ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះកម្ពុជាបានក្លាយទៅជាដៃគូឯកតោភាគីជាមួយចិនក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវ(BRI)របស់ចិន។
ក្រុមអ្នកវិភាគបញ្ហាសង្គម និងការអភិវឌ្ឍកំពុងមានការព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងក្លាយទៅជាអ្នកជំពាក់បំណុលចិនវ័ណ្ឌក និងក្លាយទៅជាឧបករណ៍នយោបាយដោយសារតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ចិនប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនគិតគូរនិងប្រើប្រាស់គម្រោងBRI ឱ្យមានតម្លាភាពសព្វជ្រុងជ្រោយទេនោះ។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី មានប្រសាសន៍ថា យុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់និងផ្លូវប៊ីអ័រអាយ(BRI) នេះគឺចិនបានប្រើវិធីសាស្ត្រមួយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដោយពួកគេមិនស្ដាប់យោបល់របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀតទេ។ នោះមានន័យថា នៅពេលដែលរដ្ឋាភិបាលទាំងពីរព្រមព្រៀងធ្វើអ្វីមួយគឺចាប់ផ្ដើមធ្វើតែម្ដងដោយមិនគិតពីការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្វីផ្សេងទៀតឡើយ។ ឧទាហរណ៍ដូចជាគំរោងទំនប់វារីអគ្គីសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងជាដើមនៅពេលរដ្ឋាភិបាលកម្ពុជានិងចិនត្រូវគ្នាគេចាប់ផ្ដើមវិនិយោគកសាងទំនប់វារីអគ្គិសនីភ្លាមៗ ប៉ុន្តែផលប៉ះពាល់ដោយសារទឹកលិចភូមិ និងទន្លេនេះរីងរាក់ញឹកញាប់ប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ គឺហាក់មិនមានអ្នកណាដោះស្រាយឡើយ។
បណ្ឌិត សេង សារី៖ «បើយើងប្រៀបធៀបជាមួយនិងសន្ទស្សន៍សេដ្ឋកិច្ចយើងឃើញថា ជាសញ្ញាណគ្រោះថ្នាក់ បើសិនជាចិនមានវិបត្តិសេដ្ឋកិច្ចគឺខ្មែរ មានវិបត្តិសេដ្ឋកិច្ចម្ដងដោយសារយើងជាប្រទេសដែលពឹងលើសេដ្ឋកិច្ចចិនតែមួយ។ ដូច្នេះហើយអ្វីដែលខ្ញុំបារម្ភខ្ញុំខ្លាចក្រែងកម្ពុជាដើរតាមគន្លងរបស់ប្រទេសឡាវ និងប្រទេសស្រីលង្កា»។
បណ្ឌិត សេង សារី មានប្រសាសន៍បន្តទៀតថា គំរោងប៊ីអ័រអាយ (BRI)ទាំងឡាយរបស់ចិនក្រៅតែពីបង្កការព្រួយបារម្ភថា នឹងធ្វើឱ្យកម្ពុជាអាចជំពាក់បំណុលចិនវ័ណ្ឌក វាក៏អាចធ្វើឱ្យកម្ពុជាក្លាយទៅជាឧបករណ៍នយោបាយរបស់ចិន។ លើសពីនេះ វាក៏អាចនឹងធ្វើឱ្យចិនប្រមូលយកធនធានធម្មជាតិពីកម្ពុជាផងដែរ។
បណ្ឌិត សេង សារី៖ «ជាការសន្និដ្ឋានយើងឃើញថា គំរោង(BRI)នេះ ចិនគេប្រើព្រួញ១ក្នុងចេតនាចង់បាញ់សត្វពីរ ទី១គឺពង្រឹងឥទ្ធិពលខាងនយោបាយ ដែលគេហៅថាSoft Power ជាការប្រើដើម្បីឱ្យបណ្ដាប្រទេសដែលទទួលបានគំរោង(BRI)មានការគាំទ្រចិន ហើយទី២ គឺប្រើមធ្យោបាយសម្រាប់ប្រមូលយកធនធានធម្មជាតិ ពីបណ្ដាប្រទេសក្រីក្រ ដើម្បីយកទៅបំប៉នការរីកចម្រើនផ្នែកវិស័យឧស្សាហកម្មរបស់ខ្លួន»។
អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ក្នុងស្ថានភាពដូចបច្ចុប្បន្ននេះបើទោះបីជាកម្ពុជាដឹងថា គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន អាចធ្វើឱ្យកម្ពុជាវ័ណ្ឌក និងបំណុលយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាហាក់គ្មានជំរើសផ្សេងដើម្បីទទួលយកក្រៅពីនេះឡើយ។
អ្នកវិភាគបញ្ហាសង្គមបណ្ឌិត មាស នី មានប្រសាសន៍ថា កម្ពុជាហាក់មិនមានផ្លូវច្រើនសម្រាប់ដើរទេ ពីព្រោះតែកម្ពុជាកំពុងមានការពិបាកក្នុងការសុំជំនួយពីបណ្ដាប្រទេសផ្សេងទៀត ជាពិសេសប្រទេសដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ សម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។
បណ្ឌិត មាស នី៖ «ខ្ញុំមិនជំទាស់អីទៅលើគម្រោងហ្នឹងទេ នៅពេលដែលយើងបានផ្លូវល្អដើរគឺវាល្អហើយ ក៏ប៉ុន្តែវាស្ថិតនៅត្រង់ថា តើកម្ពុជាយើងមានលទ្ធភាពសងបំណុលជំពាក់គេរួចដែរឬក៏អត់?ហើយបើរដ្ឋាភិបាលកម្ពុជាប្រឹងតែខ្ចីគេទាំងអស់ ដោយមិនមានលទ្ធភាពចេញលុយខ្លួនឯងធ្វើខ្លះទេនោះ គឺវានឹងធ្វើឱ្យវ័ណ្ឌកជាមួយបំណុល។ បំណុលចិនដូចយើងដឹងស្រាប់ហើយគឺវាមានអត្រាការប្រាក់ខ្ពស់ជាងបំណុលដែលខ្ចីពីប្រទេសផ្សេងៗដូចជាកម្ចីពីIMFនិងធនាគារពិភពលោក(WB)ជាដើម»។
យុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលខ្សែក្រវាត់ និងផ្លូវរបស់ចិន ត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនតាំងពីឆ្នាំ២០១៣ ដើម្បីភ្ជាប់ផ្លូវទូរគមនាគមន៍និងធ្វើវិនិយោគនៅក្នុងប្រទេសជាង១៥០នៅជុំវិញពិភពលោក ដូចជានៅតំបន់អាស៊ីអាគ្នេយ៍អាហ្រ្វិក និងមជ្ឈិមបូព៌ាជាដើម។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ដើម្បីឆ្លើយតបចំពោះក្ដីបារម្ភរបស់អ្នកវិភាគនេះបានទេ នៅថ្ងៃទី១ ខែវិច្ឆិកា។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាចាស់ និងថ្មីតែងបង្ហាញការគំាទ្រចំពោះគម្រោង BRI របស់រដ្ឋាភិបាលចិន និងថាការអភិវឌ្ឍនៅកម្ពុជាមិនអាចកាត់ផ្តាច់ចេញពីជំនួយរបស់ប្រទេសចិនបានឡើយ។
ទោះជាយ៉ាងណាក៏ដោយ ចុះរាល់គម្រោងអភិវឌ្ឍន៍BRIរបស់ចិននៅកម្ពុជាមិនមែន សុទ្ធតែធ្វើឱ្យពលរដ្ឋដែលជាម្ចាស់ស្រុកទទួលបានផលលាភនោះទេ ផ្ទុយទៅ វិញពលរដ្ឋជាច្រើនទទួលរងនូវទឹកភ្នែក បាត់បង់ដីធ្លីផ្ទះសម្បែងស្រែចំការ និងធនធានធម្មជាតិដែលពួកគាត់ធ្លាប់អាស្រ័យផល ដូចជាពលរដ្ឋនៅភូមិក្បាលរមាស និងភូមិស្រែគរ ក្នុងខេត្តស្ទឹងត្រែងរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២ ព្រមទាំងពលរដ្ឋជាច្រើនក្នុងឃុំចំនួនបី នៃស្រុកបទុមសាគរ ខេត្តកោះកុងក៏រងគ្រោះរឿងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវែលឡុបមិនគ្រុប (Union Development Group -UDG)ដែរ។
បច្ចុប្បន្ននេះកម្ពុជាមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដែលស្ថិតក្រោមគម្រោង BRI របស់ចិនដូចជាការសាងសង់ផ្លូវជាតិ ស្ពានឆ្លងទន្លេនៅស្រុកស្ទឹងត្រង់ ខេត្តត្បូងឃ្មុំ ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកំពង់សោម រោងចក្រវារីអគ្គិសនីតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែពហុកីឡដ្ឋានមរតកតេជោនៅភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីជាដើម។
បើទោះបីជាកម្ពុជាទទួលបានសមិទ្ធផលជាច្រើន ពីគំរោងខ្សែក្រវាត់និងផ្លូវ(BRI)របស់ចិនក៏ដោយក៏កម្ពុជាកំពុងតែទទួលបាននូវកំណើននៃបំណុលចិនយ៉ាងសំបើម ដែលពលរដ្ឋកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយត្រូវសងទាំងការទាំងដើម។ នេះនៅមិនទាន់គិតដល់ការចាត់ចែងនិងការចាយវាយប្រាក់កម្ចីរបស់ចិនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវផង។
មកដល់ពេលនេះកម្ពុជាបានជំពាក់បំណុលបរទេសសរុបប្រមាណ ១៥ពាន់លានដុល្លារហើយ៤០%ក្នុងចំណោមបំណុលទាំងនោះគឺជំពាក់ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។