គណបក្សប្រជជនកម្ពុជាបានចាត់តាំងមន្ត្រីជាន់ខ្ពស់របស់ខ្លួនស្ទើរគ្រប់ផ្នែកឱ្យទៅពង្រឹងបក្សនៅប្រទេសអូស្ត្រាលីនិងណូវ៉ែលសឺឡង់ក្នុងតំបន់មានខ្មែររស់នៅច្រើនចំនួន៩តំបន់ផ្សេងៗគ្នា។យុទ្ធសាស្ត្រានេះដើម្បីទាក់ទាញទិញទឹកចិត្តខ្មែររស់នៅប្រទេសក្រៅឱ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាជាថ្នូរនឹងការផ្ដល់ភាពងាយស្រួលមករកស៊ីនៅកម្ពុជាផ្ដល់លុយកាក់និងការទទួលបានផលប្រយោជន៍ជាច្រើនទៀត។ នេះជាការបញ្ជាក់របស់សហគមន៍ខ្មែរនៅអូស្ត្រាលី។
អតីតសមជិកសភាពអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម ឱ្យអាស៊ីសេរីដឹងថាក្រុមនេះធ្វើការងារទាំង៩តំបន់នេះដោយបានសហការគ្នាជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសទាំងពីរនេះដើម្បីដើរទិញទឹកចិត្តខ្មែរគម្រាមកំហែងក្រុមនិស្សិតដែលទទួលបានអាហារូបករណ៍មិនឱ្យចូលរួមសកម្មភាពជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលីនិងឱ្យខ្មែរនៅទីនោះចូលរួមពិធីដឹងគុណថ្ងៃ ៧ មករា ជាដើម។ លោកឱ្យដឹងទៀតថាក្រុមនេះប្រើប្រាស់លុយរបស់ខ្លួនដើម្បីបញ្ជ្រាបមនុស្សខ្លួនចូលក្នុងគណៈកម្មការវត្តរហូតធ្វើឱ្យមានជម្លោះក្នុងវត្តអារាមថែមទៀតផង៖ « ពួកហ្នឹងអ្នកខ្លះចង់ក្ដាប់ចង់ត្រួតត្រាវត្តអីទៅដូចជាមានវត្តពីរបីដែលយើងឃើញថា មានការគៀបសង្កត់ខ្លាំងពីពួកហ្នឹងគេអាងលុយគេគេចង់ផ្លាសចង់ប្ដូរអីចឹងទៅជាក្រុមដែលមកបំបែកបំបាក់ខ្មែរ»។
ស្រដៀងគ្នានេះដែរសកម្មជនគណបក្សសង្គ្រោះជាតិលោក ខៀវ តារា រស់នៅទីក្រុងអាដដេលេត (Adelaide) រដ្ឋអូស្ត្រាលីខាងត្បូង ឱ្យដឹងដែរថាក្រុមពង្រឹកបក្សកាន់អំណាចបានធ្វើឱ្យពលរដ្ឋខ្មែររស់នៅតំបន់លោកមួយចំនួនរើសអើងនយោបាយរហូតលែងមើលមុខគ្នាព្រោះតែខុសបក្សគ្នា។ លោកព្រួយបារម្ភថាធ្វើការមនោគមន៍វិជ្ជារបស់គណបក្សប្រជាជនកម្ពុជានឹងធ្វើឱ្យខ្មែរនៅទីនេះបែកបាក់គ្នានិងមានការលាបពណ៌គ្នា។ ទោះយ៉ាងណាលោកសង្កេតឃើញថានៅតំបន់លោករស់នៅអ្នកដែលចូលរួមជាមួយបក្សកាន់អំណាចមានតិចតួចបើធៀបទៅនឹងពលរដ្ឋដែលស្រលាញ់ប្រជាធិបតេយ្យឬគាំទ្រគណបក្សប្រឆាំង៖ « មានពាក់ព័ន្ធផលប្រយោជន៍នៅប្រទេសកម្ពុជា ដូច្នេះមិត្តភ័ក្ត្រដែលស្គាល់គ្នាឈប់និយាយគ្នាមើលមុខគ្នាដូចថាមិនសូវចំនេះការរើសអើងក្នុងផ្នែកនយោបាយ ប៉ុន្តែខ្ញុំមិនធ្វើអញ្ចឹងទេ ខ្ញុំនៅតែស្គាល់គាត់នៅតែស្វាគមន៍ធម្មតាគ្រាន់តែសួរសំនួរខ្លះៗថា យើងម៉េចធ្លាប់ស្គាល់មិនសូវនិយាយគ្នាអញ្ចេះមួយអញ្ចេះពីរណា»។
ខ្មែរនៅអូស្ត្រាលីឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងប្រធានតំបន់ទាំង៩នោះគឺរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន។
ឆ្លើយតបនឹងការអះអាងរបស់ខ្មែរអូស្រ្តាលីនិងមន្រ្តីបក្សប្រឆាំងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា លោក ហ៊ុន ម៉ាណែត ទៅពង្រឹងបក្សនៅអូស្ត្រាលីមិនមែនទៅបំបែកបំបាក់ខ្មែរនៅទីនោះទេ។ លោកអួតអាងថាពេលលោក ហ៊ុន ម៉ាណែត និងក្រុមការងារលោកទៅពង្រឹកបក្សនៅទីនោះម្ដងៗអ្នកទាំងនោះចេញលុយខ្លួនឯងទាំងអស់មិនចំណាយបក្សនោះទេ។ ទោះយ៉ាងណាលោកមិនដឹងពីចំនួនលុយដែលត្រូវចំណាយនោះទេ ដោយលោកថា មានតែលោក ហ៊ុន ម៉ាណែត ទេទើបដឹង៖ «ត្រង់អ្នកណាបែកបាក់រឿងខ្លួនឯងកុំបន្ទោសគេអ្នកដទៃពីព្រោះភារកិច្ចគាត់ទៅពង្រឹងបក្សនៅមូលដ្ឋាននៅអូស្ត្រាលីមានទៅបំបែកបំបាកឯណា»។
ទាក់ទងការចោទប្រកាន់នេះអាស៊ីសេរីបានព្យាយាមសុំការបកស្រាយពីលោក គឹម សន្ដិភាព ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះបែបនេះក្ដី ទំព័រហ្វេសប៊ុក របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលឱ្យដឹងថា លោក គឹម សន្តិភាព ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវ៉ែលហ្សេឡង់។ប្រភពដដែលឱ្យដឹងទៀតថាកាលពីថ្ងៃទី១១ខែកក្កដា លោក គឹម សន្តិភាពបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ជាមួយក្រុមការងារតំបន់៧និងគណៈកម្មាធិការសាខាបក្សនិងក្រុមការងារយុវជនគណបក្សប្រចាំនៅទីក្រុងដាវីន (Darwin) ប្រទេសអូស្ត្រាលីតាមរយៈវីដេអូ Zoom។ ទោះយ៉ាងណាប្រភពដដែលនេះមិនបានបង្ហាញលម្អិតពីខ្លឹមសារនៃកិច្ចប្រជុំនោះឡើយ។
ជុំវិញរឿងបក្សកាន់អំណាចកំពុងបង្កើតឥទ្ធិពលនៅអូស្រ្តាលី និង នូវ៉ែលហ្សេឡង់នេះ សហគមន៍ខ្មែរនៅអូស្ត្រាលីកំពុងសិក្សាផ្លូវច្បាប់ដើម្បីស្នើទៅអាជ្ញាធរអូស្ត្រាលីពិនិត្យមើលទង្វើរបស់គណបក្សប្រជាជនកម្ពុជា។ ពួកគេថា បារម្ភថា សកម្មភាពនេះជាទង្វើរដ្ឋរបទេសប្រើសិទ្ធិអំណាចរបស់ខ្លួនមកគៀបសង្កត់សិទ្ធិសេរីភាពពលរដ្ឋអូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។