ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញប្រេសិតពិសេស និងរដ្ឋសមាជិកអាស៊ាន ឱ្យថ្កោលទោសការប្រហារជីវិតលើអ្នកទោសនយោបាយចំនួន ៤នាក់ ប្រព្រឹត្តដោយរបបសឹកខុសច្បាប់ភូមា។
អតីតរដ្ឋមន្ត្រីការបរទេសថៃ និងជាសមាជិកគណៈកម្មាធិការនាយករបស់ APHR លោក កាសិត ភិរម្យ (Kasit Piromya) ថ្លែងក្នុង សេចក្តីថ្លែងការណ៍របស់ APHRផ្សាយថ្ងៃទី២៥ ខែកក្កដាថា ការមិនគោរពតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចដោយរបបសឹកភូមា បង្ហាញឱ្យឃើញយ៉ាងច្បាស់ ជាពិសេស នៅពេលដែលរបបនេះបានប្រកាសពីការប្រហារជីវិតលើអ្នកទោសនយោបាយក្នុងពេល ២សប្តាហ៍ ក្រោយដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ានស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសភូមា។ លោក កាសិត ភិរម្យ ជំរុញប្រេសិតពិសេស និងរដ្ឋសមាជិកអាស៊ាន ឱ្យថ្កោលទោសអំពើប្រហារជីវិតនេះ និងពិចារណាឡើងវិញ ពីវិធីសាស្ត្រក្នុងការដោះស្រាយវិបត្តិនៅភូមា។ លោកថា ចំណុចចាប់ផ្តើមអាចមានដូចជាការដាក់សម្ពាធជាទណ្ឌកម្មជាក់លាក់ទៅលើរបបសឹកភូមា និងការហាមប្រាមមិនឱ្យក្រុមមេដឹកនាំរបបសឹកភូមាធ្វើដំណើរមកជាន់ដីតំបន់អាស៊ានជាដើម។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR បានហៅអំពើប្រហារជីវិតប្រព្រឹត្តដោយរបបសឹកភូមាមកលើអ្នកទោសនយោបាយចំនួន ៤រូប ថាជា «អំពើយង់ឃ្នងនៃប្រព័ន្ធយុត្តិធម៌» របស់របបសឹកភូមា។ អ្នកទោសនយោបាយភូមាទាំង ៤រូប ដែលត្រូវបានរបបសឹកភូមាប្រហារជីវិតនេះ សុទ្ធតែត្រូវបានចោទប្រកាន់ដោយច្បាប់ប្រឆាំងអំពើភេរវកម្មភូមា ក្នុងនោះ រួមមាន អតីតតំណាងរាស្ត្ររបស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) និងសកម្មជនល្បីឈ្មោះមួយចំនួនទៀត។
អំពើប្រហារជីវិតធ្វើឡើងដោយប្រព័ន្ធតុលាការនៃរបបសឹកភូមានាពេលនេះ គឺជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៨៨ មក ដែលប្រទេសភូមាបានសន្យាថា នឹងលុបបំបាត់ចោលទោសប្រហារជីវិតនេះ។ នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីក្នុងសារតាមបណ្តាញសង្គមតេឡេក្រាម (Telegram) យ៉ាងខ្លី នៅល្ងាចថ្ងៃទី២៥ ខែកក្កដាថា កម្ពុជាកំពុងរង់ចាំប្រតិកម្មតបពីសំណាក់រដ្ឋសមាជិកអាស៊ានទៅនឹងសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលប្រធានអាស៊ានបានស្នើឡើង។
កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានស្នើដល់មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុនលាំង (Min Aung Hlaing) ឱ្យពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិតនេះ និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នក ដែលប្រឆាំងនឹងការដឹកនាំរបស់របបសឹកភូមា។
ក្រុមឃ្លាំមើលសកម្មជនភូមា ដែលមានឈ្មោះថា សមាគមជួយអ្នកទោសនយោបាយ (AAPP) ឱ្យដឹងថា ចាប់តាំងពីមានអំពើរដ្ឋប្រហារដោយក្រុមយោធាភូមាកាលពីដើមឆ្នាំ២០២១ មក មនុស្សចំនួន ១១៧នាក់ ត្រូវបានតុលាការនៃរបបសឹកភូមាកាត់ទោសប្រហារជីវិត។ បើតាមអង្គការដដែលនេះ ពលរដ្ឋភូមាជាង ២ពាន់ ១រយនាក់ ត្រូវបានសម្លាប់ដោយកងកម្លាំសន្តិសុខនៃរបបសឹកខុសច្បាប់ភូមា។
កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ កំពុងរងការរិះគន់ថា ព្យាយាមឱ្យតម្លៃ និងទទួលស្គាល់របបសឹកភូមាខុសច្បាប់ពេញមុខពេញមាត់ និងធ្វើឱ្យរបបនេះអាចបន្តអំណាចខុសច្បាប់បានយូរអង្វែងតទៅទៀត ដូចតាមការចង់បានរបស់ប្រទេសកុម្មុយនិស្តចិន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាភូមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។