គ្រួសារ និងបក្សភ្លើងទៀនរិះគន់ករណីចាប់សកម្មជន ៣នាក់ទៀតថា ជាការគំរាមកំហែងផ្នែកនយោបាយ
2024.08.09
សាច់ញាតិ និងគណបក្សភ្លើងទៀនចាត់ទុកករណីចាប់ខ្លួនសមាជិកបក្សជំទាស់បីនាក់បន្ថែមទៀត ដោយមិនបញ្ជាក់ពីមូលហេតុថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យអាជ្ញាធរ និងតុលាការដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។
សាច់ញាតិក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមលោក សាន អឿន គឺលោកស្រី សាន គន្ធា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចស្រុកចំការលើបានចាប់ឪពុកលោកស្រីបញ្ជូនទៅឃុំនៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៧ ខែសីហា។ តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនឪពុកលោកស្រីដាក់ពន្ធនាគារព្រៃស មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី៨ ខែសីហា។ លោកស្រីឱ្យដឹងថា ក្រោយការចាប់ខ្លួនរយៈពេលបីថ្ងៃ ទើបក្រុមគ្រួសារបានចូលទៅជួបឪពុកក្នុងពន្ធនាការនៅរសៀលថ្ងៃទី៩ ខែសីហា ហើយមកដល់ពេលនេះក្រុមគ្រួសារពុំដឹងច្បាស់អំពីមូលហេតុនៃការចាប់ខ្លួនពីតុលាការនៅឡើយទេ។
លោកស្រី សាន គន្ធា ចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើឪពុកលោកស្រី ដែលជាមន្ត្រីគណបក្សប្រឆាំងនៅមូលដ្ឋាន បន្ទាប់ពីគាត់នៅតែរក្សាជំហររឹងមាំជាមួយបក្សប្រឆាំងដោយមិនព្រមចុះចូលជាមួយបក្សកាន់អំណាចកាលពីពេលថ្មីៗ នេះ។
លោកស្រី សាន គន្ធា៖ «ខ្ញុំជាប្រជាពលរដ្ឋមួយដែរ ខ្ញុំជាម្ចាស់ប្រទេសមួយដែរ ខ្ញុំអត់មានសិទ្ធិបញ្ចេញមតិអ្វីទេអ៊ីចឹង ដល់ពេលបញ្ចេញមតិដាក់មកពាក្យញុះញង់ៗ ខ្ញុំអត់អាចទទួលយកបានទេ ហើយអំពើដែលចាប់គាត់(ឪពុក)ដាក់ពន្ធនាគារ ហើយចោទគាត់ ពីបទញុះញង់នេះ ខ្ញុំថាជាអំពើអយុត្តិធម៌ខ្លាំង។ ចំពោះយុត្តិធម៌មានតែអ្នកមានលុយទេ ទើបមានយុត្តិធម៌ ចំពោះពលរដ្ឋក្រខ្សត់ អត់មានអំណាចដូចខ្ញុំអ៊ីចឹង អត់មានយុត្តិធម៌ទេ សម្រាប់ខ្ញុំ»។
គណបក្សភ្លើងទៀនបានបញ្ជាក់នៅសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៨ ខែសីហាថា អាជ្ញាធររដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាប់ខ្លួនមន្រ្តី និងសកម្មជនគណបក្សប្រឆាំងបីនាក់ កាលពីថ្ងៃទី៧ ខែសីហាដោយមិនដឹងពីមូលហេតុ។ ក្នុងនោះ រួមមាន ក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមមកពីគណបក្សភ្លើងទៀនលោក សាន អឿន និងពីរនាក់ទៀតជាបេក្ខជនក្រុមប្រឹក្សាស្រុកបាទី ខេត្តតាកែវ មកពីគណបក្សឆន្ទៈខ្មែរគឺលោក គឹម វឿន និងលោកស្រី ញិប សារ៉ុម ដែលជាអ្នកគាំទ្រនៅខេត្តបាត់ដំបង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យតុលាការខេត្តបាត់ដំបងលោក ភី កុសល ដើម្បីសាកសួរជុំវិញការចាប់ខ្លួនសកម្មជនបក្សជំទាស់បានទេនៅថ្ងៃទី៩ ខែសីហា។ ចំណែកអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុខៈ មិនទាន់ឆ្លើយតបនឹងសំនួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ។
បន្ទាប់ពីមានប្រតិកម្មពីមហាជននៅលើបណ្តាញសង្គមព្រោងព្រាត អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ដែលចុះផ្សាយដោយប្រព័ន្ធឃោសនាបក្សកាន់អំណាចនៅល្ងាចថ្ងៃទី៩ ខែសីហា អះអាងថាការចាប់ខ្លួនលោក សាន អឿន គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយមិនពាក់ព័ន្ធការគាំទ្រព្រែកជីកហ្វូណនទេ។ ក្រៅពីលើកក្រមព្រហ្មទណ្ឌមានត្រា២៩៤ និងមានត្រា២៩៥ ដែលជាមាត្រាពេញនិយមក្នុងការចោទ ចាប់សកម្មជននយោបាយ និងអ្នកដែលមាននិន្នាការផ្ទុយរដ្ឋាភិបាលយកមកសំអាងនោះ តុលាការក្រុងភ្នំពេញមិនបានបញ្ជាក់ពីមូលហេតុនៃការចោទប្រកាន់ និងឃុំខ្លួនលោក សាន អឿន ដាក់ពន្ធនាគារនៅឡើយ។
ទោះយ៉ាងណាក្ដី គណបក្សភ្លើងទៀន ចាត់ទុកការចាប់ខ្លួនសមាជិក និងអ្នកគាំទ្របក្សប្រឆាំងនៅពេលនេះ គឺជាការគំរាមកំហែងក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជននៅទូទាំងប្រទេស។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឱ្យដឹងថា សមត្ថកិច្ចបានចាប់សកម្មជនរបស់បក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរចំនួន ៨នាក់ដាក់ពន្ធនាគារ នៅរយៈពេល ២សប្តាហ៍ក្រោយនេះ។
លោក លី សុធារ៉ាយុត្តិ៖ «យើងយល់ថា ការចាប់ខ្លួនដោយសមត្ថកិច្ចនេះ គឺជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ ការរំខានផ្នែកនយោបាយលើសកម្មជន សមាជិករបស់បក្សយើង។ យើងមើលមិនឃើញថាការចាប់ខ្លួននេះជាការពង្រឹងនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យទេ ផ្ទុយទៅវិញវាជារឿងមួយបង្ហាញឱ្យមានការបារម្ភ និងភ័យខ្លាច»។
គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យដោះលែងសកម្មជនទាំងអស់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រមទាំងបញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាពមកលើគណបក្ស និងសកម្មជនរបស់គណបក្សភ្លើងទៀនបន្តទៀត។
ទាក់ទងរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា បើសិនបទល្មើសនេះមិនជាក់ស្ដែង តែសមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួន ឬមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួន គឺជាការអនុវត្តខុសនីតិវិធី និងបំពានលើសិទ្ធិរបស់ពលរដ្ឋ។ លោក យិន ម៉េងលី យល់ថា ការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គមពាក់ព័ន្ធការអនុវត្តសិទ្ធិសេរីភាពពួកគេក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា មិនមែនជាការអនុវត្តច្បាប់ដូចការលើកឡើងរបស់អាជ្ញាធរកន្លងមកនោះទេ។
លោក យិន ម៉េងលី៖ «យើងចង់ឃើញរដ្ឋាភិបាលវិសោធនកម្មច្បាប់ ដែលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ដើម្បីមុខមាត់រដ្ឋាភិបាល ទីពីរសូមបើកនូវលំហនេះឡើងវិញ សេរីភាពបញ្ចេញមតិនេះ យើងយល់ថានេះជារឿងចាំបាច់ដែរ»។
មកទល់ពេលនេះ ការចាប់ខ្លួនសកម្មជនបរិស្ថាន និងមន្ត្រីគណបក្សប្រឆាំងបានកើនឡើងដល់ចំនួនជាង ៥០នាក់ ដោយចំនួននេះមិនទាន់រាប់បញ្ចូលអ្នក ដែលតុលាការដោះលែងរាប់សិបនាក់ទៀត ក្រោយប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពទេ។ ក្នុងនោះដែរ មនុស្សយ៉ាងហោច ៤០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ក្រោមអំណាចដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជិត ១ឆ្នាំមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។