គណបក្ស​ភ្លើង​ទៀន​​​​ចោទ​អាជ្ញាធរ​​សង្កាត់​​​សៀមរាប​ថា ​រើស​​អើង​​​និង​​​​​​​​​​បង្ក​ការ​លំបាក​​ក្នុង​​ការ​​​លើក​​ស្លាក​​​​​​

0:00 / 0:00

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​​ ចោទប្រកាន់​អាជ្ញាធរ​សង្កាត់​សៀមរាប ក្រុង​សៀមរាប​ ថាបាន​​​​រើស​អើង​ និង​​​មាន​ចេតនារឹតត្បិត​ចង់​រក​រឿង​​ពួកលោក​ ​មិន​ឱ្យ​លើកស្លាកគណបក្ស។ ចំណែក​​គណបក្ស​កាន់​អំណាច​​​អាច​លើក​ស្លាក​គណបក្ស​បាន​​ដោយ​សេរី​​។​​​​​​​​

តំណាង​គណបក្ស​ភ្លើង​ទៀន​ក្រុង​សៀមរាបលោក សៀក ចំណាប់ ដែល​ជា​​​មេឃុំ​ជាប់​ឆ្នោត​នៅ​សង្កាត់​នគរ​ធំ​ អះអាង​ថា ​អាជ្ញាធរ​តែងតែ​បង្ក​ការ​លំបាក​​ដល់​សកម្មភាព​​​​លើក​​ស្លាក​គណបក្ស​ភ្លើង​ទៀនជា​និច្ច​ បើ​ទោះ​ជា​​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ណែនាំ​ ​ឲ្យ​អាជ្ញាធរ​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ​ក៏​ដោយ​។

លោក​បន្ត​ថា ហេតុផល​របស់​អាជ្ញាធរ​សង្កាត់​សៀមរាប ​មាន​ចរិត​គាប​សង្កត់​ និង​បំបិទ​សិទ្ធិ​នយោបាយ​សុទ្ធ​សាធ​ ដូច្នេះ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ។ ពួក​លោក នឹង​រក្សា​ជំហរ​​ជួប​ជុំ​គ្នា​​ប្រមាណ​៣០​នាក់​ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ម៉ោង​២​រសៀល​​​ដដែល ដើម្បី​លើក​ស្លាក​បក្ស​នៅ​មុខ​ផ្ទះ​សកម្មជន​ តាម​​សេចក្ដី​ជូន​ដំណឹង​របស់​បក្ស​​ដាក់​ជូន​សាលា​សង្កាត់​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​រដ្ឋបាល​សង្កាត់​សៀមរាប​​ បាន​បដិសេធ​សេចក្ដី​​ជូន​ដំណឹង​​របស់​​តំណាង​គណបក្ស​ភ្លើង​ទៀន​​ក្រុង​សៀមរាប​ ចំនួន​២​ដង​ ​ដើម្បី​លើក​ស្លាក​​​គណបក្ស​​ភ្លើង​ទៀន។ កាល​ពី​លើក​​ទី​១ អាជ្ញាធរ​អះអាង​ថា ​ទីតាំង​ដែល​គណបក្ស​​​បាន​សុំ​លើក​ស្លាក​​នៅ​ក្នុង​សង្កាត់​សៀមរាប​នេះ គឺ​ជា​ដី​ចំណី​ស្ទឹង​សៀមរាប។ ឯ​​ការ​បដិសេធ​លើក​ទី​២ លើកហេតុផល​​ថា ស្ថិត​លើ​​ផ្លូវ​ក្រវ៉ាត់​ក្រុង​។ ដូច្នេះចៅ​សង្កាត់​សៀមរាប​​តម្រូវ​ឲ្យ​​គណបក្ស​ភ្លើង​ទៀន ដាក់​សំណើ​សុំ​លើក​ស្លាក​​ម្ដង​ទៀត​។

តំណាង​គណបក្ស​ភ្លើង​ទៀន​លោក សៀក ចំណាប់​ ​អះអាង​ថា អាជ្ញាធរ​​មាន​ចេតនា​មិន​ល្អ​ក្នុង​ការ​រក​រឿង​ពួកគាត់​ ព្រោះ​ថា​ ទីតាំង​​​ដែល​ត្រូវ​​លើក​ស្លាក​​នោះ​ មិន​ស្ថិត​លើ​ដី​ចំណី​ស្ទឹង ឬ​ក្រវ៉ាត់​ក្រុង​ទេ តែ​ស្ថិត​នៅ​​​កៀក​របង​ផ្ទះ​របស់​សកម្មជន​បក្ស​តែ​ម្ដង​ ខណៈ​ស្លាក​របស់​គណបក្ស​កាន់​អំណាច​​អាច​លើក​​​បាន​ដោយ​សេរី និង​ដង្ហែ​ពេញ​ដង​ផ្លូវ​នោះ។

ជុំវិញ​ករណី​​នេះ ​វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ចៅ​សង្កាត់​សៀមរាបលោក ​ម៉ៃ សាម៉េត និង​អភិបាល​ក្រុង​សៀមរាបលោក ​នួន ពុទ្ធា​រ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​រើស​អើស និង​បង្ករ​ការ​លំបាក​ដល់​សកម្ម​ភាព​លើក​ស្លាក​គណបក្ស​ភ្លើង​ទៀន។ កាល​ពី​ពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​ខេត្ត​​សៀមរាប​ ធ្លាប់​លួច​កាត់​ស្លាក​គណបក្ស​​ភ្លើង​ទៀន និង​ស្លាក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចោល​ម្ដង​ហើយ ដោយ​ចោទ​ថា ​លើក​នៅ​​ដី​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក។ ចំណែក​​អាជ្ញាធរ​ខេត្ត​ត្បូង​​ឃ្មុំ ក៏​ធ្លាប់​រារាំង​ដល់​សកម្មភាព​លើក​ស្លាក​គណបក្ស​ភ្លើង​ទៀន​ដែរ។

កាល​ពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង បាន​ចេញ​លិខិត​ស្នើ​ដល់​មន្ត្រី​ក្រោម​ឱវាទ​នៅ​​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំងប្រទេស​ ផ្ដល់​មធ្យោបាយ​ងាយស្រួល ដើម្បី​ឱ្យ​គណ​បក្ស​នយោបាយ​ស្របច្បាប់ អាច​ធ្វើ​សកម្មភាព​នយោបាយ​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​​តំណាងរាស្ត្រ ​ឆ្នាំ​ ២០២២​ និង​២០២៣ ឱ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។