ជនភៀសខ្លួន និង​ក្រុម​ពលករ​ខ្មែរ​រក្សា​ជំហរ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​ថៃ

ដោយ ម៉ៅ សុធានី
2024.02.06
ជនភៀសខ្លួន និង​ក្រុម​ពលករ​ខ្មែរ​រក្សា​ជំហរ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​ថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ភរិយា ធ្វើដំណើរដល់ទីក្រុងបាងកក ប្រទេសថៃ នៅ​ព្រឹកថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ជនភៀសខ្លួន និង​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​ថៃ។ អ្នក​អត្ថាធិប្បាយ​នយោបាយ​ថា ខ្មែរ​នៅ​ក្រៅ​ស្រុក​តែងតែ​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន ម៉ាណែត ព្រោះ​មេដឹកនាំ​រូប​នេះ ឡើង​កាន់​អំណាច​មិន​ស្រប​ច្បាប់។

បើ​ទោះ​បី​ជា​ប្រឈម នឹង​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ ជនភៀសខ្លួន​និង​ពលករ​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​ថៃ នៅតែ​រក្សា​ជំហរ​ទាមទារ​ប្រឆាំង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដដែល។ ការ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នេះ ក្រុម​ជនភៀសខ្លួន​និង​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ នឹង​ជួបជុំ​សម្ដែង​មតិ​នៅ​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ និង​សម្ដែង​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉េង សុធារ៉ា ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី៦ ខែ​កុម្ភៈ ថា ក្រុម​ជនភៀសខ្លួន​នឹង​មាន​ពិធី​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ដែល​មិន​មែន​យក​កម្រងផ្កា​ទៅ​ជូន​លោក ហ៊ុន ម៉ាណែត ឡើយ។ លោក​បញ្ជាក់​ថា ក្រុម​របស់​លោក​នៅតែ​តស៊ូ​តាម​របៀប​ផ្សេងៗ​គ្នា ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន ដោះលែង​អ្នក​ទោស​នយោបាយ ដោះស្រាយ​វិបត្តិ​នយោបាយ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាដើម។

លោក ម៉េង សុធារ៉ា៖ «យើង​មាន​តាម​បណ្ដាញ​សង្គម​ខ្លះ​ហើយក៏​យើង​អាច​បង្ហាញ​នូវ​រូបភាព​នៅ​ខាងក្រៅ​ខ្លះ​បើ​យើង​ខ្លាចរអា​នៅតែ​មាន​បញ្ហា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ជា​ម្ចាស់​អ៊ីចឹង យើង​សំខាន់​គឺ​ផលប្រយោជន៍​ម្ចាស់​ឆ្នោត​តែម្ដង​ក្នុង​នាម​យើង​ជា​បក្ស​ប្រឆាំង»

លោក ម៉េង សុធារ៉ា ឱ្យ​ដឹង​ទៀត​ថា ក្រុម​របស់​លោក បាន​សហការ​ជាមួយ​ក្រុម​ពលរដ្ឋ​មក​ពី ១៣​ខេត្ត នៅ​ប្រទេស​ថៃ បូករួម​ទាំង​នៅ​ទីក្រុង​បាងកក ដែល​ពួកគាត់​នៅ​នឹង​ធ្វើ​ការ​ទាមទារ នៅ​ទីតាំង​មួយ​ចំនួន។

ស្រដៀង​គ្នា​នេះ ជនភៀសខ្លួន​ម្នាក់​ទៀត លោកស្រី ហុង អាន ប្រាប់​ថា លោកស្រី​នឹង​ធ្វើ​ការ​តស៊ូ​មតិ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត មក​ប្រទេស​ថៃ​នេះ​ដែរ។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​អាច​ចេញ​មក​ក្រៅ​ជួបជុំគ្នា​សម្ដែង​មតិ ព្រោះ​លោកស្រី​បារម្ភ​ពី​សុវត្ថិភាព​ខណៈ​នៅ​រយៈពេល​ចុងក្រោយ​នេះ មានការ​ចាប់ខ្លួន​ជនភៀសខ្លួន​ជា​បន្តបន្ទាប់។

លោកស្រី ហុង អាន៖ «ខ្ញុំ​ប្រឆាំង​ដាច់​ខាត​វត្តមាន​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បន្ត​ពូជ នាយករដ្ឋមន្ត្រី​ផ្ដាច់ការ​ពុករលួយ​បក្ខពួក​និយម​គឺ​ពួក​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ គឺ​មិន​ទទួលស្គាល់​ជា​ដាច់ខាត ហើយ​មិន​អបអរសាទរ​ដែល​មក​ជាន់​ដី​លើទឹក​ដី​ប្រទេស​គេ ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ»

លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ដើម្បី​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ទាក់ទង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​បញ្ហា​ព្រំដែន។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​នៅ​ក្រៅ​ស្រុក តែងតែ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន ម៉ាណែត ព្រោះ​មេដឹកនាំ​រូប​នេះ ឡើង​កាន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត ប្រសិនបើ មិន​ព្យាយាម​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​នយោបាយ​ទេ នៅ​ពេល​លោក ហ៊ុន ម៉ាណែត ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ទៀត ខ្មែរ​នៅ​ប្រទេស​នោះ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ដដែល។

លោក គឹម សុខ៖ «ទោះបីជា​គាត់​ទៅដល់​ទីណា ហើយ​នៅ​ទីនោះ​មានការ​រឹតត្បិត​យ៉ាងណា ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​រក​វិធី​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គាត់​សម្ដែង​មតិ​ឱ្យ​ពិភពលោក​ឃើញថា ហ៊ុន ម៉ាណែត មិនមែន​ជា​តំណាង​ឆន្ទៈ​របស់​គាត់​ថា ហ៊ុន ម៉ាណែត មិន​មែន​តំណាង​ឆន្ទៈ​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​កា​របកស្រាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ប៉ែន បូណា និង​មន្ត្រី​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល បាន​ទេ នៅ​ថ្ងៃទី៦ ខែ​កុម្ភៈ។

ទោះ​យ៉ាង​ណា សារព័ត៌មាន​ហ្វ្រេសញូវ​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​ថៃ លោក សុទីន ក្លុងសាង (Sutin klungsang) បាន​ប្រកាស​ថា​រដ្ឋាភិបាល​ថៃ មិន​អនុញ្ញាត​ឱ្យ​ក្រុម​ចលនា​ប្រឆាំង​កម្ពុជា ប្រមូល​ផ្តុំ​តវ៉ា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ឡើយ។ ប្រភព​ដដែល​បន្ត​ថា បើសិន​សមត្ថកិច្ច​ថៃ​ឃើញ​មាន​សកម្មភាព​ប្រឆាំង​លោក ហ៊ុន ម៉ាណែត សមត្ថកិច្ច​ថៃ នឹង​មាន​វិធានការ​លើ​ជន​ប្រព្រឹត្ត។

ទាក់ទង​ការព្រមាន​នេះ​ដែរ ក្នុង​អំឡុង​ពេល លោក ហ៊ុន ម៉ាណែត គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ សមត្ថកិច្ច​ថៃ ក៏​កំពុង​សម្រុក​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​នេះ ដែល​មក​ដល់​ពេល​នេះ ជនភៀសខ្លួន ប្រពន្ធ និង​កូនៗ​របស់​ជនភៀសខ្លួន​ចំនួន ១៥​នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប្រទេស​ថៃ​។ ជនភៀសខ្លួន និង​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ នៅតែ​រក្សា​ជំហរ ទាមទារ និង​តស៊ូ​តាម​បណ្ដាញ​សង្គម ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​លើ​ទឹកដី​ថៃ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ជីក​ព្រែក​ហ្វូណន​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា គ្មាន​ការ​ចាំ​បាច់​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។