កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២

កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ (Authoritarianism)។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២ ទើបនឹង​ចេញផ្សាយ​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK)។

សម្រាប់​ឆ្នាំ​២០២២ អង្គភាព​នេះ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ​១២១ ក្នុងចំណោម​ ១៦៧​ប្រទេស​និង​ដែនដី​សរុប​នៅ​លើ​សាកលលោក​។ កម្ពុជា​ទទួល​បាន​ពិន្ទុ​ជាង ៣​ពិន្ទុ (៣,១៨) ដែល​ពិន្ទុ​សូន្យ មានន័យថា ជា​ពិន្ទុ​ទាប​បំផុត​ខាង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ពិន្ទុ ១០ ជា​ពិន្ទុ​ខ្ពស់​បំផុត។ បើ​ទោះ​ជា​ពិន្ទុ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កើនឡើង​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ​ក៏ដោយ ក៏​ពិន្ទុ​នេះ​បង្ហាញថា​កម្ពុជា​មិនអាច​រើខ្លួន​រួច​ពី​ការដឹកនាំ​តាម​បែប​របប​ផ្តាច់ការ​និយម​បាន​ទេ។

ចាប់តាំងពី​ឆ្នាំ​២០១៣​ មក ពិន្ទុ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​បន្ត​ដាំ​ក្បាល​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​តាមរយៈ​ការ​រម្លាយ​គណបក្សប្រឆាំង​ធំជាង​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ពិន្ទុ​នេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​ជាប់​ឈ្មោះ​សូម្បីតែ​ជា​ជំពូក​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញលេញ ឬ​ប្រជាធិបតេយ្យ​បែប​កូនកាត់​នោះ​ផង​។ ក៏ប៉ុន្តែ កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​ដែល​មាន​ការគ្រប់គ្រង​តាម​បែប​ផ្ដាច់ការ។

បើ​តាម​អង្គភាព EIU ក្នុង​ឆ្នាំ​២០២២ អាជ្ញាធរ​កម្ពុជា​បាន​លើក​បម្រាម​កូវីដ​១៩​ ទាំងស្រុង ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា​នោះ អាជ្ញាធរ​កម្ពុជា​បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​ប្រមូល​ផ្តុំ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ អង្គភាព​ដដែល​នេះ​រក​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទាំង​ផ្នែក​បោះពុម្ព និង​ឌីជីថល និង​បាន​រឹតត្បិត​ចំពោះ​សកម្មភាព​សហជីព​ជាដើម​។ អង្គភាព EIU គូសបញ្ជាក់​ថា មាន​សញ្ញាណ​តិចតួច​ណាស់​ដែល​ថា ស្ថានភាព​បែបនេះ​នឹង​ត្រូវ​បាន​កែ​លម្អ​នា​ពេល​ឆាប់ៗ​ នេះ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​គ្រប​ដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយពី​ការ​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាងគេ​កាលពី​ឆ្នាំ​២០១៧​ កន្លងទៅ។

ក្នុង​តំបន់ ប្រទេស​តៃវ៉ាន់ (Taiwan) ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ដែនដី និង​ប្រទេស​១០ នៅ​លើ​ពិភពលោក​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ខ្ពស់​ជាងគេ​។ ប្រទេស​ន័រវ៉េ (Norway) ជាប់​ថ្នាក់​លេខ​១​ នៅ​ទូទាំង​ពិភពលោក ជា​ប្រទេស​ដែល​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ​បំផុត ខណៈ​ប្រទេស​អាហ្វហ្គានីស្ថាន (Afganistan) ទទួល​បាន​ចំណាត់ថ្នាក់​នៅ​បាត​តារាង។

អង្គភាព​EIU បែងចែក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ជា ៤ជំពូក គឺ​ប្រជាធិបតេយ្យ​ពេញលេញ ប្រជាធិបតេយ្យ​មិន​ពេញលេញ ប្រជាធិបតេយ្យ​បែប​កូនកាត់ និង​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​។ អង្គភាព​នេះ ផ្ដល់​និយម​ថា រដ្ឋ​ដែល​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ គឺ​ពុំ​មាន​ការ​អនុវត្ត​ប្រព័ន្ធ​សេរី​ពហុបក្ស​នយោបាយ​នោះ​ទេ ហើយ​ប្រព័ន្ធ​នេះ​រង​ការ​រឹតត្បិត​ខ្លាំង​។ រីឯ​ការបោះឆ្នោត មិន​ធ្វើឡើង​ដោយ​សេរី និង​ត្រឹមត្រូវ​នោះ​ទេ គ្មាន​ការគោរព និង​រំលោភ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាទូទៅ​គឺជា​របស់​រដ្ឋ ឬ​គ្រប់គ្រង​ដោយ​ក្រុម​ដែល​មាន​ជាប់​ទាក់ទង​នឹង​របប​ដឹកនាំ​ប្រទេស​។ ក្រៅ​ពី​នេះ មាន​ការ​គាបសង្កត់​ទៅ​លើ​អ្នក​រិះគន់​រដ្ឋអំណាច និង​មានការ​រឹតត្បិត​ព័ត៌មាន​ជា​ខ្លាំង ខណៈ​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។