​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​ចោទ​​ស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​

ដោយ សេក បណ្ឌិត
2021.06.12
​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​ចោទ​​ស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​ អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ក្រសួងការពារជាតិ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​សម្តែង​ការ​សោកស្ដាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​ថា​ ​យោធា​កម្ពុជា​ពុំបាន​ផ្តល់​ភាព​​ពេញ​លេញ​​ដល់​​ដំណើរ​​ទស្សនកិច្ច​របស់​​ខ្លួន​ ​ក្នុង​ការពិនិត្យ​មើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះ​។​

​ក្រសួង​ការពារ​ជាតិ​ ​ក្រុម​ការងារ​សម្របសម្រួល​ក្រសួង​ការពារ​ជាតិ​ ​បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក​ ​ដោយអនុលោមទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ ​និង​ការ​ព្រមព្រៀងគ្នា​។​ ​ក្រសួង​ថា​ ​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​ជំនួប​ពិភាក្សា​ការងារ​ ​ដែល​ស្នើ​ដោយ​ភាគី​អាមេរិក​ ​មាន​រយៈពេល​ជាង​មួយ​ម៉ោង​ ​ការ​ចុះទៅ​ពិនិត្យមើល​អគារ​សង់​ថ្មី ​២ ​ខ្នង ​សម្រាប់​ការ​ស្នាក់​នៅ​របស់​កម្មករ​សំណង់​ ​ដំណើរ​ពិនិត្យមើល​ផែ​ ​និង​នាវា​ ​របស់​កងទ័ពជើងទឹក​ ​ការ​ទស្សនា​រោងជាង​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ ​និង​ការធ្វើដំណើរ​ទៅ​ពិនិត្យមើល​សំណង់​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិការ​ជាតិ​ ​សន្តិសុខ​លម្អ​សមុទ្រ​ ​នៅ​កោះ​ព្រាប​។​

​ក្រសួង​ការពារ​ជាតិ​ចោទ​ថា​ ​ក្រៅពី​ទីកន្លែង​ទាំងប៉ុន្មាន​ខាងលើ​ ​ដែល​បាន​ស្នើ​ ​និង​បាន​ឯកភាព​គ្នា​ ​ភាគី​អាមេរិក​បាន​បង្កើត​សេណារីយ៉ូ​ថ្មី​ភ្លាម​ៗ​ ​ដោយ​ទាមទារ​ចូល​ទៅ​មើល​កន្លែងផ្សេង​ទៀត​ ​ដែល​ពុំ​មានការ​ស្នើសុំ​ពីមុន​មក​។​ ​ដោយ​មើលឃើញ​ភាព​មិន​ប្រក្រតី​ ​និង​យល់ឃើញ​អំពី​ការ​មិន​គោរព​ ​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា​ ​និង​ចេតនា​ធ្វើជា​មិន​យល់​អំពី​លាក់ការណ៍​របស់​កងទ័ព​ ​ក្រុម​ការងារ​បាន​បដិសេធ​ចំពោះ​សំណើ​ថ្មី​នេះ​។​

US_Visited_Ream_port_11_06_2021_03.jpg
អនុព័ន្ធយោធាស្ថានទូតអាមេរិកទស្សនកិច្ចរោងជាងនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួង​ការពារ​ជាតិ​នេះ​ ​ជា​ការ​ឆ្លើយតបនឹង​ស្ថានទូត​ដែល​អាមេរិក​នៅ​កម្ពុជា​ ​ដែល​បាន​ស្នើ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជាថ្មី​ម្តងទៀត​ ​ដោយសារតែ​ភាគី​កម្ពុជា​មិន​ឲ្យ​មន្រ្តី​យោធា​ទូត​ពិនិត្យ​ទីតាំង​យោធា​នោះ​ឲ្យបាន​ពេញលេញ​។​ ​ខាង​ភាគី​កម្ពុជា​និង​អាមេរិក​មិនបាន​បញ្ជាក់​ ​ពី​ទីតាំង​ដែល​ទាហាន​ខ្មែរ​ហាមឃាត់​ប្រតិភូ​យោធា​ ​អាមេរិក​មិន​ឲ្យ​ចូល​នោះ​ទេ​។​ ​ភាគី​ខ្មែរ​គ្រាន់តែ​អះអាង​ថា​ ​ទីតាំង​ដែល​អាមេរិក​ចង់​ពិនិត្យ​ ​មិន​ចាំបាច់​ ​ដែល​វា​អាច​ប៉ះពាល់​ដល់​ការសំងាត់​របស់​យោធា​ខ្មែរ​។​

ស្ថាន​ទត​អាមេរិក​មិនទាន់​ឆ្លើយតបនឹង​សំណួរ​អាស៊ី​សេរី​ជុំវិញ​ការចោទប្រកាន់​របស់​​​ក្រសួង​ការពារ​ជាតិខ្មែរ​ ​កាលពី​ថ្ងៃ​ទី​១​២​ ខែ​មិថុនា​នៅឡើយ​ទេ​។​

US_Visited_Ream_port_11_06_2021_02.jpg
អនុព័ន្ធយោធាស្ថានទូតអាមេរិកទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​អ្នក​សិក្សាស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ ​និង​​សន្តិភាព​លោក​ ​វណ្ណ​ ​ប៉ុណ្ណា​ ​មានប្រសាសន៍ថា​ ​ទំនាក់ទំនង​ ​កម្ពុជា​ ​និង​អាមេរិក​ ​គេ​មើលឃើញ​ថា​ ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ខ្លះ​ ​នៅ​ពេល​មានដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ វិ​ន​ឌី​ស្សឺ​មេន ​(​Wend​y​ ​She​r​man​) ​អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​។​ ​ប៉ុន្តែ​ការឆ្លើយឆ្លង​គ្នា​ចុងក្រោយ​នេះ​ ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុព័ន្ធយោធា​អាមេរិក​ ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​រាម​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មិន​ទទួល​បាន​លទ្ធផល​ល្អ​។ លោក​ថា​ កម្ពុជា​គួរ​មានការ​សម្របសម្រួល​ជាមួយ​អាមេរិក​ពាក់ព័ន្ធ​តម្លា​ភាព​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​រាម​ ​ដើម្បីឲ្យ​ស្ថានភាព​ទាំ​នាក់​ទំនង​ ​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​។​

លោក​ជឿ​ថា​ ​កម្ពុជា​អាច​ធ្វើ​បាន​ ​បើសិនជា​មេដឹកនាំ​តម្កល់​ផលប្រយោជន៍​រួម​ ​គិត​ប្រជាពលរដ្ឋ​ជាធំ​នោះ​ ​បើ​មិន​ដូច្នេះ​ទេ​ ​ទំនាក់​ទំនង​ ​នៃ​ប្រទេស​ទាំង​ពី​​​រ​កម្ពុជា​ ​អាមេរិក​ ​នឹង​ជួប​វិបត្តិ​ធំ​៖ ​«​ជា​រួម​ទៅ​ត្រូវធ្វើ​ឲ្យ​តម្លា​ភាព​មែនទែន​ ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ​ពិតជា​មាន​ការរៀបចំ​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​មែន​អត់? បើមិនអញ្ចឹងទេ ​ទំនាក់ទំនង​យោធា​នៃ​ប្រទេស​ទាំងពីរ​នឹង​ស្ថិត​ក្នុង​ភាព​មួយ​ដែល​អាក្រក់​មែន​ទែន»

US_Visited_Ream_port_11_06_2021_04.jpg
កងនាវាកម្ពុជាចតនៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ក្នុងពេលអនុព័ន្ធយោធាស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅកំពង់ផែរាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

ចំណែក​ ​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​ទំនាក់ទំនង​អន្តរជាតិ​លោក​ ​ឯម​ សុ​វណ្ណា​រ៉ា​ ​លើកឡើង​ថា​ ​ការប្រកាស​របស់​ស្ថានទូត​អាមេរិក​នេះ​ ​គឺ​បង្ហាញ​ពី​ការ​មិនទាន់​អស់ចិត្ត​ចំពោះ​ដំ​ណើ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​ ​ប៉ុន្តែ​ភាគី​កម្ពុជា​ ​មាន​សិទ្ធិ​ក្នុង​ការ​រក្សា​ការសម្ងាត់​ចំពោះ​កិច្ច​ការសំខាន់​ៗ ​ដូចជា​ កិច្ចការ​សន្តិសុខ​ជាតិ​ជាដើម​។​ ​ទោះជាយ៉ាងណា​ ​លោក​យល់ថា​ ​ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​បាន​បន្ទច់​ ​បង្អាក់​ ​បែប​នេះ​ ​នឹង​មិន​អាច​លាង​ជម្រះ​មន្ទិលសង្ស័យ​របស់​ភាគី​អាមេរិក​បាន​ឡើយ ​ទាក់ទង​រឿង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ ​ហើយ​ទំនាក់ទំនង​រវាងប្រទេស​ទាំងនេះ​ ​នឹង​នៅ​តែ​មាន​ភាព​អាប់អួ​រ​ដដែល​៖ ​«​ប៉ុន្តែ​សហ​រ​ដ្ឋអាមេរិក​ ​ខ្ញុំ​គិតថា​ ​បើសិនជា​ដឹង​មែនទែន​ ​មិន​ចាំបាច់​មើល​ទេ​ ​ព្រោះ​គាត់​មើល​ពី​ផ្កាយរណប​មកឃើញ​ទាំងអស់​ដែរ​ ​គ្មាន​អី​លំបាក​ទេ​ ​ប៉ុន្តែ​ភាគី​អាមេរិក​ ​គួរតែ​លើក​ពី​ចំណុច​សង្ស័យ​ទីតាំង​មួយ​ចំនួន​ឬ​ទីតាំង​ណា​ដែល​សង្ស័យ​ហ្នឹងហើយ​ស្នើ​មក​ភាគី​កម្ពុជា​ ​តើ​ភាគី​កម្ពុជា​ឲ្យទៅ​មើលទៅ​ពិនិត្យ​អត់​ ​ព្រោះ​អា​ហ្នឹង​ ​វា​នៅ​ក្នុង​សមត្ថកិច្ច​ឬនៅ​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា​ ​អ៊ីចឹង​អាស្រ័យ​ទៅលើ​ភាគី​កម្ពុជា​។​ ​អានេះ​ ​ខ្ញុំ​គិតថា​ ​មុននឹង​មាន​ទស្សនកិច្ច​លើកក្រោយ​ ​គួរតែ​មានការ​លើកឡើង​កន្លែង​ដែល​ភាគី​អាមេរិក​គិតថា​ ​សង្ស័យ​ហ្នឹង​ ​លើកឲ្យ​ចំ​មក​ ​ឲ្យ​ភាគី​កម្ពុជា​ ​ឆ្លើយតប​ ​ទើប​មានប្រសិទ្ធភាព​»​។​

​របប​លោក​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​នាំ​​ក្រុម​អ្នក​សារ​ព័ត៌មាន​ទៅ​ពិនិត្យមើល​មូលដ្ឋានទ័ព​ជើងទឹក​រាម​នេះ​ម្តង​ដែរ​ ​កាលពី​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​របប​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ ​ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើទឹក​ដី​ខ្មែរ​។​ ​ប៉ុន្តែ​យោធា​ខ្មែរ​ ​មិនបាន​នាំ​ពួកគេ​ទៅ​មើល​ច្រើន​កន្លែង​នោះ​ឡើយ​ ​ហើយ​អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ដើរមើល​ទីតាំង​ដទៃ​ ​ក្រៅពី​កន្លែង​ដែល​មាន​ការរៀបចំ​ទុក​នោះ​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

គួច ស៊ុងហាក់
Jun 14, 2021 01:37 AM

ខ្ញុំមិនដែលឃើញប្រទេសណាមួយ ដែលឱ្យគេពិនិត្យមើលទ័ពនិងរបស់ប្រើប្រាស់គេឡើយ។ អាគាំងអាងតែមហាអំណាច(ហិហិ)ចង់ធ្វើអ្វីតាមតែចិត្តវា។ ខ្ញុំមិនកាន់ជើងអ្នកណាឡើយ ខ្ញុំនៅវអព្យាក្រឹត ពិភពលោកស្មុគស្មាញក៏ដោយសារ សុខសាន្តក៏ដោយសារវា ??!!