អាជ្ញាធរបញ្ជូនកញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ក្រោយពេលមន្ត្រីអាមេរិកជួបលោក ហ៊ុន ម៉ាណែត ផ្ទួនៗ គ្នា
2023.09.29

អាជ្ញាធរបានផ្ទេរសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញវិញ។ មន្ត្រីសិទ្ធិមនុស្ស និងមេធាវីថាការសម្រេចនេះជាសញ្ញាវិជ្ជមានក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកផ្ទួនៗ គ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីអាមេរិក។ សង្គមស៊ីវិលបន្តទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងកញ្ញា សេង ធារី អ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។
ក្រោយពេលមន្ត្រីសិទ្ធិមនុស្ស និងមេធាវីដាក់លិខិតទៅតុលាការ និងក្រសួងមហាផ្ទៃស្នើសុំផ្ទេរបន្តបន្ទាប់មកនោះ អាជ្ញាធរឱ្យដឹងថា អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ កញ្ញា សេង ធារី ត្រូវបានបញ្ជូនពីពន្ធនាគារខេត្តព្រះវិហារទៅឃុំខ្លួននៅពន្ធនាគារ «ម២» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ខែកញ្ញាថា កញ្ញា សេង ធារី ជាប់ឃុំនៅក្នុងមណ្ឌលអប់រំកែប្រែ «ម២»។ លោកថា មូលហេតុ ដែលអាជ្ញាធរដឹកកញ្ញា សេង ធារី ត្រឡប់មកវិញនេះ ធ្វើឡើងតាមការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួង។
លោក នុត សវនា៖ «ឥឡូវនេះ គាត់ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ មូលហេតុ ដែលយើងបញ្ជូនមកវិញនេះ ដូចជាអត់មានបញ្ជាក់ទេ តែនេះជាការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួង»។
អាជ្ញាធរបានបញ្ជូនកញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមហេតុផលធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មួយថ្ងៃបន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនសិទ្ធិមនុស្សរូបនេះ ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលបានចាត់ទុកចំណាត់ការរបស់អាជ្ញាធរកន្លងមកថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ជាពិសេស រំលោភសិទ្ធិរបស់ជនជាប់ឃុំ។
ទាក់ទងរឿងនេះ មេធាវីរបស់កញ្ញា សេង ធារី គឺលោក សំ ចំរើន ថ្លែងថា ការផ្ទេរកញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារមកពន្ធនាគារនៅរាជធានីភ្នំពេញនឹងជួយឱ្យកូនក្ដីងាយស្រួលជួបជាមួយគ្រួសារ និងមេធាវី។ ប៉ុន្តែលោកឱ្យដឹងថា រហូតមកដល់ពេលនេះសាលាឧទ្ធរណ៍ភ្នំពេញមិនទាន់កំណត់ថ្ងៃបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់កញ្ញា សេង ធារី នៅឡើយទេ ដូច្នេះលោកនឹងចូលជួបសួរសុខទុក្ខ និងពិភាក្សាផ្លូវច្បាប់ជាមួយកូនក្ដីនៅសប្ដាហ៍ក្រោយនេះ។
លោក សំ ចំរើន៖ «ខ្ញុំមានលិខិតពីនាយកដ្ឋានហើយ (ពន្ធនាគារ) ចូលជួបគាត់ (កញ្ញា សេង ធារី) ក្នុងនាមមេធាវីនឹងកូនក្ដីដូចជាមិនមានឧបសគ្គអ្វីទេធម្មតាយើងនឹងជជែកជារួមហើយ ទៅលើអង្គហេតុ និងអង្គច្បាប់នៃរឿងក្ដីហ្នឹង គាត់មកនៅជិតនេះហើយយើងងាយជួបជាងនៅឆ្ងាយ»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សាទរចំពោះការបញ្ជូនកញ្ញា សេង ធារី មកដាក់នៅពន្ធនាគាររាជធានីភ្នំពេញដែលនៅជិតមេធាវី ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។ លោកយល់ថា ករណីនេះជាសញ្ញាល្អមួយបន្ទាប់ពីសហរដ្ឋអាមេរិកជួបពិភាក្សាជាមួយរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់មកនេះ។ ទោះយ៉ាងណាក្ដី មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញតុលាការគួរពន្លឿនសវនាការលើសំណុំរឿងនេះឱ្យបានឆាប់ និងដោះលែងកញ្ញាឱ្យមានសេរីភាពឡើងវិញ ពីព្រោះសកម្មភាពតស៊ូមតិរបស់កញ្ញាកន្លងមកគឺជាការអនុវត្តសិទ្ធិដើម្បីស្វែងរកយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា៖ «បណ្ដាប្រទេសលោកសេរីតែងតែលើកឡើងនូវអ្វីដែលជាការរំលោភបំពានសិទ្ធិមនុស្ស រំលោភបំពានទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឬស្ថានភាពនយោបាយនៅកម្ពុជា ជជែកជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីហើយ ប៉ុន្តែអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីក្នុងការបើកលំហនូវសិទ្ធិសេរីភាពទាំងអស់នោះទេដែលយើងមិនទាន់ឃើញមានអ្វីកើតឡើងជាដុំកំភួន ប៉ុន្តែយើងនៅតែឃ្លាំមើល និងតាមដានបន្តទៅទៀត ដោយសង្ឃឹមថា ករណីកញ្ញា សេង ធារី ជាចំណុចចាប់ផ្ដើមនៃការបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយឡើងវិញបាទ »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ប្លង់ សំណាង និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែកញ្ញា។
កាលពីពេលថ្មីៗ នេះ សហរដ្ឋអាមេរិកបានជំរុញឱ្យលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថ្មីបើកលំហសិទ្ធិសេរីភាពពលរដ្ឋវិញដើម្បីធានាថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមបានដោយសេរីក្នុងដំណើរការនយោបាយ ហើយដោះលែងបុគ្គល និងសកម្មជននយោបាយ រួមមានសកម្មជនសិទ្ធិមនុស្សសញ្ជាតិ-ខ្មែរអាម៉េរិកកាំង គឺកញ្ញា សេង ធារី ផងដែរ។
កាលពីថ្ងៃទី២២ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានជួបអនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិក អ្នកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) នៅទីក្រុងញូវយ៉ក (New York) ដោយជជែកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយ ១៨លានដុល្លារឡើងវិញដល់កម្ពុជា ដែលអាមេរិកបានកាត់ផ្ដាច់ក្រោយពីការបោះឆ្នោតក្លែងក្លាយ កាលពីថ្ងៃទី២៣ កក្កដា។ ដោយឡែក កាលពីថ្ងៃទី២៧ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) នៅវិមានសន្តិភាពដែរ។ នៅក្នុងជំនួប នោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រិក ម័រហ្វី បានថ្លែងថា ការសម្រេចបន្តឡើងវិញនូវកម្មវិធីជំនួយបរទេសមួយចំនួនរបស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃជំនួយជារួម ដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិក គូសបញ្ជាក់នៅមុខលោក ហ៊ុន ម៉ាណែត ថាសារៈសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន គឺចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។