អ្នកវិភាគ​ថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​កិច្ចការ​បោះឆ្នោត លើកឡើងថា ការចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ធ្វើឱ្យ​ល្អក់កករ​ដល់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមុន​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧ ខែកក្កដា​ខាងមុខ​នេះ។ ពួកគេ​បារម្ភថា ការចាប់ខ្លួន​នេះ អាច​ប៉ះពាល់ដល់​ដំណើរការ​នៃ​ការបោះឆ្នោតជាតិ​នាពេល​ខាងមុខនេះ។

អស់ពី​វេន​លោក សុន ឆ័យ និង​លោក គង់ គាំ ដែល​សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ភ្លើងទៀន ទទួល​រងនូវ​ការធ្វើទុក្ខបុកម្នេញ​ក្នុងរឿងរ៉ាវ​បណ្តឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ ឥឡូវនេះ​ដល់វេន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត គឺ លោក ថាច់ សេដ្ឋា វិញម្តង។ លោកត្រូវបាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ ក្រោយរង​ការចោទប្រកាន់​ថា បាន​ចេញសែក​អត់លុយ ឬសែកស្អុយ​កាលពី​អំឡុងឆ្នាំ២០១៩។

អ្នកវិភាគ​នយោបាយ លោក មាស នី មើលឃើញថា ការចាប់ខ្លួន​នេះ​ជានិន្នាការ​មួយ​​បង្ហាញថា អ្នកនយោបាយ​បក្សប្រឆាំង​ទំនងជា​ពិបាក​គេចរួច​ពីការតាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។

លោក មាស នី៖«ឥទ្ធិពល​របស់​ភ្លើងទៀន​ហាក់ដូចជា​នៅក្នុង​ក្រសែ​ភ្នែក​របស់​រដ្ឋាភិបាល។ បើយើង​មើល​ពី​យុទ្ធសាស្ត្រ​ដែលយើង​ឃើញ​ពីមុនមក វា​ដូច​កញ្ច្រែង​រែង​អង្ករ​អ៊ីចឹង។ ដូចយើង​ឃើញ​ស្រាប់ហើយ​ថា ឥឡូវ​វាមាន​ទាំងការ​រឹបអូស​ទ្រព្យសម្បត្តិ ការប្តឹង​ក្នុងរឿង​ផ្ទាល់ខ្លួន ហើយ​រឿងផ្ទាល់​ខ្លួន​នេះ បើសិនជា​មិនមាន​រឿងបច្ចុប្បន្ន ក៏​យករឿង​អតីតកាល​មកដែរ។ ដូច្នេះ យើងមើល​ទៅ​ក្នុងច្រក​ទាំងអស់នេះ ខ្ញុំ​គិតថា​អ្នកធ្វើ​នយោបាយ​នៅស្រុកខ្មែរ មិនមាន​អ្នកណាមួយ​គេចរួចទេ។ តិចណាស់​ដែល​គេចរួច»។

លោក មាស នី បារម្ភថា ចំណាត់ការ​នេះ នឹង​ធ្វើឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់តែ​អាប់អួរ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ។

លោក មាស នី៖«សម្រាប់​ប៉ះពាល់ គឺវា​ប៉ះពាល់ហើយ បើ​កាលណា​ដំណើរការ​នៃការបោះឆ្នោត វា​មិន​សេរី មិន​យុត្តិធម៌។ កាលណា​យើងនិយាយ​ពី​រឿងបោះឆ្នោត យើង​មិនមែន​និយាយ​តែពី​រឿង​ដើរទៅ​បោះឆ្នោត​តែមួយ​ថ្ងៃនោះទេ។ យើង​មើលពី​ដំណើរ​ទូទៅ​តាំងពី​ឥឡូវនេះទៅ​ថាតើ​ការប្រកួត​ហ្នឹង វា​បាន​ស្មើភាព​គ្នា​ដែរឬអត់។ ករណី​ដែល​យើង​សង្កេតឃើញ យើងឃើញ​ហើយ​កន្លងមក ប៉ុន្មាន​ឆ្នាំហ្នឹង អ្នកនយោបាយ​ខ្មែរ​យើង មាន​ខ្លះចងដៃ​គ្នា​ហើយ បាន​បបួល​គ្នា​លោត​ទៅហែលទឹក។ បានន័យថា គូរបក្ខដិបក្ខ​ម្ខាង​ចងដៃ​ឱ្យ​អស់​ទៅក្រោយទៅ ហើយ​បបួល​ទៅលោតទឹក ហែល​ទាំងអស់គ្នា​អីទៅ។ ឬមួយទៀត​គេហៅ​ថា របៀប​រត់ប្រណាំងគ្នា​តាមបែប​រាប់ មួយ ពីរ បី ទៅ ប៉ុន្តែ បាញ់​កាំភ្លើង​ឱ្យ​បាក់ជើង​សិន ហើយ​ចាំបបួលគ្នា​ប្រណាំង​រត់។ ដល់តែ​រត់ទៅ មានតែម្នាក់​ហ្នឹងឯង​ដែលទៅដល់​ទីដៅ ដល់អ្នកដទៃទៀត នៅ​ខ្វិនខ្វង់​តាមផ្លូវ»។

ស្រដៀងគ្នា​ទៅនឹង​ការលើកឡើងនេះ អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស វាយតម្លៃ​ថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នាពេលនេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការបោះឆ្នោត​ខាងមុខ។

លោក កន សាវាង្ស៖«ខ្ញុំ​នៅ​មើលឃើញថា វា​ពាក់ព័ន្ធនឹង​អ្នកនយោបាយ​ច្រើនណាស់។ ខ្ញុំ​មិនវាយតម្លៃ​ថាតើ​ដំណើរការ​នេះ វា​ពាក់ព័ន្ធនឹង​វិបត្តិនយោបាយ​យ៉ាងម៉េចទេ ប៉ុន្តែ ខ្ញុំ​មើលឃើញ​ថា សុទ្ធតែ​សកម្មជន ឬក៏​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នយោបាយ​ដែល​ដំណើរការ​នេះ វា​អាច​មាន​ផលជះ​សម្រាប់​ដំណើរការ​នៃការ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២៣​ខាងមុខនេះ សម្រាប់​គណបក្ស​ប្រកួតប្រជែង។ យើងដឹងហើយថា គណបក្ស​ភ្លើងទៀន គឺជា​គណបក្ស​ដែលមាន​ការគាំទ្រ​ខ្លាំងទីពីរ»។

ជុំវិញ​ការចាប់ខ្លួន​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឈ្មោះ ទិត ដាលីន កាលពី​ថ្ងៃទី១៦ ខែមករា បានចេញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន លោក ថាច់ សេដ្ឋា បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំកែប្រែទី១ ឬគុកព្រៃស។ លោក ថាច់ សេដ្ឋា ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពីបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញ​ដូរបាន» ប្រព្រឹត្ត​នៅ​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ២០១៩។

អ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ផ្សាយ​នៅថ្ងៃទី១៦ ខែមករា ដដែល ថា តំណាង​អយ្យការ​បាន​ទទួល​ពាក្យបណ្តឹង​ពីក្រុមហ៊ុន រិន ឆាយ ផនសប ដែល​បាន​ប្តឹង​លោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញ​ដូរបាន» ឬ​ចេញសែក​ដោយគ្មាន​សាច់ប្រាក់ ចំនួន៥សន្លឹក កាលពី​អំឡុង​ឆ្នាំ២០១៩។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​អះអាងថា លោក ថាច់ សេដ្ឋា បាន​ខកខាន​មិនបាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន​ពីរលើក​របស់​ចៅក្រមស៊ើបសួរ​ចុះកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និង​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយ​ពុំមាន​មូលហេតុ ទើបបាន​ជា​ឈានទៅដល់​ការចាប់ខ្លួន និង​បញ្ជូន​លោក​ទៅឃុំខ្លួន​បណ្តោះអាសន្ន​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការពន្យល់​បន្ថែម​ជុំវិញ​រឿងនេះ​បានទេ នៅថ្ងៃទី១៦ ខែមករា ម្សិលម៉ិញ។

ទោះយ៉ាងណា មេធាវី​ការពារក្តីឱ្យ​លោក ថាច់ សេដ្ឋា គឺលោក សំ សុគង់ ពន្យល់​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​ល្ងាចថ្ងៃទី១៦ ខែមករា ថា ទាំងលោក និង​កូនក្តីលោក សុទ្ធតែ​ពុំបាន​ដឹង​អំពីរឿងហេតុ​ពាក់ព័ន្ធនឹង​ការប្តឹងផ្តល់​ជុំវិញ​រឿងចេញ​សេកស្អុយ​នេះ។

លោក សំ សុគង់៖«យើង​អត់បាន​ដឹង។ ខ្ញុំ​មេធាវី​នៅក្នុង​គណបក្ស​ហ្នឹង គឺអត់បាន​ដឹង ហើយ​សាម៉ីខ្លួន​ហ្នឹង​ក៏មិនបាន​ដឹង​អំពីរឿងហេតុ​ដែលមាន​ការប្តឹងផ្តល់​ទៅដល់​តុលាការ​ទាក់ទងទៅនឹង​សំណុំរឿងនេះ។ យើងឃើញ​នៅក្នុង​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ហ្នឹង ឃើញ​ថា គេយើង​ទៅលើ​ដីកា​បង្គាប់​ឱ្យចូលខ្លួន​ពីរដង។ ប៉ុន្តែ ខ្ញុំ​យល់ថា កូនក្តី គឺ​ឯកឧត្តម ថាច់ សេដ្ឋា ដែលជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រហែលជា​មិនបាន​ទទួលដីកា ឬមិនបាន​ទទួលដំណឹង​ទៅតាម​អ្វីដែល​ជា​ការយោង​នៅក្នុង​ដីកាហ្នឹង​ទេ។ បើសិនជា ឯកឧត្ដម​បាន​ទទួលដីកា​ពិតមែននោះ ប្រហែលជា​ឯកឧត្ដម​នឹង​មិនគេចវេស​ទៅនឹង​ការអនុវត្ត​ច្បាប់ទេ ហើយក៏​អាចនឹង​ពឹងពាក់​មេធាវី​ដើម្បី​ដំណើរការ​លើសំណុំរឿងនេះ កាលពី​ឆ្នាំ២០១៩​ហ្នឹងហើយ»។

ផ្អែកតាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាចជួញដូរបាន និង​ប្រតិបត្តិការ​ទូរទាត់​សងប្រាក់ លោក ថាច់ សេដ្ឋា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​ពីរឆ្នាំ ទៅ ប្រាំឆ្នាំ និង​ពិន័យជា​ប្រាក់​ពី​៥លានរៀល ទៅ១០លាន​រៀល ប្រសិនបើ​តុលាការ​រកឃើញ​ថា លោកពិតជា​មាន​កំហុសមែន។

គណបក្ស​ភ្លើងទៀន បាន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែលបាន​ចាប់ និង​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ។ សេចក្តីថ្លែងការណ៍​ផ្សាយកាលពី​ថ្ងៃទី១៦ ខែមករា គណបក្ស​នេះថា ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នេះ​កើតមានឡើង​ក្រោយពី​មាន​ចលនា​បំភិតបំភ័យ និង​ការគំរាមកំហែង​ជាបន្តបន្ទាប់​ក្នុងពេល​ថ្មីៗ​នេះ ពី​សំណាក់​អ្នកមាន​អំណាច មកលើ​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន។ គណបក្ស​ភ្លើងទៀន ចាត់ទុក​ការចាប់ និង​ឃុំខ្លួន​លោក ថាច់ សេដ្ឋា នេះ គឺជា​រឿងនយោបាយ និង​ជារូបភាព​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋខ្មែរ មិនឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស។ គណបក្សភ្លើងទៀន អំពាវនាវ​ដល់​រដ្ឋាភិបាល និង​តុលាការ​ក្រុងភ្នំពេញ ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យមាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់​ដោយឥតលក្ខខណ្ឌ ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅខែ​កក្កដា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។