អូស្ត្រាលី​ព្រមាន​​មិន​លើកលែង​ដល់​យុទ្ធនាការ​ជ្រៀតជ្រែក​បរទេស​មក​លើ​ពលរដ្ឋ​ខ្លួន​ឡើយ

0:00 / 0:00

រដ្ឋាភិបាល​អូស្ត្រាលី​ព្រមាន​ថា នឹង​មិន​លើកលែង​ដល់​យុទ្ធនាការ​ជ្រៀត​ជ្រែក​របស់​បរទេស ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង ដែល​បាន​ដាក់​គោលដៅ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី។

ការ​ព្រមាន​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បែបនេះ កើតមានឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់​លោក កំពុង​បង្កើន​យុទ្ធនាការ​បំបែក​បំបាក់​សហគមន៍​ខ្មែរ ក្រុម​អ្នក​ប្រឆាំង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​អូស្ត្រាលី។

រដ្ឋមន្ត្រី​មហាផ្ទៃ​អូស្ត្រាលី អ្នកស្រី ក្លែ អូនៀល (Clare O'Neil) ថ្លែង​ក្នុង​សុន្ទរកថា​មួយ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ នៅ​ឯ​មហាវិទ្យាល័យ​សន្តិសុខ​ជាតិ នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU National Security College) ផ្តោត​លើ «ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​ប្រទេស​អូស្ត្រាលី» ថា យុទ្ធនាការ​ជ្រៀតជ្រែក​របស់​បរទេស​កំពុង​បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ដល់​ប្រទេស​អូស្ត្រាលី។ អ្នកស្រី​ព្រមាន​ថា អូស្ត្រាលី នឹង​មិន​អត់ឱន​ឱ្យ​របប​បរទេស​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី​ឡើយ៖

អ្នកស្រី ក្លែ អូនៀល៖ « វា​ជា​ការ​ស្រប​ច្បាប់​ទាំង​ស្រុង​សម្រាប់​អ្នក​ណាម្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​ការ​និយាយ​រិះគន់​របប​បរទេស។ ជនជាតិ​អូស្ត្រាលី​រាប់​ម៉ឺន​នាក់ បាន​ធ្វើ​រឿងរ៉ាវ​ប្រកប​ដោយ​ភាព​ក្លាហាន ចេញ​តវ៉ា និង​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ប្រទេស​របស់​យើង។ អ្វី​ដែល​យើង​នឹង​មិន​អត់​ឱន​ឱ្យ​ជា​ដាច់​ខាត​នោះ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ការ​ប៉ុនប៉ង​នានា ពី​សំណាក់​របប​បរទេស ក្នុង​ការ​រារាំង​កុំ​ឱ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំង​នោះ ឬក៏​ព្យាយាម​ពន្យុះ​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​ណាមួយ ឬក៏​ព្យាយាម​រាំង​ខ្ទប់ ចំពោះ​ទស្សនៈ​ជាក់លាក់​ណាមួយ​ដែល​ពលរដ្ឋ​អូស្ត្រាលី​ចង់​សម្ដែង​ចេញ។ យើង​ក៏​នឹង​មិន​អត់ឱន​ឱ្យ ចំពោះ​ទង្វើ​បែបជា​សត្រូវ​ក្រោម​រូបភាព​នៃ​ការ​តាមដាន​ឈ្លប​យក​ការណ៍ ការ​យាយី ឬ​ការ​បំភិតបំភ័យ​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា ឬ​សមាជិក​គ្រួសារ​របស់​ជនជាតិ​អូស្ត្រាលី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ។ រដ្ឋាភិបាល​អូស្ត្រាលី និង​ភ្នាក់ងារ​សន្តិសុខ​របស់​យើង​កំពុង​ឃ្លាំមើល​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​យើង​នឹង​ចាត់​វិធានការ​ដើម្បី​ការពារ​ជនជាតិ​អូស្ត្រាលី និង​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ »។​

សារព័ត៌មាន​អូស្ត្រាលី អេប៊ីស៊ី ញូស៍ (ABC News) ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ រាយការណ៍​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​អំពី​វិធី​ដែល​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ក្នុង​នោះ​មាន​ដូចជា ចិន (China) អ៊ីរ៉ង់ (Iran) រ្វាន់ដា (Rwanda) និង​កម្ពុជា កំពុង​បំភិតបំភ័យ និង​តាមដាន​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី។

ប្រធាន​សមាគម​ខ្មែរ​នៅ​រដ្ឋវិចតូរីយ៉ា (Victoria) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហន ចង់​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​តឹង​បន្តឹង​មិន​ផ្តល់​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​ឡាយ​ណា ដែល​ចង់​មក​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី៖

លោក ជា យូហន៖ « ជួនកាល​គឺ​មក​បំបែកបំបាក់ គឺ​ថា​វត្ត​ខ្លះ គឺ​មាន​ការ​បែកបាក់​គ្នា​ទៅ​ហើយ។ រឿង​ហ្នឹង​ហើយ ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ ដែល​យើង​មាន​ការ​ភ័យ។ យើង​ទាំង​អស់​គ្នា​តែងតែ ជា​ពិសេស គឺ​ប្រជាជន​អូស្ត្រាលី ដែល​មិន​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​យើង គឺ​គេ​ចាត់​ទុក​អ្នក​អស់​ហ្នឹង​ដូចជា Target របស់​គេ​អ៊ីចឹង ជា​មុខ​ព្រួញ​របស់​គេ ថា​នែក​ពួក​ហ្នឹង គឺ​ពួក​ប្រឆាំង​ជាមួយ​អញ។ គឺថា​សូម​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី មើល​ឱ្យ​ច្បាស់​ទៅ អ្នកណា​ដែល​មក​បង្កើត​សន្តិសុខ បង្កើត​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ខ្មែរ​អូស្ត្រាលី​ហ្នឹង សូម​កុំ​ឱ្យ​មក គឺ​ហាម​កុំ​ឱ្យ​មក​ឱ្យ​សោះ​មនុស្ស​ធន់​ហ្នឹង។ គឺថា​ទុក​ឱ្យ​គេ​រស់នៅ គេ​សប្បាយ​ចិត្ត​ណាស់​ដែល​រស់នៅ ធ្វើ​បាប​ចាប់​គេ​ដាក់គុក »

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា គណបក្ស​កាន់អំណាច​មិនបាន​បញ្ជូន​មនុស្ស​ទៅ​បំភិតបំភ័យ បំបែកបំបាក់ ឬ​តាម​យាយី​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ។ លោក​ជំរុញ​ឱ្យ​អូស្ត្រាលី​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ល្មើស​ច្បាប់​របស់​អូស្ត្រាលី៖

លោក សុខ ឥសាន៖ « អ្នកណា​ធ្វើ​ខុស​ច្បាប់​អូស្ត្រាលី ឱ្យ​គាត់​ចាប់​ទៅ គាត់​មាន​វិធានការ​ផ្លូវច្បាប់​ទៅ ពីព្រោះ​អា​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ វិសាលភាព ឯករាជភាព អធិបតីភាព របស់​អូស្ត្រាលី​ហើយ។ គាត់​ចាំបាច់​និយាយ​ធ្វើ​អី បើ​ឥត​ប្រយោជន៍​ទេ ... ។ រដ្ឋាភិបាល​អូស្ត្រាលី​ភ្លើ​ជាង​បង​ប្អូន​អ្នក​ប្រឆាំង​ខ្មែរ​នៅ​អូស្ត្រាលី ឬ​យ៉ាង​ម៉េច ? នេះ​បើ​និយាយ​ឱ្យ​ស្រួល​ស្ដាប់។ ខ្ញុំ​មិន​ជឿ​ថា អូស្ត្រាលី​គេ​ល្ងង់​ជាង​បងប្អូន​អាណិកជន​ខ្មែរ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ហ្នឹង ចេះ​ជាង​គេ​ទេ។ គេ​គ្រប់គ្រង​ស្រុក​ទេស​គេ គេ​ដឹង អ្នក​ណា​ធ្វើ​ខុស អ្នក​ណា​ធ្វើ​ត្រូវ។ អ៊ីចឹង​ទេ ក្រែង​យើង​ធ្វើ​នយោបាយ ធ្វើ​សកម្មភាព​វា​អន់​ជាង​គេ ចាញ់​គេ យើង​ចេះ​តែ​លាប​ពណ៌​គេ ? ខ្មែរ​អី ដូច​ជា គឹម សន្តិភាព ទៅ​ពី​ស្រុកខ្មែរ​ទៅៗ ជា​មាន​ឥទ្ធិពល​អី​សម្បើម​ម្ល៉េះ រហូត​ដល់​ទៅ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ទី​នោះ​បាន

ផ្ទុយពី​ការ​អះអាង​នេះ កាលពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​សញ្ជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ៤នាក់ ក្នុង​នោះ​មាន​លោក ជា យូហន លោក តាក់ ម៉េងហ៊ាង លោក ហុង លីម និង​ប្រពន្ធ​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​រង​នូវ​ការ​គំរាម​សម្លាប់​​តាមរយៈ​លិខិត​អនាមិក​មួយ​ច្បាប់។ ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ ធ្លាប់​បាន​គំរាម​តាម​វាយ​ដល់​ផ្ទះ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​រូបលោក​ ក្នុង​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​នៅ​ប្រទេស​អូស្ត្រាលី។

លោក ហ៊ុន សែន៖ « សូម​ផ្កាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាប់​ជា​មាន​រឿង​ហើយ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ។ អា​នេះ​និយាយ​ឲ្យ​ច្បាស់ ! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នក​ឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នក​ឯង​វិញ មាន​ទាស់​ខុស​អី ? អា​ហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក។ អ្នក​ឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នក​ឯង​ចាត់​ទុក​ថា​អា​ហ្នឹង​រូប ហ៊ុន សែន រួច​ហើយ​យក​ទៅ​​ដុត។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង »

ចាប់តាំង​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជាតិ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា «ក្លែងក្លាយ» កាលពី​ឆ្នាំ២០១៨ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប ជាដើម។ យុទ្ធនាការ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ដាក់​គោលដៅ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​ទាំងនោះ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ឈប់​គាំទ្រ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។