អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជំរុញ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​រក្សា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស

ដោយ មាន ឫទ្ធិ
2021-06-02
Share
អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជំរុញ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​រក្សា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស ជំនួប​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រី​ការ​បរទេស នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង Flicker ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ

អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បាន​បិទ​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល ១ថ្ងៃ​នៅ​កម្ពុជា​ហើយ កាល​ពី​ថ្ងៃ​ទី១ មិថុនា បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ពេល​តែ​មួយ រួម​ទាំង​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ បញ្ហា​សំខាន់ៗ លេច​ធ្លោ​ចំនួន ៣ ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ដ៏​កម្រ​នេះ រួមមាន បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បញ្ហា​កម្ពុជា​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម និង​បញ្ហា​បំណុល​កម្ពុជា​ជំពាក់​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម។ ក្រៅពីនោះ ក៏​មាន​ការ​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី និង​ក្នុង​តំបន់​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២។

ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មិន​ធ្លាប់​មាន​ស្ទើរ​តែ​ជិត​មួយ​ទសវត្សរ៍​មក​កាន់​កម្ពុជា​នេះ ធ្វើ​ឡើង​ចំ​ពេល​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ភាព​យ៉ាប់យ៉ឺន ស្រប​ពេល​ដែល​កម្ពុជា​កាន់​តែ​បង្ហាញ​ល្អូកល្អិន​ចាក់​ទឹក​មិន​លិច​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ទី១ មិថុនា​ថា អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បាន​លើក​ឡើង​អំពី​បញ្ហា​ជា​ច្រើន​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។ បញ្ហា​ទាំង​នោះ មាន​ជា​អាទិ៍ ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ កង្វល់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ដើម។

ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្នុង​នោះ ក៏​មាន​វត្តមាន​ប្រមុខ​ការ​ទូត​កម្ពុជា លោក ប្រាក់ សុខុន និង​ប្រមុខ​ការពារ​ជាតិ លោក ទៀ បាញ់ ផង​នោះ អ្នកស្រី វិនឌី ហ្សឺមែន បាន​សង្កត់​ធ្ងន់​អំពី​សារ​សំខាន់​នៃ​សិទ្ធិមនុស្ស និង​កិច្ច​ការពារ​សេរីភាព​ជា​មូលដ្ឋាន ដែល​ជា​គ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​ធានា​ឱ្យ​បាន​នូវ​កិច្ច​គាំពារ​ដល់​សិទ្ធិ​កម្មករ​និយោជិត​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​នយោបាយ​ប្រឆាំង អ្នក​សារ​ព័ត៌មាន និង​សកម្មជន​ជា​បន្ទាន់។ ម្យ៉ាង​វិញ​ទៀត អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ។

ជុំវិញ​រឿង​ទំនាក់ទំនង​កម្ពុជា-ចិន វិញ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។ អ្នកស្រី​បាន​សួរ​បញ្ជាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​វាយ​កម្ទេច​ចោល​អាគារ​ពីរ​ខ្នង ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​ភាគី​សហរដ្ឋ​អាមេរិក។ អ្នកស្រី​គូស​បញ្ជាក់​ថា មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា នឹង​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ មន្ត្រី​ជាន់​ខ្ពស់​ការ​បរទេស​អាមេរិក​រូប​នេះ ជំរុញ​ថ្នាក់​ដឹក​នាំ​កម្ពុជា ឱ្យ​រក្សា​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជា​ធំ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើក​​ឡើង​របស់​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​នេះ​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល កាល​ពី​ថ្ងៃ​ទី១ មិថុនា។ ក្រសួង​ការ​បរទេស​កម្ពុជា ក៏​នៅ​មិន​ទាន់​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ផ្លូវ​ការ​នៃ​ជំនួប​នេះ​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ក្រោយ​ជំនួប​នោះ​ថា ទស្សនកិច្ច​របស់​អ្នកស្រី​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​នា​ពេល​នេះ គឺ​ដើម្បី​នាំ​នូវ​លិខិត​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) មក​ជូន​លោក ដែល​លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​ខ្លឹមសារ​លម្អិត​នៃ​លិខិត​នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​គូស​បញ្ជាក់​ពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​នឹង​កង្វល់ និង​ការ​ជំរុញ​របស់​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ពាក់ព័ន្ធ​នឹង​រឿង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នោះ​ទេ។ យ៉ាង​ណា លោក​បាន​លើក​ឡើង​ពី​ការ​ពេញ​ចិត្ត​រវាង​ភាគី​ទាំង​ពីរ ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម វិស័យ​មនុស្សធម៌ ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា ការ​ស្នើ​អាមេរិក​ឱ្យ​លុបចោល​បំណុល​ទាំង​ដើម​ទាំង​ការ​ជិត ៧០០លាន​ដុល្លារ និង​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្ត​ល្មើស​ពី​អាមេរិក​មក​កម្ពុជា​វិញ​ជា​ដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ពន្យល់​ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា​នៅ​តែ​គោរព​តាម​រដ្ឋធម្មនុញ្ញ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ៖ «បើ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​ការ​គោរព​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​នាម​ជា​ម្ចាស់​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហា​អំណាច លើកលែង​តែ​ដាក់​មូលដ្ឋានទ័ព។ ជាក់ស្ដែង​គឺ អត់​មាន​មូលដ្ឋាន​ទ័ព​ទេ វា​ជា​រឿង​ដែល​មហា​អំណាច​ជាពិសេស ចិន និង​អាមេរិក ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ជួយ​កម្ពុជា​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ទេ។ ដូច្នេះ មិនមែន​ជា​ការ​ដាក់​មូលដ្ឋាន​ទ័ព​ទេ។ ឯ​ការ​សម្រេច​លើ​វិស័យ​ការពារ​ជាតិ វា​ជា​រឿង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​ចិន កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​ទៅ​តាម​ការ​ព្រមព្រៀង។ មើល​មក​ដល់​ពេល​ឥឡូវ វា​អត់​មាន​ជា​អ្វី​ដែល​ជា​កំហុស​របស់​កម្ពុជា ដែល​មិន​អនុវត្ត​រដ្ឋធម្មនុញ្ញ​ទេ គឺ​កម្ពុជា​អនុវត្ត​បាន​ត្រឹមត្រូវ ហើយ​អត់​មាន​ទាហាន​បរទេស ឬ​ក៏​មូលដ្ឋាន​ទ័ព​អី​ទេ គ្រាន់តែ​ជា​ការ​ជួយ​របស់​មហា​អំណាច​នានា ឬ​ប្រទេស​នានា ដល់​កម្ពុជា រួម​ទាំង​វិស័យ​យោធា​ផង»

យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ ១ថ្ងៃ​មុន​ជំនួប​ជាមួយ​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​នេះ​ដោយ​សារភាព​ថា កម្ពុជា​ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​ជើង​ទឹក​រាម​ប្រាកដ​មែន ក្រោយ​បាន​វាយ​កម្ទេច​ចោល​អាគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។ លោក​ថា ចិន​ផ្តល់​ជំនួយ​ឥត​សំណង ហើយ​ក្នុង​នោះ ក៏​មាន​វត្តមាន​កង​កម្លាំង​របស់​ចិន​មក​ជួយ​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ផង​ដែរ។

ក្រៅ​ពី​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន ក៏​បាន​ជួប​ជាមួយ​តំណាង​មក​ពី​សង្គម​ស៊ីវិល និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ អ្នកស្រី​បាន​បង្ហោះ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា ក្នុង​ជំនួប​ជាមួយ​លោក កឹម សុខា អ្នកស្រី​បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ក៏​រួម​ទាំង ការ​ធានា​បាន​សន្តិភាព វិបុលភាព និង​ប្រជាធិបតេយ្យ​នា​ពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ អ្នកស្រី​បន្ថែម​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​ក្តី​បំណង​ចង់​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​គាំទ្រ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គាត់។

ទីប្រឹក្សា​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា សហរដ្ឋ​អាមេរិក​ចង់​ប្រើ​នយោបាយ​ការ​ទូត ដើម្បី​អូស​ទាញ​កម្ពុជា​កុំ​ឲ្យ​ងាក​ទៅ​ចិន​ជ្រៅ​ពេក ស្រប​ពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ ខាង​មុខ៖ «សហរដ្ឋ​អាមេរិក​ប្រហែល​ជា​នៅ​មាន​សង្ឃឹម​ខ្លះ ពីព្រោះ​មាន​ទ្រឹស្ដី​មួយ​ថា បើ​សិន​ជា​មិន​ទាញ​កម្ពុជា​ក្នុង​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជជែក​គ្នា​ដោះ​ស្រាយ​បញ្ហា​ទេ កម្ពុជា​ងាក​ទៅ​ចិន​កាន់​តែ​ជ្រៅ​ទៅៗ ហើយ​នឹង​មាន​ជំនឿ​ថា នឹង​ទាញ​កុំ​ឲ្យ​ងាក​ទៅ​ជ្រៅ​ពេក​ដោយ​ប្រើ​ការ​ទូត។ ឥឡូវនេះ ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​និន្នាការ​ហ្នុង​ហើយ។ និន្នាការ​នេះ ទាំង​ជប៉ុន​ផង ក៏​យល់​ដូច្នេះ​ដែរ គឺ​របៀប​ធ្វើ​ការ​ការ​ទូត ដើម្បី​ទាញ​កម្ពុជា​កុំ​ឲ្យ​ងាក​ជ្រៅ​ទៅ​ចិន។ ក៏ប៉ុន្តែ ខ្ញុំ​មើល​ទៅ​ខាង​ភាគី​កម្ពុជា​ទេ ហាក់​ដូច​ជា​បង្ហាញ​ថា ខ្លួន​បាន​លម្អៀង​ទៅ​ចិន​ច្បាស់​ហើយ ពីព្រោះ​ខ្លួន​យល់​ឃើញ​ថា បណ្ដា​ប្រទេស​លោក​សេរី គឺ​ថា គេ​បាន​ដាក់​លក្ខខណ្ឌ ហើយ​រៀបចំ​គោល​នយោបាយ​មួយ​ហាក់ ដូច​ជា មិន​ទាន់​គាំទ្រ​ពេញលេញ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ទេ ដោយសារ​គេ​រក​ឃើញ​ថា មាន​បញ្ហា​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ និង​ការ​គោរព​សិទ្ធិ​មនុស្ស​មិន​បាន​ត្រឹមត្រូវ»

ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​វិញ អ្នកស្រី​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​លើក​ឡើង​ពី​បំណង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​កម្ពុជា ក្នុង​តួនាទី​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ និង​ជួយ​ធានា​ថា កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ស្ថាបនា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ ផ្នែក​នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស បញ្ហា​នៅ​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​តំបន់​មេគង្គ និង​បញ្ហា​នៅ​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ជា​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល