កម្ពុជា​ថា ការ​បន្ត​អំពើ​ហិង្សា​នៅ​ភូមា​ធ្វើ​ឱ្យ​ប៉ះពាល់​​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន

កម្ពុជា​លើក​ឡើង​ថា ការ​បន្ត​កើត​មានឡើង​នូវ​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្វីមួយ​ដែល​ខ្លួន​អះអាង​ថា ជា «​វឌ្ឍនភាព​» ដែល​សម្រេច​បាន​ក្នុង​ដំណើរ​ទស្សន​កិច្ច​ការងារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រដ្ឋធានី​នៃ​រដ្ឋកាយ៉ាហ៍ (Kayah State) រវាង​យោធា​ភូមា និង​កងកម្លាំង​ម្ខាង​ទៀត ដែល​កម្ពុជា​ហៅថា​ជា​កម្លាំង «​ឧទ្ទាម​» ប្រដាប់​អាវុធ​។ សេចក្តី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃទី​២០ ខែ​មករា ថា កម្ពុជា​ចង់​ឃើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ទទួលយក​បទ​ឈប់​បាញ់ បញ្ចប់​រាល់​សកម្មភាព​ដែល​ហិង្សា អនុវត្ត​ការ​អត់ធ្មត់​ឱ្យ​បាន​ខ្ពស់​បំផុត និង​ចាប់ផ្តើម​កិច្ច​សន្ទនា​ដើម្បី​បង្កើត​នូវ​ស្ថានភាព​អំណោយផល​សម្រាប់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន។

ការ​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់​កម្ពុជា​ជុំវិញ​បញ្ហា​វិបត្តិ​ភូមា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដែល​មិន​ពេញចិត្ត​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អុងឡាំង (Min Aung Hlaing)​។ ពួកគេ​យល់​ថា លោក ហ៊ុន សែន ព្យាយាម​ផ្តល់​ភាពស្របច្បាប់​ឱ្យ​របប​រដ្ឋប្រហារ​ភូមា និង​ថា លោក ហ៊ុន សែន សម្រេចចិត្ត​តែឯង​ដោយ​គ្មាន​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ជាមុន។

បើ​ទោះ​បី​ជា​កម្ពុជា​អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ជោគជ័យ​របស់​លោក ហ៊ុន សែន ក្រុម​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា ឥណ្ឌូណេស៊ី (Indonesia) សិង្ហ​បុរី (Singapore) ម៉ាឡេស៊ី (Malaysia) និង​ហ្វីលីពីន (The Philippines) សុទ្ធតែ​យល់ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ ពុំ​ទទួល​បាន​ផ្លែផ្កា ឬ​វឌ្ឍនភាព​ណាមួយ​ចំពោះ​វិបត្តិ​ភូមា​នេះ​ទេ​។ ក្រុម​អ្នកឃ្លាំមើល​ថា ដំណើរ​ទស្សនកិច្ច​នេះ​រឹតតែ​ធ្វើ​ឱ្យ​របប​សឹក​ភូមា​កាន់តែ​គឃ្លើន​បន្ត​បើក​ការវាយប្រហារ​ដោយ​អាវុធ​ទៅលើ​ក្រុម​ពលរដ្ឋ​ស៊ីវិល និង​ក្រុម​ជនជាតិ​ដទៃ​នៅ​ភូមា​ដែល​ប្រឆាំង​នឹង​ការដឹកនាំ​ខុសច្បាប់​របស់​របប​សឹក​។ ពួកគេ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ក៏​កំពុងតែ​ធ្វើ​ឱ្យ​អាស៊ាន​បែកបាក់​គ្នា។

សញ្ញាណ​នៃ​ការ​បែកបាក់​គ្នា​ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការណ៍​ដែល​កម្ពុជា​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជា​លើកដំបូង​​បាន​ដោយ​ត្រូវ​លើក​ពេលវេលា​ដោយ​គ្មាន​កាលកំណត់​។ ទោះ​យ៉ាងណា កម្ពុជា​នៅតែ​បន្ត​ជម្នះ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​ដែល​តែងតាំង​ដោយ​របប​សឹក​ភូមា ឱ្យមក​ចូល​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ក្រុងព្រះសីហនុ​ដដែល។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​ព្រួយបារម្ភ​របស់​កម្ពុជា​នា​ពេល​នេះ ទំនងជា​កម្ពុជា​ចង់​បន្ទន់​ជំហរ​របស់​ខ្លួន​ដើម្បី​អាច​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ឡើងវិញ​បាន​នា​ពេល​ខាងមុខ និង​បញ្ចៀស​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។