មន្ត្រីគណបក្សភ្លើងទៀនអះអាងថា គណបក្សនេះនឹងអាចចូលរួមការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខ ដើម្បីរក្សាអង្គបោះឆ្នោតរបស់ខ្លួន ដែលមានស្រាប់។ គណបក្សភ្លើងទៀននឹងបន្តដំណើរជាមួយគណបក្សសម្ពន្ធភាពមួយក្នុងចំណោមគណបក្សបី ដើម្បីដាក់បញ្ជីបេក្ខជន និងឈរឈ្មោះក្នុងការបោះឆ្នោតពេលខាងមុខ។ អ្នកឃ្លាំមើលការបោះឆ្នោតនិយាយថា វិធីធ្វើនយោបាយថ្មីរបស់គណបក្សភ្លើងទៀននៅពេលនេះ ជាមធ្យោបាយឆ្លាតវៃ ដែលផ្ដល់ផលល្អក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សភ្លើងទៀនជ្រើសរើស គណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សសម្ព័ន្ធមិត្តទាំង៣ របស់ខ្លួនហើយ ដើម្បីបន្តដំណើររួមគ្នាក្នុងការចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២៤ ខែតុលាថា បើទោះជាគណបក្សភ្លើងទៀនជ្រើសរើសយកតែមួយ ក្នុងចំណោមគណបក្សសម្ព័ន្ធរបស់ខ្លួនទាំងបីក្ដី ប៉ុន្តែការសម្រេចនេះ គឺមានការព្រមព្រៀងគ្នាពីគណបក្សសម្ព័ន្ធមិត្តទាំងបួន។ ទោះបែបនេះក្ដី លោក គីមសួរ ភីរិទ្ធ សុំមិនទាន់បង្ហាញឈ្មោះគណបក្សសម្ព័ន្ធ ដែលគណបក្សភ្លើងទៀនជ្រើសរើសយក ដើម្បីឱ្យឈរឈ្មោះជំនួសគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតខាងមុខនេះនៅឡើយទេ។ លោកថា ចំពោះគណបក្សសម្ព័ន្ធមិត្តផ្សេងទៀត ក៏នឹងត្រូវធ្វើការងារជាមួយគណបក្សភ្លើងទៀន តាមលំដាប់លំដោយ នៃការបោះឆ្នោតខាងមុខៗ ទៀតដែរ។
លោក គីមសួរ ភីរិទ្ធ៖«ភារកិច្ចស្ដារលទ្ធិប្រជាធិបតេយ្យមិនមែនជាភារកិច្ចតែមួយគត់ផ្ដាច់មុខគណបក្សភ្លើងទៀនឯណា អ៊ីចឹង មានមធ្យោបាយ គឺយើងអាចនឹងធ្វើកិច្ចការហ្នឹងឆ្ពោះទៅគោលដៅរបស់យើង ពីព្រោះអីភ្លើងទៀនគ្រាន់តែជានិមិត្តរូបទេ បុព្វហេតុរបស់ភ្លើងទៀនគឺ ការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ អ៊ីចឹង អ្នកណាក៏ដោយ ឱ្យតែមានឆន្ទៈដូចគ្នាប្រហាក់ប្រហែលនឹងភ្លើងទៀន ភ្លើងទៀននឹងបំភ្លឺឱ្យអ្នកនោះឆ្ពោះទៅរកគោលដៅ ពីព្រោះគោលដៅរបស់យើងតែរួមតែមួយទៅខ្វល់អី»។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនទាន់សុំការអត្ថាធិប្បាយពី ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និងប្រធានគណបក្សប្រជាធិបតេយ្យលោក យ៉េង វីរៈ បានទេ នៅថ្ងៃទី២៤ ខែតុលា។
មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ ផល ស៊ីថុន ប្រាប់ថា គណបក្សសម្ព័ន្ធមិត្តទាំង៤ ពិតជាជជែកគ្នាពីផែនការ ដែលគណបក្សភ្លើងទៀន គ្រោងជ្រើសរើសយកគណបក្សសម្ព័ន្ធមួយក្នុងគណបក្សនយោបាយ ៣ ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០២៤ ខាងនេះមែន។ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែររូបនេះ ក៏មិនទាន់សុំបង្ហាញឈ្មោះគណបក្សសម្ព័ន្ធមិត្ត ដែលគណបក្សភ្លើងទៀនជ្រើសរើសយកដើម្បីចូលរួមការបោះឆ្នោតនោះដែរ ប៉ុន្តែ លោកថា តាមគម្រោងនេះនឹងត្រូវបង្ហាញនៅចុងខែវិច្ឆិកាខាងមុខ។
លោក ផល ស៊ីថុន៖«យើងបានជជែកគ្នាថា នឹងជ្រើសរើសយកគណបក្សមួយក្នុងសម្ពន្ធភាពហ្នឹង ប៉ុន្តែច្បាស់ណាស់ថា យកតែក្នុងសម្ពន្ធភាពទេ មិនយកក្រៅសម្ពន្ធភាពទេ។ ខ្ញុំនឹងចង់និយាយអ្វីឱ្យវែងខុសពីយើងបានព្រមព្រៀងថា នឹងជ្រើសរើសយកគណបក្សមួយនៅសប្ដាហ៍ទី១ ឬទី២ ខាងមុខហ្នឹងបាទ»។
គណបក្សភ្លើងទៀន ដែលបាត់បង់ឱកាសក្នុងការចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ បានបង្ហាញការប្ដេជ្ញាចិត្តថា នឹងព្យាយាមយកយុទ្ធសាស្ត្រក្នុងការចូលរួមការបោះឆ្នោតអសលឆ្នាំ២០២៤ ខាងមុខ។ ប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២០ ខែតុលាឱ្យដឹងថា គណបក្សនេះនឹងជ្រើសរើសយកគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនណាមួយ ដើម្បីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ ខាងមុខ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា របៀបធ្វើការរបស់គណបក្សភ្លើងទៀនពេលនេះយុទ្ធសាស្ត្រថ្មី និងជាផ្លូវល្អ ដើម្បីអាចឱ្យភ្លើងទៀនបន្តសកម្មភាពនយោបាយរបស់ខ្លួន។ លោកបន្តថា គណបក្សភ្លើងទៀន ដែលអង្គបោះឆ្នោតស្រាប់ គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់អាសនៈទូទាំងប្រទេស នឹងធ្វើឱ្យគណបក្សនេះ ទទួលបានកៅអីខ្លះនៅក្នុងក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងនៅក្នុងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ។
លោក សំ គន្ធាមី៖«ល្អហ្នឹងទី១ គាត់(គណបក្សភ្លើងទៀន)គាត់ចូលរួមបានគាត់មានអង្គបោះឆ្នោតស្រាប់ ដោយសារគាត់មានសម្ពន្ធភាពគណបក្សនយោបាយមួយចំនួន ដែលមានគោលនយោបាយស្រដៀងគ្នាបីបួនហ្នឹង គឺផលប្រយោជន៍ប្រជាធិបតេយ្យដែរណា គណបក្សហ្នឹងអាចរួមគ្នា ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យហ្នឹងណាបាទ»។
គណបក្សភ្លើងទៀន ដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ២.០០០ (ពីរពាន់) អាសនៈទូទាំងប្រទេស ត្រូវបាន គ.ជ.ប បានរារាំងមិនឱ្យគណបក្សភ្លើងទៀន ចូលការបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅទេ ដោយចោទប្រកាន់គណបក្សភ្លើងទៀន គ្មានលិខិតចុះបញ្ជីគណបក្សច្បាប់ដើម បើទោះជាគណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោត កាលពីឆ្នាំ២០២២ រួចហើយក្ដី។ អ្នកឃ្លាំមើលនយោបាយលើកឡើងថា គណបក្សភ្លើងទៀន កំពុងបោះជំហានថ្មីទៀត ក្នុងការរកច្រកចេញ ដើម្បីអាចចូលរួមការបោះឆ្នោត អសកលនៅឆ្នាំ២០២៤ ខាងមុខ និងការបោះឆ្នោតផ្សេងៗ ទៀត បើទោះជាគណបក្សកាន់អំណាចតែងតែធ្វើទុក្ខបុកម្នេញលើសកម្មជន និងមន្ត្រីគណបក្សភ្លើងទៀនឥតស្រាកស្រាន្តយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។