អ្នក​វិភាគ​យល់​ស្រប​ថា ចិន​ពុំ​មាន​លទ្ធភាព​ជួយ​របប​លោក ហ៊ុន សែន រឿង​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ឡើយ

0:00 / 0:00

អ្នក​វិភាគ​យល់​ស្រប​ថា​ មហាយក្ស​ចិន​មិន​អាច​មាន​លទ្ធភាព​ជួយ​របប​លោក ហ៊ុន សែន ទប់ទល់​ក្នុង​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើក​លែងតែ​អាវុធ» ឬ EBA របស់​សហភាព​អឺរ៉ុប​ ដូចដែល​ចិន​ធ្លាប់​បាន​សន្យា​ពីមុន​មក​នោះ​ទេ។ ពួកគេ​ថា​ ដូច្នេះហើយ​ ទើបបាន​ជា​របប​លោក​ ហ៊ុន​ សែន​ ងាក​មក​សម្រួល​ និង​បន្ធូរ​បន្ថយ​ស្ថានការណ៍​នយោបាយ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ ថ្លែង​ក្នុង​នាទី​វេទិកា​អាស៊ី​សេរី​ កាលពី​យប់​ថ្ងៃទី១៥​ វិច្ឆិកា​ ថា​ មូលហេតុ​ដែល​លោក​ ហ៊ុន​ សែន​ ងាក​មក​សម្រួល​ស្ថានការណ៍​នយោបាយ​ជាមួយនឹង​គណបក្ស​ប្រឆាំង​ អាច​បញ្ជាក់​បាន​ថា​ ចិន​ពិតជា​មិន​អាច​មានលទ្ធភាព​ជួយ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​រឿង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​បាន​នោះ​ឡើយ៖ «ចិន​មិន​អាច​ជួយ​កម្ពុជា​បាន​ទាំងស្រុង​ទេ​ ថ្វីត្បិតតែ​ការ​រួច​ពន្ធ​ ៦៧៦លាន​ដុល្លារ​អាមេរិក​ឆ្នាំ២០១៨ នេះ​ គាត់​ថា​អាច​ជួយ​បាន។ ក៏ប៉ុន្តែ​ តម្លៃ​ទំនិញ​ដែល​កម្ពុជា​លក់​ទៅ​ទីផ្សារ​អឺរ៉ុប​មិន​មែន​ប៉ុណ្ណឹង​ទេ គឺ ៥ពាន់ ៤រយ​លាន​ជាង។ អ៊ីចឹង​ តម្លៃ​នេះ​ វា​ធំធេង​ណាស់។ ចិន​ពុំ​មាន​លទ្ធភាព​ទេ។ បើ​យើង​គិត​ពី​តម្លៃ​ពាណិជ្ជកម្ម​កម្ពុជា ចិន កម្ពុជា​នាំ​ទៅ​ចិន​តិច​ទេ ហើយ​ចិន​នាំ​ទៅ​កម្ពុជា​វិញ​ច្រើន​ ចូល​ខ្ទង់​ជាង ៥ពាន់​លាន​អី​ហើយ»

ផ្ទុយទៅវិញ​ លោក​ថា​ ដោយសារ​តែ​ចិន​ខ្លួន​ក៏​ជា​អ្នក​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ប្រសិន​បើ​សហភាព​អឺរ៉ុប​ ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ លោក​ថា ចិន​គួរ​តែ​លើក​ទឹក​ចិត្ត​កម្ពុជា​របស់​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ពិចារណា​បន្ធូរ​បន្ថយ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ។

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ក៏​យល់​ឃើញ​ស្រដៀងគ្នា​នេះ​ដែរ។ លោក​ថា បើ​ទោះ​ជា​កម្ពុជា និង​ចិន មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ ព្យាយាម​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជា​មួយ​គ្នា​ ដើម្បី​ទប់ទល់​ករណី​បាត់បង់ EBA ពី​សហភាព​អឺរ៉ុប​នោះ ក៏​ប៉ុន្តែ​លោក​ថា​ ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ចិន​ក្តោប​ក្តាប់​តែ​ម្តង៖ «អ្វី​ដែល​យើង​មើលឃើញ​ ឃើញថា​នៅពេល​នោះ​ វា​អាច​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ នឹង​ធ្លាក់​ចូល​កណ្តាប់​ដៃ​ចិន​កាន់តែ​ច្រើន​តទៅទៀត​ គឺ​ដោយសារតែ​យើង​មិន​មាន​គ្រឹះ​សេដ្ឋកិច្ច​អី​រឹងមាំ​នោះ​ទេ។ ហើយ​ចិន​គេ​មាន​សេដ្ឋកិច្ច​របស់​គេ​រឹង​មាំទាំ​ជាង​យើង។ អ៊ីចឹង បើសិន​ជា​មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​មែន​នោះ​ សំណួរ​សួរ​ថា​តើ​ទំនិញ​ពី​ខាង​ណា​ម៉ោ​វា​នឹង​ហូរ​ចូល​មក​។ តើ​យើង​ហូរ​ចូល​ទៅ​គេ​ច្រើនជាង​ ឬក៏​គេ​ហូរ​ចូល​ទៅ​គេ​ច្រើនជាង ?»។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ចុងខែ​មេសា​កន្លង​ទៅ​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​ ភាគី​ចិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួច​ហើយ​ ហើយ​បាន​រក​ឃើញថា​ រឿង​នេះ​មិន​មានផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។ លោក​ ហ៊ុន​ សែន​ អះអាង​បន្ត​ថា​ ភាគី​ចិន​ដែល​ជា​មិត្ត​ដែកថែប​របស់​លោក​ សន្យា​ថា​ នឹង​រិះរក​វិធី​ជួយ​ដល់​កម្ពុជា​ប្រសិនបើ​បាត់បង់​ EBA​ នេះ​។ ស្រប​ពេល​ជាមួយគ្នា​នោះ​ លោក​ ហ៊ុន​ សែន​ កាល​ណោះ​ ក៏​បាន​បង្ហាញ​ជំហររឹង​ប៉ឹង​មិនព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិ​មនុស្ស​ ដូច​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ឡើយ។

ក៏ប៉ុន្តែ​ អ្វីៗបាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ខណៈ​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​ផ្លូវការ​ឈាន​ទៅ​រក​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​របស់​ខ្លួន​ដល់​អាជ្ញាធរ​កម្ពុជា​កាលពី​ថ្ងៃទី១២​ វិច្ឆិកា​ ដោយ​ព្រមាន​ថា​របប​នេះ​ មិនបាន​ចាត់​វិធានការណ៍​ជាក់លាក់​គ្រប់គ្រាន់​ដើម្បី​កែសម្រួល​ស្ថានការណ៍​នៃ​ការរំលោភ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​នយោបាយ​ សិទ្ធិមនុស្ស​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​សំ​ខាន់​ៗមួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ សង្គម​ និង​វប្បធម៌​ជាដើម។ របប​នេះ​បាន​ព្យាយាម​កែសម្រួល​ស្ថានការណ៍​ និង​ភាព​តានតឹង​នយោបាយ​ ដោយ​បន្ធូរបន្ថយ​ករណី​លោក​ កឹម​ សុខា​ ហើយ​កំពុង​ឈាន​ទៅ​បិទ​បញ្ចប់​សំណុំរឿង​របស់​លោក​ទៀតផង។ ទន្ទឹម​គ្នា​នេះ​ របប​នេះ​ក៏បាន​បញ្ជា​ឲ្យ​តុលាការ​ដោះ​លែង​អ្នកទោស​នយោបាយ​ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើស​កម្ម​ជន​បក្ស​ប្រឆាំង​ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ​ ហេតុការណ៍​ទាំង​នេះ​ ត្រូវ​ក្រុម​អ្នកជំនាញ​អំពាវនាវ​ដល់​គណបក្ស​ប្រឆាំង​ និង​សហគមន៍​អន្តរជាតិ​ ឱ្យ​រក្សា​គោល​ជំហរ​រឹងមាំ​ និង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ល្បិច​កល​បន្ធូរ​បន្ថយ​ស្ថានការណ៍​តឹងតែង​នយោបាយ​ ដែល​របប​លោក​ ហ៊ុន​ សែន​ កំពុង​ប្រើប្រាស់​ដើម្បី​ផ្គាប់ចិត្ត​សហភាព​អឺរ៉ុប​ កុំឱ្យ​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

អាស៊ី​សេរី​ មិនទាន់​អាច​ទាក់ទង​លោក​ ផៃ​ ស៊ី​ផាន​ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការយល់ឃើញ​របស់​អ្នកវិភាគ​នេះ​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ កាលពី​ពេល​អតីតកាល​ លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រើ​វោហា​ស័ព្ទ​នយោបាយ​មិន​ដាច់​ពី​មាត់​ថា​ លោក​មិន​ឱនក្បាល​ទៅ​នឹង​សម្ពាធ​បរទេស​ ឬយក​អធិបតេយ្យ​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស​នោះ​ឡើយ។

ទាំង​បណ្ឌិត​ មាស​ នី​ និង​ទាំង​លោក ឯម សុវណ្ណារ៉ា យល់ស្រប​ថា​ ប្រសិនបើ​អ្នក​នយោបាយ​ខ្មែរ​មាន​សុឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ​ ជាជាង​ផល​ប្រយោជន៍​បុគ្គល​ និង​បក្ខ​ពួក​និយម​នោះ​ នោះ​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ ដើម្បី​បញ្ចៀស​សហភាព​អឺរ៉ុប​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​អាច​រួម​ចំណែក​ជួយ​កម្ពុជា​ឲ្យ​មាន​​ប្រជាធិបតេយ្យ​រឹងមាំ​ និង​យូរអង្វែង​បាន។ ពួក​លោក​ទាំង​ពីរ​ ក៏​យល់ស្រប​ផង​ដែរ​ថា​ កត្តា​សង្គម​ និង​កត្តា​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ក្នុង​ចំណោម​ស្រទាប់​យុវជន​ជំនាន់​ក្រោយ​មានការ​ប្រែប្រួល​លឿន​ ហើយ​ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ ជាពិសេស ​គណបក្ស​កាន់​អំណាច​នៅតែ​មិន​អាច​ដោះស្រាយ​ ឬ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ​បាន​នោះ​ទេ​ ហើយ​បន្ត​បណ្តែត​បណ្តោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក​ភាព​អយុត្តិធម៌​ក្នុង​សង្គម​កាន់​តែ​ច្រើន​នោះ​ នោះ​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង​ នៅ​ទី​បំផុត​ទៅ​ ក៏​នឹង​ទទួល​រង​ភាព​រង្គោះ​រង្គើរ​ ឬ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​ដោយសារ​បញ្ហា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។