មន្ត្រី​បក្ស​ភ្លើង​ទៀន​ស្នើ​ប្រធាន​​មន្ទីរ​អប់រំ​​​​​បង្ហាញ​ភស្តុតាង​ជុំវិញ​​ការ​លុប​ឈ្មោះ​ពី​ក្របខណ្ឌ​គ្រូ

0:00 / 0:00

មន្ត្រី​គណបក្ស​ភ្លើងទៀន និង​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​​សិរីសោភ័ណ​ លោក ស៊ិន វត្ថា​ ស្នើ​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​បន្ទាយមានជ័យ​ បង្ហាញ​ភស្តុតាង​នូវ​កំហុស​វិជ្ជាជីវៈ​រហូត​ដល់​បណ្ដេញ​លោក​ចេញ​ពី​ក្របខណ្ឌ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា​​មន្ត្រី​គ្រប់​រូប​​មាន​សិទ្ធិ​ជ្រើស​រើស​គណបក្ស​ដែល​ពួកគាត់​ពេញ​ចិត្ត​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​​ភស្តុតាង​ជាក់​លាក់​មុន​ដកហូត​ក្របខណ្ឌ​មន្ត្រី​រាជការ។​​​​

មន្ត្រី​បក្ស​ភ្លើង​ទៀន​ដែល​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​គ្រូបង្រៀន​ ​បាន​ដាក់ពាក្យ​ស្នើ ​មន្ទីរ​អប់រំ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ទាម​ទារ​ឱ្យ​បង្ហាញ​ពី​កំហុស​របស់​លោក​ជាក់​លាក់។ ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​នៅ​តែ​អះ​អាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​មន្ត្រី​រាជការ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ិន វត្ថា លើក​ឡើង​​ថា មូល​ហេតុ​នៃ​ការ​ដាក់​ពាក្យ​ទៅ​កាន់​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​ទាម​ទាមទារ​នៅ​ក្របខណ្ឌ​គ្រូ​បង្រៀន​នេះ​ ដោយ​សារ​តែ​លោក​ ដែល​បាន​ប្រលង​ជាប់​ទាំង​លំបាក​ និង​តួនាទី​ដែល​ព្រះ​មហាក្សត្រ​ប្រទាន​​ឱ្យ​ តែ​ត្រូវ​បាន​ប្រធាន​​​​មន្ទីរ​អប់រំ​ខេត្ត​បណ្ដេញ​លោក​ចេញ​ពី​តួនាទី​ដោយ​អយុត្តិធម៌។

លោក ស៊ិន វត្ថា៖ «ការ​ងារ​ដែល​មាន​ការ​លុប​នេះ​ វា​អយុត្តិធម៌​សម្រាប់​បង​ដែរ​​ ​ភ្លាម​ៗ​រួច​ហើយ​ការ​ដាក់​កំហុស​ហ្នឹង​ ជួល​កាល​អ្នក​ដែល​គេ​អត់​ស្គាល់​បង​ គេ​អាច​គិត​ថា បង​មនុស្ស​មាន​​កំហុស​ មនុស្ស​ខ្ជិល​បង្រៀន​ ឬក៏​មាន​កំហុស​ផ្នែក​ណា​មួយ​ទាក់ទង​នឹង​វិស័យ​អប់រំ​ហ្នឹង​ ពុក​រលួយ​អី​ទៅ។​ តែ​បង​ខ្លួន​ឯង អត់​អស់​ចិត្ត​ អ៊ីចឹង​ការ​លុប​ក្រប​ខណ្ឌ​មួយ​ដែល​ជា​សមត្ថ​ភាព​បង​រក​បាន​ទាំង​លំបាក​ មិន​មែន​មាន​នរណា​ចេះ​តែ​ប្រលង​ជាប់​ទេ​ អ៊ីចឹង​បង​ត្រូវ​តែ​ទី​មួយ​មិន​​ពេញចិត្ត​ ហើយ​បដិសេធ​ការ​មិន​ទទួល​យក​ ហើយ​ចង់​ទាម​ទារ​ឱ្យ​ឃើញ​ជាក់​ស្ដែង»។

លោក ស៊ិន វត្ថា ​បន្ថែម​ថា​គ្រូ​បង្រៀន​​មួយ​ចំនួន​ក្នុង​សាលា​​ក៏​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ដែរ​​ដូច្នេះ​បុគ្គល​ម្នាក់​ៗមាន​សិទ្ធិ​ជ្រើស​រើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ លោក​ ស៊ិន វត្ថា បង្ហាញ​គោល​ជំហរ​ថា​នឹង​មិន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទទួល​បាន​ក្របខណ្ឌ​គ្រូបង្រៀន​វិញ​នោះ​ទេ។

លោក ស៊ិន វត្ថា៖ «ចង់​បញ្ជាក់​ថា បង​ទទួល​បាន​មក​វិញ គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​បង​បាន​បញ្ជាក់​ជាមួយ​ប្រធាន​មន្ទីរ​រួច​ហើយ​ ប្រសិន​បើ​យើង​និយាយ​ផ្នែក​នយោបាយ​ពិសេស​ម្យ៉ាង​ថា​​ សេរីភាព​របស់​បង​ ក៏​ដូច​ជា​សេរីភាព​មិត្រភក្ដិ​​ដទៃ ដែល​គាត់​ចូលរួម​ពាក្យ​ថា នយោបាយ​ ដូច​នេះ​នយោបាយ​នៅ​ទី​នេះ​បើ​ស្រប​ច្បាប់​ ជ្រើស​រើស​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន ​ដែល​មាន​គោល​នយោបាយ​ល្អ​ បង​នៅ​តែ​ប្រើ​ប្រាស់​​​ បង​នៅ​តែ​ប្រើ​សេរីភាព​បង​ក្នុង​នាម​ប្រជាពលរដ្ឋ​ ដើម្បី​ចូល​រួម»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា បាន​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក ស៊ិន វត្ថា ដែល​បម្រើ​ការងារ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោម​ហេតុផល​ថា គ្រូបង្រៀន​រូប​នេះ មាន​កំហុស​ឆ្គង​វិជ្ជាជីវៈ​ជា​មន្ត្រី​រាជការ។ ប៉ុន្តែ​លិខិត​របស់​លោក ហង់ ជួនណារ៉ុន មិន​បាន​បញ្ជាក់​ហេតុ​ផល​ជាក់លាក់​ជុំវិញ​កំហុស​ឆ្គង​វិជ្ជាជីវៈ​ដែល​ឈាន​ដល់​ការ​លុប​ឈ្មោះ​លោក ស៊ិន វត្ថា ចេញ​ពី​ក្របខណ្ឌ​នេះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ និង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​លោក ឈូ ប៉ុនរឿង និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​ក្រុម​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​តាម​ទម្រង់​នៃ​ការ​គំរាមកំហែង ការ​ចាប់​ចង​ដាក់​ពន្ធនាគារ ជាពិសេស​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​មន្ត្រី​រាជការ​ចំពោះ​មន្ត្រី​រាជការ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ជាដើម។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​ឯក​បក្ស​បែរ​ជា​ផ្ដល់​ក្របខណ្ឌ រដ្ឋ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​រូប​ណា​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី​ អ៊ុក ឆាយ៉ាវី លើក​ឡើង​ថា ប្រសិន​បើ​ការ​លុប​ឈ្មោះ​មន្ត្រី​ណា​ម្នាក់​ដោយ​សារ​តែ​ពួកគាត់​ជា​សមាជិក​គណបក្ស​ប្រឆាំង​ ឬ​ការ​លុប​ក្របខណ្ឌ​ដោយ​មិន​បង្ហាញ​​ភស្តុតាង​ជាក់​លាក់​ពី​កំហុស​នោះ ដូច្នេះ​​រដ្ឋាភិបាល​​គួរ​តែ​លុប​ចោល​រាល់​បញ្ញត្តិ​ច្បាប់​ទាំង​ឡាយ​ណា​ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រលាញ់​ដូច​គ្នា​ដែរ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «សូម​បញ្ជាក់​ថា ច្បាប់​ដែល​មាន​ចែង​ហ្នឹង​វា​អត់​ប្រយោជន៍​ អ៊ីចឹង​គួរ​តែ​រំលាយ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចោល​ទៅ​ ធ្វើ​ម៉េច​ពួក​អញ​​ បក្ស​អញ​ ធ្វើ​បាន​ មាន​សិទ្ធិ​ធ្វើ​នេះ​ ធ្វើ​នោះ ច្បាប់​ដែល​ថា​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ណា​មួយ​អី​ផ្សេងៗ ត្រូវ​លុប​ចោល​ទៅ»។

គិត​ចាប់​ពី​ឆ្នាំ២០២០ ក្រៅ​ពី​លោក ស៊ិន វត្ថា គឺ​មាន​មន្ត្រី​គណបក្ស​ភ្លើងទៀន​យ៉ាង​ហោច​ណាស់​៥នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​បក្ស​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ។ ក្នុង​នោះ​រួម​មាន លោក អ៊ី មុយលី មន្ត្រី​ការិយាល័យ​ផ្នែក​ច្បាប់​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ផុន សុភា មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​សាលាខេត្ត​កណ្ដាល លោក កែវ សុមុនី មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល លោក អេង ស្រូយ គ្រូ​បង្រៀន​នៅ​អង្គភាព​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា និង​លោក ខឹម មុនីកុសល មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន។ ក្រៅ​ពី​​នេះ​លោក រ៉ុង ឈុន និង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង​១០នាក់​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន លុប​ឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូ​បង្រៀន​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ដែរ កាល​ពី​ឆ្នាំ២០១៨ ជាង​នេះ​ទៅទៀត​អ្នកខ្លះ​មិន​ត្រឹម​អស់​ក្របខណ្ឌ​នោះ​ទេ ពួកគេ​ថែមទាំង​អាជ្ញាធរ​ចាប់​ដាក់​គុក​ជាបន្តបន្ទាប់​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។