​រឿង​ប៉ុណ្ណឹង​ពិបាក​ក្នុង​ការ​បញ្ចប់»។

សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ កាល​ពី​ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ សំណុំរឿង​នេះ ​ស៊ីពេល​អស់​ប្រាំ​ឆ្នាំ ​ទម្រាំ​តុលាការ​កាត់​ក្ដី​ចប់។ កាលពី​ថ្ងៃ​ទី៣​ ខែ​មីនា សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាត់​ទោស​លោក កឹម សុខា ឱ្យ​ជាប់​ឃុំក្នុងផ្ទះ២៧ឆ្នាំ​។ បើ​ទោះ​ជា​សាលក្រម​តុលាការ​មិន​ទាន់​ចូល​ស្ថាពរ​ក្ដី តែ​តុលាការ​មួយ​នេះ បាន​ដាក់​បម្រាម ​​មិន​ឱ្យ​លោក កឹម សុខា ​មាន​សិទ្ធិ​ធ្វើ​នយោបាយ សេរីភាព​ដើរហើរ ​និង​ត្រូវ​កាត់​ផ្ដាច់​ទំនាក់ទំនង​ជា​បុគ្គល​ទាំង​ឡាយ​ទៀត​ផង។

គិត​មក​ដល់​ពេល​នេះ​ជិត​៨​ខែ​មក​ហើយ ដែល​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​មួយ​នេះ ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ប៉ុន្តែ សាលាឧទ្ធរណ៍​មិនទាន់​រៀបចំ​កម្មវិធី​បើក​សវនាការ​នៅឡើយ​ទេ។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​មេធាវី​លោក កឹម សុខា បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

ទោះយ៉ាងណា​ក្ដី មេធាវី​លោក កឹម សុខា ម្នាក់​គឺ​លោក ចាន់ ចេន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា​ថា ការ​ពន្យារ​ពេល​គ្មាន​កំណត់​បែប​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​លោក កឹម សុខា គឺ​សិទ្ធិ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ កតិកាសញ្ញា​អន្តរជាតិ។ មេធាវី​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ទៀត​ថា លោក កឹម សុខា ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ដោយសារ​លោក​ស្មោះត្រង់​និង​ជាតិ ស្មោះត្រង់​និង​ម្ចាស់​ឆ្នោត។

ក្រុម​ប្រទេស​លោក​សេរី តែងតែ​រិះគន់​ថា ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ថា ជា​រឿង​នយោបាយ និង​​ជា​ការ​ដើរ​ខុស​ឆ្គង​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ពួកគេ​​ទទូច​ជា​ញឹកញាប់ ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។