ក្រុម​ពលករ និង​ព្រះសង្ឃ​ទៅ​សួរ​សុខ​ទុក្ខ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​មន្ទីរ​ឃុំឃាំង​ថៃ​ក្នុង​ទីក្រុង​បាងកក

0:00 / 0:00

ពលករ​ខ្មែរ និង​ព្រះសង្ឃ​មួយ​ក្រុម​ចូល​សួរ​សុខ​ទុក្ខ​និង​យក​ស្បៀង​អាហារ ជូន​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​កំពុង​ជាប់​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង នៃ​ប៉ូលិស​អន្តោប្រវេសន្ត​ថៃ ក្នុង​ទីក្រុង​បាងកក។ ពួកគេ​អះអាង​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​ខ្លាច​អាជ្ញាធរ​ថៃ​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ​គួរ​ដល់​ពេល​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ជជែក​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​គោរព​សិទ្ធិ​ជន​ភៀស​ខ្លួន។

ក្រុម​ពលករ និង​ព្រះសង្ឃ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែកុម្ភៈ បាន​យក​ម្ហូប​អាហារ​ចូល​សុខ​ទុក្ខ​ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន ​១១នាក់ រួម​ទាំង​ក្មេង​តូច ៤នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន្ត​ថៃ ក្នុង​ទីក្រុង​បាងកក កាល​ពី​ពេល​ថ្មីៗ នេះ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ លោក អែម ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៥ កុម្ភៈ​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន្ត​សួនភ្លូ (Suan Phlu) ចំណែក​ប្រពន្ធ​និង​កូន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផ្នែក​ស្ត្រី និង​កុមារ​នៅ​ទីក្រុង​បាងកក ដោយ​ពួកគេ​មាន​សុខភាព​ល្អជា​ធម្មតា។ ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា រឿង​ដែល​លោក​ខ្លោច​ចិត្ត​ពេល​ឃើញ​ពួកគេ​យំ​រៀបរាប់​ដោយសារ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កំណើត។ លោក​ថា ពួកគេ​ស្នើ​ដល់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ​ជួយ​អន្តរាគមន៍​ដោយ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ។

លោក អែម ពិសិដ្ឋ៖ «ពួកគាត់​នៅតែ​បារម្ភ ខ្ញុំ​សួរ​គាត់​ទៅ​ចង់​ឱ្យ​ជួយ​យ៉ាង​មិច​ឱ្យ​គាត់​ឆាប់​បាន​ចេញ​កាន់តែ​ល្អ ពួក​គាត់​អត់​ចង់​នៅ​ហ្នឹង​ទៀត​ទេ ពីព្រោះ​ពួក​គាត់​នៅ​ហ្នឹង​ទៀត​ពិបាក មាន​តែ​ទឹក​ភ្នែក មាន​តែ​បាក់​ទឹក​ចិត្ត ម្នាក់ៗ​និយាយ​ថា​បញ្ជូន​ទៅ​ខ្មែរ​វិញ​អ៊ីចឹង ខ្ញុំ​បាន​លើក​ទឹកចិត្ត​គាត់​ថា​អង្គការ ក៏​ដូច​ជា យូអិន​ហ្នឹង​ចុះ​ទៅ​ដើម្បី​មើល​ថែ និង​លើក​ទឹកចិត្ត​ពួកគាត់​អ៊ីចឹង​ទៅ»។

កាល​ពី​ថ្ងៃ​ទី២ កុម្ភៈ ប៉ូលិស​ថៃ​បាន​ចូល​ចាប់​ខ្លួន លោក ផន ផាន់ណា នៅ​បន្ទប់​ស្នាក់នៅ​ក្នុង​ខេត្ត​រាក់យ៉ង (Rayorng) ដោយ​សមត្ថកិច្ច​បាន​បញ្ជូន​លោក ផន ផាន់ណា និង​ប្រពន្ធ​របស់​លោក រួម​ទាំង​កូន​តូចៗ ពីរ​នាក់​យក​ទៅ​ឃុំ​ខ្លួន។ នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ក៏​បាន​ទៅ​ព័ទ្ធ​បន្ទប់​ស្នាក់​នៅ​របស់​អតីត​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ា និង​នាំ​ខ្លួន​លោក គង់ រ៉ៃយ៉ា ប្រពន្ធ និង​កូន​តូច​ពីរ​នាក់​ទៅ​ឃុំ​ខ្លួន។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង និង​ជា​តំណាង​ជន​ភៀស​ខ្លួន​ម្នាក់​ទៀត គឺ​លោក លឹក សុខា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​នៅ​ម្ដុំ​ស្ថានីយ​រថយន្ត​អនុស្សាវរីយ៍ នៅ​ក្នុង​ទីក្រុង​បាងកក នៅ​យប់​ទី២ ខែកុម្ភៈ។

តំណាង​គណៈកម្មការ​ជន​ភៀស​ខ្លួន​ប្រចាំ​ប្រទេស​ថៃ លោក ខឹម មុន្នីកុសល ប្រាប់​ថា ការ​ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​ក្រុម​ជន​ភៀស​ជា​បន្តបន្ទាប់​មក​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ពួក​លោក​ដែល​មាន​ឈ្មោះ និង​រូបថត​ក្នុង​ដៃ​អាជ្ញាធរ​ថៃ ត្រូវ​តាម​ចាប់​ខ្លួន​កំពុង​សម្ងំ​រស់​នៅតែ​ក្នុង​បន្ទប់ ដោយ​មិន​ហ៊ាន​ចេញ​ទៅ​យក​ស្បៀង​អាហារ​នៅ​អង្គការ​ដូច​លើក​មុន​នោះ​ទេ។

លោក ខឹម មុន្នីកុសល៖ «យើង​មិន​អាច​លាក់​បាំង​បាន​ទេ​នូវ​សកម្មភាព​បង្ក្រាប​នៅ​ចំពោះ​មុខ​នេះ​គឺ​ជា​ផែនការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជាក់ស្ដែង​ណាស់ ហើយ​នៅ​ក្នុង​ហ្នឹង​មន្ត្រី​ស្ថានទូត​គឺ​សកម្ម​ណាស់​ដែល​កំពុង​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ ជាពិសេស​ប៉ូលិស​ថៃ​​​តាម​ស្វែង​រក​មិន​​ថា​ពួក​យើង​ជា​ជន​ភៀស​ខ្លួន​ទេ សូម្បី​ពលករ​ក៏​គេ​​តាម​ដាន គាប​សង្កត់​ដែរ»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា សង្កេត​ឃើញ​ថា​ជន​ភៀស​ខ្លួន​ទាំង​នោះ​បាន​រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​ដោយសារ​អាជ្ញាធរ​ខ្មែរ​តាម​ធ្វើទុក្ខ​បុក​ម្នេញ និង​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​តាម​យាយី​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ។ លោក​យល់​ថា​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​គួរ​បន្ត​ជែក​ជាមួយ​រដ្ឋាភិបាល​ថៃ​ឱ្យ​ពិនិត្យ​លើ​កាតព្វកិច្ច​អន្តរ​ជាតិ​ឡើង​វិញ​ទាក់ទង​ការ​គោរព​សិទ្ធិ និង​ធានា​សុវត្ថិភាព​ជន​ភៀស​ខ្លួន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ។

លោក នី សុខា៖«បើ​យើង​មើល​លើ​គោលការណ៍​អន្តរជាតិ​ប្រទេស​មួយ​ចំនួន ដែល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​ត្រូវ​តែ​គោរព​នូវ​ខ្លឹមសារ​នៃ​អនុសញ្ញា​ហ្នឹង អ៊ីចឹង បើ​តាម​ខ្លឹមសារ​ហ្នឹង​ថៃ​មិន​គួរ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​ឋាន​ជា​ជន​ភៀស​ខ្លួន​ដែល​ចេញ​​មក​​ប្រទេស​កំណើត​ទេ»។

បច្ចុប្បន្ន​នេះ​មាន​ជន​ភៀស​ខ្លួន​ខ្មែរ​កំពុង​ជាប់ឃុំ​នៅ​ប្រទេស​ថៃ​ចំនួន ១៥នាក់ ក្នុង​នោះ ក៏​មាន​ទាំង​មនុស្ស​ចាស់ និង​កុមារ​ផង។ ករណី​សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់​ជន​ភៀស​ខ្លួន​កាន់តែ​ខ្លាំង​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​​នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ ខណៈ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ទាមទារ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ត្រូវ​បញ្ឈប់​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ជា​បន្ទាន់។

ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​នេះ លោក ហ៊ុន ម៉ាណែត នឹង​ចូល​គាល់​ព្រះមហាក្សត្រ និង​ជួប​ប្រធាន​រដ្ឋសភា​ថៃ។ អំឡុង​ពេល​នៅ​ទីក្រុង​ទីក្រុង​បាងកក​នេះ​ដែរ លោក ហ៊ុន ម៉ាណែត ក៏​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដើម្បី​ជជែក​លើ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក រួច​ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​មួយ​ចំនួន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក ជួប ប៉ារីស៍ ដើម្បី​សាកសួរ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ។

យ៉ាង​ណា​ក្តី អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូល​ហេតុ​ដែល​អាជ្ញាធរ​ថៃ​បង្ក្រាប​ជន​ភៀស​ខ្លួន​មិន​ដក​ដៃ​ទំនង​ជា​ចង់​ផ្គាប់ចិត្ត​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កម្ចាត់​សំឡេង​ប្រឆាំង​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​លោក ហ៊ុន ម៉ាណែត និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មើល​ឃើញ​ថា ថៃ​នឹង​ទទួល​កាដូ​ធំ​ពី​រដ្ឋាភិបាល​កម្ពុជា​មក​វិញ គឺ​យក​ប្រៀប​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាពិសេស ការចរចា​លើ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​នៃ​ព្រំដែន​សមុទ្រ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។