លោក វ៉ា គឹមហុង ថា កង​កម្លាំង​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​តំបន់​ណា ដែល​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​រួចរាល់

0:00 / 0:00

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឱ្យ​ដឹង​ថា កង​កម្លាំង​វិស្វកម្ម របស់​ក្រសួង​ការពារ​ជាតិ បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ឆ្លងកាត់ស្រុកចំនួន៣ គឺ​ស្រុក​អូរ​រាំង​ ស្រុក​ពេជ្រាដា និង​ស្រុក​កែវ សីមា សម្រេច​បាន ៦៣​គីឡូ​ម៉ែត្រ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថាបនា​បន្ត​ទៀត នៅ​តំបន់​ដែល​មាន​ឯកភាព​នឹង​គ្នា​បោះ​បង្គោល​ព្រំ​ដែន​រួចរាល់។ ផ្លូវ​ក្រវាត់​ព្រំដែន​នោះ មាន​ទទឹង ១០ម៉ែត្រ ក្រាល​ក្រួស​ក្រហម សង់​ស្រប​គ្នា​នឹង​ខ្សែ​បន្ទាត់​ព្រំដែន មាន​គំលាត​ពី​អ័ក្ស​ព្រំដែន​យ៉ាង​ហោច​ណាស់ ៣០ម៉ែត្រ។

អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ កុម្ភៈ​ថា កង​កម្លាំង​វិស្វកម្ម កំពុង​ជួប​ការ​លំបាក​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ដោយសារ​ភូមិ​សាស្ត្រ​ខេត្ត​នេះ​ជា​តំបន់​ខ្ពង់​រាប មាន​ជ្រោះ និង​ព្រៃ​ភ្នំ​ខ្ពស់ៗ ឡើង​ចុះ​ច្រើន។ លោក​ថា ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ស្ថាបនា​សម្រេច​បាន ៦៣គីឡូ​ម៉ែត្រ ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​ពុំ​ទាន់​មាន​ប្រព័ន្ធ​លូ​ទឹក និង​ស្ពាន គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​កង​កម្លាំង​វិស្វកម្ម​កំពុង​ដោះ​ស្រាយ។ លោក​បន្ថែម​ថា ផ្លូវ​ក្រវាត់​ព្រំដែន​នេះ នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ។ ជាពិសេស ការពារ​បូរណភាព​ទឹក​ដី​រឹងមាំ៖ «ជ្រោះ​ជ្រលង​ដង​អូរ​ជ្រៅៗ ច្រើន។ ដូច្នេះ​ទាល់​តែ​ធ្វើ​ស្ពាន ទាល់​តែ​ដាក់​លូ។ កន្លែង​ខ្លះ​ដាក់​លូ​មិន​កើត​ទេ ដាក់​ជា​បាឡូ​ជា​លូ​ទៅ​តាម​ប្រភេទ​ជ្រោះ ប្រភេទ​អូរ។ អា​ហ្នឹង​ត្រូវ​សិក្សា​តាម​ហ្នឹង បាន​យើង​ជាប់​លាប់ បើ​មិន​អ៊ីចឹង​ទេ ខែ​វស្សា​ឡើង គឺ​ដាច់​ហើយ ដាច់​ត្រង់​កន្លែង​អូរ​ហ្នឹង។ ផ្លូវ​កង​កម្លាំង​វិស្វកម្ម​ធ្វើ​ស្អាត​ណាស់។ ជា​រួម ប្រយោជន៍​គឺ​យើង​ការពារ​ជាតិ​យ៉ាង​តឹង​មាំ ក្រោយ​ពី​យើង​បោះ​បង្គោល​ហើយ គឺ​យើង​មាន​ខ្សែ​ក្រវាត់​ព្រំដែន យើង​មាន​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ »

ចំណែក ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា កង​កម្លាំង​វិស្វកម្ម កំពុង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​តំបន់​ណា ដែល​ភាគី​កម្ពុជា និង​វៀតណាម ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​រួចរាល់ មាន​ចំនួន​សរុប ៨៤ភាគ​រយ។ លោក​ថា តំបន់​ដែល​កំពុង​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន ឋិត​នៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគីរី។ លោក​បញ្ជាក់​ថា នៅ​ចន្លោះ​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា អាជ្ញាធរ​មិន​ទាន់​ស្ថាប័ន​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ឡើយ​ទេ​ដោយ ត្រូវ​រង់ចាំ​ភាគី​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​សិន៖ «ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​នេះ ទន្ទឹម​នឹង​ខ្សែ​ព្រំដែន​គំលាត​យ៉ាង​តិច​ណាស់ ៣០ម៉ែត្រ ពី​ខ្សែ​ព្រំដែន​ផ្លូវការ។ យើង​ធ្វើ​បណ្ដើរៗ មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ យើង​ធ្វើ​តែ​កន្លែង​ណា ដែល​ទាមទារ​ឯកភាព​គ្នា​ហើយ។ កន្លែង​ណា ដែល​មិន​ទាន់​ឯកភាព​គ្នា​ទេ មិន​ទាន់​ធ្វើ​បាន​ទេ »

លោក វ៉ា គឹមហុង បន្ថែម​ថា រដ្ឋាភិបាល​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ខេត្ត​ដែល​ជាប់​ព្រំដែន ជាមួយ​វៀតណាម ថៃ និង​ឡាវ ហើយ​បច្ចុប្បន្ន​កង​កម្លាំង​វិស្វកម្ម​កំពុង​សាងសង់ នៅចន្លោះ ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​បោះ​បង្គោល​រួចរាល់។ តែ​យ៉ាង​ណា​លោក​មិន​អធិប្បាយ​លម្អិត​ថា កង​កម្លាំង​វិស្វកម្ម​របស់​ក្រសួង​ការពារ​ជាតិ សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន បាន​ប៉ុន្មាន​គីឡូ​ម៉ែត្រ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ?៖ «ខេត្ត​មួយ​យើង​ធ្វើ​ផ្លូវ​ព្រំដែន​ចោះៗ មិន​ទាន់​បាន​ទាំង​អស់​ទេ។ កន្លែង​ខ្លះ​នៅ​សល់​មណ្ឌលគិរី​នៅ​សល់​ខ្លះ រតនគិរី​ក៏​នៅ​សល់​ដែរ​មិន​ទាន់​រួច​អស់​ទេ។ បោះ​បង្គោល​បាន ៨៤ភាគ​រយ​ឯកភាព​គ្នា យើង​នឹង​ខិតខំ​ធ្វើ​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ហ្នឹង »

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ​ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​ ៣៧១បង្គោល ។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​បង្គោល​ ឬ​ស្មើ​និង​ ៨៤ភាគ​រយ​ហើយ​ នៅ​សល់​បង្គោល​ចំនួន ៥៦ ទៀត​ ឋិត​នៅ​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ ខេត្ត​កណ្ដាល​ និង​ខេត្ត​តាកែវ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់​ថា ដើម្បី​ការពារ​បូរណភាព​ទឹក​ដី ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​តែ​មួយ​មុខ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​ទិស​ដៅ​អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន​ច្បាស់លាស់ ដោយ​បង្កើត​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ ភូមិ និង​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ជា​ដើម ដើម្បី​រុញ​ឱ្យ​ពលរដ្ឋ​ទៅ​រស់​នៅ​តំបន់​នោះ​ឱ្យ​ច្រើន ជា​របង​ការពារ​ព្រំដែន​រឹងមាំ៖ «យើង​ត្រូវ​លើក​គោល​នយោបាយ លើក​ផែនការ​ជាតិ​ហ្នឹង ត្រូវ​តែ​ចាប់​ផ្ដើម​អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន កម្ពុជា - យួន កម្ពុជា - សៀម និង​កម្ពុជា - ឡាវ ហ្នឹង យើង​ត្រូវ​តែ​ចាប់​ផ្ដើម​អភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​ហ្នឹង វា​ប្រសើរ​មែនទែន វា​ជា​របង​មួយ សម្រាប់​ការពារ​ទឹក​ដី អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា​យើង »

កន្លងទៅ ក្រុមការងារ ១០០ រាត្រី ដែល​បន្ត​បេសកកម្ម​ពី​លោក បណ្ឌិត កែម ឡី តែងតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល អភិវឌ្ឍន៍​តាម​បណ្ដោយ​ព្រំដែន ឱ្យ​ជាក់លាក់​ដោយ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ២០២០ ជា​អាទិភាព ជា​ពិសេស ត្រូវ​បង្ហាញ​ពី​ទំហំ​ថវិកា​ជាតិ ដើម្បី​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ សាលា​រៀន អគ្គិសនី និង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​ព្រំដែន​ឲ្យ​ឆាប់​រហ័ស។ ក៏​ប៉ុន្តែ​សំណើ​ទាំង​នេះ មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​យក​នៅ​ឡើយ​ទេ។

ប្រធាន​ក្រុម​ការងារ ១០០រាត្រី លោក មួង សូនី រក​ឃើញ​ថា នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​វៀតណាម​ជាង ១ពាន់​គីឡូ​ម៉ែត្រ ភាគ​ច្រើន ពុំ​សូវ​មាន​ការ​អភិវឌ្ឍ​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​រស់នៅ ជា​ពិសេស ងាយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា របូត​ដី​ទៅ​វៀតណាម​គ្រប់គ្រង។ លោក​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន រស់​នៅ​តាម​ព្រំដែន គ្មាន​ទឹក​ស្អាត និង​គ្មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ បាន​ទិញ​អគ្គិសនី​ពី​អាជ្ញាធរ​វៀតណាម៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។