អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ជំរុញក្រសួងមហាផ្ទៃគួរពន្លឿនការឆ្លើយតបនូវសំណើរបស់គណបក្សនេះដែលសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី លោក ស សុខា ដើម្បីឱ្យក្រសួងនេះចេញលិខិតចុះបញ្ជីច្បាប់ដើមដល់គណបក្សនេះ។ មន្ត្រីសង្គមស៊ីវិលក៏ជំរុញទៅក្រសួងមហាផ្ទៃគួរឆ្លើយតបតាមសំណើរបស់គណបក្សភ្លើងទៀន ព្រោះអ្វីដែលគណបក្សនេះស្នើសុំជាភារកិច្ចរបស់ក្រសួងមហាផ្ទៃ។
រយៈពេលជិត២សប្ដាហ៍មកហើយដែលគណបក្សភ្លើងទៀន បានដាក់លិខិតសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តែក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មិនទាន់បានឆ្លើយតបបែបណានូវសំណើរបស់គណបក្សភ្លើងទៀននៅឡើយទេ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន យល់ថា តាមបែបបទរដ្ឋបាលក្រសួងមហាផ្ទៃមិនគួរអូសបន្លាយនៃរយៈពេលឆ្លើយតបយូរពេកទេ។ លោកយល់ថា ត្រឹមរយៈពេល៣ថ្ងៃ ឬយូរបំផុតមួយសប្ដាហ៍ ក្រសួងមហាផ្ទៃ គួរមានការឆ្លើយតប តែពេលនេះជិត២សប្ដាហ៍ហើយ ក្រសួងមហាផ្ទៃ នៅតែមិនទាន់ឆ្លើយតបបែបណានៅឡើយ។ លោក រ៉ុង ឈុន ជំរុញក្រសួងមហាផ្ទៃគួរផ្ដល់ព័ត៌មានឱ្យគណបក្សភ្លើងទៀនបានដឹង ទោះលោករដ្ឋមន្ត្រីថ្មី លោក ស សុខា ព្រមជួបឬមិនព្រមក្រុមការងារគណបក្សភ្លើងទៀនក្ដី។ លោក រ៉ុង ឈុន ព្រួយបារម្ភថា ការអូសបន្លាយពេលវេលាវែងពេកពីសំណាក់ក្រសួងមហាផ្ទៃ បែបនេះ នឹងធ្វើឱ្យគណបក្សភ្លើងទៀន ពិបាករៀបចំភ្នាក់ងាររបស់ខ្លួនដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតអសកលនាពេលខាងមុខ។
លោក រ៉ុង ឈុន៖ «តាមបែបបទរដ្ឋបាលឱ្យជួបឬមិនឱ្យត្រូវតែធ្វើការឆ្លើយតបហើយគណបក្សភ្លើងទៀន យើងចង់ជួបដើម្បីជជែកថា តើមានយន្តការណាមួយឬចេញឯកសារបែបបទលិខិតស្នាមបែបម៉េចដើម្បីឱ្យគ.ជ.ប ទទួលយកបានក្នុងការចុះបញ្ជីចូលរួមការបោះឆ្នោតខាងមុខនេះ»។
គណបក្សភ្លើងទៀន បានដាក់លិខិតទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែកញ្ញា សុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីឱ្យជួយផ្តល់ដំណោះស្រាយពាក់ព័ន្ធឯកសារ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សភ្លើងទៀនដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ គណបក្សភ្លើងទៀន ត្រូវការឯកសារនេះដើម្បី យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ គណបក្សភ្លើងទៀនរំលឹកប្រាប់ទៅក្រសួងមហាផ្ទៃថា ដោយបញ្ហាខ្វះខាតឯកសារនេះ ធ្វើឱ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនឱ្យ គណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដាកន្លងទៅ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទេនៅថ្ងៃទី១៥ ខែកញ្ញា។ ទោះយ៉ាងណា លោក ទូច សុខៈ ធ្លាប់វិទ្យុអាស៊ីសេរីថា ក្រសួងមហាផ្ទៃកំពុងបន្តនីតិវិធីតាមបែបបទរដ្ឋបាលលើសំណើរបស់គណបក្សនេះ។ លោកបញ្ជាក់ថា នៅពេលមានឆ្លើយតបបែបណាក្រសួងមហាផ្ទៃ នឹងជូនដំណឹងទៅគណបក្សភ្លើងទៀន។
ទាក់ទងករណីនេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា សំណើរបស់គណបក្សភ្លើងទៀន ជាការអនុវត្តតាមនីតិវិធី ដើម្បីអាចឱ្យគណបក្សនេះមានឱកាសចូលរួមការបោះឆ្នោតនាពេលខាងមុខ។ អ្នកធ្វើការទាក់ទងកិច្ចការបោះឆ្នោតរូបនេះ បន្តទៀតថា ក្រសួងមហាផ្ទៃដែលមានភារកិច្ច ក្នុងការរក្សាទុកឯកសារដើមរបស់គណបក្សនយោបាយ ឬគណបក្សភ្លើងទៀន ដូច្នេះប្រសិនគណបក្សនយោបាយណាមួយស្នើសុំទៅក្រសួងឱ្យផ្ដល់ឯកសារទាំងនេះ ក្រសួងមហាផ្ទៃគួរមានការឆ្លើយតប ហើយប្រសិនបើក្រសួងមហាផ្ទៃ មិនអាចផ្ដល់នូវឯកសារទាំងនេះក៏គួរមានការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់មកគណបក្សភ្លើងទៀនវិញដែរ។
លោក សំ គន្ធាមី៖ «បាទហ្នឹងតាមសំណើហ្នឹងទៅក្រសួងមហាផ្ទៃការងាររបស់គាត់គាត់អ្នកគ្រប់គ្រង កាលណានេះ(គ្មានឯកសារច្បាប់ដើម)អត់បានចូលរួមទេ ដូចបោះឆ្នោតរដ្ឋសភាអ៊ីចឹងណា គ.ជ.ប អត់ឱ្យចូលរួមទេអ៊ីចឹងរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ណា គ.ជ.បអត់ហ៊ានបដិសេធទេ»។
គណបក្សភ្លើងទៀនដែលមានពលរដ្ឋបោះឆ្នោតគាំទ្រជិត២លាននាក់ លើកឡើងទៀតថា ប្រសិនបើគណបក្សភ្លើងទៀន គ្មានឯកសារច្បាប់ដើមនេះ នឹងត្រូវប្រឈមការបដិសេធជាថ្មីដោយគ.ជ.ប មិនឱ្យចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅអាណត្តិបន្តបន្ទាប់ខាងមុខជាមិនខាន។ ទោះយ៉ាងណា លោក រ៉ុង ឈុន អះអាងថា គណបក្សភ្លើងទៀន ក៏បានត្រៀមខ្លួនរកវិធីសាស្ត្រផ្សេងទៀត ដើម្បីអាចចូលរួមការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើក្រសួងមហាផ្ទៃមិនយល់ព្រមផ្ដល់ឯកសារច្បាប់ដើមនេះ តែលោក រ៉ុង ឈុន សុំមិនទាន់បង្ហាញយុទ្ធសាស្ត្រនោះក្នុងពេលនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
