គណបក្សភ្លើងទៀនប្រជុំថ្នាក់ដឹកនាំតាមរាជធានីខេត្ត ក្រោយបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញ
2023.01.23

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សភ្លើងទៀនបានបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត ដើម្បីពិភាក្សាលើស្ថានភាពនយោបាយបច្ចុប្បន្ន ក្រោយថ្នាក់ដឹកនាំសំខាន់ៗ ក្នុងបក្សប្រឆាំងមួយនេះទទួលរងពាក្យបណ្ដឹងបន្តបន្ទាប់ពីគណបក្សកាន់អំណាច។ អ្នកតាមដានសង្គម មើលឃើញថាគណបក្សភ្លើងទៀននឹងប្រឈមជាមួយព្យុះនយោបាយមួយនេះកាន់តែខ្លាំង ប្រសិនបើក្បាលម៉ាស៊ីនដឹកនាំនិងសមាជិក អ្នកគាំទ្រគ្មានយុទ្ធសាស្ត្ររឹងមាំទេនោះ។
បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងនយោបាយ ដែលបង្កឡើងដោយគណបក្សកាន់អំណាចទៅលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀនក្នុងរយៈពេលចុងក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សភ្លើងទៀននៅថ្ងៃទី២៣ មករា បានជួបប្រជុំគ្នាជាមួយថ្នាក់ដឹកនាំតាមរាជធានី-ខេត្តក្រុង បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្ន ដោយមានអ្នកចូលរួមប្រមាណ ៦០នាក់។
ប្រធានគណៈកម្មការប្រតិបត្តិនៃគណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្វែងរកវិធីសាស្ត្របន្ថយកម្ដៅនយោបាយដែលកំពុងឆេះក្នុងពេលបច្ចុប្បន្ន។ លោកបន្តថា គណៈកម្មាធិការបក្ស បានលើកឡើងពីការអនុម័តគោលការណ៍ផ្ទៃក្នុងចំនួន ៤ចំណុច ដែលមានទិសដៅធ្វើឱ្យមានការផ្លាស់ប្ដូរដោយវិជ្ជមានសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ។ លើសពីនេះ អង្គប្រជុំក៏បានបង្ហាញពីការគ្រោងដាក់ញត្តិស្នើឱ្យមានការដោះលែងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសមាជិកនិងថ្នាក់ដឹកនាំដទៃទៀត។
លោក ខឹម មុនីកុសល៖ «គណបក្សភ្លើងទៀនត្រូវតែតស៊ូពុះពារតទៅមុខទៀត។ អ៊ីចឹង យើងចង់បានការបោះឆ្នោតមួយ ដែលមានបរិយាកាសល្អ អាចទទួលយកបានទាំងអស់គ្នា។ ក៏ប៉ុន្តែយើងក៏មិនឱ្យគេជិះជាន់ ឱ្យគេធ្វើបាបយើងស្រេចតែចិត្តគេទេ»។
នៅមុនពេលការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដែលនឹងឈានចូលមកដល់នៅខែកក្កដា ខាងមុខនេះ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយកម្ពុជា មើលឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងបង្កើនកម្ដៅនយោបាយ និងព្យុះភ្លៀងបោកបក់ទៅលើគណបក្សប្រឆាំងតាមគ្រប់រូបភាព មានទាំងការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាអាវុធ។ ក្នុងនោះរួមមានការប្ដឹងផ្ដល់ទារសំណងជំងឺចិត្តរាប់សែនដុល្លារពីប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ការរឹបអូសផ្ទះសម្បែង និងដីធ្លីរបស់ឧត្ដមទីប្រឹក្សាគណបក្សភ្លៀងទៀន លោក គង់ គាំ និងការចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីពេលថ្មីៗ នេះជាដើម។ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែអះអាងថា រឿងរ៉ាវដែលទាក់ទងនឹងការរឹបអូសអចលនទ្រព្យ និងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺជាការអនុវត្តច្បាប់ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោកអះអាងដោយទម្លាក់កំហុសលើក្បាលម៉ាស៊ីនគណបក្សភ្លើងទៀនថា ដោយសារថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ គឺជាអ្នកបង្ករឿង ដែលចោទប្រកាន់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាមុន ទើបបក្សកាន់អំណាច ប្ដឹងទាមទារដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងរកយុត្តិធម៌ឱ្យគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
លោក សុខ ឥសាន៖ «វិភាគនេះយើងត្រូវមើល នរណាជាដើមភ្លើង ជាអ្នកបង្កើតភ្លើង បានវានាំឱ្យចេញផ្សែង ហើយការចេញផ្សែងនេះ គេមិននិយាយពីអ្នកបង្កើតភ្លើង ឬដុតភ្លើងទេ គេនិយាយតែពីរឿងចេញផ្សែង»។
ផ្ទុយពីការលើកឡើងនេះ អ្នកតាមដាននយោបាយយល់ឃើញថា គណបក្សកាន់អំណាចកំពុងរៀបចំយុទ្ធសាស្ត្រផ្ដួលគូប្រកួត ដោយបង្កើតអង្គហេតុដើម្បីចាប់ខ្លួន និងគំរាមកំហែងថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ពួកគេថា វិធីនេះ ធ្វើឱ្យរង្គោះរង្គើដល់រចនាសម្ព័ន្ធគណបក្ស បំបាក់ស្មារតីអ្នកប្រជាធិបតេយ្យ និងធ្វើឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានប្រជាប្រិយភាពមួយនេះ មានបញ្ហាផ្នែកហិរញ្ញវត្ថុផងដែរ។អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា ការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាច ទៅលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មិនអាចធ្វើឱ្យបក្សប្រឆាំងមួយនេះចុះញ៉ម និងបោះបង់ការតស៊ូបានឡើយ។ ទោះជាយ៉ាងនេះក្ដី លោកយល់ឃើញថា អ្នកនយោបាយទាំងអស់ គួរតែប្រកាន់ខ្ជាប់នៅគោលការណ៍និយម ដោយផ្អែកលើប្រយោជន៍ជាតិជាធំ ដែលធ្វើឱ្យទាំងគណបក្សប្រឆាំង គណបក្សកាន់អំណាច និងប្រជាពលរដ្ឋ សុទ្ធតែអាចទទួលបានផលប្រយោជន៍។
លោក មាស នី៖ «ប៉ុន្តែផ្ទុយទៅវិញប្រសិនបើជើងក្រោម(របស់គណបក្ស)ភ្លើងទៀននៅមានភាពរឹងមាំ មានយុទ្ធសាស្ត្រច្បាស់លាស់ ខ្ញុំគិតថាការខំប្រឹងប្រែងដើម្បីបង្អាក់នូវដំណើរការសមត្ថភាពក្បាលម៉ាស៊ីនរបស់ភ្លើងទៀនហ្នឹងក៏មិនសូវជាមានប្រសិទ្ធភាពប៉ុន្មានដែរ»។
ក្រោយពីអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារកាលពីសប្ដាហ៍មុន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជំរុញឱ្យអាជ្ញាធរកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុញ្ញាតឱ្យមានទស្សនៈនយោបាយផ្ទុយ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌សម្រាប់ភាគីទាំងអស់ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្ដូរគំនិតយោបល់ដោយសេរី និងបើកចំហ។
ទោះជាយ៉ាងណាក្ដី នេះមិនមែនជាលើកទី១ ឡើយ ដែលថ្នាក់ដឹកនាំគណបក្សប្រឆាំង តែងតែរងបណ្ដឹង ការចាប់ខ្លួន នៅមុនរដូវកាលបោះឆ្នោត ស្របពេលដែលកំពុងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនយ៉ាងដូច្នេះ។ ជាឧទាហរណ៍ ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រ មុនរដូវកាលបោះឆ្នោត កាលពីខែ កញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទប្រព្រឹត្ត «អំពើក្បត់ជាតិ»។ ក្រោយពីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហើយមិនយូរប៉ុន្មាន តុលាការកំពូលបានប្រកាសរំលាយគណបក្សនេះ តាមការចង់បានរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។