អង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោត និងសិទ្ធិមនុស្ស មើលឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបវិបត្តិ ដែលទាមទារឱ្យមានការស្ដារ និងពង្រឹងឡើងវិញជាចាំបាច់។ ពួកគេបន្តថា ទោះបីជាលិទ្ធិប្រជាធិបតេយ្យមិនមានស្តង់ដារដូចគ្នាតាមប្រទេសនីមួយៗក៏ដោយ ក៏លិទ្ធនេះមានគោលការណ៍រួមតែមួយដូចគ្នាដែរ នោះ គឺការគោរពសិទ្ធិមនុស្ស និងឱ្យតម្លៃលើសិទ្ធិសេរីភាពជាធំ។
អង្គការសង្គមស៊ីវិលអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែមានដំណើរការធាក់ថយក្រោយ ផ្ទុយនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ដែលថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងដំណើរការទៅមុខ។
មន្ត្រីផ្នែកអង្កេតនៃអង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់ថា មូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ មិនត្រូវបានគោរពឱ្យបានពេញលេញនោះឡើយ។ លោកថា ឧទាហរណ៍ដែលអាចឆ្លុះបញ្ចាំងឱ្យឃើញនោះ មានជាអាទិ៍ ការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សដៃគូប្រកួតប្រជែងធំជាងគេរបស់បក្សកាន់អំណាចនៅមុនការបោះឆ្នោតមកដល់ ការរៀបចំការបោះឆ្នោតដោយអវត្តមានបក្សប្រឆាំងធំជាងគេការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិល ការបិទសារព័ត៌មានឯករាជ្យ និងការមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំ ឬជួបប្រជុំដោយសន្តិវិធី ជាដើម៖ «នៅស្រុកយើង បើនិយាយពីប្រជាធិបតេយ្យ យើងសួរថាមានទេ ? អាហ្នឹងយើងទទួលស្គាល់ថា វាមាន។ ប៉ុន្តែសួរថា វាមានកម្រិតប៉ុនណា ? អាហ្នឹងជាចំណុចដែលយើងត្រូវពិភាក្សាគ្នា។ ខ្ញុំយល់ឃើញថា ចំណុចខ្លះវាដើរថយក្រោយសម្រាប់លទ្ធិប្រជាធិបតេយ្យមែន»។
ប្រតិកម្មរបស់អ្នកជំនាញខាងការបោះឆ្នោតរូបនេះ ធ្វើឡើងក្រោយពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងត្រូវបានពង្រឹង មិនមែនធាក់ថយក្រោយនោះឡើយ។
លោក ស ខេង បានថ្លែងកាលពីថ្ងៃទី២១ មេសាថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរទៅមុខ ព្រោះមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅតែមាន មិនបាត់បង់ទៅណាឡើយ។ លោកបកស្រាយថា កម្ពុជាមានគណបក្សនយោបាយជាង៤០ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ មានអង្គការសង្គមស៊ីវិលជាង ៥ពាន់អង្គភាព មានប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ និងជាពិសេសមានការបោះឆ្នោតជាច្រើនលើកច្រើនសារ៖ «កម្ពុជាអាចនិយាយជាចុងក្រោយថា គ្មានផ្លូវណាក្រៅពីលទ្ធិប្រជាធិបតេយ្យទេ ដែលអាចឱ្យកម្ពុជារស់បាន ទៅមុខបាន។ ដូច្នេះយើងទាំងអស់គ្នាត្រូវប្ដេជ្ញា ដើម្បីការពារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះបន្តទៅទៀត»។
ទោះជាយ៉ាងណា ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត អះអាងថា ចំនួនច្រើននៃគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ មិនមែនឆ្លុះបញ្ចាំងថា ប្រជាធិបតេយ្យកម្ពុជាមានដំណើរការទៅមុខនោះឡើយ។ លោកថា ដំណើរការប្រជាធិបតេយ្យទៅមុខបាន ទាល់តែគោលការណ៍គ្រឹះដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ត្រូវបានគោរពឱ្យបានពេញលេញ មិនមែនជាប្រជាធិបតេយ្យ ដែលគូសវាសដោយក្រុមអ្នកកាន់អំណាចនោះឡើយ។ លោកបន្ថែមថា ប្រជាធិបតេយ្យរបស់កម្ពុជាកំពុងវិវឌ្ឍថយក្រោយ បើយោងតាមរបាយការណ៍ទាំងឡាយ និងជាពិសេសការវាយតម្លៃរបស់សហភាពអឺរ៉ុប ក្នុងបរិបទនៃបញ្ហា EBA៖ «កម្ពុជាគួរតែបើកទូលាយឱ្យមានលំហនៃការគោរពសិទ្ធិមនុស្ស ការចូលរួមរបស់គណបក្សនយោបាយ របស់អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងសារព័ត៌មានទាំងឡាយ ព្រោះបើយើងមើលទៅសង្គមស៊ីវិលក្ដី គណបក្សនយោបាយក្តី និងសារព័ត៌មានក្ដី វាសុទ្ធតែជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យគណបក្ស ឬក៏អ្នកកាន់អំណាច ឬកាន់រដ្ឋាភិបាលហ្នឹង មើលឃើញថា តើខ្លួននៅមានការខ្វះខាតអី ដើម្បីធ្វើការកែលម្អឱ្យប្រទេសកម្ពុជាយើងហ្នឹងកាន់តែរីកចម្រើនទៅមុខបាន»។
អង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ពីភាពចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលគួរតែប្រឹងប្រែងរកដំណោះស្រាយបញ្ហាទាំងនេះ តាមរយៈការអនុវត្តតាមអនុសាសន៍របស់សហគមន៍អន្តរជាតិ ដែលចង់ឱ្យមានការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
