ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន ត្រៀមបាតុកម្មទ្រង់ទ្រាយធំប្រឆាំងគម្រោង CLV
2024.08.10
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនរាប់ពាន់នាក់នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រុងទ្រាយធំ ទាមទាររដ្ឋាភិបាលក្រុងភ្នំពេញដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយរៀតណាមនិងឡាវ។ ការលើកឡើងនេះបន្ទាប់ពីពួកគាត់បារម្ភថាតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស(CLV)នេះអាចនាំឲ្យកម្ពុជាជួបហានិភ័យបាត់បង់ធនធានធម្មជាតិ និងទឹកដីកម្ពុជាទៅឲ្យប្រទេសវៀតណាមនៅថ្ងៃខាងមុខ។
ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនត្រៀមចេញធ្វើបាតុកម្មព្រមៗគ្នានៅថ្ងៃទី១១ ខែសីហា ដើម្បីទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស(CLV) ជាមួយប្រទេសវៀតណាម(Vietnam) និងឡាវ(LAO)។
អ្នកនាំពាក្យគណៈកម្មការរៀបចំបាតុកម្មប្រចាំប្រទេសកូរ៉េខាងត្បូងលោក មាស វិសាល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែសីហាថា ពលរដ្ឋខ្មែររស់នៅនិងធ្វើការក្នុងប្រទេសកូរ៉េរាប់ពាន់នាក់ បានត្រៀមខ្លួនរួចហើយក្នុងការចូលរួមមហាបាតុកម្មសម្តែងមតិ និងដើរហែក្បូន ដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យជុងកាក់(Junghak) ក្នុងក្រុងសេអ៊ូល(Seoul)។ លោក មាស វិសាល កត់សម្គល់ថា ពលរដ្ឋខ្មែរនៅតាមតំបន់នីមួយៗមានសកម្មភាពផុសផុសខុសពីបាតុកម្មលើកមុនៗ ដោយពួកគាត់បានស្ម័គ្រចិត្តលះបង់ពេលវេលា ចំណាយធនធានផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតវេចកញ្ចប់បាយធ្វើដំណើរតាមឡានក្រុង និងមធ្យោបាយផ្សេងទៀតដោយសារបុព្វហេតុចង់ការពារទឹកដីឱ្យនៅគង់វង្ស។
លោក មាស វិសាល៖ «សម្រាប់ការត្រៀមខ្លួនបាតុកម្មនៅថ្ងៃស្អែកនេះ គឺយើងបានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ឱ្យបងប្អូនចូលរួមនៅថ្ងៃស្អែកនេះ ឱ្យមានភាពកក់ក្តៅ ដោយធ្វើយ៉ាងណាឱ្យព្រឹត្តការណ៍ កក្រើកមិនថានៅក្នុងប្រទេសកូរ៉េទេ គឺកក្រើកនៅទូទាំងពិភពលោកតែម្តងឱ្យងាកមកមើលព្រឹត្តការណ៍នៅប្រទេសកូរ៉េនៅថ្ងៃស្អែកនេះ ជាពិសេសរបបនៅកម្ពុជាសព្វថ្ងៃឱ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ »។
ជាមួយគ្នានេះដែរ តំណាងគណៈកម្មការរៀបចំបាតុកម្មលោក ម៉ាត់ វណ្ណី បញ្ជាក់ថាបាតុកម្មខាងមុខនេះទាមទារឱ្យរដ្ឋាភិបាល ដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ និងដោះស្រាយវិបត្តិសង្គម ហើយងាកមកស្តារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញផងដែរ។
លោក ម៉ាត់ វណ្ណី៖ «រដ្ឋាភិបាលក្នុងនាមគាត់តំណាងឱ្យប្រជាពលរដ្ឋត្រូវតែពិចារណា ហើយត្រូវតែជ្រើសរើសជំហរនៅខាងប្រជាពលរដ្ឋ បើមិនដូច្នេះទេ ខ្ញុំព្រួយបារម្ភដែលរដ្ឋាភិបាលនៅតែរឹងទទឹង មិនដោះស្រាយ មិនសម្របតាមឆន្ទៈរបស់ពលរដ្ឋ ខ្ញុំបារម្ភមានបាតុភាពណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជា។ យើងអត់ចង់ឃើញរូបភាពនេះទេ អ៊ីចឹងយើងសង្ឃឹមថាលោក ហ៊ុន ម៉ាណែត ដែលជាប្រមុខរដ្ឋាភិបាលពិចារណា ហើយដកខ្លួនចេញ»។
ចំណែកប្រជាពលរដ្ឋខ្មែរនៅប្រទេសប៉ុន នៅថ្ងៃទី១១ ខែសីហា ក៏ចេញធ្វើបាតុកម្មដែរ ។ ប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនលោក ហៃ វណ្ណា ឱ្យដឹងថាអ្នកចូលរួមរាប់រយនាក់នឹងធ្វើដំណើរតាមរថភ្លើង ឡានក្រុង ចំណែកអ្នកដែលរស់នៅតំបន់ឆ្ងាយៗត្រូវជិះយន្តហោះដើម្បីចូលរួមបាតុកម្មនឹងចាប់ផ្តើមនៅវេលាម៉ោង២រសៀលនៅក្នុងទីក្រុងតូក្យូ(Tokyo)។ លោកឱ្យដឹងថាក្រៅពីជួបជុំសម្តែងមតិនោះក្រុមបាតុករនឹងដើរដង្ហែក្បួនបាតុកម្ម ចេញពីសួនច្បារស៊ីនយូហ្គឹ ជូអូ(Shinjuku Chuo) ឆ្ពោះទៅសាលាក្រុងស៊ីនយូហ្គឹ(Shinjuku City Hall)។ លោក ហៃ វណ្ណា បញ្ជាក់ថាសាររបស់ពលរដ្ឋដែលម្ចាស់ប្រទេសព្រួយបារម្ភថាតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះនឹងអាចនាំឱ្យកម្ពុជាបាត់បង់ទឹកដី ធនធានធម្មជាតិទៅឱ្យប្រទេសវៀតណាមដូចប្រវត្តិសាស្រ្តដ៏ជូរចត់ ហើយវាក៏ជាមេរៀនសម្រាប់កូនខ្មែរត្រូវប្រុងប្រយ័ត្ន និងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោងនេះ។
លោក ហៃ វណ្ណា៖ «យើងបាតុកម្មនេះចង់ប្រាប់ទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា យើងមិនអាចធ្វេសប្រហែសបានទេជាមួយប្រទេសវៀតណាម បើសិនជាយើងធ្វេសប្រហែស គឺទឹកដីយើងនឹងត្រូវបាត់បង់ ខ្ញុំជឿជាក់ថានឹងមានមនុស្សជាច្រើនចូលរួមដើម្បីសម្តែងមតិ យើងសង្ឃឹមថាអាចកៀរគរប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាក្រោកឈរតស៊ូទាំងអស់គ្នាដើម្បីការពារទឹកដីយើង»។
រដ្ឋាភិបាលប្រទេសកម្ពុជា វៀតណាម និង ឡាវ បានព្រមព្រៀងគ្នាបង្កើតតំបន់ ត្រីកោណអភិវឌ្ឍន៍(CLV) កាលពីឆ្នាំ១៩៩៩។ គម្រោងនេះ មានខេត្តចំនួន ១៣ ជាចំណុះ ដោយប្រទេសកម្ពុជាមាន ៤ខេត្តនៅភាគឦសាន ដែលមានពលរដ្ឋ សរុបតែជាង ៥០ម៉ឺននាក់។ ប្រទេសឡាវមាន៤ខេត្ត ដែលមានប្រជាជនសរុបជាង ៧០ម៉ឺននាក់។ រីឯប្រទេសវៀតណាមមាន៥ខេត្ត ដែលមានប្រជាជន រហូតដល់ជាង ៧លាននាក់។
បើទោះបីជា លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា បានបកស្រាយថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ នឹងមិនធ្វើឲ្យបាត់បង់ទឹកដីខ្មែរទៅវៀតណាម និងព្រមានពីការប្រើប្រាស់គុកច្រវ៉ាក់ចំពោះពលរដ្ឋដែលហ៊ានបញ្ចេញមតិរឿងទឹកដីនេះក្តី ក៏ពលរដ្ឋខ្មែរនៅតែមិនជឿជាក់ និងមិនចុះញ៉មចំពោះការគំរាមនេះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១០ ខែសីហា។ ចំណែកអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់ថា លោកជាប់រវល់ប្រជុំ។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា សង្កេតឃើញថាពលរដ្ឋខ្មែរស្ទើរគ្រប់មជ្ឈដ្ឋានខឹងសម្បារ ប្រកាសមិនគាំទ្រគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស(CLV) របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មកដល់ពេលនេះ។ លោកយល់ថារដ្ឋាភិបាលគួរបញ្ឈប់គម្រោងនេះតាមសំណើររបស់ពលរដ្ឋ បើមិនដូច្នេះកម្លាំងពលរដ្ឋចេញតវ៉ាកាន់តែធំ។
លោក ស៊ឹង សែនករុណា៖ «ថ្វីត្បិតតែមេដឹកនាំចេញមកអះអាងថាខ្លួនមិនអនុញ្ញាត មិនព្រម មិនធ្វើ ប៉ុន្តែគេមើលឃើញជាក់ស្តែង អ៊ីចឹងពលរដ្ឋនៅក្នុងប្រទេសមិនអាចធ្វើបាតុកម្មបាន តែពលរដ្ឋនៅក្រៅប្រទេសហាក់មានការឈឺឆ្អាល ពុះកញ្រ្ជោលខ្លាំង មិនតែនៅប្រទេសជប៉ុន កូរ៉េ អូស្រ្តាលី អាមេរិកទេ បណ្តាប្រទេសផ្សេងៗទៀតក៏គេអត់សប្បាយចិត្តដែរ គឺគេចង់ឃើញអ្នកដឹកនាំដែលជាឪនិងកូនគួរតែសម្រេចិត្តថាបញ្ឈប់អំពើបែបនេះទៅ»។
ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់និន្នាការនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកាសរួមគ្នាបង្ហាញកម្លាំងសាមគ្គីចេញសម្តែងមតិ និងធ្វើបាតុកម្មឱ្យបានផុលផុសឡើង ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ងាកមកស្តាប់មតិរបស់ប្រជាពលរដ្ឋ ដោយបញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស(CLV) ជាមួយប្រទេសវៀតណាម(Vietnam) និងឡាវ(Lao) ដែលនេះជាក្តីកង្វល់របស់ពលរដ្ឋខ្មែរថាកម្ពុជាអាចប្រឈមបាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនទៅឲ្យប្រទេសវៀតណាមនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។