សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​មួយចំនួន​មាន​ប្រវត្តិ​មិនល្អ

ដោយ ម៉ៅ សុធានី
2023.08.12
សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​មួយចំនួន​មាន​ប្រវត្តិ​មិនល្អ កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២៣ មិថុនា ២០២៣។
រូប៖ គេហទំព័រ​រដ្ឋសភា

សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា តំណាងរាស្ត្រ​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​មាន​ប្រវត្តិ​ប្រព្រឹត្តិ​អំពើពុករលួយ គំរាមកំហែង និង​យក​ដី​ប្រជាពលរដ្ឋ​.​។ ពួកគេ​បារម្ភ​ថា​តំណាងរាស្ត្រ​ទាំងនោះ​អាច​នឹង​បង្កើត​ច្បាប់​ផ្សេងៗ កៀបសង្កត់​ទៅលើ​ពលរដ្ឋ។

ក្ដី​បារម្ភ​របស់​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ក្រោយ​ទិន្នន័យ​កំណត់ត្រា (Komnotra) ដែល​ជា​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា (CCIM) នៅ​ថ្ងៃទី​១០ ខែ​សីហា ដោយ​ដកស្រង់​ប្រវត្តិ​សង្ខេប​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់អំណាច​នៅ​អាណត្តិ​ទី​៧​នេះ ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស និង​ធ្វើបាប​ពលរដ្ឋ។

ទិន្នន័យ​កំណត់ត្រា​ថា តំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ លោក កែ គឹមយ៉ាន ដែល​ជា​អតីត​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ប៉ុន្តែ​លោក​ត្រូវ​បាន​បញ្ឈប់​ពី​ដំណែង​នៅ​ឆ្នាំ២០០៩ ដោយសារ​បាន​ប្រើប្រាស់​អំណាច​ដើម្បី​ឱ្យ​ឈ្មួញកណ្ដាល​ទិញ​ដី។ ចំណែក​តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ទៀត លោក សេរី កុសល បំពេញ​តួនាទី​ជា​ធ្វើជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​កម្ចាត់​មីន​កម្ពុជា និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី ត្រូវ​បាន​ចោទប្រកាន់ និង​ដាក់​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ថា លោក សេរី កុសល បាន​រំលោភ​យក​ដី​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ប្រើ​កាំភ្លើង AK-47 គំរាម​សម្លាប់​ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចំនួន ៤​នាក់ ដែល​លោក សេរី កុសល ចោទ​ពលរដ្ឋ​ថា កាប់​ឈើ​ខុសច្បាប់។

តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង លោក ឡោក ហួរ ក៏​មាន​តួនាទី​ជា​ឧកញ៉ា និង​ជា​ឧត្តមសេនីយ​ផ្កាយ​៣ ដែល​រង​ចោទ​ថា បាន​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​រាប់ពាន់​ហិកតារ​រហូត​ដល់​ឆ្នាំ​២០១៧ ទើប​លោក​ត្រូវ​បាន​បញ្ជា​ឱ្យ​ប្រគល់​ដី​វិញ និង​បាត់បង់​តំណែង​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ លោក ឡោក ហួរ ក៏​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ដែនដី​សម្រាប់​ការទន្ទ្រាន​យក​ដី​នៅ​ពេល​នោះ ប៉ុន្តែ​ក្រោយ​មក​លោក​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​បឹង​ជើងឯក​ជាង ១២​ហិកតារ នៅ​ឆ្នាំ ២០២២។

តំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ លោក សេង ញ៉ក់ គឺជា​ឧកញ៉ា និង​ជា​កូនប្រសា​របស់​ប្រធាន​សមាគម​ឧកញ៉ា និង​ជា​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ដែល​ល្បី​ខាង​បណ្ដេញ​ចេញ​ពលរដ្ឋ​ពី​លំនៅឋាន។ លោក សេង ញ៉ក់ គឺជា​អគ្គនាយក​ក្រុមហ៊ុន​មួយ​ចំនួន​របស់​លោក លី យ៉ុងផាត់ រួម​ទាំង​ភ្នំពេញ​ស៊ូហ្គើរ ដែល​បាន​ឈូស​ឆាយដី​ប្រជាពលរដ្ឋ​ជាង ១.១០០ គ្រួសារ​ដោយ​ខុសច្បាប់។

តំណាងរាស្ត្រ​ខេត្តកំពត លោក ប៉ែន ស៊ីម៉ន ដែល​ជា​ជា​អតីត​ប្រធាន នាយកដ្ឋាន​គយ និង​រដ្ឋាករ ហើយ​ត្រូវ​ចោទប្រកាន់​ពី បទ​ពុករលួយ​នៅក្នុង​នាយកដ្ឋាន​របស់​គាត់។ ចំណែក​តំណាងរាស្ត្រ​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ ដែល​ធ្លាប់​ជា​អភិបាល​ខេត្ត​កណ្ដាល ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់ ACU បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​អំពើពុករលួយ​ក្នុង​តំណែង​ជា​ចៅហ្វាយខេត្ត​របស់​លោក។

តំណាងរាស្ត្រ​ខេត្តព្រៃវែង លោក ជាម យៀប ដែល​ធ្លាប់​បម្រើការ​ក្នុង​រដ្ឋសភា​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​គាំទ្រ​ដោយ​វៀតណាម ហើយ​លោក​មិន​ត្រូវ​បាន​គេ​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​បុក​មនុស្ស​ស្លាប់ កាលពី​ឆ្នាំ២០១៣ ។ ចំណែក​តំណាងរាស្ត្រ​ខេត្តពោធិ៍សាត់ លោក ស៊ុយ សែម គឺ​ប្ដី អ្នកស្រី ជា ខេង គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ដណ្ដើម​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង។

ក្រៅពី​តំណាងរាស្ត្រ​ដែល​បាន​លើក​ឡើង​ខាងលើ ទិន្នន័យ​កំណត់ត្រា (Komnotra) ក៏​បាន​លើក​ពី​តំណាងរាស្ត្រ​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​ទាំង​នោះ មាន​ខ្សែស្រឡាយ​ជាប់​ទាក់ទង​គ្នា​ក្នុង​ស្ថាប័ន​នានា។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក អ៊ំ សំអាន បាន​លើក​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ តំណាងរាស្ត្រ​នីមួយៗ គឺជា​អ្នក​ដែល​មាន​សមត្ថភាព និង​មាន​ប្រវត្តិ​ល្អ​ដែល​បាន​ជួយ​សង្គម ជួយ​ពលរដ្ឋ ប៉ុន្តែ​ជា​អកុសល នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​តំណាងរាស្ត្រ​មួយចំនួន​គឺជា​ជនល្មើស ជា​អ្នក​ប្រមាថមើលងាយ និង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ជាដើម។

លោក អ៊ុំ សំអាន ថា ជាក់ស្ដែង​ដូចជា លោក វង សូត្រ ដែល​ធ្លាប់​គំរាម​វាយ​ពលរដ្ឋ​នឹង​ដំបង​ឫស្សី នឹង​ក្លាយជា​អនុប្រធាន​រដ្ឋសភា​ខាងមុខ​នេះ ដូច្នេះ​តំណាងរាស្ត្រ​ដែល​មាន​ចរិត​ហិង្សា​រូប​នេះ នឹង​ពុំបាន​ជួយ​ពលរដ្ឋ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ លោក​អាច​នឹង​ចូលរួម​បង្កើត​ច្បាប់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ។

លោក អ៊ំ សំអាន៖ «ដូច​លោក វង សូត តិច​ទៀត​ក្លាយ​ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ធ្លាប់​ព្រមាន​ថា​នឹង​វាយ​នឹង​គល់​ឫស្សី​សម្រាប់​អ្នក​ដែល​ហ៊ាន​តវ៉ា ដល់​អ៊ីចឹង​នៅក្នុង​សភា ប្រជាពលរដ្ឋ​តវ៉ា​មិន​ឱ្យ​តម្លៃ​ប្រជាពលរដ្ឋ​ទេ មានតែ​បញ្ជូន​នគរបាល​យក​គល់​ឫស្សី​ទៅ​វាយ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ដូច​ខាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ តវ៉ា​នៅ​ជិត​សភា ពេល​តវ៉ា​ហ្នឹង មាន​តែ​លោក វង សូត ឱ្យ​ប្រាប់​សន្តិសុខ​ឱ្យ​នគរបាល​ទៅ​វាយ​ទៅ»

លោក អ៊ំ សំអាន បន្ថែម​ថា ផលប៉ះពាល់​ដែល​កើតឡើង​ពី​តំណាងរាស្ត្រ​មាន​ប្រវត្តិ​មិនល្អ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​ដុនដាប ហើយ​ផលវិបាក​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​នាំ​ឱ្យ​បាត់បង់​ការងារ​ធ្វើ បាត់បង់​ដីធ្លី និង​បិទ​រោងចក្រ​ជាដើម​។ លោក អ៊ុំ សំអាន ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​សកម្ម និង​ឆ្លើយ​តប ចំពោះ​ការ​រំលោភបំពាន​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច។

លោក អ៊ំ សំអាន៖ «ដូច្នេះ​ប៉ះពាល់​ផលប្រយោជន៍​របស់​គាត់ គាត់​ស្រែក​ឡើង តវ៉ា​ឡើង បញ្ចេញមតិ​ឡើង អ៊ីចឹង​បាន​សិទ្ធិ​សេរីភាព​របស់​គាត់ ត្រូវ​បាន​បើកចំហ​ជាង​មុន បើ​មិន​អ៊ីចឹង​ទេ អ្នកកាន់អំណាច​បន់​ឱ្យ​យើង​ស្ងាត់​ដើម្បី​ស្រួល​គ្រប់គ្រង​យើង អ៊ីចឹង​សិទ្ធិ​សេរីភាព​មិន​អាច​ល្អ​ប្រសើរ​ឡើង​នោះ​ទេ ការ​គោរព​សិទ្ធិមនុស្ស​ក៏​មិនល្អ​ប្រសើរ​ទេ ដូច្នេះ​អ្វី​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​គាត់ បំបិទ​សិទ្ធិ​សេរីភាព​របស់​គាត់ ទាល់តែ​គាត់​តវ៉ា»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត និង​ប្រធាន​រដ្ឋសភា​អាណត្តិ​ទី​៧ អ្នកស្រី ឃួន សុដារី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១១ ខែ​សីហា។

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា នេះ​ជា​ក្ដី​ព្រួយបារម្ភ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដែល​មាន​តំណាង របស់​ខ្លួន​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ពឹងពាក់​តំណាង​របស់​ខ្លួន​បាន។ ទោះជា​យ៉ាងណា លោក អំ សំអាត ថា ទាំង​តំណាងរាស្ត្រ និង​រដ្ឋាភិបាល នៅតែ​អាច​ក៏​សាង​ជំនឿ​ជឿជាក់​ដល់​ពលរដ្ឋ​ឡើងវិញ បើ​ពួកគេ​ផ្លាស់ប្ដូរ​មក​គិតគូរ​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ។

លោក អំ សំអាត៖ «អ៊ីចឹង​តំណាងរាស្ត្រ​មួយៗ ទាល់​តែ​មាន​សក្ដានុពល មាន​ប្រវត្តិ​ល្អ មាន​ដែល​ជឿទុកចិត្ត​សម្រាប់​រាស្ត្រ​បាន​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ទុកចិត្ត ពីព្រោះ​អនាគត​ទៅ​រាស្ត្រ​អាច​នឹង​ពឹងពាក់​តាម​តំណាង​របស់​ខ្លួន ពីព្រោះ​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត អ៊ីចឹង​គាត់​មាន​បញ្ហា គាត់​ត្រូវ​ពឹងពាក់​តាម​តំណាង​របស់​ខ្លួន​គឺ​តំណាងរាស្ត្រ​ហ្នឹង»

ជុំវិញ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​ទៅ​នេះ ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក វ៉ុលឃើរ ធើក (Volker Turk) មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ថា លំហ​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេរី​ភាពជា​មូលដ្ឋាន និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​។ លោក​ថ្លែង​ទៀត​ថា គណបក្ស​ប្រឆាំង សកម្មជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ភាគី​មួយ​ចំនួន​ទៀត បាន​ប្រឈមមុខ​នឹង​ការគាបសង្កត់ និង​ការ​សងសឹក ដែល​ទំនង​ជា​មាន​គោលបំណង​ទប់ស្កាត់​យុទ្ធនាការ​នយោបាយ និង​រារាំង​ដល់​ការអនុវត្ត​សេរី​ភាពជា​មូលដ្ឋាន ដែល​ចាំបាច់​សម្រាប់​ការបោះឆ្នោត​ដោយ​សេរី និង​មានការ​ចូលរួម​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។