ក្រុម​ជនដៃ​ដល់​ព្រួត​វាយ​សកម្មជន​បក្សប្រឆាំង​នៅ​ភ្នំពេញ អាជ្ញាធរមិនទាន់វែកមុខឃើញនៅឡើយ

សកម្មជន​បក្ស​​​ភ្លើង​​​ទៀន​​នៅ​រាជ​ធានី​​​ភ្នំពេញ​​លោក នល់ ពង្ស​ធិរិទ្ធ ដែល​​ត្រូវ​ជន​​​មិន​​ស្គាល់​​មុខ​​មួយ​​ក្រុម​ព្រួត​​វាយ​ប្រហារ​​បណ្តាល​​​ឱ្យ​​រង​​របួស​ធ្ងន់​​កាល​​ពី​ខែ​កក្កដា​ថ្លែង​​ថា លោក​មិន​ទាន់​ទទួល​បាន​​យុត្តិធម៌​នៅ​​ឡើយ​​ទេ ដោយ​សារ​សមត្ថកិច្ច​មិន​អើ​ពើ​​រក​​ចាប់​​ជន​ល្មើស។ មន្រ្តី​ប៉ូលិស​​អះអាង​​ថា ​​សមត្ថ​កិច្ច​​កំពុង​​​ស៊ើប​អង្កេត​ករណី​នេះ ប៉ុន្តែ​លទ្ធផល​​មិន​​លឿន​តាម​ចិត្ត​របស់​ជន​រង​គ្រោះ​ចង់​បានទេ។ ទោះយ៉ាង​ណា មន្រ្តី​សង្គម​ស៊ីវិល​យល់​ថា​ការឆ្លើយ​តប​ដដែលៗ​របស់​សមត្ថកិច្ចគ្រាន់​តែ​ជា​លេស​ដោះ​សា​ ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​ចំពោះ​ការ​អនុវត្ត​ច្បាប់ និង​រង​ការ​រិះគន់​ពី​សាធារណៈ​ជន​បន្ថែម​ទៀត។

សកម្មជន​​​គណ​បក្ស​​​ភ្លើង​​​ទៀន​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​​​សែ​ន​​ជ័យ​ រាជធានី​ភ្នំពេញដែល​​ត្រូវ​ជន​​មិន​​ស្គាល់​​មុខ​ព្រួត​​​វាយ​​ទាំង​​កណ្តាល​​ថ្ងៃ​កន្លង​មក​ទាម​ទារ​រកយុត្តិធម៌​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។ គាត់​យល់​ថា​ភាព​យឺត​​យ៉ាវ និង​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​នៃ​សំណុំ​រឿង​នេះ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នឹង​ធ្វើឱ្យ​គាត់​រង​អំពើ​អយុត្តិធម៌​ដូចសកម្ម​ជន​យោបាយ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរ។

ជនរង​គ្រោះ​លោក នល់ ពង្សធារិទ្ធ រៀប​រាប់​​ប្រាប់​វិទ្យុ​​អាស៊ី​សេរី​​នៅ​​ថ្ងៃទី១៤ ខែសីហា​ថា​សំណុំ​រឿង​របស់​លោក​ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក សមត្ថកិច្ច​មិន​បានជូន​ដំណឹង​អំពី​លទ្ធផល​​ស៊ើបអង្កេត​ឱ្យ​ជឿនលឿន​ណា​មួយ​ដើម្បី​រក​ក្រុម​ជន​ដៃដល់​នោះ​ទេ។ លោក​យល់​ថា​ការ​បណ្តែត​បណ្តោយ​ឱ្យ​ជន​ប្រព្រឹត្ត​រួច​ផុត​ពីសំណាញ់​ច្បាប់​បែប​នេះ​បាន​ធ្វើឱ្យ​លោក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ដោយ​ពុំ​សូវហ៊ាន​ចេញ​ធ្វើ​សកម្មភាព​នយោ​បាយ​ដូច​មុន។ លោកនៅ​តែ​ចាត់ទុក​ករណី​ហិង្សានេះ គឺ​ជា​រឿង​គំរាម​កំហែង​ផ្នែក​នយោ​បាយ​រហូត​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ។

ជនរង​គ្រោះ​វ័យ៥០ឆ្នាំ​រូប​នេះ​ឱ្យដឹង​ថា​ស្នាម​របួស​ត្រង់​ក្បាល​របស់​លោក​មិន​ទាន់ជា​សះ​ស្បើយ​ទេ ដោយ​នៅ​ធ្វើទុក្ខ​ត្រង់​មុខ​របួស​បណ្តោយ​ឱ្យ​សភាព​រាង​កាយ​ទន់ខ្សោយ​ដូច​ជា​ឧស្សាហ៍​ញ័រដៃ និង​ត្អួតចង្អោរ​ជា​ដើម។ លោក នល់ ពង្ស​ធិរិទ្ធ ប្រាប់ថា​លោក​ចង់​ទៅ​មន្ទីរ​ជំនាញ​ដើម្បី​ពិនិត្យ​រក​មើល​មូល​ហេតុ​ដែរ ប៉ុន្តែ​លោកពុំ​មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ពិនិត្យ​និង​ព្យាបាល​របួស​ទេ ពីព្រោះ​ជីវភាព​គ្រួសាររបស់​លោក​ខ្វះ​ខាត។ ទោះយ៉ាង​ណា​លោក​នៅតែ​ស្នើយ៉ាង​ទទូច​ដល់​សមត្ថ​កិច្ចជួយ​ពន្លឿន​ស្វែង​រក​យុត្តិធម៌​ដល់​រូប​លោក​ឱ្យ​បាន​ឆាប់៖ «ខ្ញុំ​មក​ដល់​ថ្ងៃនេះ​ម៉ោង​នេះ ខ្ញុំមិន​ទាន់​ហ៊ាន​ដើរ​ចេញ​ទៅ​ខាងក្រៅ​រហេត​រហូត​ទេ ខ្ញុំ​នៅ​តែ​ផ្ទះ ពី​ព្រោះ​សមត្ថកិច្ច​មិន​ទាន់​រក​ឃាតក​ឬជន​ដៃ​ដល់ដែល​ប្រព្រឹត្ត​មក​លើ​ខ្ញុំ​ឱ្យ​ឃើញ​នៅ​ឡើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ដើរ​ចេញ​ធ្វើ​កិច្ច​ការ​ងារអ្វី​ទាក់​ទង​នឹង​គណបក្ស​ភ្លើង​ទៀន​បាន​ទេ គឺ​ខ្ញុំ​នៅ​តែ​ផ្ទះ​ដូច​មនុស្ស​ជាប់​នៅ​ក្នុងពន្ធនាគារ​អ៊ីចឹង​ដែរ»។

លោក នល់ ពង្សធិរិទ្ធ គឺ​​​​​​​​ជា​​​អនុ​​ប្រធាន​​​ក្រុម​​ការ​ងារ​​​​គណបក្ស​​​ភ្លើង​​ទៀន ខណ្ឌ​ពោធិ៍​​​សែន​​​ជ័យ រាជ​​​ធានី​​​ភ្នំពេញ។ កាលពីថ្ងៃទី១៧ ​ខែកក្កដា ​សកម្ម​ជន​នយោបាយ​រូប​នេះ ​ត្រូវ​បាន​​ជន​​មិន​ស្គាល់​មុ​ខ​​​ព្រួត​​វាយ​​ជា​លើក​ទី២​​បណ្តាល​ឲ្យ​រង​​របួស​​បែក​ក្បាល​​ធ្ងន់​ធ្ងរ​។ រូបភាព​​វីដេអូ​កា​មេ​រ៉ា​សុវត្ថិភាព ​បង្ហាញ​ថា ​ជន​ល្មើស​មាន​​​​គ្នា​​​​​ជិត ​​១០​នាក់​ ជិះ​​ម៉ូតូ​​​​​ប្រមាណ​​៤​ទៅ​៥​គ្រឿង ​ពាក់​​​មួក​​​សុវត្ថិភាព​​​ប្រដាប់​ដោយ​​​ដែក​​​រលាស់​​​ បាន​​ព្រួត​​​គ្នា​​​​វាយ​​​​លោក​​នៅ​​​​ភូមិ​​​ព្រៃ​​​ជី​​​សាក់ ​សង្កាត់​​​ចោម​​​​ចៅ​ទី៣ ​ខណ្ឌ​​ពោធិ៍​​​​សែន​​​​ជ័យ ​ក្នុង​ពេល​​លោក​​ធ្វើ​​​ដំណើរ​​​​ទៅ​​ចូល​​​រួម​កិច្ច​​​​​​​ប្រជុំ​​​​គណបក្ស​​​ខណ្ឌ។ វីដេអូ​​នោះ ​បង្ហាញ​ថា ​ក្រុមជន​ល្មើស​​​មួយ​ចំនួន​​ពាក់​​ឯក​សណ្ឋាន​​ឈុតខ្មៅ​​ដូច​គ្នា ​ហើយ​​ហាក់​​ដូច​ជា​​ក្រុម​​ដែល​មាន​​ការ​​បណ្តុះ​​បណ្តា​ល​​​​ជំនាញ​​និង​ផែន​ការ​​ច្បាស់​​លាស់​​ក្នុង​​ការ​​ធ្វើ​​សកម្មភាព​​វាយ​ប្រហារ​​ដោយ​​មាន​​អ្នក​ឌុប​ អ្នក​ចាំ​វាយ ​និង​​មាន​​​អ្នក​ចាំ​​បញ្ចប់​​ឬបិទ​​ជា​ដើម​។​​​​

ឆ្លើយ​​តប​​រឿង​​នេះ អ្នក​​​នាំ​​ពាក្យ​​​ស្នង​​ការ​ដ្ឋាន​​​នគរ​​បាល​​​រាជ​ធានី​​ភ្នំពេញ ​លោក សាន សុខសីហា ប្រាប់​​វិទ្យុ​អា​ស៊ី​សេរី​ថា​​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ករណី​ហិង្សា​នេះ ដោយ​ខាង​លោក​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត។ លោក​បន្ត​ថា​សមត្ថ​កិច្ច​មិនអាច​ស្រាវជ្រាវ​លឿន​តាម​ចិត្ត​របស់​ជន​រង​គ្រោះ​ចង់​បាន​ឡើយ។ លោក សាន សុខសីហា ថា​បើ​សិសមត្ថ​កិច្ច​មិន​ទាន់​វាយតម្លៃ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ចុងក្រោយ ដូច្នេះ​មហាជន​មិន​ត្រូវ​ចាត់​ទុក​ករណី​ហិង្សា​កន្លង​មក​ជាប់​ទាក់​ទង​រឿង​នយោ​​បាយ​នោះ​ទេ៖«ដូច​ជា​មិន​មាន​ការ​យឺត​យ៉ាវ​ទេ ដោយ​សារ​ភ្លាមៗ​យើង​បានទទួល​ពាក្យ​បណ្តឹង​ធ្វើ​ការ​ស្រាវ​ជ្រាយ ប៉ុន្តែ​គ្រាន់​តែ​ថា​ការ​ស្រាវ​ស្រាវ​ត្រូវ​ការ​រយៈពេល​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​ករណី​ជាក់​ស្តែង ពី​ព្រោះ​ករណី​ខ្លះ​ក៏​លឿន​ករណី​ខ្លះក៏ត្រូវ​ការ​ពេល​វេលា​ដែរ ដោយ​មិន​ចេះ​តែ​គ្រប់​ករណី ឬមួយ​រយ​​ករណី​​បាន​​ទាំងអស់​​ទេ »

ទោះ​​យ៉ាង​​ណា​​ជន​​រង​​គ្រោះដែល​ភាគ​ច្រើន​ជាសកម្មជន​នយោ​បាយ ​​អះអាង​ថា​​ជា​ច្រើន​ឆ្នាំ​មក​នេះ គ្មាន​​​​​ករណី​​​​​ណា​​​​​មួយ​ដែល​​​​​ត្រូវ​​​​​បាន​​​​​អាជ្ញាធរ​​​​​បង្ហាញ​​​​​លទ្ធ​ផល​​​​​ស៊ើប​​​​​អង្កេត ឬ​ភស្តុ​តាង និង​ចាប់​ជន​ដៃដល់​យក​មក​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ដើម្បី​​​ផ្តល់​​​ទំនុក​​ចិត្ត ទប់​ស្កាត់​អំហិង្សាផ្នែក​នយោ​បាយ​ទេ។

ជុំវិញ​រឿង​នេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក នី សុខា មាន​ប្រសាសន៍​ថា​ករណី​ហិង្សា​លើ​លោក នល់ ពង្សធិរិទ្ធ ដែល​មាន​វីដេអូឃ្លីប​បង្ហាញ​ពី​សកម្មភាព​ជន​ប្រព្រឹត្ត​ហិង្សា​កន្លង​មក អាជ្ញាធរ​មិន​គួរ​យឺត​យ៉ាវ​វែកមុខ និង​នាំខ្លួន​ជន​ដៃ​ដល់​មកផ្តន្ទាទោស​ច្បាប់​បែប​នេះ​ទេ។ លោក​សង្កេត​ឃើញថា​អំពើ​ហិង្សា​លើ​សកម្មបក្ស​ប្រឆាំង​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋា​ភិបាល​នោះ អាជ្ញាធរ​ហាក់​អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​​យុត្តិធម៌​ជូន​ពួក​គេ ហើយ​បញ្ហា​នេះសមត្ថកិច្ច​ជៀស​មិន​ផុត​ពី​ការ​រិះគន់​ពី​សំណាក់​មាហាជន​ដែល​សង្ស័យ​ទាក់​ទងរឿង​នយោ​បាយ​ឡើយ។ ដូច្នេះ​លោក​យល់​ថា​​អាជ្ញាធរ​គួរ​តែ​​​បង្ហាញ​លទ្ធផលស៊ើប​អង្កេត​ពិត​ប្រកដ​ ដើម្បី​រក​​យុត្តិធម៌​​ជូន​​ជន​​​​រង​​គ្រោះ​ឱ្យ​បាន​ឆាប់ និង​​បំបាត់​វប្បធម៌​​និទណ្ឌ​​ភាព​នៅ​កម្ពុជា៖ «បើ​សិន​ករណី​វាយ​មួយ​រក​មិន​ឃើញ ​ពីរ​រក​មិន​ឃើញ ​បី​រក​មិនឃើញ​ហើយ​សុទ្ធ​តែ​ជា​អ្នក​នយោ​បាយ និង​អ្នក​បញ្ចេញ​មតិ​សកម្ម​ក្នុង​សង្គម​ទៀតហ្នឹង ចង់​មិន​ចង់​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​មតិ​ជាតិ​​និង​អន្តរ​ជាតិ​ថា​វា​ប៉ះ​ពាល់​ដល់​បរិយា​កាស​នយោបាយ​មុន​ពេល​បោះឆ្នោត​ផង​ដែរ បើ​សិន​យើង​នៅ​តែ​បណ្តែតបណ្តោយ​អំពី​បញ្ហា​ហ្នឹង»។

គិត​​មក​​ដល់​​ពេល​​នេះ មាន​​សកម្មជន​​សង្គម​​និង​​គណបក្ស​នយោ​បាយ​​ប្រមាណ ៤០​នាក់​​ហើយ ដែល​​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​បង្ក​​ហិង្សា​​បណ្តាល​​ឲ្យ​​របួស​​ធ្ងន់​ធ្ងរ ហើយ​​ជន​រង​គ្រោះ​​ខ្លះ​​បាន​​ស្លាប់ និង​​ធ្លាក់​ខ្លួន​​ពិការ​​អស់​​មួយ​​ជីវិត​។ ករណី​​ទាំងនោះ​​ច្រើន​​មាន​​លក្ខណៈ​​ប្រហាក់​ប្រហែល​​គ្នា គឺ​​ជន​​ដៃ​ដល់​​ជិះ​​ម៉ូតូ​​ពាក់​មួក​​សុវត្ថិភាព​ព្រួត​វាយ ឬ​លួច​​វាយ​​ជន​រង​គ្រោះ​​ពី​ក្រោយ​​ខ្នង ឬ​​ដេញ​ធាក់​​ម៉ូតូ​​ផ្តួល ឬ​គប់​​ដុំ​​ថ្ម​​​ចូល​​​ក្នុង​​​ផ្ទះ ហើយ​​ភាគ​ច្រើន​​បំផុត​​អាជ្ញាធរ​​មិន​​បាន​​ចាប់​ខ្លួន​​ជន​​ដៃ​ដល់​​យក​​មក​ផ្ដន្ទា​ទោស​​នោះ​​ទេ​។ ជនរង​គ្រោះ​​ខ្លះ​​មិន​​ត្រឹម​តែ​​មិន​​ទទួល​​បាន​​យុត្តិធម៌​​នោះ​​ទេ តែ​​ថែម​ទាំង​​ត្រូវ​​បាន​​ជន​ល្មើស​​លួច​​វាយ​ប្រហារ​​ផ្ទួនៗ​​គ្នា​​ពីរ​​លើក ហើយ​​អ្នក​​ខ្លះទៀត ថែម​ទាំង​​ត្រូវ​​បាន​​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ​​​​​​ចាប់​​​ឃុំ​ខ្លួន​ដាក់​​​ក្នុង​​ពន្ធនាគារ​​​ទៀត​​​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។