ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​កាន់​អំណាច​របស់លោក ហ៊ុន ម៉ាណែត

ដោយ យន់ សាមៀន
2023.08.19
ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​កាន់​អំណាច​របស់លោក ហ៊ុន ម៉ាណែត គណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នៅអាណត្តិទី៧ ដែលបន្តត្រកូលពីឪពុកគឺលោក ហ៊ុន សែន។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

ក្រុម​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​យុវជន​ពេញ​កម្លាំង​រស់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​រួមគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​អះអាង​ថា ជា​ការ​ផ្ទេរ​អំណាច​ត​ពូជ​របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន ។ ពួកគាត់​ក៏​នឹង​ស្នើ​ដល់​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជំរុញ​ឱ្យ​កម្ពុជា​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក កិត្យា វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទៅ១៩ សីហា ថា ក្រុម​បាតុករ​ជាង ៥០០នាក់​នឹង​មក​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ ពី​ព្រោះ​ពួកគាត់​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌ និង​សម្រែក​នៃ​ការ​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​កំពុង​រង​ការ​ធ្វើ​បាប​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ពីព្រោះ​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ហា​សង្គម​ជាតិ​ឡើយ។

លោក កិត្យា វិបុល៖ «ការ​ដោះស្រាយ​វិបត្តិ​ប្រទេសជាតិ ក៏​ដូចជា​ជូន​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ដូចជា​បញ្ហា​រឿង​ដីធ្លី បញ្ហា​កម្មករ​ណាហ្គាវើលដ៍ អ៊ីចឹង​រឿង​ជា​ច្រើន​នៅ​ស្រុក​ខ្មែរ​ដែល​មិន​បាន​បង្ហាញ​សាធារណៈ​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ហើយ​ការ​របស់​គាត់​នេះ​ទៀត​សោត ឪពុក​របស់​គាត់​ទេ​ដែល​ជា​ផ្ដល់​ឱ្យ គឺ​គាត់​អត់​មាន​សមត្ថភាព គាត់​គឺជា​បុគ្គល​មួយ​មិន​ចេះ​អៀនខ្មាស គឺ​មើល​ឃើញ​ថា សញ្ញាប័ត្រ​គឺ​យើង​ទទួល​ស្គាល់​ជា​សញ្ញាប័ត្រ​បណ្ឌិត​មែន ប៉ុន្តែ​សមត្ថភាព​ពិត​គឺ​គាត់​អត់​មាន​ទាល់​សោះ»

បាតុកម្ម​ប្រឆាំង លោក ហ៊ុន ម៉ាណែត នេះ​ក្រុម​បាតុករ​នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ជុងកាក់ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​សម្ដែង​មតិ​អំពី​ការ​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី និង​លើក​ឡើង​ពី​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ការ​ធ្វើ​បាប​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ដែល​ពួកគាត់​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទាមទារ​យុត្តិធម៌​សង្គម ប៉ុន្តែ​បែរជា​របប​ក្រុង​ភ្នំពេញ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ទៅវិញ។ ជាង​នេះ​ទៅ​ទៀត ក្រុម​បាតុករ​នឹង​ដង្ហែ​ញត្តិ​ពី​ទីលាន​ជុងកាក់ ឆ្ពោះ​ទៅ​ក្រសួង​ការបរទេស​កូរ៉េ និង​ស្ថានទូត​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន ១៩ប្រទេស​ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព និង​បើក​លំហ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​បាន​ចូលរួម​គិត​គូរ​ពី​ការ​ដឹក​នាំ​របស់​រដ្ឋ។

ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម ក្រុម​យុវជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រមាណ​២០០នាក់ ក៏​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ ក្នុង​បរិវេណ​សួន អូអិណុ (Ueno) ទីក្រុង​តូក្យូ (Tokyo) ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​ការ​ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​ត​ពូជ ដែល​ប្រាស់​ចាក​ពី​គោលការណ៍​រដ្ឋធម្មនុញ្ញ។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន លោកស្រី ណិប បូរ៉ា ថ្លែង​ថា លោកស្រី​គ្មាន​ជំនឿ​លើ​ការ​ដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត  ដែល​អាច​នឹង​មាន​ប្រជាធិបតេយ្យ​ពលរដ្ឋ​រស់នៅ​មាន​ជីវភាព​សមរម្យ​នោះ​ទេ ។ លោកស្រី​បន្ត​ថា អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កាន់​តែ​បន្ត​កើន​ឡើង ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រមូល​ផ្ដុំ​គ្នា ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ លោក ហ៊ុន សែន។

លោកស្រី ណិប បូរ៉ា៖ «ជាក់ស្ដែង​យើង​មិន​អាច​ឈរ​អោបដៃ​មើល​ទិដ្ឋភាព​មួយ​ដែល​ទៅ​រក​ការ​រំលោភ​សិទ្ធិ​មនុស្ស​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ហើយ​ក្នុង​នាម​ដែល​យើង​មក​រស់នៅ​ក្នុង​ប្រទេស​សេរី​ដែល​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដូចជា​យើង​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​យើង​ឃើញ​ថា​កម្ពុជា​អត់​មាន​សិទ្ធិ​ធ្វើ​បែប​ហ្នឹង​ទេ​ហើយ​អ្វី​ដែល​យើង​ធ្វើ​គឺ​យើង​តែងតែ​បញ្ចេញ​ទៅ​ក្រៅ​ដើម្បី​ជំនួស​អ្នក​នៅ​ក្នុង​ស្រុក​ដែល​គាត់​មិន​អាច​និយាយ​បាន»

ដោយឡែក​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក៏​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នេះ​ដូចគ្នា​ដែល​ក្នុង​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូស៊ែត ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅថ្ងៃទី១៩ សីហា។

ទាក់​ទិន​បញ្ហា​នេះ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​របស់​ក្រុម​ពលរដ្ឋ​គឺជា​សិទ្ធិ​សេរីភាព ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ទទួល​យក​មតិ​រិះគន់​របស់​ពលរដ្ឋ​ដើម្បី​កែ​លំអ​ចំណុច​ខ្វះ​ខាត។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​នយោបាយ។

លោក អំ សំអាត៖ «រាល់​អ្នក​នយោបាយ​ទាំងអស់​ដែល​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​ហើយ​យើង​គោរព​ទៅ​តាម​ប្រទេស​ជា​ហត្ថលេខី បាន​ន័យ​ថា កម្ពុជា​របស់​យើង​បាន​ទទួល​សច្ចាប័ន ផ្ដល់​ហត្ថលេខា ចុះ​ហត្ថលេខា​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ​ជា​ច្រើន ពាក់ព័ន្ធ​បញ្ហា​រឿង​សិទ្ធិ​មនុស្ស​ហើយ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អ៊ីចឹង​កម្ពុជា​យើង​ជា​រដ្ឋ​ដែល​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត»

រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃ​ទី​២១ និង​២២ ខែ​សីហា ខាង​មុខ​នេះ ហើយ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ជា​ឪពុក​របស់​លោក។

កាល​ពីថ្ងៃទី២៣ កក្កដា កន្លងទៅ​ក្រុម​យុវជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែរ ដោយ​ពួកគាត់​ចាត់​ទុក​ថា គឺជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច និង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ ពីព្រោះ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ផាត់​ចោល​គណបក្ស​ភ្លើង​ទៀន​ចេញ​ពី​ការ​បោះឆ្នោត៕

ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។