មន្ត្រីគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងកំពុងជួបការលំបាក ពេលចូលកាន់តំណែង និងធ្វើការងារនៅតាមឃុំ-សង្កាត់ ដោយសារការរើសអើងពីមន្ត្រីបក្សកាន់អំណាច។ ពួកគេស្នើឱ្យរដ្ឋាភិបាល ត្រូវពិនិត្យរៀបចំសណ្ដាប់ធ្នាប់ រចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅតាមសាលាឃុំ-សង្កាត់នីមួយៗ ឡើងវិញ ដើម្បីធានាដល់ប្រសិទ្ធភាពការងារបម្រើដល់ប្រជាពលរដ្ឋ។
មន្ត្រីគណបក្សភ្លើងទៀនមួយចំនួនត្អូញត្អែរពីបញ្ហាផ្សេងៗ នៅពេលបំពេញការងារ និងប្រព័ន្ធរដ្ឋបាលចាស់ ដែលដឹកនាំដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា។
ជំទប់ទី២ មកពីគណបក្សភ្លើងទៀននៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លោក សុខ សុភក្តិ ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២៨ កក្កដា ថា ចាប់តាំងពីលោកបានចូលកាន់តំណែងនៅសាលាឃុំព្រែកនរិន្ទនេះមក លោកសង្កេតឃើញពីប្រព័ន្ធការងារនៅទីនោះហាក់មានភាពច្របូកច្របល់ បែងចែកតួនាទីគ្នាមិនច្បាស់ និងមានការរើសអើងលោកដែលជាមន្ត្រីបក្សប្រឆាំង។ លោកថា បញ្ហាទាំងនេះកើតឡើង ដោយសារមន្ត្រីបក្សកាន់អំណាចធ្លាប់តែធ្វើការជាមួយគ្នាឯងពីមុនមក ទើបមិនមានការរៀបចំឱ្យបានហ្មត់ចត់ ត្រឹមត្រូវទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នោះឡើយ។ លោកបន្ថែមថា ប្រសិនបើមន្ត្រីទាំងនោះនៅតែបន្តធ្វើការដោយគ្មានការបែងចែកច្បាស់លាស់បែបនេះទៀត នោះវានឹងជះឥទ្ធិពលទៅលើប្រសិទ្ធភាពការងារក្នុងនាមជាអាជ្ញាធរមានតួនាទីបម្រើពលរដ្ឋ។ លោកស្នើឱ្យរដ្ឋាភិបាល ត្រូវពិនិត្យទៅលើចំណុចនេះឡើងវិញ ដោយធ្វើការកែសម្រួល រៀបចំរចនាសម្ព័ន្ធការងារ និងប្រព័ន្ធរដ្ឋបាល ដើម្បីពង្រឹងកិច្ចការរបស់មន្ត្រីនីមួយៗ ឱ្យបានល្អប្រសើរជាងនេះ និងត្រូវបញ្ឈប់ការរើសអើងនិន្នាការនយោបាយក្នុងពេលបំពេញភារកិច្ច៖ « នៅក្នុងការតាក់តែងគណៈកម្មការនីមួយៗ ហ្នឹង ហាក់មានការរើសអើងនិន្នាការនយោបាយ ហាក់បីដូចជាត្បិតត្បៀត ហាក់បីដូចជាមិនបានផ្ដល់តួនាទីដល់យើងឱ្យបានគ្រប់គ្រាន់ក្នុងការបម្រើប្រជាពលរដ្ឋឡើយ។ ម្យ៉ាងទៀត យើងមកសាលាឃុំព្រឹកល្ងាច ប៉ុន្តែ មិនសូវមានការងារអី គ្រាន់តែមកចុះវត្តមានរួចក៏ទៅវិញ ដូចមិនសូវមានការងារអី។ […] មិនទាន់បានជជែកគ្នា ដោយសារតែរចនាសម្ព័ន្ធចាស់ហ្នឹង អង្កាល់មុនតែមួយបក្សគាត់ មួយអាណត្តិទៅ » ។
ស្រដៀងគ្នានេះដែរ អនុប្រធានគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ភូ សុវណ្ណថា ឱ្យដឹងដែរថា នៅតាមសាលាឃុំ-សង្កាត់មួយចំនួនក្នុងខេត្តបាត់ដំបង នៅតែបន្តអនុវត្តប្រព័ន្ធការងារចាស់ បែបឯកបក្សនៅឡើយ។ លោកបន្តថា សាលាឃុំ-សង្កាត់មួយចំនួនមិនបានបែងចែកទីតាំងបន្ទប់ធ្វើការឱ្យបានច្បាស់លាស់ ទៅតាមតួនាទីរបស់មន្ត្រីនីមួយៗ នោះទេ។ លោកបញ្ជាក់ថា មន្ត្រីគណបក្សភ្លើងទៀន ដែលជាប់ឆ្នោត ភាគច្រើនកាន់តំណែងជាជំទប់ទី២ ហើយការបំពេញភារកិច្ច ហាក់មានភាពច្របូកច្របល់ជាមួយមន្ត្រី ដែលមានតួនាទីផ្សេងទៀត ក្នុងបន្ទប់តូចចង្អៀត។ លោកបន្ថែមថា លោកកំពុងរៀបចំឯកសារទៅតាមនីតិវិធីរដ្ឋបាលស្នើទៅកាន់រដ្ឋបាលស្រុក និងខេត្ត ឱ្យរៀបចំកន្លែងធ្វើការរបស់មន្ត្រីនីមួយៗ ទៅតាមតួនាទីឱ្យបានសមរម្យ៖ « គឺកន្លែងធ្វើការអត់ទាន់មានកន្លែងសមរម្យទេ គឺនៅប្រជ្រៀតគ្នាធ្វើ បន្ទប់មួយតុពីរ តុបី ឱ្យជំទប់មួយមកធ្វើជាមួយជំទប់ពីរ គឺតួនាទី និងភារកិច្ចគាត់ផ្សេងៗ គ្នាទាំងអស់។ ខ្ញុំអត់ឯកភាពទាក់ទងនឹងការរៀបចំកន្លែងធ្វើការនៅសាលាឃុំ ដែលរបៀបរបបចាស់ហ្នឹងគាត់ធ្វើបាន ( ដោយសារ ) ពីមុន ( ការគ្រប់គ្រង ) ឯកបក្ស។ គាត់ ( មន្ត្រី ) ទាំងអស់គ្នាហ្នឹងចេះតែធ្វើទៅបាន ដោយសារតែចេញពីគណបក្សតែមួយ ហើយអត់ហ៊ាននិយាយអ្វី ដែលមេឃុំ ធ្វើផ្ទុយអំពីច្បាប់ទេ » ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីឆ្លើយតបការលើកឡើងទាំងនេះបាននៅឡើយទេ។
ចំណែកនាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ជំរុញគណបក្សភ្លើងទៀនឱ្យដាក់លិខិតស្នើសុំការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត។ លោកថា ការធ្វើបែបនេះ គឺដើម្បីរកដំណោះស្រាយណាមួយសមស្របរួមគ្នា ជាពិសេស គឺគោរពតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងបញ្ជារបស់លោក ស ខេង៖ « បើមានបញ្ហាអីអាចរាយការណ៍ទៅក្រសួងទៅ ព្រោះអីច្បាប់មានតើ។ បើអត់គោរពច្បាប់យើងនិយាយទៅថា អត់មានការសហការគ្នា ផ្អែកទៅលើច្បាប់យកច្បាប់ជាគោល គឺច្បាប់រដ្ឋបាលឃុំសង្កាត់។ យកអាហ្នឹងជាគោលដៅ ដើម្បីជាមូលដ្ឋាន ហើយសម្ដេច ស ខេង ក៏គាត់បានមានប្រសាសន៍ហើយដែរ គាត់ឱ្យធ្វើការជុំគ្នាទៅ ដើម្បីឱ្យមានការអភិវឌ្ឍឃុំ - សង្កាត់ » ។
កាលពីថ្ងៃទី២៥ មិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ឱ្យចេះសម្របសម្រួល និងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ក្នុងការបំពេញភារកិច្ច និងតួនាទី។ លោកថា ធ្វើបែបនេះ គឺដើម្បីឱ្យមន្ត្រីទាំងអស់បានបញ្ចេញមតិយោបល់ផ្សេងៗ ព្រោះការកាន់តំណែងជាក្រុមប្រឹក្សា គឺជាការទទួលខុសត្រូវ និងបម្រើប្រជាពលរដ្ឋ។
តាមលទ្ធផលផ្លូវការពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែល គ.ជ.ប ប្រកាសនៅថ្ងៃទី២៦ ខែមិថុនា បង្ហាញថា គណបក្សភ្លើងទៀន ទទួលបានតំណែងមេឃុំចំនួន ៤នាក់ នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ ក្រៅពីមេឃុំ គណបក្សនេះក៏ទទួលបានតំណែងជំទប់ទី១ ចំនួន ២៥នាក់ ជំទប់ទី២ ចំនួន ១.៣៦០នាក់។ តួលេខនេះ គឺគណបក្សភ្លើងទៀន ដណ្ដើមបានជាង ២ពាន់ (២.១៩៨) អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។