ពលរដ្ឋ និងអ្នកវិភាគ រិះគន់អាជ្ញាធរដែលប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីឪពុក
2022.06.28
ពលរដ្ឋ និងអ្នកវិភាគ រិះគន់ទៅលើមន្ត្រីអាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបន្តប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងជានាយករដ្ឋមន្ត្រីពីឪពុកថា ជាការស្នងតំណែងតាមបក្ខពួក និងមិនសមមានឈ្មោះជាយុវជនបន្តវេននោះទេ។ ពួកគេបន្ថែមថា ការប្រកាសគាំទ្រតាមបក្សពួកបែបនេះ គឺមានតែនៅក្នុងប្រទេសផ្ដាច់ការតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់ថា ការប្រកាសគាំទ្រកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យឡើងកាន់តំណែងបន្តវេនពីឪពុកជាការគាំទ្ររបបផ្ដាច់ការ ដែលនិយមបក្ខពួក។
យុវជន និងជាសកម្មជនបរិស្ថាន គឺលោក លី ចន្ទ្រដារ៉ាវុធ លើកឡើងថា នេះជារឿងធម្មតាទៅហើយ ដែលមន្ត្រីមានយសសក្ដិនៅក្នុងជួររដ្ឋាភិបាលតែងប្រកាសបង្ហាញពីការគាំទ្ររបស់ខ្លួននៅពេលមេដឹកនាំសម្រេចចិត្តធ្វើអ្វីមួយ។ ជាមួយគ្នានេះ លោកកត់ សម្គាល់ឃើញថា នៅក្នុងប្រទេសផ្ដាច់ការតែងតែចាត់តាំង ឬលើកនរណាម្នាក់ឱ្យធ្វើជាមេដឹកនាំបន្ទាប់ ដោយរើសចេញពីក្នុងខ្សែបណ្ដាញ ឬសមាជិកក្រុមគ្រួសាររបស់ខ្លួន៖ «បើសិនជាមានការលើកបន្តុបលោក ហ៊ុន ម៉ាណែត ទៅលើការគ្រប់គ្រងពិតមែន ខ្ញុំគិតថា ចំពោះការផ្លាស់ប្ដូរនៅក្នុងការគ្រប់គ្រងប្រទេស វាអាចនឹងមានហើយ តែមិនប្រាកដថា ជាការផ្លាស់ប្ដូរល្អទេ។ គម្រូនៅប្រទេសមួយចំនួន ដែលកូន ឬបក្សពួករបស់ខ្លួនឡើងកាន់តំណែងបន្តពីក្រុម ឬក៏ឪពុករបស់ខ្លួន ភាគច្រើនឃើញអ្នកមកក្រោយហ្នឹង ដើម្បីរក្សាអំណាចរបស់គាត់ គឺគាត់មិនអាចធ្វើធូររលុងបានទេ គាត់នឹងរឹតបន្តឹង គាត់នឹងកាន់តែក្រាញអំណាច ហើយអាចថា នឹងរឹតត្បិតទៅលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យលើសពីហ្នឹងទៅទៀត»។
ស្រដៀងគ្នានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ការប្រកាសគាំទ្រលើកកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យឡើងកាន់អំណាច គឺជាប្រៀប ដូចជា ការប្រកាសគាំទ្ររបបផ្ដាច់ការ អំពើពុករលួយ និងឆ្លុះបញ្ចាំងពីវិសមភាពនៅក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលជាយុវជនបន្តវេន។ លោកបន្តថា ការធ្វើបែបនេះ គឺជាការមិនផ្ដល់ឱកាសដល់យុវជន ឬអ្នកមានសមត្ថភាពដទៃទៀត ដែលមិនជាប់សែស្រឡាយទៅនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបញ្ចេញសមត្ថភាពរបស់ខ្លួននោះឡើយ៖ «អ៊ីចឹងយើងឃើញឥឡូវនេះដូចនៅក្នុងជួរគណបក្សប្រជាជនគ្រប់ក្រសួងមន្ទីរ គេដាក់តែកូនគេ ចៅគេ បងប្អូនគេ ពិសេស គឺកូនគេហ្នឹងឯង យកគំរូតាមលោក ហ៊ុន សែន ដែរ។ ការគាំទ្ររបស់លោក កើត ឆែ ហ្នឹងគឺគាំទ្រឱ្យយុវជនបន្តពូជ មិនមែនយុវជនបន្តវេន ព្រោះលោក ហ៊ុន ម៉ាណែត គឺជាយុវជនបន្តពូជពីឪពុករបស់គាត់។ ជាយុវជនបន្តពូជមិនមែនជាយុវជនបន្តវេន។ អ៊ីចឹង វាធ្វើឱ្យមានភាពអយុត្តិធម៌ទៅដល់យុវជនដទៃទៀត ដែលគេមានសមត្ថភាពមានចំណេះដឹងខ្ពង់ខ្ពស់ ដោយគេមិនអាចកាន់តំណែងកំពូលហ្នឹងបាន»
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ឱ្យឡើងបន្តតំណែងជានាយករដ្ឋមន្ត្រី នៅចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឯកបក្ស និង សមាជិកបក្សកាន់អំណាចរាប់ពាន់នាក់ នៅក្នុងពិធីអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា៖ «ប្ដេជ្ញាបន្តគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបនឹងមតិរិះគន់នេះបាននៅឡើយ ទេ នៅថ្ងៃទី២៨ មិថុនា។
កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ជំនួសលោក ហ៊ុន សែន ដែលជាឪពុក។ នេះជាការសម្រេចតាមបំណងរបស់លោក ហ៊ុន សែន ដែលចង់ឱ្យកូនរបស់លោកធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយមិនឱ្យតំណែងនេះរបូតទៅគណបក្សប្រឆាំងឡើយ។ ក្រោយលោក ហ៊ុន ម៉ាណែត ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតនេះ ក្រុមមន្ត្រីគ្រាក់ៗ ក្នុងជួររដ្ឋាភិបាល និងមនុស្សជំនិតរបស់លោកជាច្រើននាក់បាននាំគ្នាប្រកាសគាំទ្រពេញបណ្ដាញសង្គម។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការជ្រើសរើសបេក្ខភាពបន្តវេននេះ គឺជាការសម្រេចនៅផ្ទៃក្នុងបក្សនេះ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោតតែប៉ុណ្ណោះ៖ «អ្វីដែលយើងគិតថា វាជាដំណើរការនៃការគាំទ្រដោយប្រជាធិបតេយ្យ មានការគាំទ្រដោយប្រជាពលរដ្ឋទូទៅ ឬក៏អត់ អាស្រ័យលើបេក្ខជនហ្នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ។ ហើយការបោះឆ្នោតនោះ យើងអាចទទួលយកជាការបានលុះត្រាតែសេរី យុត្តិធម៌»។
ទាក់ទងនឹងរឿងតែងតាំងលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនពីលោក ហ៊ុន សែន នេះដែរ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងថា លោក ហ៊ុន សែន មានវ័យកាន់តែចាស់ដែលមិនអាចនៅកាន់អំណាចបានយូរតទៅទៀត ទើបគាត់ចង់ឲ្យកូនឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីឲ្យកូនជួយថែរក្សាលាភសក្ការៈសម្រាប់ក្រុមគ្រួសារ និងធានានិទ្ទណ្ឌភាពឲ្យខ្លួនគាត់ផ្ទាល់។ លោកបន្ថែមថា លោក ហ៊ុន សែន កំពុងតែប្រើល្បិចដ៏ពិសពុលមួយ ដោយសណ្ដោងក្រុមគ្រួសារ ឥស្សរជននៅជុំវិញគាត់មួយចំនួន ឲ្យមកភ្ជាប់វាសនាជាមួយក្រុមគ្រួសារគាត់។ ទោះជាយ៉ាងណា លោក សម រង្ស៊ី យល់ថា ពលរដ្ឋច្រើនលើសលប់ មិនគួរគាំទ្រផែនការបន្តវេន រៀបចំដោយលោក ហ៊ុន សែន នេះទេ ព្រោះផែនការនេះ គឺជារឿងអយុត្តិធម៌ជាទីបំផុតចំពោះក្រុមគ្រួសារខ្មែរជាច្រើនដទៃទៀត និងចំពោះយុវជនខ្មែររាប់ម៉ឺនរាប់សែននាក់ទៀត ដែលមានសមត្ថភាពដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។