អាស៊ាន​ប្តេជ្ញា​រក្សា​អាស៊ីអាគ្នេយ៍​ ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែ

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅថ្ងៃទី១៧ ខែកុម្ភៈ ប្តេជា​ជាថ្មីទៀត​នឹង​រក្សា​ភូមិភាគ​អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែនិង​គ្មាន​រាល់​អាវុធប្រល័យលោក​ផ្សេង​ទៀត។

ការប្តេជ្ញានេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរវេន​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​ដោយ​មិន​មាន​តំណាង​នៃ​របបយោធា​មីយ៉ាន់ម៉ា​ចូលរួម​ឡើយ។

ក្រៅពី​បង្ហាញ​ការប្តេជ្ញាចិត្ត​មិន​ឱ្យតំបន់​អាស៊ីអាគ្នេយ៍​មានអាវុធនុយ​ក្លេអ៊ែ​ស្រប​ទៅនឹង​គោលការណ៍​ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធនុយក្លេអ៊ែនិង​ធម្មនុញ្ញ អាស៊ាន រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​តាម​រយៈសេចក្តីថ្លែងការណ៍​របស់ខ្លួន​ក៏បាន​សំដែង​ការស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​រួម​នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំង ៥ ដែល​មា​ន​អាវុធនុយក្លេអ៊ែ​ដែលបាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​នៅក្នុងការ​ទប់ស្កាត់​មិន​ឱ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែ​កើតឡើង​និង​ការបញ្ចៀស​នូវការ​ប្រកួត​ប្រជែង​អាវុធ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ទោះជាយ៉ាងណា​ក៏ដោយរដ្ឋមន្រ្តីការបរទេស​អាស៊ាននៅតែ​សំដែង​ការ​បារម្ភ​អំពី​ការ​កាន់​កាប់​និង​វត្តមាន​នៃ​អាវុធ​នុយក្លេអ៊ែ​នៅ​លើ​ពិភពលោកហើយ​ពួកគេ​យល់​ថា មានតែ​មធ្យោបាយ​បំផ្លាញ អាវុធ​នុយក្លេអ៊ែ​ចោល​ទាំង​ស្រុង​ទើប​អាច​ធានាថា អាវុធ​ទំាងអស់​នោះ​នឹង​មិន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​នៅក្នុង​សង្រ្គាមឬ​ប្រឆាំង​មនុស្ស​ជាតិ។

ជាមួយគ្នា​នេះរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ក៏ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​មាន អាវុធនុយក្លេអ៊ែ និង​ជំរុញ​ឱ្យមានការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ចំបងៗ​ស្រប​ទៅ​តាម​ទិសដៅនិង​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធនុយ​ក្លេអ៊ែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។