សាលារាជធានី​​ត្រៀម​កង​កម្លាំង​ជិត​៥​ពាន់​នាក់​ការពារ​សន្តិសុខ​សុវត្ថិភាព​ដំណើរ​ការ​បោះឆ្នោត

ទំព័រ​ហ្វេសប៊ុក (Facebook) សាលារាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី​២៥ កក្កដា សរសេរ​ថា អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​ដាក់​ពង្រាយ​កងកម្លាំង​នគរបាល​ជាតិ​ជិត ៥​ពាន់​នាក់ (៤.៦២៥​នាក់​) ដើម្បី​ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ឥស្សរជន​នយោបាយ បេក្ខជន​ឈរ​បោះឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុងភ្នំពេញ។

សាលាក្រុង​ភ្នំពេញ ដែល​បង្ហោះ​រូបថត ១៥​សន្លឹក ឃើញ​មាន វត្តមាន​មេ​ប៉ូលិស​ក្រុងភ្នំពេញ លោក ជួន សុវណ្ណ ឈរ​ជាមួយ​អភិបាលក្រុង​ភ្នំពេញ លោក ឃួង ស្រេង ដែល​ចុះ​ពិនិត្យ​កងកម្លាំង​នគរបាល​ចម្រុះ​រាប់ពាន់​នាក់ នៅ​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ ក្នុង​ចំណោម​កងកម្លាំង​ទាំងនេះ មាន​នគរបាល​ចរាចរណ៍ កងកម្លាំង​ពិសេស​ប្រដាប់​ដោយ​កាំភ្លើង​ទំនើប​គ្រប់​ដៃ និង​កង​កម្លាំង​បង្ក្រាប​បាតុកម្ម។

អាជ្ញាធរ​ក្រុងភ្នំពេញ ប្រើប្រាស់​កម្លាំង​ជិត​មួយ​ពាន់​បី​រយ​នាក់ (១.២៥៥​នាក់​) ដើម្បី​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ។ ចំណែក កម្លាំង​ចំនួន​បួន​ពាន់ ប្រាំ​រយ ប្រាំ​នាក់ (៤.៥០៥​នាក់​) នឹង​ប្រើប្រាស់​ក្នុង​កិច្ចការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ចំនួន ២.១៣៨​ការិយាល័យ លើ​២៦៦​ទីតាំង។ ក្រៅ​ពី​នេះ កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្ត្រ​ខាងក្រៅ ប្រើប្រាស់​កម្លាំង​ចំនួន​៤៨០​នាក់ ហើយ​នឹង​កម្លាំង​ការិយាល័យ​វិទ្យុ​ទាក់ទង មាន​ចំនួន ២៦៤​នាក់ (ស្នងការដ្ឋាន អធិការដ្ឋាន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥)។

សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា អាជ្ញាធរ​ក្រុងភ្នំពេញ ប្រមូលផ្ដុំ​កម្លាំង​ទាំងអស់ ការពារ​គ្រប​ទីស្នាក់ការ​បោះឆ្នោត​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត​ការិយាល័យ​បោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត ការ​ដឹកជញ្ជូន​សម្ភារៈ​ឯកសារ​បោះឆ្នោត និង​កំណត់ហេតុ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ ។ មេ​ប៉ូលិស​ក្រុងភ្នំពេញ លោក ជួន សុវណ្ណ និយាយ​ថា ការ​ប្រមូលផ្ដុំ​កម្លាំង​ត្រៀម​អន្តរាគមន៍​នេះ គឺ សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅមុន និង​អំឡុង​បោះឆ្នោត និង​ក្រោយ​ការប្រកាស​លទ្ធផល​ការបោះឆ្នោត។

ស្របគ្នា​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដល់​កងកម្លាំង​ប្រដាប់​អាវុធ កុំ​បាញ់​ប្រហារ​លើ​ប្រជារាស្ត្រ​ស្លូតត្រង់ ក្រោយ​ការបោះឆ្នោត បើ​សិន​ជា​មាន​ពលរដ្ឋ​ចេញ​តវ៉ា​នឹង​ការបោះឆ្នោត​ដែល​គ្មាន​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ។

ចំណែក អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស រួម​ទាំង​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត កុំ​ទៅ​ចូលរួម​ការបោះឆ្នោត ដែល​ពួកគេ​ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។