ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​​ជន​អន្តោប្រវេសន្ត

0:00 / 0:00

ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​អោយ​ជន​អន្តោប្រវេសន្ត​បរទេស​រស់នៅ​កម្ពុជា​ស្រប​ច្បាប់។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ជូនដំណឹង​ពី​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​បរទេស​អន្តោប្រវេសន្ត ដែល​ពួកគេ​គិត​ថា​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ដល់​ជាតិ​នា​ពេល​អនាគត ។ សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​មិន​គួរ​លើកទឹកចិត្ត​ដល់​បរទេស​អន្តោប្រវេសន្ត​ច្រើន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ។

ពលរដ្ឋ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ការ​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ថា ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ និង​នាំ​ឱ្យ​ជាតិ​ធ្លាក់​ក្នុង​គ្រោះថ្នាក់។

ពលរដ្ឋ​ម្នាក់​នៅ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ កញ្ញា សូ មេត្តា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃ​៣០ សីហា ថា កញ្ញា​មិន​គាំទ្រ ការ​ចេញ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ឡើយ ។ កញ្ញា​បន្ត​ថា នៅ​ពេល​ជន​អន្តោប្រវេសន្ត​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ដែល​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការទិញ​អចលនទ្រព្យ និង​សិទ្ធិ​ជាច្រើន​ទៀត ដែល​បង្ហាញ​ពី​ការ​ផ្តល់​សិទ្ធិ​លើសលប់ ឬ​បំពេញ​ច្បាប់​ដល់​អន្តោ​ប្រវេសន្ត​បរទេស ។ កញ្ញា​បន្ត​ទៀត​ថា នៅ​ពេល​ជនបរទេស​នាំ​កូនចៅ គ្រួសារ​មក​រស់នៅ​ច្រើន​នៅ​កម្ពុជា និង​មាន​កត្តា​ជាច្រើន​ត្រូវ​ប្រឈម ទាំង​ដែល​ម្ចាស់​ប្រទេស​មិន​ទាន់​មាន​ការងារ​គ្រប់គ្រាន់ មិន​ទាន់​មាន​ជីវភាព​ប្រសើរ និង​ចំណាកស្រុក​កាន់តែ​ច្រើន​នៅពេល​មក​ដណ្តើម​ការងារ​ពលរដ្ឋ​ខ្មែរ ។ កញ្ញា​ចង់​ឱ្យ​ក្រសួង​ពិចារណា​ឡើងវិញ មុន​ធ្វើ​ការ​ចេញ​ប័ណ្ណ ស្នាក់នៅ​អចិន្ត្រៃយ៍ និង​លិខិត​ផ្សេង ត្រូវ​ស្តាប់​មតិ​ពលរដ្ឋ ដើម្បី​ជៀសវាង​ការរិះគន់​របស់​ពលរដ្ឋ និង​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ៖ «សម្រាប់​ខ្ញុំ​អត់​ពេញចិត្ត​ឱ្យធ្វើ​បែប​ហ្នឹង​ទេ ឱ្យ​ចេញ​ប័ណ្ណ​បែប​ហ្នឹង​ទេ ។ ព្រោះ​យើង​អត់​មាន​ប័ណ្ណ​ឱ្យ​គេ​សម្រាប់​កាន់​ដើរហើរ​សេរី​ផង គេ​នៅតែ​ឈ្លានពាន​បាន យ៉ាង​ឈ្លើយ មក​បំពាន​លើក​ទឹកដី​របស់​យើង លើ​ប្រជាពលរដ្ឋ​របស់​យើង​នៅ​តាម​តំបន់​ផ្សេងៗ ចុះ​ទម្រាំ​ចេញ​ប័ណ្ណ​ទៀត អាហ្នឹង​វា​កាន់តែ​រងគ្រោះ ហើយ​ធ្ងន់ធ្ងរ​ទៀត​ហើយ ។ ខ្ញុំ​មានការ​សោកស្តាយ​មែន​ទេ ហើយក៏​ព្រួយបារម្ភ​ទឹកដី​របស់​កម្ពុជា​ដែរ ខ្លាច​ថ្ងៃមុខ​ទៅ​យើង​អត់​មាន​សេសសល់​អី​ទេ ព្រោះ​បើសិនជា​ជនជាតិ​បរទេស គេ​មក​ទិញ​ផ្ទះ ទិញ​ដី​អី​នៅ​ស្រុក​យើង នៅ​លើ​ទឹកដី​យើង គេ​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ហើយ អ៊ីចឹង​អនាគត​ទៅ​គេ​នឹង​យក​កូនចៅ​គេ​មក​នៅ គេ​បង្កើត​កូនចៅ​គេ​នៅ​ហ្នឹង ហើយ​យូរៗ​ទៅ​វា​រីក​ដុះដាល​លូតលាស់​នៅក្នុង​ហ្នឹងហើយ»។

ដោយឡែក​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​អន្តោប្រវេសន៍ គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ឡើយ ប៉ុន្តែ​ផ្ដល់​ប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​បន្ត​ថា លោក ហ៊ុន សែន ចង់​សងគុណ​វៀតណាម តាម​រយះ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ពេញលេញ​ដល់​អន្តោប្រវេសន្ត​វៀតណាម​ដែល​រស់នៅ​កម្ពុជា ហើយ​ចំនួន​ច្រើន​នេះ គឺជា​គ្រោះថ្នាក់​បំផុត​សម្រាប់​ជាតិ ។ លោក អ៊ុំ សំអាន ព្រួយ​បារម្ភ​ថា នៅពេល​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត និង​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​មក​រស់នៅ​កម្ពុជា​កាន់តែ​ច្រើន ហើយ​ផែនការ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​របស់ ហូជីមិញ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​យក​កម្ពុជា ។ លោក អ៊ុំ សំអាន បញ្ជាក់​ថា ជនជាតិ​ចិន​ក៏​ជា​ចំណែក​មួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម តាមរយះ​ការ​ជួញដូរ​មនុស្ស ការ​បាញ់បោះ ការបំផ្លាញ​ធនធាន​រ៉ែ​ធម្មជាតិ​របស់​ខ្មែរ​ផង​ដែរ ហើយ​នៅពេល​ផ្តល់​ការរស់នៅ​អចិន្ត្រៃយ៍ គឺ​ប៉ះពាល់​ដល់​សង្គមជាតិ​កាន់តែ​ខ្លាំង៖ «ការ​ជូនដំណឹង​តាមរយះ​ក្រសួងមហាផ្ទៃ​នេះ ខ្ញុំ​យល់ថា​គ្មាន​គុណសម្បត្តិ​អ្វី​ទេ ជាពិសេស​ផ្តល់​ភាព​ស្រប​ច្បាប់​ទៅដល់​ជនជាតិ​វៀតណាម​ហ្នឹង អោយ​ពួកគេ​មាន​សិទ្ធិ​ទិញ​ផ្ទះ ទិញ​ដី ខ្ចី​លុយ​ធនាគារ ធ្វើ​ការ​នៅ​តាម​រោងចក្រ​សហគ្រាស ហើយ​ហ្នឹង​អាច​ចុះ​អត្រានុកូលដ្ឋាន ទៅដល់​កូនៗ​របស់​ពួកគេ​ដូច​ជនជាតិ​ខ្មែរ​ផង​ដែរ ។ អាហ្នឹង​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​យើង​ណាស់ ដែល​មាន​សិទ្ធិ​ទិញ​ផ្ទះ ទិញ​ដី​នៅ​កម្ពុជា ហើយនឹង​ថ្ងៃក្រោយ​ទៅ​កើតកូន​ពូន​ជា​ចៅ​នៅ​លើ​ទឹកដី​ខ្មែរ ។ វា​មិន​ខុសពី​ទឹកដី​កម្ពុជា​ក្រោម​នោះ​ទេ ដែល​យួន​ខ្ចី​ហាត់​ទាហាន​រស់នៅ​តែ​៥​ឆ្នាំ មិន​ឱ្យ​មកវិញ​ផង»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រី​គណបក្សប្រឆាំង​នេះ​ធ្វើឡើង ក្រោយពី​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន អំពី​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​អន្តោ​ប្រវេ​សន្ត សម្រាប់​ប្រើប្រាស់​បម្រើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូចជា ការ​ស្នើ​សុំ​សេវា​រដ្ឋបាល សេវា​សាធារណៈ សេវា​សុខភាព សេវា​ធនាគារ ការទិញ​លក់​អចលនវត្ថុ ចលនវត្ថុ ការ​ធ្វើ​អាជីវកម្ម ការ​ស្នើសុំ​ធ្វើការ​ងារ​តាម​រោងចក្រ សហគ្រាស និង​សកម្មភាព​មួយ​ចំនួ​នទៀត ដែល​ច្បាប់​អនុញ្ញាត​សម្រាប់​ជនបរទេស កាលពី​ថ្ងៃ​២៩ សីហា ។ ពួកគេ​លើកឡើង​ថា ប្រវត្តិសាស្ត្រ​ធ្លាប់​បាន​កើតឡើង​ហើយ កម្ពុជា​ក្រោម និង​ប្រទេស​ចម្ប៉ា​ជា​គំរូ ដែល​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ចងចាំ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយក​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ ដើម្បី​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ​បានទេ ថ្ងៃ​ទី​៣០ សីហា។

ជុំវិញ​រឿង​នេះ នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ លោក យ៉ង គិមអេង យល់ថា ប្រទេស​កម្ពុជា​មិនទាន់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​បាន រដ្ឋាភិបាល​មិន​គួរ​យកចិត្តទុកដាក់​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោ​ប្រវេសន្ត​ឡើយ ។ លោក​បន្ត​ថា អន្តោប្រវេសន្ត​ដែល​មក​ស្នាក់នៅ និង​រកស៊ី​នៅ​កម្ពុជា គឺ​រដ្ឋាភិបាល​ប្រទេស​សាមី​មាន​សមត្ថភាព ក្នុង​ការ​ផ្គត់ផ្គង់ ដែល​មិនមែន​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ឡើយ ។ លោក​បន្ត​ទៀត​ថា បើសិន​អន្តោប្រវេសន្ត​ដែល ភៀសខ្លួន​មក​ស្នាក់នៅ​កម្ពុជា គឺ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ច្រើន ។ លោក​ព្រួយបារម្ភ​ចំពោះ​រដ្ឋាភិបាល​ដែល​លើកទឹកចិត្ត​ដល់​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​អន្តោប្រវេសន្ត នឹង​ជំរុញ​ដល់​អន្តោប្រវេសន្ត​នាំគ្នា​លួច​ឆ្លងដែន​មក​រស់នៅ​កម្ពុជា កាន់តែ​ច្រើន។៖ «យើង​មិនមែន​មានការ​រើសអើង​អី​ទេ ថា​គាត់​មាន​ធ្វើ​អន្តោប្រវេសន៍​ដោយសារ​លក្ខខណ្ឌ​ពិសេស អាហ្នឹង​អត់​បញ្ហា​ទេ​បាទ ។ ប៉ុន្តែ​បើ​គាត់​ធ្វើ​អន្តោប្រវេសន៍​ព្រោះតែ​ការ​រកស៊ី ការ​ទទួល​ទាន អាហ្នឹង​គាត់​អាច​ត្រឡប់​ទៅវិញ គាត់​អាច​ទៅ​រក​ស៊ី​នៅ​ស្រុក​គាត់ ហើយ​រដ្ឋាភិបាល​ស្រុក​គាត់ និង​មាន​សមត្ថភាព​ក្នុង​ការ​ទទួលខុសត្រូវ​តាស់​បាទ ។ ហើយ​ចំពោះ​បញ្ហា​នេះ ខ្ញុំ​មានការ​សោកស្តាយ​ដែល​ឃើញ​លិខិត​ហ្នឹង​ខ្ញុំ​មែនទែន​ទៅ​បាទ ។ យើង​ឃើញថា​លើកទឹកចិត្ត​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ផ្សេងៗ​ទាំងអស់ ហើយ​ជា​លក្ខណៈ​មនុស្សធម៌​យើង​ត្រូវតែ​មាន​ការ​គិតគូរ​អី​ទូលំទូលាយ​ហើយ ប៉ុន្តែ​យើង​សម្រាប់​តែ​អ្នកធ្វើ​អន្តោប្រវេសន៍ នៅក្នុង​លក្ខខណ្ឌ​ពិសេស​ទៅ​បាទ ។ ព្រោះ​បើសិនជា​យើង​ណា​ចិត្ត​ទូលាយ​ដល់​ថ្នាក់​ហ្នឹង​ទៀត គឺ​កម្ពុជា​ចាំតែ​ទទួល​ជនអន្តោប្រវេសន៍​ទៅ មិនដឹង​ថា​ប៉ុន្មាន​ទេ ដែល​មក​កាន់​ប្រទេស​កម្ពុជា ។ ថា​តើ​ពេលនោះ​រដ្ឋាភិបាល​យើង​ដោះស្រាយ​បាន​ទេ បើសិន​អន្តោប្រវេសន៍​ខុសច្បាប់​មក​គគ្រឹកគគ្រេង​មក​ប្រទេស​កម្ពុជា»។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ​២០២១ បង្ហាញ ថា សមត្ថកិច្ច​បង្ក្រាប​ករណី​លួច​ឆ្លងដែន​ខុសច្បាប់​បាន​ចំនួន ៦៦៧ លើក ឃាត់​មនុស្ស​បាន​ចំនួន​ជាង ៤​ពាន់​នាក់ (៤,៣៣៣​នាក់​) មាន ៨​សញ្ជាតិ ផ្សេងគ្នា និង​បាន​បណ្តេញ​ជន​អន្តោប្រវេសន្ត​ចេញ​តាម​ច្រកទ្វារ​ព្រំដែន​ចំនួន​ជិត ៤​ពាន់​នាក់​(៣,៧៩៤​នាក់​) ហើយ​ត្រៀម​បណ្តេញ​ចេញ​ចំនួន ៥១៩​នាក់ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ចំនួន ២០​នាក់។​ពលរដ្ឋ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​អន្តោប្រវេសន្ត​ខុសច្បាប់ ដោយ​ពួកគេ​គិត​ថា ជា​ការ​លើកទឹកចិត្ត និង​បង្កើន​ចំនួន​​អន្តោប្រវេសន្ត​មក​កាន់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។