កម្ពុជារំពឹងថា សម្ព័ន្ធភាពយោធា​ត្រីភាគី​ អូឃឹស​(AUKUS)​ទើបបង្កើតថ្មី​រវាង​អូស្ត្រាលី-អង់គ្លេសនិង​អាមេរិក នឹង​មិន​បង្កើនភាពតានតឹងក្នុងតំបន់​បន្ថែមទៀតនោះទេ

0:00 / 0:00

កម្ពុជា​រំពឹងថា ភាពជាដៃគូ​សន្តិសុខ​ត្រីភាគី អូឃឹស (AUKUS) ទើប​បង្កើតថ្មី​រវាង​អូស្ត្រាលី (Australia) អង់គ្លេស (UK) និងសហរដ្ឋ​អាមេរិក​(US) នឹង​មិន​បង្កើន​ភាពតានតឹង​ក្នុង​តំបន់​​បន្ថែមទៀត​នោះទេ។ ការបញ្ជាក់​ជំហបែបនេះ​ធ្វើឡើង​នៅក្នុងកិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ និង​កិច្ចការ​នារី​អូស្ត្រាលីអ្នកស្រី ម៉ារីស ផេន (Marise Payne) កាល​ពី​ថ្ងៃទី៨ ខែតុលា។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជាលោក ប្រាក់ សុខុន គូសបញ្ជាក់ថា កម្ពុជា​ចង់ឃើញ​តំបន់​ទាំងមូល​នៅតែ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព។ លោក​សង្ឃឹមថា ភាពជាដៃគូ​សន្តិសុខត្រីភាគី អូឃឹស​ នេះ នឹង​មិន​បន្ថែម​សាំង​ទៅលើ​ការប្រកួតប្រជែង​ដែល​លោកថា កំពុង​មាន​ស្ថានភាព​មិនល្អ​ស្រាប់ និង​បង្កើន​ភាពតានតឹង​បន្ថែមទៀត​នោះទេ។

Aukus_Australia_Cambodia_0n_08_10_2021_01.jpg
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសរួមជាមួយមន្ត្រីរបស់លោកជួបប្រជុំតាមខ្សែទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី ម៉ារីស ផេន (Marise Payne) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេស​កម្ពុជា​ឱ្យដឹងដែរថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលីអ្នកស្រី ម៉ារីស ផេន បាន​ប្រាប់​លោក ប្រាក់ សុខុន ដោយ​សង្កត់​​ធ្ងន់​​ថា ភាពជាដៃគូ​សន្តិសុខ​ត្រីភាគី អូឃឹស រវាង​អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិកនេះ ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ប្រយោជន៍​ទូទៅ សន្តិភាព វិបុលភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​គ្មាន​ចេតនាណាមួយ​ដើម្បី​ទទួលបាន​អាវុធនុយក្លេអ៊ែរ និង​សមត្ថភាព​នុយក្លេអ៊ែរ​ស៊ីវិល​នោះទេ។ អ្នកស្រី​ពន្យល់ថា អូឃឹស មិនមែនជា​ការបន្ថែម​ទៅលើ​ការប្រកួតប្រជែង​សព្វាវុធ​នៅក្នុង​តំបន់​នោះទេ។ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​រូបនេះបញ្ជាក់ជាថ្មីថា ប្រទេស​អូស្ត្រាលី​ ប្តេជ្ញាចិត្ត​ចំពោះ​កាតព្វកិច្ច​នៃ​ការមិនរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ និង​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA)។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលីអ្នកស្រី ម៉ារីស ផេន មិនបាន​បញ្ជាក់​ពី​ការពិភាក្សា​ជុំវិញប្រធានបទ​នេះ​នៅក្នុងកិច្ចសន្ទនា​តាម​ទូរស័ព្ទនេះទេ។ អ្នកស្រី​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​អ្នកស្រី​ក្រោយកិច្ចសន្ទនា​នេះថា អូស្ត្រាលី គាំទ្រ​កម្ពុជា​ខណៈប្រទេសនេះ​ក្លាយ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នៅឆ្នាំ២០២២ ខាងមុខ។ អ្នកស្រីថា អាស៊ាន​គឺជា​ចំណុចកណ្តាល​​នៃ​ចក្ខុវិស័យ​របស់​យើង​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​ស្ថិរភាព និង​វិបុលភាព។

នេះគឺជាលើកទីមួយ​ហើយ​ដែល​ប្រមុខការទូត​កម្ពុជា​បញ្ជាក់​ជំហរបស់​កម្ពុជា​ជុំវិញការបង្កើត​សម្ព័ន្ធភាព​យោធា អូឃឹស នេះ ក្រោយ​រដ្ឋាភិបាល​បាន​រក្សា​ភាពស្ងៀម​ស្ងាត់​​ជុំវិញ​បញ្ហា​នេះ។

896247fe-ee39-4cad-abba-729661f6713a.jpegOpens in new window
សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បង្កើតសម្ព័ន្ធភាព​យោធា​ត្រីភាគី ដាក់ឈ្មោះថា អូឃឹស កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

កាលពី​ថ្ងៃទី១៦ ខែកញ្ញា ក្រុមមេដឹកនាំ​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី គឺ​សហរដ្ឋអាមេរិក អង់គ្លេស និង​អូស្ត្រាលី បាន​ប្រកាស​អំពី​ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី ដាក់ឈ្មោះថា អូឃឹស។ តាមរយៈ​សម្ព័ន្ធភាព​យោធា​នេះ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស នឹង​ផ្តល់ឱ្យ​ប្រទេសអូស្ត្រាលី​នូវ​បច្ចេកវិទ្យា​ដើម្បី​អាច​ឱ្យ​ប្រទេស​​នេះ​​សាងសង់​នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ជាលើក​ដំបូង​ដោយ​ខ្លួនឯងបាន។ ការបង្កើត​សម្ព័ន្ធភាព​យោធា​ត្រីភាគី​ថ្មីនេះ ត្រូវ​ប្រទេស​លោកសេរី​ទាំងបី​នេះ​សាទរ​ថា ជា​«ប្រវត្តិសាស្ត្រ» ​ថ្មីមួយ។ ក្រុមអ្នកជំនាញ​មើលឃើញ​ថា សម្ព័ន្ធភាព​យោធា​ត្រីភាគីនេះ ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស​នៅ​តំបន់​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​នៅ​សមុទ្រចិន​ខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។